អង្គការសង្គមស៊ីវិលជិត៤០ បានហៅការចាប់ខ្លួន ឃុំខ្លួន និងការបន្តនីតិវិធី លើអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ថាជាការបំពានធ្ងន់ធ្ងរ

អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ជិត៤០សា្ថប័ន បានលើកឡើងថារាល់ដំណើរការទាំងឡាយប្រឆាំងនឹងអតីតបុគ្គលិកវិទ្យុអាស៊ីសេរី រាប់ទាំងការចាប់ ការឃុំខ្លួន និងការបន្តនីតិវិធីជំនុំជម្រះ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរនៅនឹងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ សេរីភាព និងសន្តិសុខ ដែលការពារដោយច្បាប់សិទ្ធិមនុស្សជាតិ និងអន្តរជាតិ របស់លោក យាង សុធារិន្ទ និង លោក អួន ឈិន។

សេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន៣៧ ស្ថាប័ន នៅថ្ងៃនេះ បានបង្ហាញការខកចិត្តចំពោះការខកខានរបស់សាលាដំបូងរាជធានីភ្នំពេញក្នុងការប្រកាសសាលក្រមលើ  សំណុំរឿងអតីតអ្នកសារព័ត៌មាន វិទ្យុអាស៊ីសេរី ទាំងពីររូបម្តងហើយម្តងទៀត ។

អង្គការសង្គមស៊ីវិលទាំងនោះ រិតតែខកចិត្តនៅពេលតុលាការប្រកាសបន្តនីតិវិធីស៊ើបអង្កេតលើករណីអ្នកទាំងពីរ ព្រោះការប្រកាសបន្តនីតិវិធីនេះ បង្ហាញពីកង្វះភស្តុតាងដាក់បន្ទុកដល់បទចោទ ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។

សេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលទាំងនេះ ធ្វើឡើងបន្ទាប់ពីចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក អ៊ឹម វណ្ណៈ កាលពីថ្ងៃម្សិលមិញ បានប្រកាសក្នុងបន្ទប់សវនាការជាសាធារណៈសម្រេចបើកការស៊ើបអង្កេតឡើងវិញលើសំណុំរឿងអតីតបុគ្គលិកអាស៊ីសេរី ដោយថា ការស៊ើបអង្កេតកន្លងមកនៅមានចំណុចខ្វះខាតច្រើន។

សេចក្តីថ្លែងការណ៍ដដែល បញ្ជាក់ថាដំបូងឡើយសាលក្រមរបស់តុលាការគ្រោងនឹងប្រកាសនៅថ្ងៃទី៣០ ខែសីហា ប៉ុន្តែត្រូវបានពន្យារពេល។ បន្ទាប់មកការប្រកាសសាលក្រមសំណុំរឿងអ្នកទាំងពីរ ក៏បានកំណត់ជាថ្មីនៅថ្ងៃទី ៣ ខែតុលា ប៉ុន្តែតុលាការក៏បានខកខានជាថ្មីម្តងទៀត ក្រោមហេតុផលតម្រូវឱ្យបន្តនីតិវិធីស៊ើបអង្កេតបន្ថែម។

ពួកគេអះអាងថា នៅពេលតុលាការមិនព្រមប្រកាសសាលក្រម វាជាការបង្ហាញពីភាពខ្វះខាតភស្តុតាងរឹងមាំប្រឆាំង អតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីរនាក់នេះ  និងបញ្ជាក់ថាតុលាការមិនមានភស្តុតាងគ្រប់គ្រាន់ដាក់ទោសពួកគេតាមផ្លូវច្បាប់នោះឡើយ។ បញ្ហានេះបង្ហាញថា ការចាប់ខ្លួន ការឃុំខ្លួន និងការបន្តនីតិវិធីជំនុំជម្រះ លើអតីតបុគ្គលិកអាស៊ីសេរីទាំងពីរ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរ។  

លោក អួន ឈិន និងលោក យាង សុធារិន្ទ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ ក្រោយមកតុលាការសម្រេចឃុំ ពួកគេទាំង២រូបនេះ ក្រោមបទចោទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលបង្កឱ្យអន្តរាយដល់កិច្ចការពារជាតិ និងសំណុំរឿងផលិតវីដេអូអាសអាភាសជាដើម។

កាលពីថ្ងៃម្សិលមិញ លោក អួន ឈិន និង លោក យាង សុធារិន្ទ បាន ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពេលបញ្ចប់សវនាការ ដោយបង្ហាញការខកចិត្តជាខ្លាំងចំពោះការបន្តនីតិវិធីស៊ើបអង្កេតឡើងវិញនេះដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ។ លើសពីនេះ ពួកគេអះអាងថា ខ្លួនជាជនរងគ្រោះ និងជាចំណាត់ខ្មាំងក្នុងស្ថានការណ៍បច្ចុប្បន្នប៉ុណ្ណោះ។

ក្រោយការសម្រេចរបស់តុលាការក្រុងភ្នំពេញភ្លាម អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Right Watch  បានចេញសេចក្តីការណ៍របស់ខ្លួនមួយដែរ ដោយបញ្ជាក់ថា ការសម្រេចបន្តការស៊ើបអង្កេតលើសំណុំរឿងអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីររូបនេះ គឺជារឿងគួរឱ្យអស់សំណើច និងជារឿងនយោបាយដែលរុញច្រានពីមួយថ្ងៃទៅមួយថ្ងៃ។

លើសពីនេះ Human Right Watch  ចាត់ទុកការបន្តនីតិវិធីនេះ គឺដើម្បីដាក់សម្ពាធដល់ស្ថាប័នវិទ្យុអាស៊ីសេរីដែលផលិតព័ត៌មានឯករាជ្យ និងជាការដាក់ទណ្ឌកម្មទៅលើលោក អួន ឈិន និងលោក យាង សុធារិន្ទ ដែលធ្លាប់ធ្វើការឱ្យស្ថាប័ននេះ។ លោកថា ការស៊ើបអង្កេតឡើងវិញនោះ នឹងធ្វើអតីតអ្នកកាសែតទាំងពីររូបត្រូវវិលទៅរកសុបិន្តអាក្រក់ដែលមិនចេះរីងស្ងួត។

ទោះជាយ៉ាងនេះក្តី សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ ដែលមានទាំង Human Right Watch ផងដែរនោះ បានទាមទារឱ្យទម្លាក់ចោលរាល់បទចោទប្រកាន់ប្រឆាំងទៅនឹងអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីររូបនេះជាបន្ទាន់៕ 

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.