សហគមន៍ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ប្តឹងអាជ្ញាធរមូលដ្ឋាន ករណីបណ្តោយឱ្យមានបទល្មើសព្រៃឈើក្នុងតំបន់អភិរក្ស

តំណាងប្រជាសហគមន៍ជនជាតិដើមព្នងនៅភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា បានដាក់ពាក្យប្ដឹងអាជ្ញាធរឃុំដាក់ដាំ និងប៉ូលិសឃុំទួលស្វាយ ទៅតុលាការខេត្តមណ្ឌលគិរីពីបទបណ្ដែតបណ្ដោយឱ្យមានករណីកាប់ព្រៃឈើទន្ទ្រានយកដីក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំណាមលៀរ ។

តំណាងសហគមន៍បានប្តឹងទៅតុលាការកាលពីថ្ងៃម្សិលមិញ បន្ទាប់ពីសមាជិករបស់ពួកគេចំនួន ១៥ នាក់ ចុះល្បាតព្រៃកាលពីថ្ងៃទី១២ ខែកញ្ញា ហើយបានរកឃើញសកម្មភាពលួចកាប់ព្រៃទន្ទ្រានយកដីនៅចំដែនជម្រកសត្វព្រៃភ្នំណាមលៀរនៅតែបន្តកើតមាន។

ក្នុងពាក្យបណ្តឹងដែលបានដាក់ចូលសាលាដំបូងខេត្តមណ្ឌលគិរី ដោយមានតំណាងប្រជាសហគមន៍ពីររូប រួមមានលោកក្លាង ថូល ជាប្រធានសហគមន៍ភូមិពូលុ និងលោក ស្រេវ ធី ជាសមាជិកបានសម្រេចប្តឹងបុគ្គលបីរូប ដោយមួយរូប គឺជាមេឃុំដាក់ដាំ លោក ចាស់ ណា និងមួយរូបទៀត ជានាយនគរបាលប៉ុស្តិ៍ឃុំទួលស្វាយពីបទបណ្ដែតបណ្ដោយធ្វើឱ្យមានបទល្មើសក្នុងដែនរដ្ឋបាលរបស់ខ្លួន ។

ដោយឡែក មួយរូបទៀតគឺជាពលរដ្ឋ ឈ្មោះ កាំ គឹមវ៉ី ពីបទកាប់រុករាន ទន្ទ្រានដីរដ្ឋដោយខុសច្បាប់។

តំណាងសហគមន៍នៅខេត្តមណ្ឌលគិរីមួយរូបលោក គ្រើង តុលា បានលើកឡើងនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា ប្រជាសហគមន៍ភូមិពូលុ ឃុំប៊ូស្រា បានដាក់ពាក្យបណ្ដឹងអាជ្ញាធរមូលដ្ឋាននិងជនប្រព្រឹត្តជាផ្លូវការកាលពីថ្ងៃម្សិលមិញ ពីបទធ្វេសប្រហែសក្នុងការគ្រប់គ្រងរដ្ឋបាលរបស់ខ្លួន ធ្វើឲ្យមានបទល្មើសកាប់រានទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅតុលាការខេត្តមណ្ឌលគិរីរួចរាល់ហើយ។  

យ៉ាងណានេះក្តី មេឃុំដាក់ដាំលោក ចាស់ ណា បានលើកឡើងថា លោកមិនបានបណ្តែតបណ្តោយឱ្យមានបទល្មើសព្រៃឈើក្នុងដែនគ្រប់គ្រងរបស់ខ្លួននោះទេ ប៉ុន្តែភាគច្រើនជនល្មើសចូលរុករានតំបន់ព្រៃអភិរក្សដោយលួចលាក់ប៉ុណ្ណោះ។

ច្បាប់ស្ដីពីព្រៃឈើ ឆ្នាំ២០០២ មាត្រា ១០០ បានចែងថាមន្ត្រីអាជ្ញាធរដែនដី នគរបាល និងកងយោធពលខេមរភូមិន្ទដែលផ្ដល់ការអនុញ្ញាតដោយផ្ទាល់ ឬដោយប្រយោលជួយដល់អាជីវកម្មព្រៃឈើខុសច្បាប់ គឺត្រូវបានចាត់ទុកជាបទល្មើសដែលអាចជាប់ពន្ធនាគារពី ១ ឆ្នាំដល់ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀលរហូតដល់ ១០០ លានរៀល៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.