សហព័ន្ធ​​​អ្នក​​​នាំ​​​ចេញ​​​អង្ករ​​​កម្ពុជា​​​ប្រហែល​​​ជា​​​ត្រូវ​​​ការ​​​ដើម​​​ទុន​​​ពី​​​ធនាគារ និង​​​រដ្ឋាភិបាល​​​​​​

សហព័ន្ធ​​​អ្នក​​​នាំ​​​ចេញ​​​អង្ករ​​​កម្ពុជា មាន​​​គម្រោង​​​ខ្ចី​​​ដើម​​ទុន​​​យ៉ាង​​​ហោច​​​ណាស់​​​៤០០.០០០​​​ដុល្លារ​​​សម្រាប់​​​យុទ្ធ​​​នាការ​​​ទីផ្សារ​​​អន្តរ​​​ជាតិ ប្រសិន​​​បើ​​​ខ្លួន​​​ប្រមូល​​​ប្រាក់​​​មិ​​​ន​​​​​​បាន​​​ចំនួន​​​​​​៧៧៧.០០០ដុល្លារ​​​តាម​​​ការ​​​គ្រោង​​​ទុក​​​សម្រាប់​​​គម្រោង​​​នេះ​​​​​​តាម​​​រយៈ​​​ការ​​​ដាក់​​​តម្លៃ​​​នាំ​​​ចេញ​​​លើ​​​សមាជិករបស់​​​ខ្លួន​​​ទេ​​​នោះ នេះ​​​បើ​​​យោង​​​តាម​​​ប្រធាន​​​សហព័ន្ធ​​​នេះ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ នៅ​​​ក្នុង​​​សន្និសីទ​​​ប្រចាំ​​​ឆ្នាំ​​​របស់​​​សហព័ន្ធ​​​អ្ន​​ក​​​នាំ​​​ចេញ​​​អង្ករ​​​កម្ពុជា។

កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ សហព័ន្ធ​​​អ្នក​​​នាំ​​​ចេញ​​​អង្ករ​​​កម្ពុជា​​​​​​ បាន​​​បោះ​​​ឆ្នោត​​​តម្រូវ​​​ឲ្យ​​​សមាជិក​​​របស់​​​ខ្លួន​​​បង់​​​ថ្លៃ​​​នាំ​​​ចេញ​​​០,៥០​​​ដុល្លារ​​​សម្រាប់​​​អង្ករ​​​សគ្រាប់​​​វែង​​​មួយ​​​តោន​​​ និង​​​មួយ​​​ដុល្លារ​​​សម្រាប់​​​អង្ករ​​​ក្រអូប​​​​​​មួយ​​​តោន​​​ដើម្បី​​​ប្រមូល​​​មូល​​​និធិសម្រាប់​​​ណែ​​​នាំ​​​អប់​​​រំ​​​ដល់​​​ប្រជា​​​កសិករ​​​នៅ​​​ក្នុង​​​ប្រទេស​​​ និង​​​ធ្វើ​​​យុទ្ធនាការ​​​ទីផ្សារ​​​អង្ករ​​​កម្ពុជា​​​នៅ​​​បរទេស​​​។

ប៉ុន្តែ កាល​​​ពី​​​ថ្ងៃ​​​សុក្រ លោក សុខ​​​ ពុទ្ធីវុធ ប្រធាន​​​សហព័ន្ធ​​​អ្នក​​​នាំ​​​ចេញ​​​អង្ករ​​​កម្ពុជា ​​​ហាក់​​​ដូច​​​ជា​​​មាន​​​មន្ទិល​​​ថា សហព័ន្ធ​​​នេះប្រហែលជា​​​​​​មិន​​​អាច​​​ប្រមូល​​​ប្រាក់​​​គ្រប់​​​ទេ​​​តាម​​​រយៈ​​​តម្លៃ​​​នាំ​​​ចេញ​​​តែ​​​មួយ​​​មុខ​​​។​​​ លោក​​​មាន​​​ប្រសាសន៍​​​ថា “ចំនួន​​​ប្រាក់​​​ដែល​​​យើង​​​រំពឹង​​​ទទួល​​​បាន​​​ពីប្រភព​​​នេះ មាន​​​ត្រឹម​​​ប្រហែល​​​៣០​​​០.០០០ដុល្លារ​​​ប៉ុណ្ណោះ​​​​​​បើ​​​ផ្អែក​​​លើ​​​តួលេខ​​​នាំ​​​ចេញ​​​អង្ករ​​​ដែល​​​យើង​​​មាន​​​”។

កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ការ​​​នាំ​​​ចេញ​​​អង្ករ​​​បាន​​​ឡើង​​​ដល់​​​៣៨៧.០៦១​​​តោន​​​។លោក សុខ ពុទ្ធីវុធ បាន​​​មាន​​​ប្រសាសន៍​​​ថា សហព័ន្ធ​​​ប្រហែល​​​ជា​​​ត្រូវ​​​ងាក​​​ទៅ​​​ពឹង​​​ធនាគារ​​​ពាណិជ្ជ​​​កម្ម​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ឬ​​​រដ្ឋាភិបាល​​​ ដើម្បី​​​ចេញ​​​ថ្លៃ​​​ចំណាយ​​​នេះ​​​​​​ ឬ​​​ប្រហែល​​​ជា​​​អាច​​​ងាក​​​ទៅ​​​ពឹង​​​បរទេស​​​ទៀត​​​ផង​​​។

លោក​​​បាន​​​លើក​​​ឡើ​​​ង​​​បន្ត​​​ថា ​​​​​​​​​​​​​”យើង​​​នឹង​​​ខ្ចី​​​ប្រាក់​​​នេះ​​​។ ខ្ញុំ​​​គិត​​​ថា​​​ មាន​​​ប្រភព​​​មូលនិធិ​​​បី​​​រួម​​​មាន​​​ទី​​​១​​​ឥណទាន​​​នៅ​​​ក្នុ​​​ងប្រទេស​​​ដូច​​​ជា​​​ធនាគារ​​​ពាណិជ្ជកម្ម ធនាគារ​​​ RDB [ធនាគារ​​​អភិវឌ្ឍន៍​​​ជន​​​បទ​​​]​​​ និង​​​ក្រសួង​​​ហិរញ្ញវត្ថុ ហើយទី​​​២​​​ ឥណទាន​​​ក្រៅ​​​ប្រទេស​​​រួម​​​មាន​​អង្គការ​​​ធំៗ​​​ជា​​​ដើម​​​។ ទី​​​៣​​​គឺ​​​ការ​​​វិនិយោគ​​​រួម​​​រវាង​​​ក្រុម​​​ហ៊ុន​​​ក្នុង​​​ស្រុក​​​ និង​​​បរទេស​​​។ នេះ​​​ក៏​​​ជា​​​ប្រភព​​​មូល​​​និធិ​​​មួយ​​​ដែរ”។

នៅ​​​ក្នុង​​​សន្និសីទ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ដដែល​​​នេះ​​​ លោក ស៊ុន ចាន់​​​ថុល​​​ រដ្ឋមន្ត្រី​​​ក្រសួង​​​ពាណិជ្ជកម្ម​ ​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រសួង​​​ហិរញ្ញវត្ថុ​​​ និង​​​ក្រសួង​​​ពាណិជ្ជកម្ម​​​ នឹង​​​ខ្ចី​​​ឥណទាន​​​ចំនួន​​​៣០០​​​លាន​​​ដុល្លារ​​​ពី​​​ប្រទេស​​​ចិន​​​ ដើម្បី​​​​​​សាង​​​សង់​​​ឃ្លាំង​​​ និង​​​ឡ​​​ចំនួន​​​៤០​​​​​​សម្រាប់​​​កសិករ​​​សម្ងួត​​​ស្រូវ​​​របស់​​​ពួក​​​គាត់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ “យើង​​​នឹង​​​ចុះ​​​ហត្ថលេខា ​​[អនុស្សរណៈ​​នៃ​​​ការ​​​យោគ​​​យល់​​​] ជាមួយ​​​ធនាគារ​​​ China Exim Bank នៅ​​​ពេល​​​ឆាប់​​​ៗ​​​ ជា​​​មួយ​​​ថ្នាក់​​​ដឹក​​​នាំ​​​មក​​​ពី​​​ក្រសួង​​​ហិរញ្ញវត្ថុ​​​”។ លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា ចំណាត់​​​ការ​​​នេះ​​​នឹង​​​ជួយ​​​បញ្ចៀស​​​រំហូរ​​​ស្រូវ​​​​​​ចេញ​​​ទៅ​​​ប្រទេស​​​ជិត​​​ខាង​​​ដូច​​​ជា ថៃ និង​​​វៀតណាម​​​ជា​​​ដើម​​​។

កង្វះ​​​ទុន​​​ឧស្សាហកម្ម​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​ធ្វើ​​​ឲ្យ​​​កសិករ​​​គ្មាន​​​លទ្ធភាព​​​កែ​​​ច្នៃ​​​អង្ករ​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​ប្រទេស​​​សម្រាប់​​​​​​ការ​​​នាំ​​​ចេញ​​​ជា​​​យូរ​​​មក​​​ហើយ​​​ មាន​​​ន័យ​​​ថា​​​ ពួក​​​គាត់​​​បាត់​​​បង់​​​តម្លៃ​​​បន្ថែម​​​លើ​​​ដំណាំ​​​ស្រូវ​​​របស់​​​ពួក​​​គាត់​​​ ហើយ​​​ជា​​​ញឹក​​​ញាប់​​​ពួក​​​គាត់​​​បាន​​​រង​​​សម្ពាធ​​​ពី​​​ឈ្មួញ​​​បរទេស​​​ឲ្យ​​​ទទួល​​​យក​​​តម្លៃ​​​ថោក​​​៕សុខុម

 

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.