ស្ថានការណ៍នៅក្រុងហុងកុងកាន់តែគ្រោះធ្នាក់ សិស្សសាលាមិនចូលរៀនបែរជាមកចូលរួមធ្វើបាតុកម្ម ទៅវិញ

និស្សិតសាកលវិទ្យាល័យ និង វិទ្យាល័យ នៅពាសពេញ ក្រុងហុងកុងចាប់ផ្ដើម មិនចូលសាលា ដោយសម្រេចមកចូលរួមបាតុកម្មជាមួយ បងៗរបស់ពួកគេ ដើម្បីទាមទារអោយរដ្ឋអំណាចចិន ប្រគល់មកអោយខ្លួនវិញនូវសិទ្ធិទាំងឡាយដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងរវាង ចិន ប៉េកាំង និងអតីតអាណានិគមអង់គ្លេស នៅឆ្នាំ១៩៩៧ ។

តាមសេចក្ដីរាយការណ៍របស់ សារព័ត៌មាន រុស្ស៊ី RTHK បានចុះផ្សាយនៅថ្ងៃច័ន្ទទី២កញ្ញានេះថា សាលារៀន នៅពាសពេញក្រុងហុងកុង បានបិទទ្វារ ព្រោះតែសិស្សសាលាសម្រេច ធ្វើបាតុកម្មដែលគេថាជាការចូលរួមចំណែកគាបសង្កត់ក្រុងប៉េកាំងអោយ ដកលោកស្រីខារីឡាំត្រឡប់ទៅ ក្រុងប៉េកាំងវិញ។ អ្នកចាត់ចែងធ្វើបាតុកម្ម បានប្រាប់ RTHK ថា បាតុករ ប្រមាណជា៣ម៉ឺននាក់ គឺក្នុងនោះភាគច្រើនជា សិស្សសាលា ។ 

សិស្សសាលានិងបាតុករ បានព្រមាន ទៅក្រុងប៉េកាំង ថាពីរសប្ដាហ៍ទៀត គឺត្រូវឆ្លើយថា តើដកលោកស្រីខារីឡាំ ដែលជាអភិបាលក្រុង ត្រឡប់ទៅវិញ ឬដូចម្ដេច ហើយ មិនធ្វើដូចនេះទេគឺ បាតុកម្មនឹងមានសន្ទុះកាន់តែខ្លាំងជាងមុនហើយធ្វើឡើងរៀងរាលចុងសប្ដាហ៍។

អ្នកតាមដាន ស្ថានការណ៍នៅទីក្រុងហុងកុង និងជាអ្នកវិភាគនយោបាយ លោក Ma Ngok, សម្ដែងការភ្ញាក់ផ្អើលដោយសារតែ សិស្សសាលតូចៗក៏ចូលរួមធ្វើបាតុកម្មផងដែរ ប៉ុន្តែលោកថាក្រុង ប៉េកាំង ពីតជាលំបាក ក្នុងការវាយបង្រ្កាប លើបាតុករ ព្រោះបាតុករជាកុមារក៏មានដែរ។ គិតមកដល់ពេលនេះ បាតុករជាង ៩០០នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះមានមេដឹកនាំនិស្សិត៣នាក់ផងដែរ ដែលម្នាក់ក្នុងចំណោមពួកគេ ទើបតែត្រូវបានដោះលែង កាលពីថ្មីៗនេះ ហើយចាប់ខ្លួនទៅដាក់ឃុំខ្លួនវិញ ដែលធ្វើអោយពលរដ្ឋក្រុងហុងកុងថ្កោលទោស អាជ្ញាជាខ្លាំង។

ស្របពេលនេះ គេសង្កេតឃើញ ប្រធានាធិបតីអាមេរិក បញ្ចេញសង្រ្គាមចិត្តសាស្ត្រ វាយលើមេដឹកនាំចិន។

លោកប្រធានាធិបតី ដូណាល់ត្រាំ អះអាងថា ដោយសារសម្ពាធសេដ្ឋកិច្ចរបស់អាមេរិក ធ្វើឲ្យចិនមិនអាចអនុវត្តចំណាត់ការក្ដៅលើ បាតុករនៅហុងកុង ទោះជាក្រុងប៉េកាំងបានហ្វឹកហ្វឺនកម្លាំងទ័ពដើម្បីបង្រ្កាបក៏ដោយ។  

ទីភ្នាក់ងារព័ត៌មាន AFP លោក ត្រាំ បានលើកឡើងថា ជម្លោះពាណិជ្ជកម្មអាចមានដំណោះស្រាយ ក៏អាស្រ័យលើស្ថានការណ៍នៅហុងកុងផងដែរ។ លោក ត្រាំ អះអាងទៀតថាដោយសារការប្រកាន់ជំហរតឹងរ៉ឹងក្រោម សម្ពាធជាបន្តបន្ទាប់គឺ ទីក្រុងប៉េកាំងមិនហ៊ានធ្វើអ្វីលើ     បាតុករហុងកុង ដែលលោកថានឹងធ្វើអោយចិនខាតបង់ជាខ្លាំង។

ថ្លែង ទៅកាន់អ្នកសារព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃទី៣០ ខែសីហា លោក ត្រាំ និយាយថា សម្ពាធសេដ្ឋកិច្ចរបស់អាមេរិក បានជួយទប់ស្កាត់ចិនពីការប្រើវិធានការក្ដៅដើម្បីបង្ក្រាបបាតុកម្មនៅហុងកុងហើយបើចិនហ៊ានបង្រ្កាប នឹងមានការថ្កោលទោស ជាខ្លាំងហើយអាចរងការដាក់ទណ្ឌកម្មថែមទៀត។ មេដឹកនាំអាមេរិក មើលឃើញថា ចំណាត់ការរបស់ចិនលើបញ្ហានៅហុងកុង គឺពិតជាពាក់ព័ន្ធនឹង អាមេរិកនៅក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយចិន។

យ៉ាងណា លោក ត្រាំ បានបន្តអំពាវនាវឲ្យក្រុងប៉េកាំងដោះស្រាយបញ្ហានៅទីក្រុងហុងកុងទៅតាមគោលការណ៍មនុស្សធម៌អោយបានច្រើនបំផុត។ 

មិនមែនតែ លោកត្រាំម្នាក់ទេ ដែលបានសុំអោយចិនប៉េកាំង ដំណោះស្រាយ ជាមួយក្រុមបាតុករ គឺមានទាំងអង់គ្លេសអតីត ម្ចាស់អាណានិគម និងសមាជិកជាច្រើនទៀតនៃប្រទេសG-7 ក៏បានប្រាប់លោកប្រធានាធិបតីស៊ីជីនភីងប្រកាន់អោយបាននូវកិច្ចព្រមព្រៀង កាលពីឆ្នាំ១៩៩៧ ដែលធានា សិទ្ធិសេរីពលរដ្ឋហុងកុង ដាច់ដោយឡែកពីក្រុងប៉េកាំង។

សារព័ត៌មាន រុស្ស៊ី RTHK បាន ឲ្យដឹង ថាក្រុមបាតុករជាច្រើន នៅក្រុងហុងកុង នៅថ្ងៃនេះ មានផែនការឡោមព័ន្ធ ព្រលានយន្តហោះ អន្តរជាតិនៅក្រុងហុងកុង ជាថ្មីទៀត។ ពួកគេ ព្រមានថា បើពួកគេឡោមព័ន្ធព្រលាននេះលើកនេះទៀតគឺជាព្រឹត្តិការណ៍ ចុងក្រោយដែលមិនអាច រំសាយវិញបានឡើយ។

តែយ៉ាងណា  នៅព្រឹកថ្ងៃចន្ទនេះ បានតុករ បានបង្កភាពតានតឹងជាថ្មី នៅឯស្ថានីយរថភ្លើងក្រោមដីដ៏មមាញឹកនៅក្នុងទីក្រុង បន្ទាប់ពីបានប៉ះទង្គិចគ្នាដ៏ហិង្សានៅក្នុង បាតុកម្មតវ៉ាកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមកនេះ។ 

ក្នុងហេតុការណ៍នេះ ប៉ូលិសទីក្រុងហុងកុង ដែលបានរារាំងមិនឱ្យមានការបិទទ្វាររថភ្លើងបានបង្កការប៉ះទង្គិចជាមួយបាតុករ ជាហេតុធ្វើឱ្យ  រថភ្លើងនៅឯស្ថានីយរថភ្លើងក្រោមដី Lok Fu MTR ខកខាន ចេញដំណើរដោយពន្យាពេលជាច្រើនម៉ោង។

ទោះបែបនេះក្ដី រដ្ឋអំណាចក្រុងប៉េកាំង នៅតែព្រមានអោយបាតុករ ក្រុងហុងកុងបញ្ចប់ ការបង្ករហេតុ ដោយចោទ មេដឹកនាំ បាតុករថាកំពុងធ្វើតាមការបង្គាប់បញ្ជារបស់លោកខាងលិច ដែលអាមេរិកនិងអង់គ្លេសនៅពីក្រោយ។ 

ស្របពេល ដែល ក្រុងប៉េកាំង ព្រមានបាតុករ គឺរដ្ឋាភិបាល ក្រុងតូក្យូ បានសម្ដែងការព្រួយបារម្ភ អំពីក្រុងហុងកុងដែលមិនមានដំណោះស្រាយ ហើយកាន់តែមានការបង្រ្កាបនិងចាប់ខ្លួនបាតុករមានចំនួនច្រើនឡើងៗ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.