អង្គការ​ NGOs នៅ​ក្រៅ​ប្រទេស​កម្ពុជា​គាំទ្រ​បណ្តឹង​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​៤០ ដែល​សុទ្ធ​តែ​នៅ​ក្រៅ​ប្រទេស​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​លិខិត​មួយ​ដែល​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC កាលពី​ថ្ងៃ​សុក្រ ដោយ​បាន​ស្នើ​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​បឋម​លើ​បណ្តឹង​កាលពី​ខែ​តុលា ដែល​ចោទ​អ្នក​កាន់​អំណាចនៅ​ប្រទេស​ខ្មែរ​ អំពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

 

កាលពី​ថ្ងៃទី​៧​ខែ​តុលា លោក រីឆាដ​ រ៉ូជើ (Richard Rogers) ជា​មេធាវី​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស​ បាន​ដាក់​ពាក្យបណ្តឹង​មួយ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដោយ​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​និង​ក្រុម​សម្ពន្ធ​មិត្ត​របស់​ខ្លួន​ក្នុង​វិស័យ​ឯកជន បាន​បណ្តេញ​ពលរដ្ឋ​ខ្មែរ​៧៧០.០០០​នាក់​ជា​ប្រព័ន្ធ ឲ្យ​ចេញពី​ផ្ទះ​សំបែង​របស់​ពួកគេ​ក្នុង​ពេល​ជាង​១៤​ឆ្នាំ​មក​នេះ។

ក្នុង​ពាក្យ​បណ្តឹង​នោះ លោក រ៉ូជើ និយាយ​ថា “អ្នក​កាន់​អំណាច” នៅ​ប្រទេស​ខ្មែរ​បាន​រំលោភ​យក​ដី​ជាទូទៅ ព្រមទាំង​បាន​ប្រព្រឹត្តឃាតកម្ម និង​ការ​សម្លាប់​ដោយ​ចេតនា ក្នុង​គោល​បំណង​ដើម្បី​មាន​បាន​ផ្ទាល់​ខ្លួន និង​ពង្រឹង​អំណាច​នយោបាយ។

លិខិត​កាលពី​ថ្ងៃ​សុក្រ​មាន​ខ្លឹមសារ​ថា ប្រសិនបើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​បើក​ការ​ស៊ើប​អង្កេត​បឋម​លើ​រដ្ឋាភិបាល​កម្ពុជា វា​នឹង​ចាត់​ទុក​ជាគំរូ​សាកល​មួយ។

លិខិត​នោះ​ឲ្យ​ដឹង​ថា “វា​នឹង​បញ្ជូន​សារ​ដ៏​ខ្លាំង​មួយ​ថា ពេលណា​មាន​ការ​រំលោភ​ដី​ធ្លី​រាលដាល​ទូទៅ​ ឬ​ជា​ប្រព័ន្ធ ហើយ​ឈាន​ដល់​កម្រិត​មួយ​ធ្ងន់​នោះ ច្បាប់​ព្រហ្ម​ទណ្ឌ​អន្តរជាតិ​នឹង​​ត្រូវ​គេ​ប្រើពុំ​ខាន​ឡើយ”។

បើទោះជា​មាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​៤០​ផ្សេង​គ្នា​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​ មាន​តាំងពី​អង្គការ​របស់​កសិករ​នៅ​ប្រទេស​អង់គ្លេស​រហូតដល់​ក្រុម​សិទ្ធិ​មនុស្ស​នៅ​ទ្វីប​អាស៊ី​និង​ទ្វីប​អឺរ៉ុប​ក៏ដោយ ក៏​មិន​មាន​ហត្ថលេខី​ខ្មែរ​ទេ។

លោក អំ សំអាត អ្នក​គ្រប់​គ្រង​បច្ចេកទេស​នៅ​អង្គការ​សិទិ្ធមនុស្ស​លីកាដូ បាន​មាន​ប្រសាសន៍​ថា លោក រ៉ូជើ មិន​បាន​ទាក់ទង​អង្គការ​លីកាដូ​ឲ្យ​ចុះ​ហត្ថលេខា​លើ​លិខិត​នោះ​ទេ ប៉ុន្តែ លោក​បាន​និយាយ​ដែរ​ថា លោក​អាច​យល់​អំពី​មូលហេតុ​នោះ។

លោក អំ សំអាត មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា [ហត្ថលេខី]​ ជា​អង្គការ​អន្តរជាតិ​នោះ ប្រហែល​មាន​ភ័ស្តុតាង​និង​ព័ត៌មាន​ច្រើន​ថែមទៀត”។

លោក​បាន​បន្ថែម​ថា “ប្រហែលជា​ពួកគេ​គិតថា អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ធ្វើ​ការ​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល ដូច្នេះ​អង្គការ​ទាំងនោះ​អាច​ទទួល​សម្ពាធ​ច្រើន​ពេក​ពី​រដ្ឋាភិបាល បើ​ពួកគេ​ចុះ​ហត្ថលេខា​នោះ”។

លោក រ៉ូជើ មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បាន​ទេ​កាលពី​ថ្ងៃ​អាទិត្យ។

លោក​ស្រី ហ្វីលីបប៉ា វ៉ូដស៍ (Philippa Woods) ប្រធាន​សមាគម​គ្រួសារ​កសិករ​នៅ​ប្រទេស​អង់គ្លេស ដែល​ស្ថិត​ក្នុង​ចំណោម​ហត្ថលេខី​ទាំងអស់ បាន​និយាយ​ថា អង្គការ​របស់​លោក​ស្រី​តែងតែ​ទទួល​លិខិត​សុំ​ការ​គាំទ្រ។ ប៉ុន្តែ ​លោកស្រី​មិន​បាន​នឹក​ឃើញ​អំពី​ការ​ចុះ​ហត្ថលេខា​លើ​លិខិត​របស់​លោក រ៉ូជើ ទេ។

លោក​ស្រី​បាន​និយាយ​ថា “ជាទូទៅ ខ្ញុំ​ប្រាកដ​ជា​គាំទ្រ​លិខិត​ទាំងអស់​នោះ ប្រសិនបើ​សមហេតុ​សមផល។ ប៉ុន្តែ ខ្ញុំមិន​អាច​ចាំបាន​លិខិត​​នេះ​ជាក់លាក់​ទេ”៕មានិត

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.