សាសនទូត​អាមេរិក​ជាប់​ទោស​ឧក្រិដ្ឋកម្ម​បៀតបៀន​ផ្លូវភេទ​កុមារ​ត្រូវ​បណ្តេញចេញ​ពី​កម្ពុជា

ន្ត្រី​អន្តោប្រវេសន៍​ម្នាក់​បាន​និយាយ​ថា សាសនទូត​អាមេរិក​ម្នាក់​ ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​មួយ​ឆ្នាំ​កាលពី​ខែ​មិថុនា ពីបទ​រំលោភ​ផ្លូវ​ភេទ​កុមារ​ប្រាំ​នាក់​នៅ​មណ្ឌល​កុមារ​កំព្រា​ដែល​លោក​គ្រប់គ្រង​ក្នុង​ក្រុង​ភ្នំពេញ ត្រូវ​បាន​និរទេស​ទៅ​អាមេរិក​កាលពី​ព្រឹក​ថ្ងៃ​អង្គារ។

លោក អ៊ុក ហៃសិលា ប្រធាន​នាយកដ្ឋាន​ផ្នែក​ស៊ើបអង្កេត​នៅ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា នាយកដ្ឋាន​របស់​លោក​បាន​ប្រគល់​លោក ដាញ៉ែល ចនសុន (Daniel Johnson) អាយុ​៣៦​ឆ្នាំ​ទៅ​ការិយាល័យ​អនុព័ន្ធ​អេហ្វប៊ីអាយ​ក្នុង​ក្រុង​ភ្នំពេញ​ តាម​សំណើ​ស្ថានទូត​អាមេរិក។

លោក ហៃសិលា បាន​និយាយ​ថា លោក ចនសុន​ ដែល​បាន​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​ជាង​មួយ​ទសវត្សរ៍ នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​វិល​មក​ប្រទេស​កម្ពុជា​វិញ​ទេ។ លោក​បាន​និយាយ​ថា “ពេលណា​យើង​បណ្តេញ​នរណា​ម្នាក់ អ្នកនោះ​មិន​អាច​វិល​ត្រឡប់​មក​វិញ​ទេ”។

ការ​ចាប់​ខ្លួន​លោក ចនសុន នៅ​ឆ្នាំ​២០១៣ ជា​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ដែល​ធ្វើ​ឡើង​រួម​គ្នា​ដោយ​អេហ្វប៊ីអាយ​និង​ប៉ូលិស​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ក្រសួង​មហាផ្ទៃ។ នៅ​ពេល​នោះ លោក ប៉ុល ភិ​ធេ​យ្យ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​បាន​និយាយ​ថា អេហ្វប៊ីអាយ បាន​ស៊ើប​អង្កេត​ជនជាតិ​អាមេរិក​រូប​នេះ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​នឹង​ការ​រំលោភ​កុមារ​នៅ​អាមេរិក។

អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក លោក ចេ រ៉ាម៉ាន បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​កាលពី​ថ្ងៃ​អង្គារ។

យោងតាម​អត្ថបទ​ឆ្នាំ​២០០៣​ក្នុង​កាសែត​ Yamhill Valley News-Register បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០០០​និង​២០០១ ការិយាល័យ​មេធាវី​សង្កាត់ លីនខុន រដ្ឋ​អូរេហ្គិន បាន​ចោទ​លោក ចនសុន ប្រាំមួយ​ករណី​ទាក់ទិន​នឹង​ការ​រំលោភ និង​ការ​រួមភេទ​នឹង​ប្រុស​គ្នា​ឯង​ប្រព្រឹត្ត​លើ​ក្មេង​បី​នាក់​ក្រោម​ការ​មើល​ថែទាំ​របស់​គាត់។

អត្ថបទ​កាសែត​បាន​ឲ្យ​ដឹង​ថា យោងតាម​មេធាវី​រង​នៅ លីនខុន លោក អ៊ើល វ៉ូដស៍ បាន​ឲ្យ​ដឹង​ថា ការ​ចោទ​ប្រកាន់​នោះ​ក្រោយ​មក​ត្រូវ​បាន​ទម្លាក់​ចោល​វិញ ពីព្រោះ​ក្រុម​មន្ត្រី​ស៊ើបអង្កេត​មិន​ជឿ​ការ​ផ្តល់​សក្ខីកម្ម​ពី​ក្មេង​ប្រុស ដែល​បាន​ទទួល​ស្គាល់​ការ​កុហក​អំពី​ការ​រំលោភ​ដែល​ប្រព្រឹត្ត​ដោយ​ម្តាយ​បង្កើត​របស់​ខ្លួន។ ម្តាយ​បង្កើត​របស់​ពួកគេ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១១៦​ឆ្នាំ តែ​បន្ទាប់មក បាន​រួច​ទោស នៅ​ពេល​ដែល​ក្មេង​ប្រុស​ទាំង​នោះ​បាន​ឲ្យ​ដឹង​ថា ការ​និយាយ​កន្លងមក​មិន​ពិត​នោះ​ទេ។

បន្ទាប់ពី​ការ​ចាប់​លោក ចនសុន នៅ​ប្រទេស​កម្ពុជា ការ​ស៊ើប​អង្កេត​មួយ​ដោយ​ឡែក​ដោយ​អង្គការ​សកម្មភាព​ដើម្បី​កុមារ​ (NGO Action Pour Les Enfants, APLE) ជា​អង្គការ​ប្រឆាំង​សកម្មភាព​រួម​ភេទ​ជា​មួយ​កុមារ​ បាន​បញ្ចេញ​ការ​អះអាង​អំពី​ការ​រំលោភ​ជាច្រើន​ដែល​ប្រព្រឹត្ត​ដោយ​លោក ចនសុន នៅ​មណ្ឌល​កុមារ​កំព្រា ផ្ទះ​ក្តី​សង្ឃឹម ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌ​មាន​ជ័យ ដែល​ចិញ្ចឹមថែ​ក្មេង​និង​ក្មេង​ជំទង់​យ៉ាងហោច​ណាស់​៣០​នាក់៕មានិត

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.