សេវា​​​វះកាត់​​​​​​ត្រូវ​​​បាន​​​ជំរុញ​​​​​​ឱ្យ​​​​​​ផ្ដោត​​​ការ​​​យ​​​ក​​​ចិត្ត​​​ទុក​​​ដាក់​​​ខ្ពស់​​​ក្នុង​​​ការ​​​ធ្វើ​​​ផែនការ​​​​​​សុខាភិបាល​​​

កាលពីឆ្នាំមុន អ្នកជំនាញខាងវះកាត់មួយក្រុមបានចេញរបាយការណ៍មួយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ ឈ្មោះ The Lancet ដែលធ្វើឲ្យកក្រើកពិភពវេជ្ជសាស្ត្រនិងពិភពគាំពារសុខភាព។

យោងតាមទិន្នន័យដែលពួកគេបានប្រមូលនៅក្នុងប្រទេសចំនួន១១០ មនុស្សចំនួន៥ពាន់លាននាក់ក្នុងចំណោមមនុស្សចំនួន៧,៥លាននាក់នៅទូទាំងពិភពលោក មិនទទួលបានការវះកាត់ប្រកបដោយសុវត្ថិភាពដែលពួកគេអាចមានលទ្ធភាពចំណាយនោះឡើយ។របាយការណ៍នេះមានខ្លឹមសារដូច្នេះថា “ក្នុងចំណោមនិតីវិធីចំនួន៣១៣លានដែលត្រូវបានអនុវត្តទូទាំងពិភពលោកក្នុងមួយឆ្នាំៗ មានតែ៦ភាគរយប៉ុណ្តោះដែលត្រូវបានអនុវត្តនៅក្នុងប្រទេសក្រីក្របំផុត ដែលមានអត្រាប្រជាពលរដ្ឋជាងមួយភាគបីនៃអត្រាប្រជាពលរដ្ឋទូទាំងពិភពលោក”។

ចាប់តាំងពីឆ្នាំ២០១០មក កង្វះខាតនៅក្នុងការទទួលបានការវះកាត់នៅក្នុងប្រទេសក្រីក្រដូចជាប្រទេសកម្ពុជាជាដើម បានបណ្តាលឲ្យមនុស្សចំនួន១៦,៩លាននាក់បានបង់ជីវិត ពោលគឺស្មើមួយភាគបីនៃការស្លាប់ទូទាំងពិភពលោក ដោយលើសយ៉ាងច្រើនពីតួលេខនៃអ្នកស្លាប់ ដោយសារជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ដែលមានចំនួនសរុប ៣,៨៣លាននាក់ ។

ដូចដែលរបាយការណ៍នេះបានគូសបញ្ជាក់ មនុស្សស្លាប់ក៏មានច្រើន  ការខាតបង់ផ្នែកហិរញ្ញវត្ថុក៏មានច្រើនដែរ  ហើយកត្តានេះប្រហែលជានឹងកាត់បន្ថយសង្វាក់សេដ្ឋកិច្ច របស់ប្រទេសក្រីក្រចំនួន១២,៣ពាន់លានលានដុល្លារចន្លោះពីឆ្នាំ២០១៥ ដល់ឆ្នាំ២០៣០ ដោយកាត់បន្ថយកំណើនសេដ្ឋកិច្ចដែលអាចមានការកើនឡើងរបស់ពួកគេរហូតដល់២ភាគរយជារៀងរាល់ឆ្នាំ។

លោក Kee Park វេជ្ជបណ្ឌិតផ្នែកវះកាត់ប្រព័ន្ធប្រសាទដែលបានចូលរួមនៅក្នុងសិក្ខាសាលាប្រចាំឆ្នាំរបស់សមាគមគ្រូពេទ្យវះកាត់ប្រព័ន្ធប្រសាទកម្ពុជា (Cambodia Society of Neurosurgery) នៅក្នុងខែនេះ ក្នុងរាជធានីភ្នំពេញបានមានប្រសាសន៍ថា “ក្នុងចំណោមបុព្វហេតុស្លាប់ទាំាងអស់ មាន៣០ភាគរយអាចបណ្តាលមកពីការព្យាបាលពាក់ព័ន្ធការវះកាត់ ដែលជាចំនួនយ៉ាងច្រើន”។

លោកវេជ្ជបណ្ឌិត Kee Park បានមានប្រសាសន៍បន្តថា “របួសដែលមិនទទួលបានការវះកាត់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍មាន៧០ភាគរយ។ វាខុសពីប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ដែលជំងឺមហារីក ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងជំងឺឈឺខ្នង ។ល។”។

លោកបានបន្តទៀតថា “ហើយមូលហេតុលេខមួយសម្រាប់ការស្លាប់ដោយសាររបួសនៅក្នុងប្រទេសមានប្រាក់ចំណូលទាបនិងមធ្បម គឺរបួសក្បាល”។ចំនួននៃអ្នករងរបួសក្បាលនិងឆ្នងខ្នងដែលត្រូវបានបញ្ជូនមកព្យាបាលនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈក្នុងរាជធានីកើនឡើងជារៀងរាល់ឆ្នាំ នេះបើយោងតាមការឲ្យដឹងបន្ថែមពីលោកវេជ្ជបណ្ឌិត Kee Park ដែលធ្វើការជាអ្នកផ្តល់ប្រឹក្សាផ្នែកវះកាត់ប្រព័ន្ធប្រសាទនៅមន្ទីរពេទ្យនេះរយៈពេលបីឆ្នាំ។

លោក បានលើកឡើងទៀតថា “មានរថយន្តជាច្រើននៅតាមដងផ្លូវ ឥឡូវផ្លូវកាន់តែល្អជាងមុន ហើយនិយាយឲ្យត្រង់ទៅ មនុស្សត្រូវរថយន្តកិនទាំងឆ្វេងទាំងស្តាំ”។

របាយការណ៍របស់ទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet នេះ ដែលចេញកាលពីខែមេសាឆ្នាំ២០១៥ បានបង្កើតឲ្យមានភាពកក្រើកបែបនេះនៅក្នុងវិស័យដែលមួយខែក្រោយមក មហាសន្និបាតសុខភាពពិភពលោក ដែលប្រទេសសមាជិកអង្គការសហប្រជាជាតិបានកំណត់គោលនយោបាយរបស់អង្គការសុខភាពពិភពលោកនោះ បានអនុម័តជាឯកច្ឆន្ទនូវសេចក្តីសម្រេចមួយ ដោយអំពាវនាវឲ្យមានការ ”ពង្រឹងការសង្គ្រោះបន្ទាន់ និងការវះកាត់ ព្រមទាំងការចាក់ថ្នាំស្ពឹក ជាផ្នែកនៃការពារសុខភាពពិភពលោក”។

លោក វេជ្ជបណ្ឌិត Kee Park បានលើកឡើងបន្តទៀតថា គោលដៅនេះគឺដើម្បីជួយឲ្យពលរដ្ឋ៨០ភាគរយនៃចំនួនពលរដ្ឋទូទាំងពិភពលោកទទួលបានការសង្គ្រោះបន្ទាន់ប្រកបដោយសុវត្ថិភាពដែលពួកគេបានលទ្ធភាពចំណាយ និងទទួលបានដំណើរការវះកាត់ជាមូលដ្ឋានចំនួន២៨ក្នុងរយៈពេល២ម៉ោងនៅក្នុងប្រទេសរបស់ពួកគេ។

លោកបានថ្លែងថា ” ឥឡូវ វាមានមិនដល់១០ភាគរយផង”។ គំនិតផ្តួចផ្តើមត្រូវបានបង្កើតដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ឲ្យឈានដល់គោលដៅនេះតាមសេចក្តីត្រូវការរបស់ខ្លួន ជាផ្នែកនៃកម្មវិធីវះកាត់ពិភពលោកនិងការផ្លាស់ប្តូរសង្គមរបស់សាលាវេជ្ជសាស្ត្រហាវើដ (Harvard Medical School) ដែលលោក វេជ្ជបណ្ឌិត Kee Park កំពុងមើលការខុសត្រូវគនិតផ្តួចផ្តើមនេះនៅតំបន់អាស៊ី។ កិច្ចពិភាក្សាកំពុងតែស្ថិតក្នុងដំណើរការជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីជួយប្រទេសនេះវាយតម្លៃស្ថានភាពនេះ។

គំនិតផ្តួចផ្តើមនេះក៏ជាអ្វីដែលហៅថា ការសិក្សាពីសមិទ្ធលទ្ធភាពផងដែរ ដោយពិចារណាអំពីធនធានដែលមានស្រាប់នៅក្នុងប្រទេសនីមួយៗ។បច្ចុប្បន្ន កម្ពុជាមានគ្រូពេទ្យដែលមិនបរទេសតែ២៣នាក់ប៉ុណ្ណោះ។ប៉ុន្តែ ជនរងគ្រោះនៃគ្រោះថ្នាក់នេះ ដែលរងរបួសក្បាលមិនចាំបាច់ត្រូវធ្វើដំណើរខ្វាត់ខ្វែងទូទាំងប្រទេសដើម្បីស្វែងរកការវះកាត់ខួរក្បាលឡើយ នេះបើយោងតាមលោក វេជ្ជបណ្ឌិត Kee Park។ ដោយសារតែបច្ចេកវិទ្យាក្នុងពេលសព្វថ្ងៃ ដែលទូស័ព្ទសុទ្ធតែមានកាមេរ៉ានិងអេក្រង់ធំផងនោះ វាអាចជួយឲ្យគ្រូពេទ្យវះកាត់នៅតាមបណ្តាខេត្តពិភាក្សាពិគ្រោះយោបល់ជាមួយគ្រូពេទ្យវះកាត់ប្រព័ន្ធប្រសាទបានតាមរយៈការទូស័ព្ទមករាជធានីភ្នំពេញ។

បច្ចុប្បន្ន សេវាវះកាត់ភាគច្រើននៅមានកំណត់នៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជននៅក្នុងរាជធានីភ្នំពេញ និងមណ្ឌលសុខភាពនៅតាមតំបន់ក្រុងដូចជាក្រុងសៀមរាប ក្រុងបាត់ដំបង ឬក្រុងកំពតជាដើម ដោយមានគ្រូពេទ្យវះកាត់កម្ពុជាប្រហែល៣០០នាក់ ចែករំលែកម៉ោងធ្វើការរបស់ខ្លួនរវាងមន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋ។

ការបង្កើតឲ្យមានសេវាវះកាត់នៅក្នុងមន្ទីរពេទ្យតាមបណ្តាខេត្តដែលបុគ្គលិក ជំនាញ និងសម្ភារ ខ្វះខាតខ្លាំងនោះ មិនមែនជាការងារតូចតាចទេ។

អ្នកជំនាញវេជ្ជសាស្ត្រកម្ពុជាម្នាក់ និងជាអ្នកបង្កើតយុទ្ធសាស្ត្រសុខាភិបាលសាធារណៈដែលស្នើសំុមិនបញ្ចេញឈ្មោះដោយសារខ្លាចប៉ះពាល់ដល់ទំនាក់ទំនងជាមួយក្រសួងសុខាភិបាលនោះបានលើកឡើងថា “សេវាវះកាត់ គឺមានសារៈសំខាន់ណាស់ ប៉ុន្តែក៏ទទួលបានផលប្រយោជន៍តិច និងមានភាពស្មុគស្មាញបំផុតដែរបើនិយាយពាក់ព័ន្ធការគ្រប់គ្រងនៅក្នុងមន្ទីរពេទ្យមួយ”។

លោកមានប្រសាសន៍ថា ”វាបណ្តុះបណ្តាលដល់ក្រុមទាំងមូលដែលមានមុខជំនាញច្រើន។ គេមិនអាចបណ្តុះបណ្តាលគ្រូពេទ្យវះកាត់ដោយសង្ឃឹមថា  សេវាកម្មវះកាត់បន្ទាប់មកនឹងអភិវឌ្ឍនោះឡើយ។ អ្នកត្រូវបណ្តុះបណ្តាលគ្រូពេទ្យផ្នែកថ្នាំសន្លប់ គិលានុប្បដ្ឋាក ពេទ្យសម្អាតធ្មេញសម្រាប់ការសម្លាប់មេរោគ និងផ្នែកផ្សេងៗទៀតជាដើម”។

វេជ្ជបណ្ឌិតរូបនេះបានថ្លែងថា វិធីណាមួយចំពោះការទៅរកការវះកាត់ចាំបាច់ត្រូវបង្កើនប្រសិទ្ធភាពដោយប្រើប្រាស់ធនធានមនុស្សដែលមានស្រាប់ ដូចជាការបែងចែកប្រទេសជាបួនតំបន់ និងការបង្កើតមន្ទីរពេទ្យតាមតំបន់ចំនួនបួនជាមួយនឹងសេវាកម្មវះកាត់ពេញលេញ និងមណ្ឌលសុខភាព។

លោកបានថ្លែងថា “ដើម្បីធ្វើឱ្យប្រាកដ គេមិនអាចទៅរកមណ្ឌលសុខភាពរដ្ឋតែមួយមុខទាក់ទងសេវាវេជ្ជសាស្ត្រឡើយ។ គេត្រូវមានផែនការនៅក្នុងគំនិត…ពីព្រោះវាជាបញ្ហានៃការប្រើប្រាស់វិធីសាស្ត្រ និងធានធានដែលមាននៅក្នុងមធ្យោបាយប្រកបដោយប្រសិទ្ធភាព”។

បើទោះជាធនធានមនុស្សមានតិចតួចនៅក្នុងតំបន់សំខាន់ៗដូចជាវិជ្ជាផ្នែកថ្នាំសន្លប់ ក៏ដោយ ក៏មាននិន្នាការវិជ្ជមានដែរ ហើយសាកលវិទ្យាល័យវេជ្ជសាស្ត្រសុខាភិបាល រំពឹងថា នឹងឃើញគ្រូពេទ្យផ្នែកថ្នាំសន្លប់ថ្មីប្រហែល៣០នាក់បញ្ចប់ការសិក្សានៅឆ្នាំ២០១៨។

ប៉ុន្តែការបណ្តុះបណ្តាលមនុស្សដែលជាកម្លាំងជំរុញដ៏សំខាន់ដើម្បីបង្កើនការទៅរកការវះកាត់នោះនៅតែជាបញ្ហាប្រឈមដ៏សំខាន់ដដែល ហើយជាបញ្ហាដែលធ្វើឱ្យមានការលំបាកបន្ថែមទៀតដោយការផ្លាស់ប្តូរពេលថ្មីៗនេះក្នុងការផ្តល់មូលនិធិពីបរទេស។

លោក ម៉ម ប៊ុនសុជាតិ គ្រូពេទ្យផ្នែកវះកាត់បេះដូង និងជាព្រឹទ្ធបុរសរងនៅសាកលវិទ្យាល័យនេះបានមានប្រសាសន៍ថា  ឥឡូវនេះបើទោះជាសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលមានវេជ្ជបណ្ឌិត និងសាស្ត្រាចារ្យជនជាតិខ្មែរគ្រប់គ្រាន់ដើម្បីបង្រៀនដល់និស្សិតឱ្យក្លាយជាគ្រូពេទ្យទូទៅក៏ដោយ ក៏ការសិក្សាជំនាញឯកទេសមិនថាក្នុងផ្នែកថ្នាំសន្លប់ ការកែកុនទីតាំងធ្មេញ និងថ្គាម ឬការវិះកាត់ជំងឺកុមារឡើយ ត្រូវការសាស្ត្រាចារ្យបរទេសដែលមានជំនាញខាងបច្ចេកទេសថ្មីៗ និងការអភិវឌ្ឍនៅក្នុងវិស័យនោះដែរ។

ប្រទេសបារាំងបានជួយដល់វិទ្យាល័យនេះដោយនាំមកនូវសាស្ត្រាចារ្យជនជាតិបារាំងជាច្រើននាក់ជាផ្នែកនៃកម្មវិធីបណ្តុះបណ្តាលដល់គ្រូពេទ្យដែលបានចាប់ផ្តើមក្នុងឆ្នាំ១៩៩៦ និងសម្របសម្រួលដោយលោក Claude Dumurgier ដែលលើកឡើងថា វាជាជោគជ័យ។

លោកបានថ្លែងថា វេជ្ជបណ្ឌិត Dumurgier បានថ្លែងថា”ក្នុងឆ្នាំ១៩៩៦ មិនមានគ្រូពេទ្យផ្នែករោគផ្លូវម៉ូត្រទេនៅក្នុងប្រទេស។ ឥឡូវនេះមាន២២នាក់។ ហើយពួកគេមានលក្ខណសម្បត្តិខ្ពស់គឺ ឧទាហរណ៍ ការវះកាត់ក្រពេញប្រូស្តាតដោយគ្រូពេទ្យខ្មែរខាងរោគផ្លូវមូ៉ត្រកាលពីពីរបីខែកន្លងមកក្នុងក្រុងសៀមរាបដែលបានឆ្លើតបតតាមស្តង់ដារអន្តរជាតិខ្ពស់បំផុត។

កម្មវិធីរបស់បារាំងនេះក៏បានរួមបញ្ចូលការជួយដល់និស្សិតវេជ្ជសាស្ត្រទទួលបានការចុះកម្មសិក្សានៅតាមមន្ទីរពេទ្យមួយចំនួនក្នុងប្រទេសបារាំងផងដែរ។ វេជ្ជបណ្ឌិតជាង៣០រូបទៀតបានចុះកម្មសិក្សានៅតាមមន្ទីរពេទ្យបារាំងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០។

លោកស្រី Pascale Turquet អនុព័ន្ធផ្នែកសម្របសម្រួលនៅស្ថានទូតបារាំងបានមានប្រសាសន៍ថា ទោះយ៉ាងណា ខួបលើកទី២០របស់កម្មវិធីនៅឆ្នាំនេះត្រូវបានរំឭកដោយប្រទេសបារាំងដែលបញ្ចប់ខួបនេះ។ ប្រទេសបារាំងនៅតែផ្តល់ទឹកប្រាក់ដោយប្រយោលដល់កម្ពុជាតាមរយៈអង្គការមូលនិធិសាកល ដើម្បីប្រយុទ្ធប្រឆាំងមេរោគអេដស៍/ជំងឺអេដស៍ របេង និងគ្រុនចាញ់។

លោកស្រីបានថ្លែងថា “បញ្ហានេះមិនមែនមានន័យថា  គេបានដកចេញពីផ្នែកបណ្តុះបណ្តាល លើកលែងតែជម្រើមួយត្រូវបានធ្វើឡើងដើម្បីជ្រើសរើសយកជំនួយពហុភាគី”។

អ្នកជំនាញជនជាតិបារាំងម្នាក់នៅសាកលវិទ្យានេះនៅឡើយ។ លោក Aron Julien ជាផ្នែកនៃកម្មវិធីអន្តរជាតិ និងមន្ទីរពិសោធន៍ជំនាញ ធ្វើការជាមួយនិស្សិតក្នុងមន្ទីរពិសោធន៍បង្កើតការបង្ហាញជា 3D ដែលសាកលវិទ្យាល័យទទួលបាន។

លោកវេជ្ជបណ្ឌិត Julien មានប្រសាសន៍ថា ”និស្សិតកម្ពុជាទាំងនេះគឺជំនាញខាងភាសាបារាំងនិងអង់គ្លេស…ដោយមានចិត្តទូលាយ និងគិតជ្រៅជ្រះ។ នេះជាប្រផ្នូលល្អសម្រាប់ប្រទេស និងអនាគតរបស់ប្រព័ន្ធគាំពារសុខភាព”។

លោកវេជ្ជបណ្ឌិត ប៊ុនសុជាតិ បានមានប្រសាសន៍ថា សាលកវិទ្យាល័យមានគម្រោងបន្តការអំពាវនាវឱ្យអ្នកជំនាញជនជាតិបារាំងនិងជនជាតិផ្សេងទៀតបង្រៀនក្នុងវិស័យជំនាញឯកទេស ប៉ុន្តែបញ្ហានេះនឹងត្រូវផ្តល់មូលនិធិតាមរយៈថវិការបស់រដ្ឋាភិបាលកម្ពុជា។

បច្ចុប្បន្ននេះ មិនមែនទិន្នន័យជាសាធារណៈអំពីមណ្ឌលវេជ្ជសាស្ត្រ និងសមត្ថភាពវះកាត់នៅទូទាំងប្រទេសទេ។

លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលបានបដិសេធមិនធ្វើការអត្ថាធិប្បាយស្តីពីស្ថានភាពនេះទេ ដោយលើកឡើងថា រឿងនេះមិនមែនជាជំនាញរបស់លោកទេ។ លោក ឱ វណ្ណឌីន ដែលជាប្រធាននាយកដ្ឋនធានធនាន ផែនការ សេវាកម្មផ្នែកការផ្តល់ហិរញ្ញប្បទានសុខភាព និងមន្ទីរពេទ្យនៅក្រសួងនេះមិនអាចទាក់ទងបានទេ។

លោក សុខ ប៊ុនថា ប្រធានសមាគមសល្យសាស្ត្រកម្ពុជាបានមានប្រសាសន៍ថា ការចូលរួមរបស់បរទេសនៅក្នុងវិស័យនេះនៅតែសំខាន់ដដែល ចំណែកឯធនធានមនុស្សនៅតែជាអាទិភាពទី១ក្នុងការខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់គុណភាព និងពង្រីកការទៅរកការវះកាត់។

វេជ្ជបណ្ឌិត សុខ ប៊ុនថា បាននិយាយកាលពីសប្តាហ៍មុនថា “យើងខ្វះគ្រូពេទ្យផ្នែកវះកាត់នៅក្នុងប្រទេសកម្ពុជា។ នេះគឹមូលហេតុដែលការអប់រំបន្ត និងកិច្ចសហប្រតិបត្តិការអន្តរជាតិគឺសំខាន់បំផុត”៕ស៊ុយឈាង និង សារុន

© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.