អណ្ដាតភ្លើងឆាបឆេះ ជាខ្លាំងនៅអ៊ីរ៉ាក់ តើ នេះជាបដិវត្តរដូវផ្ការីកអារ៉ាប់ដែរឬទេ?

យ៉ាងហោចណាស់មានមនុស្សស្លាប់ក្នុងការវាយបង្ក្រាបបាញ់ប្រហារពីសំណាក់កងប៉ូលិស និងការតដៃគ្នា បានកើន ជាង ១រយនាក់ និងរបួស៦ពាន់នាក់ ចាប់តាំងពីកុប្បកម្មផ្ទុះឡើង កាលពីថ្ងៃទី ១តុលា។ ដើមចមនាំអោយមានការបះបោរនេះ ដំបូងឡើយបាតុករមួយក្រុមតូចមានគ្នា ប្រមាណ៣ពាន់នាក់ ប៉ុណ្ណោះបានតវ៉ាទាមទារអោយរដ្ឋាភិបាលបោសសំអាតអំពើពុករលួយ ដែលជាដើមចម នៃការបង្កភាពក្រីក្រនិងអយុត្តិធម៌សង្គម។

បាតុករក៏បានទាមទារអោយ ពង្រឹងសេវាសាធារណៈរបស់រដ្ឋ ដែល   បាតុករចោទថា ដោយសារតែអំពើពុករលួយ នាំអោយវិស័យមួយនេះស្ពឹកស្រពន់និង កំណើននៃការអត់ការងារធ្វើរបស់យុវជនឡើងដល់២៦ភាគរយ។

ពលរដ្ឋក្រុងបាដាដ រាប់ម៉ឺននាក់បានចេញដើរតាមដងផ្លូវ បង្ខំអោយ             រដ្ឋាភិបាល របស់លោក Adel Abdul Mahdi ចេញមុខ ដោះស្រាយជាបន្ទាន់។

មួយថ្ងៃក្រោយមក ក្រុមបាតុករបានរងការបង្ក្រាប និងបាញ់សម្លាប់ពីសំណាក់ខ្មាន់កាំភ្លើង ជាប៉ូលិសបង្រ្កាបកុប្បកម្មបណ្ដាលអោយមនុស្សស្លាប់ ជាច្រើននាក់ ជាហេតុធ្វើអោយផ្ទុះអំពើហិង្សារហូតមកដល់ពេលនេះ។

ស្ថានភាពដ៏ហិង្សានេះ បាននាំអោយលោក Mahdi ស្លន់ស្លោជាខ្លាំង។ លោកបានអំពាវនាវ អោយសមាជិកសភា ប្រជុំដើម្បីគាំទ្រលោក រុះរើ គណៈរដ្ឋមន្ត្រី ប៉ុន្តែមកដល់ថ្ងៃនេះ ពុំមានការបើកសម័យប្រជុំរដ្ឋសភានោះទេ។

ទីភ្នាក់ងារសារព័ត៌មាន អ៊ីរ៉ាក់ ANI News បានចុះផ្សាយថា ការប្រកាន់ជំហរ ទន់ភ្លន់របស់លោក Mahdi បានកើតឡើងចំពេល បាតុករ រាប់ម៉ឺននាក់កាន់តែផ្ទុះកំហឹង។

ក្រុមបាតុករក៏បានទាមទារអោយទម្លាក់រដ្ឋាភិបាលរបស់លោក Mahdi ហើយបង្កើតរដ្ឋាភិបាល ស្រោចស្រង់ជាតិ។ ប៉ុន្តែលោកបានទទួលស្គាល់ថាពិតជាមានអំពើពុករលួយជាប្រព័ន្ធក្នុងជួរដ្ឋាភិបាល ដែលលោកថាចាំបាច់ត្រូវវេះកាត់ជាបន្ទាន់។

តើអំពើពូករលួយ គឺជាដើមចមតែមួយគត់នៃ ការរើបំរះដែរទេ?

រយៈពេល១៦ឆ្នាំ ហើយនៃការផ្ដួលរំលំរបបផ្ដាច់ការសាដាមហូសេន ដោយកងទ័ពពហុសាសន៍ដឹកនាំដោយអាមេរិក។ ប្រទេសផលិតប្រេងដ៏ធំនេះ មានចំណូលក្នុងមួយឆ្នាំៗរាប់ពាន់លានដុល្លារ ។ ប៉ុន្តែ ប្រទេសនេះរកថវិកា បើកអោយអ្នករដ្ឋការ សឹងតែមិនបាន។ ប្រាក់ចំណូល រាប់ពាន់លានដុល្លារ ភាគច្រើនចូលទៅក្នុងហោប៉ៅរបស់ ពួកមន្ត្រីជាន់ខ្ពស់ ស្និទ្ធនឹងក្រុមហ៊ុន ដែលបង្កអំពើពុករលួយ។ ប្រទេសនេះ បានធ្លាក់ក្នុង ប្រព័ន្ធការិយាធិបតេយ្យជាខ្លាំង ក្រោយពេលលោក Mahdi ឡើងកាន់តំណែងនាយករដ្ឋមន្ត្រី។  ធនាគារពិភពលោកព្យាករណ៍ថា ប្រទេសអ៊ីរ៉ាក់ នៅពេលនេះ ធ្លាក់ក្នុងស្ថានភាពឱនភាពសេដ្ឋកិច្ចជាខ្លាំង ដែលនាំអោយពលរដ្ឋធ្លាក់ក្នុងភាពក្រីក្រ ដល់ទៅ ២២ភាគរយ ខណៈបំណុលសាធារណៈកើនឡើង៤៨%។ 

បើកើតមានអំពើពុករលួយនិងការិយាធិបតេយ្យហើយ គឺពិតណាស់នឹងនាំអោយប្រព័ន្ធយុត្តិធម៌ ជួបគ្រោះថ្នាក់ ហើយ អំពើអយុត្តិធម៌សង្គម ពិតជាកើតមាន។

តើ នេះ ជាបដិវត្តរដូវផ្ការីកអារ៉ាប់ដែរឬទេ?

បដវត្តន៍ផ្ការីកអារ៉ាប់ បានកើតឡើងដំបូង នៅក្នុងប្រទេសទុយនេស៊ី នៅឆ្នាំ២០១១។ ចលនាអំណាចប្រជាជននេះ គឺដើម្បីទមា្លក់ លោកប្រធានាធិបតី Zine El Abidine Ben Ali  ដែលបានកាន់អំណាចជាង២០ឆ្នាំ។

ដើមហេតុនៃ ចលនានេះ គឺនិស្សិតម្នាក់ បានសម្រេចដុតខ្លួន ដោយសារតែអត់ការងារធ្វើ។ និស្សិតម្នាក់នេះ បានដើរលក់ទំនិញតាមផ្លូវ ក៏ត្រូវបានវាយធ្វើបាបដោយកង រក្សាសណ្ដាប់សាធារណៈ។ ការស្លាប់និស្សិតម្នាក់នេះ នាំអោយផ្ទុះបាតុកម្ម ដើរតវ៉ា សុំអោយរដ្ឋាភិបាល របស់ Ben Ali  ជួយជាបន្ទាន់គឺការផ្ដល់ការងារដល់យុវជន ប៉ុន្តែ បុរសខ្លាំងម្នាក់នេះ ធ្វើព្រងើយ ។ មិនតែប៉ុណ្ណោះ គាត់បានបញ្ជាអោយ កងសន្តិសុខ វាយបង្ក្រាបបាតុករទៀតផង។ នេះហើយដែលនាំអោយ ពលរដ្ឋទុយនេស៊ី ដែលឈឺចាប់នឹងប្រព័ន្ធពុករលួយ របស់រដ្ឋាភិបាល ក៏ផ្ទុះកំហឹង ទូទាំងប្រទេស តវ៉ា និងបណ្ដេញ លោក  Ben Ali  ពីអំណាចតែម្ដង។ ចលនានៃអំណាចប្រជាជន បានរងការវាយប្រហារ កាន់តែខ្លាំងពីសំណាក់ កងប៉ូលិសនិងកងអង្គរក្សរបស់ប្រធានាធិបតី បណ្ដាលអោយមនុស្សស្លាប់ច្រើននាក់។

ទីបំផុត លោក Ben Ali  បានហៅអោយកងទ័ពមកធ្វើអន្តរាគមន៍ វាយបង្កា្របបាតុករ តែមិនបានសម្រេច ក៏នាំអោយនាយករដ្ឋមន្ត្រីរបស់លោក សម្រេចលាលែងពីតំណែង ហើយ មិនតែប៉ុណ្ណោះ សភា មិនអាចប្រជុំបាន ហើយ ត្រូវបានរំលាយ តែម្ដង ។ ពេលនោះហើយដែល លោក  Ben Ali  អស់ជម្រើស ក៏ចាកចេញពីតំណែង ហើយក៏បោះឆ្នោតសភា ធម្មនុញ្ញ និងកំណត់ការបោះឆ្នោតប្រធានាធិបតីឡើងវិញ។

តែលោក  Ben Ali  ចុះចេញពីអំណាចនេះ ក៏មកពីសម្ពាធរបស់សហគមន៍អន្តរជាតិផងដែរ ជាពិសេសសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប ប្រកាសមិនទទួលស្គាល់របបរបស់លោក  Ben Ali  ទៀតនោះទេ។

ជារួមទៅ  ឬសគល់នៃ បដវត្តន៍រដូវផ្ការីកអារ៉ាប់ ដែលគេហៅម្យ៉ាងថា បដវត្តន៍ផ្កាម្លិះនេះ គឺស្រដៀងគ្នាទៅនឹងចលនាអំណាចប្រជាជននៃប្រទេសអ៊ីរ៉ាក់ ដែលកំពុងកើតមាន។ កត្តាដែលនាំអោយមាន ចលនានេះ គឺដោយសាររដ្ឋាភិបាល ពុករលួយ សង្គមមួយគ្មានសមធម៌ ភាពអត់ការងារធ្វើ  និងការរឹតត្បិតសេរីភាពខាងនយោបាយ។

មកដល់ពេលនេះ សហគមន៍អន្តរជាតិ កំពុងព្រួយបារម្ភជាខ្លាំង អំពីហិង្សាដែលកើតឡើងកាន់ធ្ងន់ធ្ងរនៅអ៊ីរ៉ាក់។ រដ្ឋមន្តី្រការបរទេសរុស្ស៊ី លោក ស៊ី ហ្គេឡារូស បានទៅដល់រដ្ឋធានីបាកដាដ ដើម្បីជួយទប់ស្ថានការណ៍ ខណៈ លោក Mahdi  បាននិយាយទូរស័ព្ទទៅសុំជួយ រដ្ឋមន្ត្រីការបរទេសអាមេរិក MIKE POMPEO ។ ប៉ុន្តែ ប្រទេសដែលភ័យខ្លាចជាងគេ នៃការដួលរលំរបបលោក Mahdi គឺប្រទេសអ៊ីរ៉ង់ឯនោះទេ ដែលជាសម្ព័ន្ធមិត្តរបស់ លោក  Mahdi  ។ ចំណែកអាមេរិកហាក់មិនខ្វល់ប៉ុន្មានទេ ដោយសារកាលពីថ្មីៗនេះ លោក Mahdi ជំទាស់អាមេរិក ដែលចង់បន្ថែមវត្តមានកងទ័ពអាមេរិក លើទឹកដីអ៊ីរ៉ាក់៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.