អនុស្សរណៈ​​​​​​ និង​​​គោល​​​ការណ៍​​​​​​អម​​​ប្រាប់​​​ពី​​​សេចក្តី​​​លម្អិត​​​នៃ​​​កិច្ច​​​ព្រមព្រៀង​​​ស្តី​​​ពី​​​ជន​​​ភៀស​​​ខ្លួន​​​

យោង​​​តាម​​​ច្បាប់​​​ចម្លង​​​នៃ​​​កិច្ច​​​ព្រមព្រៀង​​​បាន​​​ឲ្យ​​​ដឹង​​​ថា ជន​​​ភៀសខ្លួន​​​ដែល​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​នៅ​​​ប្រទេស​​​កម្ពុជា ក្រោម​​​កិច្ច​​​ព្រមព្រៀង​​​ថ្មី​​​មួយ​​​ជា​​​មួយ​​​​​​​​​ប្រទេស​​​អូស្ត្រាលី​​​​​​នឹង​​​ត្រូវ​​​ចេញ​​​ពី​​​រាជ​​​ធានី​​​ភ្នំពេញ​​​បន្ទាប់​​​​​​ពួក​​​គេ​​​បាន​​​រៀន​​​ភាសា​​​ខ្មែរ​​​មូល​​​ដ្ឋាន​​​​​​ នឹង​​​​​​បន្ត​​​ទទួល​​​ជំនួយ​​​ ហើយ​​​នឹង​​​ទទួល​​​បាន​​​ជំនួយ​​​ត្រឹម​​​តែ​​​រយៈ​​​ពេល​​​១២​​​ខែ​​​ប៉ុណ្ណោះ​​​ក្រោយ​​​ពេល​​​​​​ពួក​​​គេ​​​ចាក​​​ចេញ​​​ពី​​​រាជ​​​ធានី​​​។ ​​​

លោក​​​ ស ខេង រដ្ឋ​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ និង​​​លោក ស្កត់ ម៉ូរីសុន (Scott Morrison) រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​អន្តោ​​​ប្រវេសន៍​​​អូស្ត្រាលី​​​បាន​​​ប្រកាស​​​កិច្ច​​​ព្រមព្រៀង​​​នេះ​​​ដោយ​​​មាន​​​ការ​​​ពិសា​​​ស្រា​​​សំប៉ាញ នៅ​​​ក្នុង​​​ពិធី​​​ចុះហត្ថលេខា​​​មួយ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​សុក្រ​​​ ទោះ​​​បី​​​ជា​​​មាន​​​ការ​​​រិះ​​​គន់​​​ជា​​​បន្ត​​​បន្ទាប់​​​ថា ប្រទេស​​​អូស្ត្រាលី​​​កំពុង​​​គេច​​​វេះ​​​ពី​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​របស់​​​ខ្លួន​​​ចំពោះ​​​​​​​​​​​​​​​​​​ជន​​​ភៀសខ្លួន​​​ ដែល​​​សព្វ​​​ថ្ងៃ​​​កំពុង​​​ត្រូវ​​​បាន​​​ឃុំ​​​​​​ខ្លួន​​​នៅ​​ក្នុង​​​​​​ប្រទេស​​​ណូរូ​​​ ជា​​​ប្រទេស​​​ដែន​​​កោះ​​​មួយ​​​​​​នៅ​​​ភាគ​​​ខាង​​​ត្បូង​​​មហា​​​សមុទ្រ​​​ប៉ាស៊ីហ្វិក ដោយសារ​​​ការ​​​បញ្ជូន​​​ពួក​​​គេ​​​ទៅ​​​ប្រទេស​​​មួយ​​​ក្នុង​​​ចំណោម​​​ប្រទេស​​​ក្រី​​​ក្រ​​​បំផុត​​​ និង​​​ពុក​​​រលួយ​​​បំផុត​​​លើ​​​ពិភព​​​លោក​​​ក៏​​​ដោយ​​​។

កាល​​​ពី​​​ថ្ងៃ​​​សុក្រ ភាគី​​​ទាំង​​​ពីរ​​​មិន​​​បាន​​​ផ្តល់​​​នូវ​​​​​​ច្បាប់​​​ចម្លង​​​នៃ​​​អនុស្សរណៈ​​​នៃ​​​ការ​​​យោគ​​​យល់​​​គ្នា (MoU) ដែល​​​ត្រូវ​​​បាន​​​ចរចា​​​ដោយ​​​សម្ងាត់​​​​​​​​​​​​ និង​​​ដោយ​​​មិន​​​បាន​​​បញ្ចូល​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ ឬ​​​ក៏​​​ឧត្តម​​​ស្នង​​​ការ​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​ទទួល​​​បន្ទុក​​​ជន​​​ភៀស​​​ខ្លួន​​​ (UNHCR) នោះ​​​ឡើយ​​​។ ប៉ុន្តែ ច្បាប់​​​ចម្លង​​​នៃ​​​អនុស្សរណៈ​​​នៃ​​​ការ​​​យោគ​​​យល់​​​គ្នា​​​ ដែល​​​គ្មាន​​​ការ​​​ចុះ​​​ហត្ថលេខា ឬ​​​កាល​​​បរិច្ឆេទ​​​ និង​​​គោល​​​ការណ៍​​​អនុវត្ត​​​​​​អម​​​ជាមួយ​​​​​​ ដែល​​​ទទួល​​​បាន​​​កាល​​​ពី​​​ចុង​​​សប្តាហ៍ បាន​​​ផ្ដល់​​​នូវ​​​សេចក្ដី​​​លម្អិត​​​ថ្មី​​​អំពី​​​ផែនការ​​​នេះ។

ឯកសារ​​​ទាំង​​​នេះ​​​បញ្ជាក់​​​ពី​​​មូល​​​ដ្ឋាន​​​ខ្លះ​​​នៃ​​​កិច្ច​​​ព្រមព្រៀង​​​រយៈ​​​ពេល​​​បួន​​​ឆ្នាំ ដែល​​​បាន​​​ដាក់​​​ចេញ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​។ ឯកសារ​​​ទាំង​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ថា ប្រទេស​​​អូស្ត្រាលី​​​​​​​​​នឹង​​​រ៉ាប់​​​រង​​​រាល់​​​ការ​​​ចំណាយ​​​ទាំង​​​អស់​​​សម្រាប់​​​ការ​​​តាំង​​​ទី​​​លំនៅ​​​ថ្មី និង​​​សម្រាប់​​​​​​ការ​​​ផ្គត់​​​ផ្គង់​​​​​​​​​ជន​​​ភៀសខ្លួន​​​ សូម្បី​​​តែ​​​ថ្លៃ​​​​​​ធ្វើ​​​ដំណើរ​​​សម្រាប់​​​មន្ត្រី​​​កម្ពុជាទៅ​​​កាន់​​​ប្រទេស​​​ណូរូ ដើម្បី​​​ជួប​​​ជា​​​មួយ​​​គ្រួសារ​​​ដែល​​​ទទួល​​​បាន​​​សិទ្ធិ​​​ ក៏​​​ប្រទេស​​​អូស្ត្រាលី​​​ជា​​​អ្នក​​​រ៉ាប់​​​រង​​​ដែរ​​​។ ហើយ​​​ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​អស់​​​គឺ​​​សុទ្ធ​​​តែ​​​ស្ម័គ្រ​​​ចិត្ត​​​។

ហើយ​​​ខណៈ​​​ដែល​​​មន្ត្រី​​​កម្ពុជា និង​​​អូស្ត្រាលី​​​មិន​​​បាន​​ឲ្យ​​​ដឹង​​​ពី​​​ទី​​​កន្លែង​​​ដែល​​​ជន​​​ភៀស​​​ខ្លួន​​​នឹង​​​ត្រូវ​​​ស្នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​នោះ​​​​​​ គោល​​​ការណ៍​​​ទាំង​​​នោះ​​​បាន​​​បញ្ជាក់​​​ថា គេ​​​នឹង​​​ផ្តល់​​​កន្លែង​​​ស្នាក់​​​នៅ​​​បណ្តោះ​​​អាសន្ន​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដល់​​​ពួក​​​គេ “រហូតដល់​​​ពួក​​​គេ​​​​​​ចេះ​​​ភាសាខ្មែរ​​​មូល​​​ដ្ឋាន​​​​​​ ហើយ​​​និង​​​ឆ្លង​​​កាត់​​​ការ​​​ត្រួត​​​ពិនិត្យ​​​សុខភាព​​​”។

គោល​​​ការ​​​ណ៍​​​ទាំង​​​នោះ​​​មាន​​ខ្លឹម​​​សារ​​​បន្ត​​​ទៀត​​​ថា “ប្រទេស​​​អូស្ត្រាលី និង​​​កម្ពុជា​​​នឹង​​​សហការ​​​គ្នា​​​ដើម្បី​​​ស្វែង​​​រក​​​ទី​​​តាំង​​​មួយ​​​នៅ​​​ក្រៅ​​​រាជ​​​ធានី​​​ភ្នំពេញ​​​សម្រាប់​​​​​ផ្តល់​​​សេវា​​​តាំង​​​ទីលំនៅ​​​ដល់​​​ជន​​​ភៀស​​​ខ្លួន​​​”។

គោល​​​ការណ៍​​​ទាំង​​​នោះ​​​មាន​​​ខ្លឹម​​​សារ​​​បន្ថែម​​​ថា​​​ សេវា​​​តាំង​​​ទីលំនៅ​​​ថ្មី​​​នឹង​​​បូក​​​រួម​​​អ្វី​​​ទាំង​​​អស់​​​ដែល​​​រាប់​​​ចាប់​​​ពី​​​កន្លែង​​​ស្នាក់​​​នៅ​​​ឯកជន ដល់​​​​​​ការ​​​​​​ផ្តល់​​​វគ្គ​​​បណ្តុះ​​​បណ្តាល​​​ផ្នែក​​​ភាសា និង​​​ការ​​​ងារ​​​ ការ​​​ផ្តល់​​​ប្រាក់​​​កម្ចី​​​សម្រាប់​​​ចាប់​​​ផ្តើម​​​អាជីវកម្ម អាហារ​​​ សម្លៀក​​​បំពាក់​​​ សេវា​​​សុខ​​​ភាព​​​ និង​​​ការ​​​ចំណាយ​​​ផ្សេង​​​ៗ​​​ ដែល​​​ភាគី​​​ទាំង​​​ពីរ​​​នឹង​​​​​​ព្រម​​​ព្រៀង​​​គ្នា​​​តាម​​​ក្រោយ​​​។

គោល​​​​​​ការ​​​ណ៍​​​ទាំង​​​នោះ​​​មាន​​​ខ្លឹម​​​សារ​​​ទៀត​​​ថា “សេវា​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​នឹង​​​ត្រូវ​​​ផ្តល់​​​ឲ្យ​​​ក្នុង​​​រយៈ​​​ពេល​​​១២​​​ខែ គិត​​​ចាប់​​​ពី​​​ថ្ងៃ​​​ដែល​​​ជន​​​ភៀស​​​​​​ខ្លួន​​​​នី​​​មួយ​​​ៗ​​​​​ចាក​​​ចេញ​​​ពី​​​កន្លែង​​​ស្នាក់​​​នៅ​​​បណ្តោះ​​​អាសន្ន​​​​​​​​​​​​​​។ ក្រោយ​​​រយៈ​​​ពេល​​​១២​​​ខែ​​​ដំបូង​​​នេះ​​​ ការ​​​វាយ​​​តម្លៃ​​​មួយ​​​នឹង​​​ត្រូវ​​​​​​ធ្វើ​​​ឡើង​​​មួយ​​​ករណី​​​ម្តងៗ​​​ ​​​​​​ដើម្បី​​​ចង់​​​ដឹង​​​ថា តើ​​​​​​មាន​​​តម្រូវ​​​ការ​​​អ្វី​​​បន្ថែម​​​ទៀត​​​សម្រាប់​​​សេវា​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​នេះ”។

លោក ស ខេង មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ។ រីឯ​​​លោក សុខ​​​ ផល​​​ អគ្គ​​​នាយក​​​នៃ​​​អគ្គនាយកដ្ឋាន​​​អន្តោ​​​ប្រវេសន៍​​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​ក៏​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ដែរ។

លោក​​​ស្រី ដេនីស ខហ្វលេន (Denise Coghlan) ដែល​​​ដំណើរ​​​ការ​​​អង្គការ​​​យេស៊ូ​​​ផ្តល់​​​សេវាកម្ម​​​សម្រាប់​​​ជន​​​ភៀស​​​ខ្លួន​​​ (Jesuit Refugee Service) នៅ​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ​​​បាន​​​លើក​​​ឡើង​​​ថា ជំនួយ​​​រយៈ​​​ពេល​​​១២​​​ខែ​​​នេះ​​​ទំនង​​​ជា​​​មិន​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​ជន​​​ភៀស​​​ខ្លួន​​​មួយ​​​ចំនួន​​​ក្នុង​​​ចំណោម​​​ជន​​​ភៀស​​​ខ្លួន​​​​​​​​​ថ្មី​​​នេះ​​​ទេ​​​។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​​​​​​​​​​មនុស្ស​​​ដែល​​​មាន​​​ជំងឺ​​​ និង​​​ប៉ះពាល់​​​ផ្លូវ​​​ចិត្ត​​​ អ្នក​​​ដែល​​​មិន​​​អាច​​​រក​​​ការងារ​​​ធ្វើ​​​បាន​​​នឹង​​​ត្រូវ​​​ការ​​​ជំនួយ​​​មូល​​​ដ្ឋាន​​​ក្នុង​​​ពេល​​​យូរ​​​។ ប្រសិន​​​បើ​​​ជន​​​ភៀសខ្លួន​​​ត្រូវ​​​បាន​​​ផ្តល់​​​ឲ្យ​​​នូវ​​​ប្រាក់​​​ឧបត្ថម្ភ​​​ប្រចាំ​​​ខែ​​​ បន្ទាប់​​​ពី​​​ជំនួយ​​​១២​​​ខែ​​​នោះ​​​ត្រូវ​​​បាន​​​បញ្ចប់​ ពួក​​​គេ​​​គួរ​​​តែ​​​ត្រូវ​​​បាន​​​ផ្តល់​​​ជំនួយ​​​ខ្លះៗ​​​មួ​​យ​​​ឆ្នាំ​​​បន្ថែម​​​ទៀត​​​ ហេតុ​​​ដូច្នេះ​​​ជន​​​ភៀស​​​ខ្លួន​​​អាច​​​សម្រប​​​ខ្លួន​​​បាន​​​ជា​​​បណ្តើៗ​​​”។

លោកស្រី ខូហ្វលេន បាន​​​លើក​​​ឡើង​​​បន្ត​​​ថា កិច្ច​​​ព្រមព្រៀង​​​នេះ​​​ ក៏​​​មិន​​​បញ្ជាក់​​​​​​ឲ្យ​​​បាន​​​ច្បាស់​​​​​​​​​​​​​​​​អំពី​​​ថា តើ​​​ជន​​​ភៀស​​​ខ្លួន​​​នឹង​​​​​​ត្រូវ​​​រៀន​​​ភាសា​​​ខ្មែរ​​​មូល​​​ដ្ឋាន​​​នៅ​​​កន្លែង​​​ណា​​ដែរ​​​ ព្រោះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​និយាយ​​​តែ​​​ពី​​​ការ​​​ផ្តល់​​​ “សេវា​​​នៅ​​​ខាង​​​ក្រៅ​​​រាជ​​​ធានី​​​តែ​​​ប៉ុណ្ណោះ​​​ ហើយ​​​ក៏​​​មិន​​​បាន​​​បញ្ជាក់​​​ឲ្យ​​​បាន​​​ច្បាស់​​​អំពី​​​ការ​​​បញ្ជូន​​​ពួក​​​គេ​​​ចេញ​​​ពី​​​រាជ​​​ធានី​​​ដែរ។

លោក​​​ស្រី​​​បាន​​​គូស​​​បញ្ជាក់​​​ថា ជន​​​ភៀសខ្លួន​​​ប្រមាណ​​​៦០​​​នាក់​​​ ឬ​​​ក៏​​​ជន​​​ភៀស​​​ខ្លួន​​​ដែល​​​សព្វ​​​ថ្ងៃ​​​កំពុង​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​តាំង​​​ទី​​​លំនៅ​​​ នៅ​​​ជាយ​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​ ហើយ​​​ថា អ្នក​​​មក​​​ដល់​​​ថ្មី​​​មិន​​​គួរ​​​ប្រឈម​​​នឹង​​​ការ​​​រឹត​​​បន្តឹង​​​​​​បន្ថែម​​​ទាក​​​់ទិន​​​​​​​​​​​​​​​​​ទី​​​កន្លែង​​​ដែល​​​ពួក​​​គេ​​​ត្រូវ​​​រស់​​​នៅ​​​ឡើយ​​​។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ការ​​​ផ្តល់​​​សេរីភាព​​​សម្រាប់​​​ការ​​​តាំង​​​ទីលំនៅ​​​ថ្មី​​​ដល់​​​ពួក​​​គេ ទំនង​​​ជា​​​ជម្រើស​​​ល្អ​​​បំផុត​​​”។

អនុស្សរណៈ​​​នៃ​​​ការ​​​យោគយល់​​​គ្នា​​​ និង​​​គោល​​​ការណ៍​​​ទាំង​​​នោះ​​​បាន​​​លើក​​​ឡើង​​​ថា សេវា​​​សម្រាប់​​​ជន​​​ភៀសខ្លួន​​​នឹង “​​​ត្រូវ​​​ធ្វើ​​​ឲ្យ​​​ស្រប​​​តាម​​​នឹង​​​បទ​​​ដ្ឋាន​​​សហគមន៍​​​មូល​​​ដ្ឋាន​​​” ហើយ​​​ថា  ជន​​​ភៀស​​​ខ្លួន​​​នីមួយ​​​ៗ​​​ដែល​​​ត្រូវ​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​នឹង​​​ត្រូវ​​​ផ្តល់​​​ឲ្យ​​​នូវ​​​ឯកសារ​​​ ដែល​​​ពួក​​​គេ​​​ត្រូវ​​​​​ការ​​​ជា​​​ចាំបាច់​​​ដើម្បី​​​ស្វែងរក​​​ការ​​​ងារ​​​ធ្វើ និង​​​បញ្ជូន​​​កូន​​​​​​ៗ​​​ពួក​​​គេ​​​ទៅ​​​សាលារៀន។

ឯកសារ​​​ទាំង​​​នោះ​​​មិន​​​បាន​​​ផ្តល់​​​ព័ត៌​​​មាន​​​ទាក់​​​ទិន​​​នឹង​​​រឿង​​​​​​ថា តើ​​​​​​ជន​​​ភៀស​​​ខ្លួន​​​ចំនួន​​​ប៉ុន្មាន​​​នាក់​​​ដែល​​​ប្រទេស​​​កម្ពុជា​​​នឹង​​​ត្រូវ​​​ទទួល​​​យក​​​ពី​​​ប្រទេស​​​ណូរូ​​​​​​​​ជា​​​កន្លែង​​​ដែល​​​មាន​​​តែ​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធ​​​ិជ្រក​​​កោន​​​​​​ជាង​​​២០០នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ប្រហែល​​​១.០០០​​​នាក់​​​មាន​​​​​ឯកសារ​​​ស្រប​​​ច្បាប់​​​​​​នោះ​​​ឡើយ​​​។ កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ លោក ស ខេង បាន​​​លើក​​​ឡើង​​​ថា នឹង​​​អនុញ្ញាត​​ឲ្យ​​​ជន​​​ភៀស​​​ខ្លួន​​​មិន​​​លើស​​​ពី​​​​​​ប្រាំ​​​នាក់​​​​​​ទេ​​​ដើម្បី​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ក្នុង”គម្រោង​​​សាក​​​ល្បង​​​” ជា​​​លើក​​​ដំបូង។

ឯកសារ​​​ទាំង​​​នោះ​​​ក៏​​​មិន​​​បាន​​​បញ្ជាក់​​​ឲ្យ​​​ដឹង​​​ពី​​​ចំនួន​​​ទឹក​​​ប្រាក់​​​​​​ដែល​​​ប្រទេស​​​អូស្ត្រាលី​​​នឹង​​​ត្រូវ​​​ចំណាយ​​​សរុប​​​ក្នុង​​​កិច្ច​​​ព្រមព្រៀង​​​នេះ​​​ដែរ​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា កាល​​​ពី​​​ថ្ងៃ​​​សុក្រ លោក ម៉ូរីសុន បាន​​​ប្រាប់​​​សាជីវកម្ម​​​ផ្សាយ​​​សំឡេង​​​​​​អូស្ត្រាលី​​​ (ABC) ​​​ថា ប្រទេស​​​អូស្ត្រាលី​​​​​​នឹង​​​ផ្តល់​​​កញ្ចប់​​​ជំនួយ​​​មក​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​ក្នុង​​​ទឹក​​​ប្រាក់​​​៤០​​​លាន​​​ដុល្លារ​​​សម្រាប់​​​កិច្ច​​​ព្រមព្រៀង​​​ស្តី​​​ពី​​​ជន​​​ភៀស​​​ខ្លួន​​​​​​ដែល​​​មាន​​​រយៈ​​​ពេល​​​បួន​​​ឆ្នាំ។យោង​​​តាម​​​សេចក្តី​​​រាយការណ៍​​​ពី ABC ​​​​​​​​​​​​​​​​​​​​​​​​លោកស្រី ជូលី ប៊ីសប់ (Julie Bishop) រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​​​ការបរទេស​​​អូស្ត្រាលី​​​បាន​​​លើក​​​ឡើង​​​ថា ប្រាក់​​​នេះ​​​ “នឹង​​​មាន​​​ទិស​​​ដៅ​​​សម្រាប់​​​ជួយ​​​​​​ការ​​​ប្រកួត​​​ប្រជែង​​​ក្នុង​​​ការ​​​នាំ​​​ចេញ​​​អង្ករ​​​ និង​​​សមត្ថភាព​​​ក្នុង​​​ការ​​​បោស​​​សម្អាត​​​មីន​​​របស់​​​ប្រទេស​​​កម្ពុជា”។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​អនុស្សរណៈ​​​នៃ​​​ការ​​​យោគ​​​យល់​​​គ្នា​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ជំនួយ​​​បន្ថែម​​​របស់​​​ប្រទេស​​​អូស្ត្រាលី​​​ដែល​​​នឹង​​​ត្រូវ​​​ផ្តល់​​​ឲ្យ​​​ប្រទេស​​​កម្ពុជា នឹង​​​មាន​​​គោ​​​ដៅ​​​ជាក់​​​លាក់​​​ ពោល​​​ដល់​​​សហគមន៍​​​ទាំង​​​នោះ ដែល​​​ជន​​​​ភៀសខ្លួន​​​នឹង​​​តាំង​​​ទីលំនៅ​​​ថ្មី។

អនុស្សរណៈ​​​នៃ​​​ការ​​​យោគ​​​យល់​​​គ្នា​​​នេះ​​​មាន​​​ខ្លឹមសារ​​​​​​ថា “រដ្ឋាភិបាល​​​អូស្ត្រាលី​​​នឹង​​​ផ្តល់​​​ជំនួយ​​​អភិវឌ្ឍន៍​​​បន្ថែម​​​​​​ដោយ​​​ផ្តោត​​​លើ​​​​​​អាទិភាព​​​នៃ​​​ការ​​​អភិវឌ្ឍ​​​ទ្វេ​​​ភាគី​​​​​​​​​​​​​​​​​ដែល​​​បាន​​​ព្រមព្រៀង​​​គ្នា​​​ រួម​​​ទាំង​​​​​​ការ​​​ធានា​​​​​​ផល​​​ប្រយោជន៍​​​​​​​​​​​​ដល់​​​សហគមន៍​​​មូល​​​ដ្ឋាន​​​ជា​​​កន្លែង​​​ដែល​​​​​​ជន​​​ភៀស​​​ខ្លួន​​​​​​តាំង​​​ទី​​​លំនៅ​​​ផង​​​ដែរ​​​”។

តាម​​​សុទិដ្ឋិនិយម​​​​​​ អនុស្សរណៈ​​​នៃ​​​ការ​​​យោគ​​​យល់​​​គ្នា​​​នេះ​​​ក៏​​​បាន​​​លើកឡើង​​​ផង​​​ដែរ​​​ថា ប្រទេស​​​កម្ពុជា និង​​​អូស្ត្រាលី នឹង ​​​”ធ្វើការ​​​​​​យ៉ាង​​​ជិតស្និទ្ធ​​​”ជាមួយ​​​ឧត្តម​​​ស្នង​​​ការ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ទទួល​​​បន្ទុក​​​ជន​​​ភៀស​​​ខ្លួន​​​ទាក់ទិន​​​នឹង​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​។ ទី​​​ភ្នាក់​​​ងារ​​​ទទួល​​​បន្ទុក​​​​​​ជន​​​ភៀស​​​ខ្លួន​​​របស់​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​នេះ​​​បាន​​​រិះ​​​គន់​​​ផែន​​​ការ​​​នេះ​​​ ហើយ​​​លើក​​​ឡើង​​​ថា ខ្លួន “​​​គ្មាន​​​តួនាទី​​​” នៅ​​​​​​ក្នុង​​​ផែន​​​ការ​​​នេះ​​​ទេ។ ទី​​​ភ្នាក់​​​ងារ​​​នេះ​​​​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា កិច្ច​​​ព្រមព្រៀង​​​នេះ​​​គ្មាន​​​និរន្តរ​​​ភាព​​​ទេ ហើយ​​​ការ​​​បញ្ចុះ​​​បញ្ចូល​​​របស់​​​ប្រទេស​​​អូស្ត្រាលី​​​ឲ្យ​​​ជន​​​ភៀស​​​ខ្លួន​​​យល់​​​ព្រម​​​មក​​​ប្រទេស​​​កម្ពុជា​​​វា​​​ធ្វើ​​​ឲ្យ​​​មាន​​​ភាព​​​គ្រោះ​​​ថ្នាក់​​​ដល់​​​ពិភព​​​លោក​​​។

អ្នក​​​រិះ​​​គន់​​​ផ្សេង​​​ៗ​​​ទៀត​​​បាន​​​លើក​​​ឡើង​​​ថា ប្រទេស​​​អូស្ត្រាលី​​​ក៏​​​បាន​​​រំលោភ​​​កិច្ច​​​សន្យា​​​របស់​​​ខ្លួន​​​​​​ជាមួយ​​​ប្រទេស​​​ណូរូ ដែល​​​សន្យា​​​ថា នឹង​​​ស្វែង​​​រក​​​​​​ “ប្រទេស​​​ទី​​​៣ ដែល​​​មាន​​​សុវត្ថិភាព” សម្រាប់​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ផង​​​ដែរ​​​។

អង្គការ​​​សិទ្ធិ​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ (The Minority Rights Group International) បាន​​​លើក​​​ឡើ​​​ង​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ខ្លួន​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​យ៉ាង​​​​​​ខ្លាំង​​​ចំពោះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​បញ្ជូន​​​ជន​​​ភៀស​​​ខ្លួន​​​មក​​​កម្ពុជា​​​​​​ ដែល​​​មាន​​​ប្រវត្តិ​​​និរទេស​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​មាន​​​ដូច​​​ជា​​​ជនជាតិ​​​ដើម​​​ភាគ​​​តិច​​​​​​ វីហ្គួ​​​ (Uighurs) មក​​​ពី​​​ប្រទេស​​​ចិន​​​​​​​​​​​​​​​​​​ និង​​​ជន​​​ជាតិ​​​ដើម​​​ភាគតិច​​​ម៉ុងតេចណាត (Montegnards) មក​​​ពី​​​ប្រទេស​​​​​​វៀតណាម​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​ពួក​​​គេ​​​វិញ​​​ជា​​​កន្លែង​​​ដែល​​​ពួក​​​គេ​​​មួយ​​​ចំនួន​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ ​​​​ចាប់​​​ដាក់​​​ពន្ធ​​​នាគារ  ផ្ដន្ទាទោស និង​​​ត្រូវ​​​បង្ខំ​​​ឲ្យ​​​​​​ធ្វើ​​​ការ​​​ងារ​​​។

លោក ម៉ាក ឡេតទីមឺ (Mark Lettimer) នាយក​​​ប្រតិបត្តិ​​​​​​អង្គការ​​មួ​យ​​​ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ក្នុង​​​ទី​​​ក្រុង​​​ឡុងដ៍​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​សេច​​ក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ថា ” ប្រទេស​​​កម្ពុជា​​​បាន​​​បញ្ជាក់​​​ម្តង​​​ហើយ​​​ម្ដង​​​ទៀត​​​ថា ខ្លួន​​​មិន​​​មែន​​​ជា​​​ប្រទេស​​​ដែល​​​មាន​​​សុវត្ថិភាព​​​សម្រាប់​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ដែល​​​រត់​​​គេច​​​ចេញ​​​ពី​​​ការ​​​ធ្វើ​​​ទុក​​​បុក​​​ម្នេញ​​​ឡើយ​​​។ ហើយ​​​វាសនាទៅថ្ងៃអនាគត​​​​​​​​​របស់​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ថ្មី ឬ​​​ក៏​​​ជន​​​ភៀស​​​ខ្លួន​​​ពី​​​ប្រទេស​​​អូស្ត្រាលី​​​ដែល​​​ត្រូវ​​​បាន​​​ផ្ដល់​​​ទី​​​លំនៅ​​​ថ្មី​​​នៅ​​​ទី​​​នោះ​​​​​​ គឺ​​​គួរ​​​ឲ្យ​​​ព្រួយ​​​បារម្ភ​​​ខ្លាំង​​​ណាស់​​​”៕ស៊ុយឈាង

(រាយការណ៍​​​បន្ថែម​​​ដោយ​​​ មិុច ដារ៉ា)​​​​​​​​​

​​​​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.