សម្បទាន​របស់​រោងចក្រ​កាត់​ដេរនៅ​តាកែវ​ ​​បាន​បញ្ចប់​កូដកម្ម​រយៈពេលពីរ​ថ្ងៃ​

កម្មករ​ប្រហែល​១.០០០​នាក់​នៅ​រោងចក្រ​កាត់​ដេរ​មួយ​កន្លែង​​ក្នុង​ខេត្ត​តាកែវ ដែល​បាន​ធ្វើ​កូដកម្ម​តាំង​ពី​ថ្ងៃ​ច័ន្ទ​មក នឹង​ត្រូវ​វិល​ត្រឡប់​ចូល​​ធ្វើ​ការ​វិញ​​នៅ​ថ្ងៃ​នេះ បន្ទាប់ពី​ការ​ចរចា​រវាង​តំណាង​សហជីព​ និង​រោងចក្រ​បាន​បញ្ចប់ទៅ​ដោយ​ជោគ​ជ័យ​កាលពី​ម្សិលមិញ។

ខណៈ​កម្មករ​ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​ទ្វារ​ចូល​រោងចក្រ​ CS Gold Way Textile (Cambodia) Co. Ltd. របស់​ចិន​​កាលពី​ព្រឹក​ម្សិលមិញ គណៈគ្រប់​គ្រង​រោងចក្រ​បាន​យល់​ព្រម​តាម​ការ​ទាម​ទារ​ទាំង​២៩​ចំណុច​របស់​កម្មករ ​លើក​លែង​តែ​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ការ​ធ្វើ​ដំណើរ​១៥​ដុល្លារ​ក្នុង​មួយខែ និង​ប្រាក់​រង្វាន់​​​សម្រាប់​វត្តមាន​ទៀត​ទាត់​២០​ដុល្លារ ដែល​ពួកគេ​បាន​កំណត់​យក​ត្រឹម​៩​ដុល្លារ​ និង​១០​ដុល្លារ។

រោងចក្រ​នេះ​ក៏​បាន​យល់​ព្រម​លុប​ចោល​ការ​តម្រូវ​ឲ្យ​​ធ្វើ​ការ​បន្ថែម​ម៉ោង​ជា​កំហិត និង​យល់ព្រម​បើក​ឲ្យ​​​៥០ភាគរយ​នៃ​ប្រាក់ខែ​ធម្មតា​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​អំឡុង​​ពេល​សម្រាក​​លំហែមាតុភាព​​រយៈពេល​បីខែ​ ដែល​ពួកគេ​មិន​ធ្វើ​ការ​​ ជំនួស​ឲ្យ​ការ​បើក​ប្រាក់​ខែ​ពេញ​តាម​ការ​ទាមទារ​របស់​កម្មករ​​ផង​ដែរ​។

លោក​ស្រី កែន ឆេងឡេង អនុប្រធាន​សហព័ន្ធ​សហជីព​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ​កាត់​ដេរ​កម្ពុជា ដែល​តំណាង​ឲ្យ​កម្មករ​ទាំង​នេះ​បាន​មាន​ប្រសាសន៍​ថា “បន្ទាប់ពី​ការ​ចរចា​ យើង​​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​​​​ ដោយ​កម្មករ​ទាំង​អស់​នឹង​ត្រឡប់​ចូល​ធ្វើ​ការ​វិញ​នៅ​ថ្ងៃ​ស្អែក ព្រោះ​ពួកគាត់​​ទទួល​បាន​លក្ខខណ្ឌ​ការ​ងារ​ល្អ​ប្រសើរ​ជាង​មុន និង​ទទួល​បាន​ប្រាក់​​ឧបត្ថម្ភ​មួយ​ចំនួន”។

លោក ឆាយ ចេងហាវ ​ប្រធាន​រដ្ឋបាល​​នៅ​រោងចក្រ​​នេះ​បាន​បញ្ជាក់​ថា ពិត​ជា​មាន​ការ​ព្រមព្រៀង​គ្នា​មែន ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ផ្ដល់ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ទេ៕ សុខុម​​​​​​​​​​

 

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.