សមត្ថ​កិច្ច​ខេត្ត​ព្រះ​សីហនុ​រក​ឃើញ​អាហារ​សមុទ្រ​ខូច​គុណ​ភាព​ផ្ទុក​ដោយ​សារធាតុ​គីមី​

ក្រុម​មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​ កាលពី​ថ្ងៃ​ទី៦​ខែ​ធ្នូ​ឆ្នាំ​២០១៨​ បាន​រក​ឃើញ​បបែល​ក្រៀម​ដែល​មាន​ផ្ទុក​សារធាតុ​គីមី​​ជិត​២០​គីឡូក្រាម​ ដាក់​លក់​នៅតាម​តូប​មួយ​ចំនួន​ក្នុង​ផ្សារ​លើ​ក្នុង​ក្រុង​ព្រះ​សីហនុ។​

រហូត​មក​ទល់​ពេល​នេះ​ សមត្ថ​កិច្ច​បាន​យក​ត្រី​បបែល​ក្រៀម​ទាំង​នោះ​ទៅ​កម្ទេច​ចោល​អស់​ហើយ។​​

ក្រុម​អាជីវករ​នៅ​ផ្សារ​លើ​អះអាង​ថា​ពួក​គេ​បាន​ទិញ​ត្រី​បបែល​ក្រៀម​ ទាំង​នោះ​ពី​ឈ្មួញ​ ដោយ​​មិន​បាន​ដឹង​ថា​ ត្រី​បបែល​ក្រៀម​ទាំង​នោះ​ត្រូវ​គេ​ដាក់​លាយ​សារធាតុ​គីមី​នោះ​ឡើយ។​

អនុ​ប្រធាន​សាខា​កាំកុងត្រូល ​ខេត្ត​ព្រះសីហនុ​ លោក​ជា ប៉ិច​ បាន​ក្រើន​រំឭក​ដល់​ប្រជា​ពលរដ្ឋ ​និង​ភ្ញៀវ​ទេសចរ​ទាំង​ឡាយ​ត្រូវ​ពិនិត្យ​ទៅ​លើ​មុខ​ទំនិញ​ផ្សេងៗ​ឲ្យ​បាន​ត្រឹមត្រូវ​ ជា​ពិសេស​អាហារ​សមុទ្រ​មុន​នឹង​ទិញ​យក​ទៅ​ទទួល​ទាន។​

ក្រុម​អ្នក​ឃ្លាំមើល​ពល​រដ្ឋ​ក្នុង​ខេត្ត​ព្រះ​សីហនុ​សាទរ​ចំពោះ​សកម្ម​ភាព​ការងារ​ របស់​មន្ត្រី​ជំនាញ​កាំកុងត្រូល ​ដែល​បាន​ចុះ​ពិនិត្យ​គុណភាព​ទំនិញ​ និង​ចំណី​អាហារ​គ្រប់​ប្រភេទ​នៅ​តាម​ទីផ្សារ​នានា ​ដើម្បី​ជួយ​ថែ​រក្សា​សុខភាព​ជូន​ពលរដ្ឋ។​

កាល​ពី​ថ្ងៃ​ទី​៣​ខែ​ធ្នូ​ កន្លង​ទៅ​សាខា​កាំកុងត្រូល​ខេត្ត​ស្វាយរៀង​ក៏​បាន​រក​ឃើញ​សារធាតុ​គីមី​ បូរ៉ាក់​នៅលើ​ត្រី​បបែល​ក្រៀម​ចំនួន​២១​គីឡូ​ក្រាម​ និង​ងៀត​ត្រី​ផ្ទោង​ខូច​គុណភាព​ចំនួន​៧០​គីឡូក្រាម​ ដាក់​លក់​តាម​ទីផ្សារ​ដែរ។​ ក្រុម​សមត្ថ​កិច្ច​ឲ្យ​ដឹង​ថា ​ការ​បរិភោគ​អាហារ​ក្រៀម​ដែល​មាន​សារ​ធាតុ​គីមី​ ប៉ូរ៉ាក់​នេះ​នាំ​ឲ្យ​ខូច​ក្រពះ​ពោះ​វៀន ​ក្រលៀន​ អាច​បង្ក​ទៅ​ជា​មហារីក​ និង​ធ្វើ​ឲ្យ​បែក​គ្រាប់​ឈាម​តាម​រោម​យ៉ាង​ធ្ងន់​ធ្ងរ​ថែម​ទៀត៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.