សមាជិក​សភា​អាស៊ាន​រិះគន់​​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​គណបក្ស​នយោបាយ​របស់​រដ្ឋ​សភា​ឯកបក្ស​

សមាជិក​សភា​អាស៊ាន​លោក​Charles Santiago​កាលពី​ថ្ងៃ​ទី​១៣​ខែ​ធ្នូ​បាន​រិះគន់​ចំពោះ​ការ​អនុម័ត​លើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នៅ​កម្ពុជា ​ថា​ ធ្វើ​ឡើង​ដើម្បី​ស្វែង​រក​ការ​គាំ​ទ្រ​ពី​សហគមន៍​អន្តរជាតិ​និង​ដើម្បី​បញ្ចៀស​ការដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​ប៉ុណ្ណោះ។​

ការ​អះអាង​របស់​សមាជិក​សភា​អាស៊ាន​រូប​នេះ​ធ្វើ​ឡើង​​ក្រោយ​ពី​រដ្ឋ​សភា​ឯកបក្ស​នៃ​របប​លោក​ហ៊ុន សែន​បាន​អនុម័ត​លើ​សំណើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ត្រង់​មាត្រា​៤៥​ថ្មី​ស្ទួន​ដើម្បី​បើក​ផ្លូវ​ឲ្យ​ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​រូប​​បាន​វិល​ត្រឡប់​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ឡើង​វិញ។​

លោក​Charles Santiago​ដែល​ជា​ប្រធាន​​អង្គការ​សមាជិក​សភា​អាស៊ាន ​ដើម្បី​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថាAPHR​បាន​ប្រាប់​សារ​ព័ត៌មាន​ក្នុងស្រុក​ថា ​សំណើ​កែ​ប្រែ​ច្បាប់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​បាន​ការ​បន្ធូរ​បន្ថយ​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ​តែ​ប៉ុណ្ណោះ ​ហើយ​ថា​ ច្បាប់​នេះ​នឹង​គ្មាន​ផល​វិជ្ជមាន​សម្រាប់​នយោបាយ​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​យូរ​អង្វែង​នោះ​ឡើយ។​

តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ទៅ​តាម​បណ្ដឹង​របស់​ក្រសួង​មហា​ផ្ទៃ​ទាក់ទង​ការ​ចោទ​ថា​ គណបក្ស​នេះ​ពាក់​ព័ន្ធ​នឹង​អំពើ​ក្បត់​ជាតិ។ ​របប​លោក​ហ៊ុន​សែន​ បាន​ហែក​អាសនៈ​របស់​គណបក្ស​ប្រឆាំង​ដ៏ធំ​មួយ​នេះទៅ​ឲ្យ​គណបក្ស​តូចតាច​ដទៃ​ទៀត​ដែល​គ្មាន​សំឡេង​ក្នុង​រដ្ឋ​សភា​ និង​បាន​ហាម​មន្រ្តី​របស់​គណបក្ស​នេះ​ទាំង​១១៨​រូប​មិន​ឲ្យ​ធ្វើ​នយោបាយ​ថែម​ទៀត។​

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​សម រង្ស៊ី​ កាល​ពីពេល​ថ្មីៗ​​នេះ​បាន​ហាម​មិនឲ្យ​ក្រុម​មន្រ្តី​បក្ស​សង្គ្រោះ​ជាតិ​ទាំង​១១៨​រូប​នេះ​ទទួល​យក​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​បែប​បោក​បញ្ឆោត​នោះ​ទេ​ ដរាប​ណា​មិន​មាន​ការ​ដោះលែង​លោក​កឹម សុខា​ជាមុន​សិន។​ ប៉ុន្តែ​លោក​គង់ គាំ​ ដែល​ជា​អតីត​ប្រធាន​គណបក្ស​សម រង្ស៊ី​​និង​ជា​មនុស្ស​ជំនិត​របស់​លោក​សម រង្ស៊ី​ពីមុន​និង​ជា​មនុស្ស​មា្នក់​ក្នុង​ចំណោម​មនុស្ស​ទាំង​១១៨​រូប​ដែរ​នោះ​ ប្រកាស​ថា លោក​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។​

លោក​សម រង្ស៊ី ​កាលពី​ម្សិលមិញ​បាន​អះអាង​តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​ថា​ ដើម្បី​ឲ្យ​ដំណោះ​ស្រាយ​នយោបាយ​នៅ​កម្ពុជា​អាច​ទទួល​យក​បាន​ លុះត្រា​ អាជ្ញាធរ​របស់​លោក​ហ៊ុន សែន​ដោះលែង​លោក​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជាបន្ទាន់ ​និង​ដោយ​ឥត​លក្ខខណ្ឌ​​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​មក​លើ​មន្ត្រី ​និង​សកម្ម​ជន​ទាំង​អស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ បើក​ផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ​ដំណើរ​ការ​ឡើង​វិញ។​ប្រគល់​សង​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​នូវ​តំណែង​និង​តួនាទី​ទាំងអស់​ ដែល​បាន​មក​ពី​ការ​បោះឆ្នោត​ដោយ​ប្រជា​ពលរដ្ឋ ​ហើយ​ដែល​ត្រូវ​បាន​របប​ឯកបក្ស​ ប្លន់​យក​ទៅ​ចែកចាយ​ឲ្យ​បក្ខពួក​របស់​ខ្លួន​​រៀបចំ​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​និង​រដ្ឋ​សភា​ឡើង​វិញ​ ដោយ​មាន​ការ​ចូល​រួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​ដោយ​មាន​ការ​ត្រួត​ពិនិត្យ​ ពី​សហគមន៍​អន្តរជាតិ​ថែម​ទៀត៕​

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.