អតីតបុគ្គលិកវិទ្យុអាស៊ីសេរី សម្តែងការខកចិត្តត្បិត តុលាការពន្យារពេលប្រកាសសាលក្រមជាថ្មីទៀត

អតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូប បានសម្តែងការខកចិត្តជាថ្មីទៀត ក្រោយពេលតុលាការ លើកពេលប្រកាសសាលក្រមសម្រេច ក្រោមហេតុផលថាចៅក្រមជាប់រវល់ចូលរួមសិក្ខាសាលា។

ថ្លែងប្រាប់អ្នកសារព័ត៌មាននាព្រឹកនេះ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញអតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក យាង សុធារិន្ទហៅយាង សុជាមេត្តា ថា លោក និងលោក អ៊ួន ឈិន ខកចិត្តជាខ្លាំង ចំពោះការសម្រេចពន្យាពេលប្រកាសសាលក្រមរបស់តុលាការនៅពេលនេះ។

លោកចាត់ទុកការពន្យាពេលរបស់តុលាការម្តងជាពីរដងថាធ្វើឱ្យប៉ះពាល់ដល់ការវិលត្រឡប់ចូលប្រឡូកក្នុងវិស័យសារព័ត៌មាននៅកម្ពុជាឡើងវិញ ពីព្រោះអាជីពនេះជាអាជីពដែលពួកគាត់ស្រលាញ់ ដោយសារវាជាអាជីពអាចចូលរួមជួយសង្គមបាន។

កាលថ្ងៃទី០៩ សីហា ឆ្នាំ២០១៩  សាលាដំបូងរាជធានីភ្នំពេញ បានកំណត់យកថ្ងៃទីនេះ ជាថ្ងៃប្រកាសសាលក្រមអតីតបុគ្គលិកអាស៊ីសេរីពីររូបក្នុងសំណុំ «ផ្តល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលនាំឱ្យអន្តរាយដល់ការការពារជាតិ»។

ក្រឡាបញ្ជីនៃសាលាដំបូងរាជធានីភ្នំពេញលោក វុន សុជាតិ  បានប្រកាសនៅក្នុងបន្ទប់សវនាការថាការសម្រេចពន្យាពេលប្រកាសសាលក្រម ដោយសារតែចៅក្រមទទួលបន្ទុករឿងក្តីនេះជាប់រវល់ចូលរួមសិក្ខាសាលានៅក្រសួងយុត្តិធម៌។

ក្រឡាបញ្ជីរូបនេះ មិនបានបញ្ជាក់ពីថ្ងៃដែលនឹងត្រូវប្រកាសសាលក្រមសំណុំរឿងពួកគេទាំងពីររូបនោះទេ ដោយជាការពន្យាពេលគ្មានពេលកំណត់។

ប៉ុន្តែលោក អ៊ួន ឈិន ហៅការថា  ការពន្យាពេលនេះ ធ្វើឱ្យសិទ្ធិសេរីភាពរបស់គាត់នៅតែបន្តរឹតត្បិត និងប្រឈមបញ្ហាពិបាកស្វែងរកការងារធ្វើឱ្យសមប្រកបបាន ហើយបញ្ហានេះ ជាហេតុធ្វើឱ្យគ្រួសារលោកកាន់តែជួបបញ្ហាក្នុងជីវភាពផងដែរ។

អតីតបុគ្គលិកអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយចោទប្រកាន់អំពីការផ្តល់ព័ត៌មានឱ្យរដ្ឋបរទេស ដែលនាំឱ្យអន្តរាយដល់ជាតិ ប៉ុន្តែពួកគេតែងច្រានចោលការចោទប្រកាន់នេះរហូតមក។ យ៉ាងនេះ អតីតបុគ្គលិកអាស៊ីសេរីទាំងពីររូបនេះ ត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំវិញកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

ក្រុមសង្គមស៊ីវិល អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានចាត់ទុកការចោទប្រកាន់នេះ វាជារឿងធ្ងន់ធ្ងរ ដោយធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកសារព័ត៌មាននៅកម្ពុជា។ លើសពីនេះ ពួកគេថាការបន្តរក្សាបទចោទលើ អ្នកទាំងពីរ នឹងធ្វើឱ្យសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែធ្លាក់ចុះទៀតផង៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.