សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បោះឆ្នោត​និង​សម្រេច​លើ​តម្លៃ​នាំ​ចេញ

យោងតាម លោក សុខ ពុទ្ធីវុធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) ដែល​ទើប​បង្កើត​ថ្មីៗ​បាន​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ច័ន្ទ​តម្រូវ​ឲ្យ​សមាជិក​របស់​ខ្លួន​បង់​តម្លៃ​នាំ​ចេញ​០,៥​ដុល្លារ​ក្នុង​អង្ករ​មួយ​តោនសម្រាប់អង្ករ​គ្រាប់​វែង​ និង ១ដុល្លារក្នុងមួយតោនសម្រាប់អង្ករ​គ្រាប់​បាក់ ដើម្បី​ប្រមូល​ប្រាក់​យក​ទៅ​អប់រំ​កសិករ និង​ជំរុញ​ទីផ្សារ​អង្ករ​ខ្មែរ​នៅ​បរទេស។

លោក​បាន​មាន​ប្រសាសន៍​ថា តម្លៃ​នេះ​អនុវត្ត​ចំពោះ​អង្ករ​គ្រាប់​វែង​និង​អង្ករ​គ្រាប់​បាក់។​ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា “នៅ​ទី​បញ្ចប់ សមាជិក​របស់​យើង​បាន​សម្រេច​លើ​តម្លៃ​នេះ។ បន្ទាប់ពី​នេះ​ទៅ យើង​នឹង​រៀបចំ​ផែនការ​និង​កម្មវិធី​ផ្សេងៗ”។ លោក​បាន​មាន​ប្រសាសន៍​ថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ត្រូវការ​ប្រាក់​៧៧៧.០០០​ដុល្លារ​ដើម្បី​អនុវត្ត “ផែនការ​សកម្មភាព” របស់​ខ្លួន ដែល​រួម​មាន​ទាំង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​ទូរទស្សន៍ ការ​ជំរុញ​ឲ្យ​មាន​ការ​ជ្រើសរើស​ពូជ​ស្រូវ និង​ការ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ដំណាំ​ដែល​មាន​សក្តានុពល។

លោក​បាន​មាន​ប្រសាសន៍​ថា “កន្លង​មក​ ពេល​យើង​មាន​គំនិត យើង​តែងតែ​ត្រូវការ​​សុំ​ជំនួយ​ពី​ស្ថាប័ន​ផ្សេងៗទៀត ដែល​ធ្វើ​ឲ្យ​ការងារ​របស់​យើង​យឺត ពីព្រោះ​យើង​ត្រូវ​រង់ចាំ​…​ការ​សម្រេច​យល់​ព្រម​ពី​គេ”។

លោក លុន យ៉េង អគ្គលេខាធិការ​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ប្រហែល​២៥​ទៅ​៣០​ភាគរយ​នៃ​ប្រាក់​នេះ នឹង​ត្រូវ​ប្រើ​សម្រាប់​ដំណើរការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក្នុង​នោះ​រួម​មាន​ប្រាក់​ខែ​បុគ្គលិក សល់ពី​នោះ​នឹង​ត្រូវ​ប្រើ​ដើម្បី​ជំរុញ​ទីផ្សារ​អន្តរជាតិ​សម្រាប់​ក្រុមហ៊ុន​នាំចេញ​អង្ករ។

លោក​បាន​មាន​ប្រសាសន៍​ថា “ភាគច្រើន យើង​នឹង​ប្រើ​ថវិកា​នេះ​ដើម្បី​ជួយ​ជំរុញ​ការ​លក់​អង្ករ”។ កាលពី​ឆ្នាំ​មុន ការ​នាំ​ចេញ​អង្ករ​មាន​ចំនួន​ឡើង​ដល់​៣៨៧.០៦១​តោន ​តិច​ជាង​គោលដៅ​នាំ​ចេញ​មួយ​លាន​តោន​របស់​រដ្ឋាភិបាល​នៅ​ឆ្នាំ​នេះ៕ មានិត

 

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.