អង្គការ​សង្គម​ស៊ីវិល​រិះ​​រក​វិធី​សាស្ត្រ​​ថ្មី​ៗក្នុង​ការ​ស្វែង​រក​មូល​និធិជួយ​ដល់​សេដ្ឋកិច្ច​ជាតិ​

យោង​តាម​របាយ​ការ​ណ៍​ដែល​ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​ច័ន្ទ​ដោយ​គណៈកម្មាធិការ​សហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា (CCC) បាន​ឲ្យ​ដឹង​ថា អង្គការ​សង្គម​ស៊ីវិលបាន​ចំណាយ​​ប្រាក់​ជាង​៦០០លាន​ដុល្លារ​ ​ផ្តល់​ការ​ងារ​ដល់​ប្រជា​ពល​រដ្ឋចំនួន​៤៣.០០០នាក់ និង​បាន​ជួយ​​ដោយ​ផ្ទាល់​​ដល់​ប្រជា​ពល​រដ្ឋ​ជាង​១,៣លាន​នាក់​កាល​ពី​ឆ្នាំ​២០១២។

បើ​ទោះ​បី​ជា​របាយ​ការ​ណ៍​នេះ​បាន​រក​ឃើញ​​ថា អង្គការ​សង្គម​ស៊ីវិល​បាន​រួម​ចំណែក​​ដ៏​សំ​ខាន់​​ដល់​​សេដ្ឋកិច្ច​ជាតិ​ដែល​មាន​ចំនួន​ជាង​​៥​ភាគ​រយ​​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ក៏ដោយ ក៏​អ្នក​ចូលរួម​ក្នុង​​វេទិកា​ផ្សព្វ​ផ្សាយ​របាយការណ៍​នេះ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​​ភ្នំពេញ​លើក​ឡើង​ថា ការ​ស្វែងរក​មូល​និធិ​គឺ​កាន់​តែ​លំបាក​​ទៅ​ៗ​ដោយ​សារ​តែ​ពេល​នេះ​មាន​​អង្គការ​កាន់​តែ​ច្រើន​ឡើងៗ។

លោក កែវ ផល្លា អ្នក​សម្រប​សម្រួល​ប្រចាំ​គណៈ​កម្មា​ធិការ​សហ​ប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា​​​បាន​មាន​ប្រសាសន៏ថា“ ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ​ម្ចាស់​ជំនួយ​បាន​​ស្វែង​រក​​យើង។ ឥឡូវនេះ​វា​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំ​ង​ណាស់។​​​​យើង​​ត្រូវ​តែ​បង្ហាញ​ថា យើង​មាន​ការ​ទទួល​ខុស​ត្រូវ​ មាន​តម្លា​ភាព និង​ប្រសិទ្ធភាព”។

គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​សង្ឃឹមថា ​តាម​រយៈ​ការ​ចែក​ចាយ​​បញ្ជី​ឈ្មោះ​អ្នក​​ផ្តល់​ជំនួយ​ដែលក៏បាន​ធ្វើ​កាល​ពី​ថ្ងៃ​ច័ន្ទ​ដែរ​នោះ ដល់​មន្ត្រី​រដ្ឋា​ភិបាល​ ព្រម​ទាំង​​អង្គការ​សង្គម​ស៊ីវិល​ នឹង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​​កិច្ច​សហ​ប្រតិបត្តិ​ការ​​​កាន់​តែ​ខ្លាំង ​និង​ជួយ​សម្រួល​ដល់​ការ​ស្វែង​រក​មូល​និធិ​​។

បុគ្គលិក​នៅ​គណៈកម្មាធិការ​សហ​ប្រតិ​បត្តិ​ការដើម្បី​កម្ពុជា​មួយ​ចំនួន​ក៏បាន​សង្កត់​ធ្ងន់​ពី​សារៈ​សំខាន់​របស់​អង្គការ​សង្គម​ស៊ីវិល​​ក្នុង​ការ​​​​​​សហការ​​ជា​មួយ​គ្នា​​ និង​ជាមួ​យ​រដ្ឋា​ភិបាល​ផងដែរ។ អ្នក​ដែល​បាន​ចូល​រួមក្នុង​វេទិកា​នោះ​លើក​ឡើង​ថា ប៉ុន្តែ​សម្រាប់​អង្គការ​​មួយ​ចំនួន​​​​​វិញ​ ការ​ធ្វើការ​ជាមួយ​​រដ្ឋាភិបាល​គឺ​និយាយ​​ងាយ​​ស្រួល​ជាង​ធ្វើ។

ឧទាហរណ៍​ អង្គការ​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​​ធន​ធាន​ធម្ម​ជាតិ​ និង​សិទ្ធិមនុស្ស​ ត្រូវ​មន្ត្រី​មួយ​ចំនួន​ចោ​ទ​ប្រកាន់​ថា​បាន​​ធ្វើ​ការ​ឲ្យ​គណបក្ស​ប្រឆាំ​ង ហើយ​ញុះ​ញង់​ឲ្យ​មាន​ការ​តវ៉ាក្នុង​តំបន់​ដែល​មាន​វិវាទ​ដីធ្លី។​ យោង​តាម​របាយការណ៍នេះ​បាន​ឲ្យ​ដឹង​ថា អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​ព្រួ​យ​បារម្ភ​អំពី​​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​អង្គ​ការ​មិន​មែន​រដ្ឋាភិបាល​។ ប្រសិន​បើ​ត្រូវ​បាន​អនុម័ត​មែន​នោះ អ្នក​រិះ​គន់​លើក​ឡើង​ថា ច្បាប់​នេះ​អាច​កម្រិត​លទ្ធ​ភាព​របស់​ខ្លួន​ក្នុង​ការ​​ធ្វើ​​ការ​ដោយ​ឯករាជ្យ​ និង​បញ្ហា​រសើប​ផ្នែក​នយោ​បាយ។

លោក សឿង​ សារឿន នាយក​ប្រតិបត្តិ​គណៈកម្មា​ធិការ​សហ​ប្រតិបត្តិ​ការដើម្បី​កម្ពុជា​​មាន​ប្រសាសន៍ថា “ កា​រ​ផ្តល់​លទ្ធភាព​ដល់​អង្គការ​សង្គម​ស៊ី​វិល​គឺ​ជារឿងល្អ​។ យើង​ត្រូវ​ការ​ការ​សហការ​បន្ថែម​ទៀត​ [ពី​រដ្ឋាភិបាល​] ជា​ពិសេស​ពាក់​ព័ន្ធ​បញ្ហាដី​ធ្លី និង​បរិស្ថាន។ ការ​ចាប់​ខ្លួន​សកម្ម​ជន​ក៏ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ងារ​របស់​សង្គម​ស៊ី​វិល​ដែរ”។ នៅ​ពេល​មនុស្សមួយ​ក្រុម​​​សហ​ការ​​​​ជាមួយ​​នឹង​វិស័យ​ឯក​ជន តំណាង​សហគមន៍​​ជំនួញ​បាន​សម្តែង​សុច្ឆន្ទៈ​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​សង្គម​ស៊ីវិល ប៉ុន្តែ​បាន​លើក​ឡើ​ងថា កិច្ច​សហ​ប្រតិ​បត្តិ​ការ​នេះអាចមាន​ការ​លំបាក។

លោក តាន់ មុនី​វណ្ណ អនុប្រធាន​ក្រុម​ហ៊ុន ម៉ុង​ ឫទ្ធី​ ​គ្រុប ដែល​កាន់​កាប់​ដោយ​លោក ម៉ុង ឫទ្ធី​ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​មាន​ការ​វិនិយោគ​ក្នុង​គម្រោង​កសិកម្ម​ជា​ច្រើន​​នោះ​មាន​ប្រសាសន៍ថា “ ​ក្រុម​​ហ៊ុន​មួយ​ចំនួន​ខ្លាច​អង្គការ​សង្គម​ស៊ីវិល”។

លោក​បាន​បន្ថែម​ថា​ ជា​រឿ​យៗ​អង្គការ​សង្គម​ស៊ីវិល​មាន​ការ​ងារ​ជា​ច្រើន​​ពាក់​ព័ន្ធ​​នឹង​​អំពើ​ពុក​រលួ​យ​និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ហើយ​ហេតុ​ដូច្នោះ​ហើយ មិន​មាន​​ឱកាស​​សហ​ការ​គ្នា​​ទេ។ លោក ម៉ម សម្បត្តិ នាយក​ប្រតិបត្តិ​អង្គការ​​​អភិវឌ្ឍន៍ និង​ភាព​ជា​ដៃគូ​ក្នុង​សកម្ម​ភាព​ ជា​អង្គ​ការ​មិន​មែន​រដ្ឋាភិបាល​បាន​យល់ស្រប​ថា ​ទំនាក់​​ទំនង​នេះ​លំបាក​ផង​ និង​មាន​សក្តា​នុ​ពល​ផង។ លោកបន្ថែម​ថា “ ​យើង​គួរ​ព្យាយាម​ស្វែង​​​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​បាន​កាន់​តែ​ប្រសើ​រ​​ឡើង ដូចជា​មនុស្ស​ប្រុស​និង​ស្រី​ពេល​​ជួប​គ្នា​ដំបូង​អ៊ីចឹង”៕

ប្រែសម្រួល​ដោយ សោម សារុន​​​​

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.