សមត្ថ​កិច្ច​ថៃ​បាន​បញ្ជូន​អ្នក​បកប្រែ​ឲ្យ​ខ្សែ​ភាពយន្ត​ឯកសារ​អំពី​ការ​ជួញ​ដូរ​ផ្លូវភេទ​ត្រឡប់​ទៅ​កម្ពុជា​វិញ​ហើយ​

ក្រុម​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​បាន​សម្តែង​ការ​សោកស្តាយ​ និង​ថ្កោលទោស​ជា​ខ្លាំង​ចំពោះ​រដ្ឋាភិបាល​ថៃ​ដែល​បាន​បញ្ជូន​លោក​ រ៉ាត់ រ័ត្នមុនី ​អ្នក​បកប្រែ​ឲ្យ​ខ្សែ​ភាពយន្ត​ឯកសារ​ដែល​មាន​ចំណង​ជើង​ថា​ «ម្តាយ​ខ្ញុំ​លក់ខ្ញុំ»​ទៅ​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ​នោះ។​

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា​(CCTUF)​លោក​​រ៉ាត់ រត្នមុនី​ត្រូវ​បាន​សមត្ថ​កិច្ច​ថៃ​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​៧​ ធ្នូ ​ក្នុង​ទីក្រុង​បាងកក​ ខណៈ​លោក​ និង​ក្រុម​គ្រួសារ​កំពុង​ព្យាយាម​រត់​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ហូឡង់​(Netherland)។​ សមត្ថ​កិច្ច​ថៃ​អះអាង​ថា​ ការ​ចាប់​ខ្លួន​នេះ​​ធ្វើ​ឡើង​ទៅ​តាម​សំណើ​របស់​សមត្ថ​កិច្ច​កម្ពុជា​ពី​បទ​ថត​ខ្សែ​ភាពយន្ត​ឯកសារ​ក្លែង​ក្លាយ​ឲ្យ​បណ្តាញ​ព័ត៌មាន​Russia Today ​កាលពី​ខែ​តុលា​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​របស់​កម្ពុជា។​

ប៉ុន្តែ​ភរិយា​របស់​លោក​រ៉ាត់ រ័ត្នមុនី​គឺអ្នកស្រី​ឡុង គឹមហ៊ាង​ ធ្លាប់​អះអាង​​ថា​ ប្តី​របស់​អ្នកស្រី​គ្រាន់តែ​ជា​អ្នក​បក​ប្រែ​ក្នុង​ដំណើរ​ការ​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​នេះ​ប៉ុណ្ណោះ។​

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​Human Rights Watch​ កាលពី​ថ្ងៃ​ទី​១១​​ខែ​ធ្នូ​ក៏​បាន​ទាមទារ​ឲ្យ​សមត្ថ​កិច្ច​ថៃ​កុំ​បញ្ជូន​លោក​រ៉ាត់ រ័ត្នមុនី ​ដែលជា​អ្នក​បកប្រែ​ឲ្យ​ខ្សែ​ភាពយន្ត​«ម្តាយខ្ញុំ​លក់ខ្ញុំ»ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​អី​ពី​ព្រោះ​អ្នក​បក​ប្រែ​ដ៏​ស្លូត​ត្រង់​រូប​នេះ​ នឹង​ប្រឈម​ការធ្វើ​ទុក្ខ​បុក​ម្នេញ​ខាង​ផ្នែក​នយោបាយ​ ការ​ឃុំឃាំង​ដ៏​ខុសឆ្គង​ និង​ការ​មើល​ងាយ​មើល​ថោក​ពី​សមត្ថ​កិច្ច​កម្ពុជា។​

នាយក​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​Human Rights Watch​បាន​អះអាង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា ​រដ្ឋាភិបាល​ថៃ​មិន​ត្រូវ​បញ្ជូន​ខ្លួន​ សកម្ម​ជន​មួយ​រូប​ដែល​ហ៊ាន​បក​អាក្រាត​កំហុស​របស់​សមត្ថ​កិច្ច​ កម្ពុជា​ដែល​មិន​បាន​បញ្ឈប់​អំពី​ជួញ​ដូរ​ផ្លូវ​ភេទ​លើ​កុមារ​នោះ​ឡើយ។​

វីដេអូ​ឯកសារ«ម្តាយខ្ញុំលក់ខ្ញុំ» ​នេះ​បាន​រៀបរាប់​អំពី​ក្មេង​ស្រីខ្មែរ​ម្នាក់​ត្រូវ​បាន​ម្តាយ​របស់​នាង​លក់​ព្រហ្មចារីយ៍​ ដោយ​សារតែ​មាន​ជីវភាព​ខ្វះខាត​ក្រោយពី​រដ្ឋាភិបាល​រឹបអូស​យក​ផ្ទះ​សម្បែង​របស់​ពួក​គេ​ទៅ​លក់​ឲ្យ​ក្រុម​ឈ្មួញ។ ​ខ្សែ​ភាពយន្ត​ដែល​មាន​ប្រវែង​២៧​នាទី​មួយ​នេះ​បាន​ បង្ហោះ​តាម​បណ្តាញ​សង្គម​នានា​ហើយ​មាន​អ្នកចូល​មើល​ដល់​ទៅ​ជាង​១​លាន​នាក់៕​

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.