អង្គការ​មិនមែន​រដ្ឋាភិបាលជួយ​ធ្វើមាតុភូមិនិវត្ត​ពលករ​ខ្មែរ​​ប្រាំមួយ​នាក់ទៀត​ពី​​ប្រទេស​ម៉ាឡេស៊ី

អង្គការមិនមែនរដ្ឋាភិបាលនៅប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី កំពុងសហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ ហៅកាត់ IOM ដើម្បីធ្វើមាតុភូមិនិវត្តពលករខ្មែរប្រាំមួយនាក់ក្នុងចំណោមពលករខ្មែរចំនួន៣០នាក់ដែលបានទៅសុំជ្រកកោននៅស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី បន្ទាប់ពីរដ្ឋាភិបាលម៉ាឡេស៊ី ចាប់ផ្ដើមប្រតិបត្តិការទ្រង់ទ្រាយធំចាប់ខ្លួនពលករចំណាកស្រុកដែលគ្មានលិខិតស្នាមត្រឹមត្រូវកាលពីថ្ងៃទី០១ ខែកក្កដា។

កាលពីសប្ដាហ៍មុន លោក នូ ប៊ុណ្ណារ៉ា មន្ត្រីទទួលបន្ទុកកិច្ចការការងារប្រចាំស្ថានទូតកម្ពុជាមានប្រសាសន៍ថា ស្ថានទូតកម្ពុជានៅទីក្រុងកូឡាឡាំពួ ខ្វះថវិកាបញ្ជូនពលករខ្មែរទាំងនេះត្រឡប់មកស្រុកវិញ ហើយកំពុងស្វែងរកជំនួយពីអង្គការមិនមែនរដ្ឋាភិបាលនានាដើម្បីបញ្ជូនពួកគេត្រឡប់មកស្រុក។

នៅសប្ដាហ៍នេះ អង្គការចាប់ដៃ ជាអង្គការមិនមែនរដ្ឋាភិបាលរបស់កម្ពុជា បានលើកឡើងថា ខ្លួនកំពុងសហការជាមួយដៃគូរបស់ខ្លួននៅប្រទេសម៉ាឡេស៊ី គឺអង្គការ Tenaganita ដើម្បីបញ្ជូនពលករខ្មែរប្រាំមួយនាក់ក្នុងចំណោមពលករខ្មែរចំនួន៣០នាក់ត្រឡប់មកស្រុកវិញ។

លោក ចូសេហ្វ អានហូល (Joseph Arnold) អ្នកនាំពាក្យអង្គការចាប់ដៃមានប្រសាសន៍ថា អង្គការមិនមែនរដ្ឋាភិបាលទាំងនោះបានបង់ប្រាក់ឱ្យអាជ្ញាធរម៉ាឡេស៊ី  ប្រហែល១០០ដុល្លារសម្រាប់ពួកគាត់ម្នាក់ៗលើថ្លៃស្នាក់នៅហួសទិដ្ឋាការ ហើយអង្គការ IOM ជាអ្នកចេញថ្លៃសំបុត្រយន្តហោះសម្រាប់ពួកគេ។

លោក គ្រីស ឡុំ (Chris Lom) អ្នកនាំពាក្យប្រចាំតំបន់នៃអង្គការ IOM ប្រាប់ថា កាលបរិច្ឆេទធ្វើដំណើរសម្រាប់ពលករទាំងប្រាំមួយនាក់មិនទាន់កំណត់នៅឡើយទេ។ លោកថ្លែងថា “កាលបរិច្ឆេទចេញដំណើររបស់ពួកគាត់នឹងត្រូវមានការសម្របសម្រួលជាមួយស្ថានទូតកម្ពុជា ដែលនឹងត្រូវដំណើរការឯកសារធ្វើដំណើររ និងដាក់ពាក្យសុំឯកសារចេញរបស់ពួកគាត់”។

ទោះជាយ៉ាងណា មន្ត្រីស្ថានទូតមិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាមានប្រសាសន៍ថា លោកគ្មានព័ត៌មានទេទាក់ទិនជំនួយផ្តល់ដោយអង្គការមិនមែនរដ្ឋាភិបាលនានា ដើម្បីធ្វើមាតុភូមិនិវត្តពលករខ្មែរដែលកំពុងស្នាក់នៅស្ថានទូត។

ស្ថានទូតបានបញ្ជូនពលករខ្មែរប្រាំបីនាក់ក្នុងចំណោមពលករខ្មែរចំនួន៣០នាក់ដែលជ្រកកោននៅទីនោះកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍។ លោក ជុំ សុន្ទរី ថ្លែងថា ពលករទាំងនោះនៅសល់២២នាក់ទៀត ហើយលោកមិនដឹងថាពលករខ្មែរប៉ុន្មាននាក់ទៀតមកសុំជ្រកកោននៅស្ថានទូតទេគិតមកទល់នឹងថ្ងៃអង្គារ។

លោកក៏លើកឡើងផងដែរថា គ្មានការចាប់ខ្លួនពលករខ្មែរទេនៅប្រទេសម៉ាឡេស៊ី ក្រៅពីពលករចំនួន៧៩នាក់ដែលក្រសួងបានរាយការណ៍កាលពីថ្ងៃទី១៤ ខែកក្កដា៕ សុខុម

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.