ហាង សុថេប៊ី ប្ដឹងបកថា ខ្លួន​មិនបាន​​​ដឹង​​​ថា​​​ រូប​​​ចម្លាក់អវតារព្រះវិស្ណុត្រូវគេលួចពីប្រាសាទកោះកេរទេ

ហាងលក់វត្ថុ​បុរាណ ​សុថេប៊ី ​(Sotheby) ដែល​ត្រូវ​​​រដ្ឋាភិបាល​​​សហរដ្ឋ​​​អាមេរិក​​​​​​ប្ដឹង​​​ទៅ​​​​តុលាការ​​​​ ដើម្បីឲ្យបញ្ជូន​​​រូបចម្លាក់​អវតារ​ព្រះវិស្ណុ​​សតវត្ស​​​រ៍ទី១០​របស់​ខ្មែរ​​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញនោះ បាន​​បដិសេធថា  ខ្លួនមិន​បាន​​​​ដឹងថា រូបចម្លាក់​​​ ដែល​​​ខ្លួនកំពុង​​កាន់កាប់នេះ​ត្រូវ​​​​គេ​​​លួច​​​ពី​​​ប្រាសាទកោះកេរ នៅ​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ ​ទេ។

កាល​​​ពី​​​ថ្ងៃ​​​ទី៦ ខែឧសភា ការ​​​ដាក់​​​ពាក្យ​​​បណ្ដឹងទៅ​​​តុលាការនៅ​​​សង្កាត់​​​ញូវ​​​យ៉ក ​ដែល​​កំពុងចាត់ការសំណុំរឿង​​​​​​នេះ មេធាវី​​​ការពារ​​​ហាងលក់វត្ថុ​បុរាណ ​សុថេប៊ី  ​និង​ការ​ពារលោកស្រី ឌីសុីយ៉ា​ រឺសប៉ូលី​ ឌីប៉ុុកជីអូ​ស៊ូសា​(Decia Ruspoli di Poggio Suasa) ដែល​ជា​​​ម្ចាស់រូបចម្លាក់នេះ បាន​​​ប្តឹងបកចំពោះការ​​​អះអាង​​​​​​ក្នុងបណ្តឹង​​​របស់​​​រដ្ឋាភិបាល ដែល​​​លើក​​​ឡើង​​​ថា មាន​​​ភ័ស្តុ​តាង​គ្រប់គ្រាន់ ដើម្បី​បញ្ជាក់ថា ហាង​​​សុថេប៊ី ពិតជាបាន​​​ដឹង​​​​​​​​​យ៉ាង​​​ច្បាស់​​​ថា​​​រូប​​​ចម្លាក់មាន​​​តម្លៃបី​​​លាន​​​ដុល្លារ ដែលខ្លួន​បាន​​​ព្យាយាម​​​​​​ដាក់​​​លក់​​​ កាលពី​​​ឆ្នាំ​​​២០១១​​នោះ ពិតជារបស់ចោរមែន។

នៅពេលការការពារ​​​ក្ដីនេះ បា​​​ន​​​ទទួល​​​ស្គាល់​​​នៅ​​​ក្នុង​​​ចម្លើយ​​​របស់​​​ខ្លួន​​​ថា ដោយ​សារ “ ទំនាស់ និង​​​ជម្លោះ​​​ខាង​នយោបាយ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​នៅ​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៦០​​​ និង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៧០” ទើបបណ្ដាល​​​​​​ឲ្យ​​​គេលួច​​​រូបចម្លាក់​​​​​​នេះបាននោះ ពួក​​​គេបាន​​​ប​​​ដិសេធ​​ថា រូបចម្លាក់នេះ “ ត្រូវ​​​បាន​​​គេដឹង​​​ច្បាស់​​​​​នៅ​​​ក្នុង​​​ទី​​​ផ្សារ​​​លក់វត្ថុសិល្បៈ​​​អន្តរជាតិ​​​ថាពិតជាត្រូវគេលួចមែន​ដោយ​លើកឡើង​​​ថា ​​​ស្វាមី​​​របស់​​​លោកស្រី រឺសប៉ូលី បាន​​​ទិញ​​​រូប​​​ចម្លាក់​​​នេះក្នុង​​​ផ្លូវ​​​ល្អទេ”។​លោក ស្រី ​រឺសប៉ូលី​
បាន​​​ប្រគល់​​​រូប​​​ចម្លាក់​​​នេះ​​​ទៅ​​​ឲ្យហាង​​សុថេប៊ី ដាក់តាំង​លក់​​​នៅ​​​ឆ្នាំ​​​២០១០​​​។

ពាក្យបណ្តឹងដដែលនេះអះអាង​​​ទៀត​​​ថា“ ការ​​​សម្រប​​​សម្រួល​​​​​​របស់​​​ហាង​​សុថេប៊ី​ក្នុងការនាំចូល​​​រូប​​​ចម្លាក់​​​នេះពី​​​​​​បែល​ហ្ស៊ិក​​​មក​​​កាន់សហរដ្ឋ​​​អាមេរិក ដោយសារ​ហាង​សុថេប៊ី ​បាន​​​ទទួល​​​ឯកសារ​​​ដើមគ្រប់គ្រាន់ ​ដែល​​​ប​​​ញ្ជាក់ថា រូប​​​ចម្លាក់​​​នេះត្រូវ​​​បាន​​​លក់​​​នៅ​​​ទី​​​ក្រុង​​​ឡុងដ៏​​​ កាលពី​​​ឆ្នាំ​​​១៩៧៥ ជាពេល​​​ដែល​​​ប្រទេស​​​កម្ពុជា ​មិនបាន​ចាត់​វិធាន​ការ​ផ្លូវច្បាប់​​​​ ដើម្បីបញ្ជាក់ឲ្យ​​​បាន​​​ច្បាស់​​​លាស់ថា ​ខ្លួនពិតជា​​​ម្ចាស់​​​រូប​​​ចម្លាក់បុរាណ​​​ទាំងអស់​​​នៅ​​​ក្នុងប្រទេស​​​កម្ពុជា នោះ​​​ទេ”។

ពាក្យបណ្តឹង​របស់​មេធាវីការពារ​ក្តី​ឲ្យ​ហាង​សុថេប៊ី​ ក៏បា​នច្រាន​ចោល​នូវការ​រៀប​រាប់នៅក្នុង​បណ្តឹង​រដ្ឋ​ប្បវេណី​ រួមមាន​ការ​ឆ្លើយឆ្លងតាមអុីម៉េល​​ជាបន្ដ​​​​បន្ទាប់​រវាង​អ្នក​ជំនាញ​ខាង​ស្នាដៃ​វត្ថុសិល្បៈ​ខ្មែរ ដែល​មិន​ចេញឈ្មោះ​ម្នាក់ ​និង​ហាង​សុថេប៊ី ដែល​អ្នកជំនាញ​ខាង​ស្នាដៃ​សិល្បៈខ្មែរ​រូបនេះ​បានអះអាង​ថា​មាន​ភ័ស្តុតាង​បញ្ជាក់ថា​ រូប​ចម្លាក់នេះ​ពិតជាត្រូវគេលួចមែន​។

មេធាវី​​ការពារក្តី​រូបនេះ​ បានគូសបញ្ជាក់ពីការពិតថា នៅក្នុង​អុីម៉េល​ជាបន្ត​បន្ទាប់​​ អ្នកជំនាញ​ខាង​ស្នាដៃវត្ថុ​សិស្បៈ​របស់​ខ្មែរ​ បាន​លើក​ឡើង​ពី​អ្វី​ ដែល​មិនមែនជាការពិត​ ​ដែល​មេធាវី​រូប​នេះ​​លើកឡើង​ថា រូប​ចម្លាក់​នេះ​តាម​ពិត​ទៅ​អាច​ដាក់លក់​ដេញថ្លៃ​បាន​ដោយ​ស្រប​ច្បាប់។​

មេធាវីការពារ​ក្តីរូបនេះ​ ក៏បាន​ច្រាន​ចោល​ការ​អះអាងរបស់ព្រះរាជ​អាជ្ញា​ដែល​ថា​ ច្បាប់​​នៅសម័យអាណានិគម ​ស្តីពី​ការគ្រប់គ្រង​វត្ថុបុរាណខ្មែរ​ បានលើក​ឡើង​ថា​រូបចម្លាក់​នេះ​ជាកម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា​មែន។​ លោកបាន​មានប្រសាសន៍ថា ​​មិនដែលមាន​ការអនុវត្ត​ច្បាប់​នៅ​សម័យ​អាណានិគម​បារាំង​​
ទេ ហើយក៏​គ្មានសេចក្តីព្រាង​ច្បាប់ណា​មួយ ដើម្បី​បញ្ជាក់​ឲ្យបានច្បាស់​លាស់​គ្រប់​គ្រាន់​​​​ តាមរយៈការបកស្រាយ​ច្បាប់នេះ​ឲ្យ​បាន​​​ច្បាស់លាស់ ​​ដែល​អាច​អនុវត្តបាន  និង​ស្រប​​​តាមច្បាប់​​​សហរដ្ឋអាមេរិក។​

កាលពីឆ្នាំមុន​ នៅពេលឃើញថា ហាង​សុថប៊ី​ មានគម្រោង​យករូបចម្លាក់​អវតារព្រះ​វិស្ណុ​នេះ​មកដាក់លក់​ដេញថ្លៃ​ ប្រទេស​កម្ពុជា​ បាន​ស្នើ​ឲ្យរដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ធ្វើ​អន្តរាគមន៍​ជំនួស​ឲ្យខ្លួន។​ រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​បាន​ទៅរឹបអូស​យករូបចម្លាក់នោះ​ ហើយបាន​ដាក់ពាក្យបណ្តឹង​ទៅ​តុលាការ​សង្កាត់​ ម៉ាន​ហាតតាន​​ ក្នុងបុរីញូវយ៉ក។​

ចាប់​តាំង​ពី​ពេល​នោះមក​ ហាង​សុថេប៊ី​ បាន​ស្នើ​ឲ្យតុលាការ​ច្រាន​ចោល​សំណុំរឿង​នេះ​ ហើយ​​សំណើនេះ​ត្រូវ​ចៅក្រម​បដិសេធ​កាលពីខែមីនា​។​ ពាក្យបណ្តឹងរបស់មេធាវី​ការពារ​ក្តី​ឲ្យ​ហាង​សុថេប៊ី​កាលពីថ្ងៃច័ន្ទ​ គឺជាការ​អភិវឌ្ឍថ្មីបំផុត​ នៅក្នុង​សំណុំ​រឿង​​​នេះ​។​​តែទោះជាយ៉ាង​ណា តុលាការ​នៅ​​​មិនទាន់​​បានកំណត់ពេលវេលា ដើម្បី​បើក​​​សវនាការនៅឡើយទេ៕

ប្រែសម្រួលដោយ​ ស៊ុំ សុខភុំ
និង ស៊ា ស៊ុយឈាង​

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.