សមាជិក​រណសិរ្ស​រំដោះជាតិ​១០​នាក់ត្រូវ​ចាប់​ខ្លួន​ពីបទ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា

យោងតាម​នគរបាល​ឲ្យ​ដឹងថា សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​១០​នាក់ (KNLF) ជា​ក្រុម​អ្នក​ប្រឆាំង ដែល​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ទំនាក់​ទំនង​ជិតស្និទ្ធ​របស់​លោក​ជាមួយ​វៀតណាម​នោះ ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​រយៈ​ពេល​២​ថ្ងៃ​ចុង​ក្រោយ​នេះ នៅ​ក្រុង​ភ្នំពេញ​ពី​បទ​ចោទ​មាន​គម្រោង​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា។

យោងតាម​អីុម៉េល​មួយ​ពី​មេដឹកនាំ​របស់​ក្រុមនេះ ឈ្មោះ សម សេរី ដែល​រស់​នៅ​ក្នុង​ប្រទេស​ដាណឺម៉ាក បាន​ឲ្យ​ដឹង​ថា ក្រុម​នេះ​មាន​ផែនការ​ដឹកនាំ​ការ​តវ៉ា​នៅ​មុខ​ស្ថានទូត​វៀតណាម ស្របពេល​នឹង​ខួប​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​​ឆ្នាំ​១៩៩១ ដែល​ទាមទារ​ឲ្យ​”វៀតណាម​និង​របប​របស់​លោក ហ៊ុន សែន គោរព​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស”។

ព័ត៌មាន​បង្ហោះ​លើ​វិបសាយ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា បុរស​ទាំង​១០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ខណ្ឌ​មានជ័យ​និង​ចំការមន ក្រុង​ភ្នំពេញ អំឡុង​ប្រតិបត្តិការ​២​ថ្ងៃ កាលពី​ល្ងាច​ថ្ងៃ​ពុធ​និង​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។

អ្នក​ត្រូវ​ចាប់​ខ្លួន​ទាំង​នោះ​មាន​ឈ្មោះ​ដូចជា ឈុន ណា​គង់ អាយុ​២៨​ឆ្នាំ លីវ យី អាយុ​២៩​ឆ្នាំ ឈុន ឆាត អាយុ​២៩​ឆ្នាំ ច្រាញ់ ម៉ុ​ច អាយុ​២៤​ឆ្នាំ ឡា​ត់ លី​ហេង អាយុ​២២​ឆ្នាំ ចាន់ ស្នា អាយុ ២៧​ឆ្នាំ ឈឹម ស្ម័គ្រ អាយុ​៥៧​ឆ្នាំ អាន ចាន់ អាយុ​៣៥​ឆ្នាំ ចាន់ រ៉ា អាយុ​២៣​ឆ្នាំ និង ឆាយ វ៉ិ​ច អាយុ​៤០​ឆ្នាំ។

ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា នគរបាល​បាន​ប្រមូល​ភ័ស្តុតាង និង​បាន​សាកសួរ​ជន​សង្ស័យ​ ដែល​ភាគច្រើន​ជា​កសិករ​និង​គ្រូ​បង្រៀន ព្រមទាំង​ចងក្រង​ឯកសារ​រៀបចំ​បញ្ជូន​ក្រុម​នេះ​ទៅ​តុលាការ។

លោក ឆាយ ស៊ីណារិទ្ធ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួង​មហា​ផ្ទៃ បាន​បញ្ជាក់​ថា មនុស្ស​១០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ប៉ុន្តែ​បាន​បដិសេធ​មិន​ផ្តល់​សេចក្តី​លម្អិត​បន្ថែម​ទេ។

ទាក់ទង​បាន​តាម​ទូរស័ព្ទ​មុន​ការ​ចេញ​ព័ត៌មាន​នេះ លោក គៀត ច័ន្ទថារិទ្ធ អ្នក​នាំពាក្យ​នគរ​បាល​ជាតិ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ដឹង​ថា មនុស្ស​៥​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ពុធ ប៉ុន្តែ​មិន​បាន​ដឹង​អំពី​ការ​ចាប់​ខ្លួន​ថែមទៀត​នៅ​ពេលថ្មីៗ​នេះ​ទេ។

លោក ច័ន្ទថារិទ្ធ បាន​មាន​ប្រសាសន៍​អំពី​ការ​ចាប់​ខ្លួន​នេះ​ថា “យើង​បាន​ចាប់​ខ្លួន​ពួកគេ​ពេល​ពួកគេ​កំពុង​ជួបជុំ​គ្នា​ត្រៀម​ធ្វើ​សកម្មភាព​ញុះញង់​បង្ក​អំពើ​ហិង្សា​ក្នុង​ក្រុង​ភ្នំពេញ។ យើង​កំពុង​សាកសួរ​ពួកគេ​ ហើយ​យើង​នឹង​អនុវត្ត​តាម​ច្បាប់”។

ប្រតិបត្តិការ​ប៉ូលិស​នៅ​សប្តាស៍​នេះ​ជា​ប្រតិបត្តិការ​ចុងក្រោយ​ក្នុង​យុទ្ធនាការ​ជា​បន្ត​របស់​អាជ្ញាធរ​ដើម្បី​បង្ក្រាប​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដែល​រិះគន់​ភាគច្រើន​លើ​រដ្ឋាភិបាល ហើយ​កាលពី​ឆ្នាំ​មុន ត្រូវ​បាន​លោក ហ៊ុន សែន ​ចាត់ទុក​ជា​អង្គការ​ភេរវកម្ម។

កាលពី​ខែ​ឧសភា សមាជិក​១៣​នាក់​របស់​ក្រុម​នេះ​ត្រូវ​បាន​រក​ឃើញ​កំហុស​ពីបទ​មាន​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល និង​ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស​រវាង​ពី​៥​ឆ្នាំ​ទៅ​៩​ឆ្នាំ​តាម​សាលក្រម​មួយ ដែល​ក្រុម​សិទ្ធិ​មនុស្ស​រិះគន់​ថា ​ជា​ហេតុផល​នយោបាយ។

សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​៧​នាក់ ជា​ក្រុម​ដំបូង​ដែល​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​ថៃ​នៅ​ខេត្ត ប៉ាទុម ថានី ប្រទេស​ថៃ កាលពី​ខែ​មីនា​ឆ្នាំ​២០១៣ និង​ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា​នោះ បាន​ជាប់​ពន្ធនាគារ។ សមាជិក​៦​នាក់​ផ្សេងទៀត មាន​ទាំង​លោក សេរី ផង ត្រូវ​បាន​កាត់​ទោស​កំបាំង​មុខ។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក សេរី បាន​ឲ្យ​ដឹង​ថា លោក​”ព្រួយ​បារម្ភ​ណាស់” ចំពោះ​សុវត្ថិភាព​ក្រុម​ចុងក្រោយ​ដែល​ត្រូវ​គេ​ចាប់​ខ្លួន​នេះ ដោយ​លោក​បាន​ហៅ​ការ​ឃុំ​ខ្លួន​អ្នកទាំង​នោះ​ជាការ “រំលោភ​សិទ្ធិ​មនុស្ស​និង​សេរីភាព”។

លោក សេរី​ បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា “រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​អំពាវនាវ​ដល់​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ សហគមន៍​អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ ជួយ​អន្តរាគមន៍ ដោយ​ដាក់​គំនាប​លើ​របប​ផ្តាច់ការ ហ៊ុន សែន និង​ពួក​កុម្មុយនិស្ត​វៀតណាម ឲ្យ​ដោះលែង​មេដឹកនាំ​តវ៉ា​ទាំងអស់​របស់​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ជាបន្ទាន់”។

លោក អំ សំអាត អ្នក​គ្រប់​គ្រង​បច្ចេកទេស​ជាន់​ខ្ពស់​នៅ​អង្គការ​សិទិ្ធមនុស្ស​លីកាដូ បាន​មាន​ប្រសាសន៍​ថា ក្រុម​សិទ្ធិ​មនុស្ស​បាន​ដឹង​អំពី​ការ​ចាប់​ខ្លួន​នេះ។ លោក​បាន​ឲ្យ​ដឹង​ថា “ប្រសិនបើ​ពួកគេ​គ្រាន់តែ​មាន​ផែនការ​ធ្វើ​ការ​តវ៉ា​នៅ​ក្រៅ​ស្ថានទូត​វៀតណាម ដូច្នេះ​មិន​គួរ​ត្រូវ​ចាប់​ខ្លួន​ពួកគេ​ទេ”។

ព័ត៌មាន​ប៉ូលិស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​អះអាង​ថា រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​” ហ្វឹកហាត់​កម្លាំង​ភេ​រវករ ដាក់​គ្រឿង​ផ្ទុះ​ដោយ​សម្ងាត់​នៅ​ជិត​ព្រំដែន​ថៃ” និង​កសាង​បណ្តាញ​នៅ​កម្ពុជា ដើម្បី​ប្រមែប្រមូល​ព័ត៌មាន​បញ្ជូន​ទៅ​មេក្លោង​របស់​ខ្លួន​នៅ​ប្រទេស​ដា​ណឺ​ម៉ាក​។ ព័ត៌មាន​នេះ​ឲ្យ​ដឹង​ទៀត​ថា “​ចលនា​នេះ​មាន​គោលបំណង​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់ និង​បញ្ជូន​ភ្នាក់ងារ​សម្ងាត់​ដើម្បី​ស៊ើប​ទីតាំង​យោធា​សំខាន់ៗ”។

ព័ត៌មាន​ដដែល​ក៏​ចោទ​លោក សេរី អំពី​សកម្មភាព​ភេរវកម្ម​ដាក់​គ្រឿង​ផ្ទុះ​នៅ​មុខ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី និង​ស្ថានីយ​ទូរទស្សន៍TV3 ​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ឆ្នាំ​២០០៩​ដែរ។ មុននោះ​រដ្ឋាភិបាល​បាន​បន្ទោស​អង្គការ​ភេរវកម្ម​មួយ​ផ្សេង​ទៀត គឺ​ចលនា​ក្បាល​ខ្លា ថា​បាន​ដាក់​គ្រឿង​ផ្ទុះ ដែល​មិន​ដែល​ផ្ទុះ​ឡើយ។

ប៉ូលិស​មិន​ទាន់​បញ្ចេញ​ភ័ស្តុតាង​ណាមួយ​ដែល​ថា​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​មាន​ផែនការ​ហិង្សា ឬ​មាន​អាវុធ​ដើម្បី​អនុវត្ត​ផែនការ​ឡើយ។

យ៉ាងណាក៏ដោយ ការ​អាន​សាលក្រម​ចោទ​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែ​រ១៣​នាក់​កាលពី​ខែ​មេសា ចៅក្រម សេង នាង នៅ​តុលាការ​ក្រុង​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា ក្រុម​នេះ​មាន “គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល”។

ចៅក្រម សេង នាង បាន​ឲ្យ​ដឹង​នៅ​ពេល​នោះ​ថា “នៅ​ចន្លោះ​ឆ្នាំ​២០០៩​និង​២០១១ រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល។ ពួកគេ​បាន​ចែកចាយ​ខិត្តប័ណ្ណ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើត​ចលាចល​ក្នុង​សង្គម ហើយ​ពួកគេ​បាន​ប្រើប្រាស់​ទឹកដី​ថៃ​ដើម្បី​លាក់​ខ្លួន”៕មានិត

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.