សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ​​កោះ​ហៅ​សាច់​ញាតិ​របស់​​ជនជាតិ​បា​រាំង ​ដែល​បាន​ស្លាប់​មក​សាកសួរ

មន្ត្រី​តុលាការ​បាន​្យ​ដឹង​កាល​ពីថ្ងៃ​សុក្រ​ថា សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ​​​នឹង​សាក​សួរ​មនុស្ស​ប្រាំ​នាក់​រួម​ទាំង​សាច់​ញាតិ​បី​នាក់​របស់​លោក ឡូរ៉ង់ វាល្លីយេ​(Laurent Vallier)​ជន​ជាតិ​បារាំង​ដែល​គេ​បាន​ប្រទះឃើញ​សាក​សព​ក្នុង​រថយន្ដ​​ជាមួយ​នឹង​កូន​បួន​នាក់​​​នៅ​ក្នុង​ស្រះ​ទឹក អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ​នោះ។

លោក ឈឹម​ រិទ្ធី ចៅ​ក្រម​ស៊ើប​សួរ​របស់​​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ​ ​មាន​ប្រសាសន៍​ថា លោក ទិត្យ ឈួន ឪពុកក្មេក​របស់​លោក ឡូរ៉ង់ វ៉ាល្លីយេ អ្នក​ស្រី សរ សាវី ត្រូវ​ជា​ម្ដាយ​​ក្មេក​ និង​អ្នក​ស្រី ស្រី អូន ត្រូវ​ជា​ប្អូន​ថ្លៃ​នឹង​ត្រូវតុលាការ​​កោះ​ហៅ​មក​សាកសួរ​ពាក់​ព័ន្ធ​នឹង​ករណី​នេះ​នៅ​ថ្ងៃ​ទី​២៤​ ខែ​មករា។

លោកចៅ​ក្រម ឈឹម រិទ្ធី បាន​ឲ្យ​ដឹង​ថា មន្ត្រី​​តុលាការ​បាន​និង​កំពុង​ពិនិត្យមើល​សំណុំ​រឿង​​ដែល​អាច​ថា មាន​គេ​ធ្វើ​ឃាត​លោក ឡូរ៉ង់ វ៉ាល្លីយេ និង​គ្រួ​សារ​របស់​លោក។​

ការ​ស៊ើប​អង្កេត​បឋម​របស់​នគរ​បាល​បាន​​បង្ហាញ​ថា លោក វ៉ាល្លីយេ បាន​ធ្វើ​អត្ត​ឃាត​ជាមួយ​កូន​ៗ​គាត់​ដោយ​បើក​រថយន្ដ​ចូល​ក្នុង​ស្រះ​។​

​លោកចៅ​ក្រម ឈឹម រិទ្ធី បាន​បញ្ជាក់​កាល​​ពី​ម្សិល​មិញ​​ថា តុលាការ​ក៏​ធ្លាប់​សាក​សួរ​សាច់​ញាតិ​របស់​លោក វ៉ាល្លីយេ​ ​ដែរ​ កាល​ពី​ខែ​សី​ហា។ លោក​មានប្រសា​សន៍ថា ​“ការ​កោះ​ហៅ​មក​សាក​សួរ​ជា​លើក​ទី​២​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​​ថ្ងៃ​ទី​២៤​ ខែ​មករា ពី​ព្រោះ​យើង​​​​ជឿ​ជាក់​ថា ​សាច់​ញាតិ​ខាង​​​ប្រពន្ធ​របស់​លោក​​​ វ៉ាល្លីយេ ចង់​បាន​ដី​របស់​គាត់​”។

លោក​​​បាន​ពន្យល់​ថា តុលាការ​ចង់​ដឹង​ថា តើសាច់​ថ្លៃ​របស់​លោក វ៉ាល្លីយេ បាន​មក​​យក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​​ចំនួន​ប្រាំ​បួន​ប្លង់​ ដែល​ធ្លាប់​ជា​កម្ម​សិទ្ធិ​របស់​ជន​ជាតិ​បារាំង​នេះ​ ពី​​​អាជ្ញាធរ​​ស្រុក​កំពង់​​ត្របែក​ ខេត្ត​ព្រៃ​វែង​ដោយ​របៀប​ណា។

លោកចៅ​ក្រម​ រិទ្ធី បាន​មាន​ប្រសាសន៍​ដោយ​មិន​លម្អិត​ថា តុលាការ​ក៏​នឹង​សាក​សួរ​មេភូមិ​ និង​មេ​ឃុំ​នៅ​ក្នុង​ស្រុក​កំពង់​ត្របែក​ផង​ដែរ ដើម្បី​រក​ឲ្យ​ឃើញ​ថា តើ​គេចែក​ប័ណ្ណ​​​​កម្ម​សិទ្ធិ​ដី​ធ្លី​ទាំង​នេះពី​ពេល​ណា​មក​។

គេ​មិន​អាច​ទាក់​ទង​សាច់​ថ្លៃរបស់​លោក វ៉ាល្លីយេ បាន​ទេ កាល​ពី​ថ្ងៃ​សុក្រ​ បើ​ទោះ​បី​ជា បាន​ខិតខំ​ទាក់​ទង​ជា​ច្រើន​ដង​ក៏​ដោយ។​

ក្រោយ​ពេល​សាក​សព​លោក ឡូរ៉ង់ វ៉ាល្លីយេ និង​កូន​ៗ​​ត្រូវ​បាន​គេ​យក​ចេញ​ពី​រថយន្ដ​​ កាលពី​ថ្ងៃ​ទី​១៤​ខែ​មករា ឆ្នាំ​២០១២​រួច​មក អាជ្ញាធរ​​​បារាំង​បាន​ប្រកាស​ថា ខ្លួន​​កំពុង​សហការជា​​​មួយ​​​នគរ​បាល​កម្ពុជា​ ដើម្បី​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​។​

មិត្ត​ភក្តិ​របស់​លោក ឡូរ៉ង់ វ៉ាល្លីយេ បាន​និយាយ​ថា​ លោក ឡូរ៉ង់ វ៉ាល្លីយេ មិន​អាច​ធ្វើ​បាប​កូន​ៗ​របស់​គាត់​កើត​ទេ ហើយ​មួយ​រយៈ​​​ពេល​ខ្លី​មុន​ពេល​គាត់​បាត់​ខ្លួន កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១១​គាត់បាន​ព្យា​យាម​លក់​ដីមួយ​កន្លែង​​​ដែល​នៅ​ជិត​ផ្ទះ​របស់​គាត់​។

​​ដើម្បី​អាច​លក់​ដី​ លោក ឡូរ៉ង់ វ៉ាល្លីយេ បាន​ទៅ​ជួប​លោក ប៊ិន គឹម​ហេង ជា​ឪ​ពុក​របស់​ស្ត្រី​វ័យ​ក្មេង​ជន​ជាតិ​ខ្មែរ​​ម្នាក់​ ដែល​លោក​បាន​ភ្ជាប់​ពាក្យ​ជាមួយ​ កាល​ពី​ឆ្នាំ​២០១០។​ចំណែក​អតីត​ភរិយា​របស់​​លោក ដែល​ត្រូវ​ជា​ម្ដាយ​របស់​កូន​ៗ​​ទាំង​បួន​នាក់​នោះ​បាន​ស្លាប់​កាល​ពី​ឆ្នាំ​២០០៩នៅ​ពេល​ឆ្លង​ទន្លេ​កូន​ទី​៤។​​​​បើ​យោង​តាមមិត្ត​ភក្តិ​ជិត​ស្និទ្ធ​ របស់​គាត់​បានឲ្យដឹង​ថា លោក វ៉ាល្លីយេ មាន​ទំនាក់​​ទំនង​មិន​ល្អ​ទេ ជាមួយ​សាច់​ថ្លៃ​របស់​គាត់។​​​​

​​​​​​លោក ដូមីនីក ម៉ាស(Dominique Mas)​លេខា​ទី១​ប្រចាំ​ស្ថាន​ទូត​បារាំង​​​​​បាន​មាន​ប្រសាសន៍​​ថា ការ​ស៊ើប​អង្កេត​លើ​មរណ​​​ភាព​របស់​លោក ឡូរ៉ង់ វ៉ាល្លីយេ និង​កូន​ៗ​របស់​គាត់​កំពុង​តែ​បន្ដ​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​នៅ​ក្នុង​ប្រទេស​បារាំង​។

លោក ម៉ាស មាន​ប្រសាសន៍​ដោយ​បង្វែរសំណួរ​ឲ្យ​សួរ​​លោក​ចៅ​​​ក្រម ឈឹម រិទី្ធ ថា “យើង​កំពុង​តែ​បន្ដ​នី​តិ​វិធី​ច្បាប់​ ហើយ​ចៅ​ក្រម​ចង់​ស្ដាប់​អ្វី​ ដែលគាត់​ចង់​ដឹង​ក៏ប៉ុន្តែ មិន​មាន​ន័យ​​​ថា អ្នក​ត្រូវ​​កោះ​ហៅ​មក​​សាកសួរ​ទាំង​នោះ ពិត​ជា​មាន​​​​​​​ទោស​នោះទេ”។

លោក ម៉ាស​ បាន​បន្ថែម​ទៀត​ថា “ខ្ញុំ​អាច​​​បញ្ជាក់​បាន​ថា នៅ​ក្នុង​ប្រទេស​បារំាង​ក៏​បាន​​ស៊ើប​អង្កេត​តាម​ប្រព័ន្ធ​តុលាការ​ដែរ ហើយ​ចៅក្រម​បារាំង​ និង​ចៅក្រម​កម្ពុជា​កំពុង​សហ​​​ការ​​គ្នា​​ដើម្បី​ផ្លាស​់​ប្តូរ​ព័ត៌មាន​ទៅ​វិញ​ទៅ​​មក​​ និង​សើុប​អង្កេត​ទៅ​តាម​ហ្នឹង​”៕ សុផាណ្ណា​​​​

© 2013 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.