អភិបាល​​​រាជ​​​ធានីភ្នំពេញ​​​ស្នើ​​​ឲ្យ​​​មាន​​​ការ​​​រឹត​​​បន្ដឹងតាម​​​ផ្លូវ​​​សំខាន់​​​ៗ ​​​នៅ​​​ពេល​​​ឃោសនា​​​បោះ​​​ឆ្នោត​​​

យោង​​​តាម​​​លិខិត​​​មួយ​​​ច្បាប់ផ្ញើ​ជូន​ក្រសួង​​​មហាផ្ទៃ​​​កាល​​​ពី​​​សប្ដាហ៍​​​មុន​​​ បាន​​​ឲ្យ​​​ដឹង​​​ថា​​លោក ប៉ា សុជាតិវង្ស អភិបាល​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​បាន​​​ស្នើ​​​ថា យុទ្ធនាការ​​​ឃោសនា​​​បោះ​​​ឆ្នោត​​​គួរ​​​តែ​​​ត្រូវ​​​បាន​​​ហាម​​​ឃាត់​​​នៅ​​​តាម​​​ផ្លូវ​និង​សួន​​​​សំខាន់​​​ៗ​​​មួយ​​​ចំនួន​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​។

ប្រសិន​​​បើ​​​ត្រូវ​​​បាន​​​អនុវត្ត​​​មែននោះ​​​បញ្ជី​​​ឈ្មោះ​​​​តំបន់​​​មួយ​​​ចំនួន​​​ដែល​​​លោកបាន​​​ស្នើ​​​ឲ្យ​​​លោក ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួងមហា​​​ផ្ទៃ​​​ហាម​​​ឃាត់​​​​មិន​ឲ្យ​ធ្វើ​យុទ្ធនាការ​​ឃោ​​​ស​​​​​​​​​នា​​​បោះ​​​ឆ្នោត​​​​​​ និង​​​​​​រឹត​​​បន្ដឹង​​​គណបក្ស​​​នយោ​​​បាយ​​​មិន​​​ឲ្យ​​​ផ្សព្វ​​​ផ្សាយ​​​សារ​​​របស់​​​ខ្លួន​​​ក្នុង​​​តំបន់​​​សំខាន់​​​ៗ​​​ ដែល​​​មាន​​​ប្រជា​​​ពល​​​រដ្ឋ​​​រស់​​​នៅ​​​ច្រើន​​​។

នៅ​​​ក្នុង​​​ចំណោម​​​ផ្លូវ​​​មួយ​​​ចំនួន​​​ដែល​​​មាន​​​ការស្នើ​​​សុំ​​​ឲ្យ​​​ហាម​​​ឃាត់​​​ គឺ​​មហាវិថី​​​ព្រះ​នរោត្ដមមហាវិថី​ព្រះ​​​មុន្នីវង្ស​​​ មហាវិថី​​​ម៉ៅសេទុង ​​​មហាវិថី​​ព្រះសីហនុ និង​​​មហាវិថី​​​សុធារស ក៏​​​ដូច​​​​​​ជា​​​ផ្លូវ​​​លេខ១៨២ មហាវិថី​​​​​​សហព័ន្ធ​​​រុស្ស៊ី និង​​​ផ្លូវ​​​មួយ​​​ចំនួន​​​ទៀត​​​​​ជុំ​​​វិញ​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​។

ការ​​​ស្នើ​​​របស់​​​លោក ប៉ា សុជាតិវង្ស ក៏​​​មាន​​​រួម​​​បញ្ចូល​​​ការ​​​ហាម​​​មិន​​​ឲ្យ​​​ធ្វើ​​​យុទ្ធនាការ​​​នៅ​​​ក្នុង​​​ ឬនៅ​​​ជុំ​​​វិញ​​​ផ្សារ​​​ថ្មី ផ្សារ​​​អូរឫស្សី ផ្សារ​​​អូរឡាំពិក ផ្សារទួល​​​ទំពូង ផ្សារ​​​ដេប៉ូ និង​​​ផ្សារ​​​ដើម​​​គផង​ដែរ​​​​។ សំណើ​​​នោះ​​​ក៏​​​បាន​​​ស្នើ​​​មិន​​​ឲ្យ​​​ធ្វើ​​​យុទ្ធនាការ​​​ឃោសនា​​​បោះ​​​ឆ្នោត​​​នៅ​​​តាម​​​សួន​​​ច្បារ​​​នៅ​​​ជុំ​​​វិញ​​​ព្រះ​​​បរម​​​រាជវាំង​​វាល​​​ព្រះមេរុ​​​នៅ​​​ខាង​​​មុខ​​​សារ​​​មន្ទីរជាតិ​​​ សួន​​​ច្បារ​​​នៅ​​​មុខ​​​វត្ត​​​បទុម សួន​​​ច្បារ​​​នៅ​​​មុខ​​​ស្ថាន​​​ទូត​សហ​​​​​​រដ្ឋ​​​អាមេរិក​​​ នៅ​​​ជុំវិញវត្តភ្នំ សួន​​​ច្បារ​​​នៅ ​​​មុខ​​​សណ្ដាគារ​​​កាំបូឌីយ៉ាណា និង​​​ណាហ្កាវើល​​​ ​​ក៏​​​ដូច​​​ជា​​​សួ​​​ន​​​ច្បារ​​​លោក ហ៊ុន សែន ដែលស្ថិត​​​នៅ​​​តាមបណ្ដោយមហាវិថី​ព្រះសីហនុ​​​​​ ​ត្រូវ​រឹត​បន្តឹង​ចំពោះ​​​​​គណ​​​បក្ស​​​នយោបាយ​​​​ចូល​។

លិខិត​​​ចុះ​​​​​​កាលបរិច្ឆេទ​​​កាលពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​​​​​នេះ​បាន​​​លើកឡើង​​​ថា ការ​​​រឹត​​​បន្ដឹង​​​អំឡុង​​​យុទ្ធនាការ​​​ឃោសនា​​​បោះ​ឆ្នោត​​​​ជា​​​ផ្លូវ​​​ការ​​​ចន្លោះ​​​​​ពី​​​ថ្ងៃ​​​ទី២៧​​​ ខែ​​​មិថុនា ដល់​ថ្ងៃ​​​ទី២​​​៧ ​​​ខែ​​​កក្កដា គឺ​​​ជា​​​រឿង​​​ចាំ​​​បាច់​​​ “ ​​​ដើម្បី​​​ធានា​​​សន្ដិសុខ សុវត្ថិភាព និង​​​សណ្តាប់​ធ្នាប់​សាធា​​​រណៈ​​​សម្រាប់​​​គណបក្ស​​​នយោបាយ​​​ទាំង​​​អស់ ​​​និងដើម្បី​​​ចៀស​​​វាង​​​ការ​​​កក​​​ស្ទះចរាចរណ៍​​​ដែល​​​រំខានដល់​​​អ្នក​​​ធ្វើ​​​ដំណើរ​​​​​ ព្រមទាំង​​​ភ្ញៀវ​​​ទេសចរ​​​ជាតិ និងអន្ដរជាតិផង​​​ដែរ​​​”។

លោក យឹម សុវណ្ណ អ្នក​​​នាំពាក្យ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​​​លោកមិន​​​បាន​​​ឃើញ​​​លិខិត​​​ពីសាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​ឡើយ​​​ ប៉ុន្ដែ​​​លោក​​​បាន​​​ប្រឆាំង​​​នឹង​​​បម្រាម​​​ដែលនឹង​​​ហាម​​​ឃាត់​​​មិន​ឲ្យ​​​​គណបក្ស​​​នយោបាយ​ប្រាប់​អ្នក​​​បោះ​​​ឆ្នោត​​​ពីគោល​នយោបាយ​បក្ស​​​​ពេល​បោះ​​​ឆ្នោត​​​។

លោក យឹម សុវណ្ណ បាន​​​មាន​​​ប្រសាសន៍​​​ថា “ យើង​​​ជំទាស់​​​ទៅ​​​នឹង​​​បម្រាម​​​ដែលហាម​​​ឃាត់​​​មិន​​​ឲ្យ​​​ធ្វើ​​ដំណើរ​​​នៅលើ​​​ផ្លូវ​​​មួយ​​​ចំនួន​​​អំឡុង​​​ការ​​​ឃោសនា​​​បោះ​​​ឆ្នោត ​​​ពី​​​ព្រោះ​​​ទីណា​​​​​​ដែល​​​មាន​​​ប្រជា​​​ពល​​​រដ្ឋ​​​រស់​​​នៅ​​​គណ​​​បក្ស​​​នយោបាយ​​​ត្រូវ​​​តែ​​​​​​ផ្ដល់​​​សារ​​​នយោបាយ​​​ទៅ​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​ដែល​​​​រស់​នៅ​ទី​នោះ​”។

លោកបាន​​​បន្ថែម​​​ថា “ខ្ញុំ​​​នឹង​​​ត្រួត​​​ពិនិត្យ​​​សំណើរបស់​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ ដើម្បី​​​ចង់​​​ដឹង​​​ថា តើ​​​វា​​​ផ្ទុយ​ពី​រដ្ឋ​​​ធម្មនុញ្ញ​​​ ឬក៏​​​គោល​​​នយោបាយ​​​ប្រជា​​​ធិបតេយ្យ​​​ ឬក៏​​​អត់”។

លោក ប៉ា សុជាតិវង្ស មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​អត្ថាធិប្បាយ​​​បន្ថែម​​​អំពី​​​លិខិត​​​នេះបាន​​​ទេ ​​​ដោយ​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​កំពុង​​​តែ​​​រង់​​​ចាំការ​​​ឆ្លើយ​​​តប​​​ពី​​​ក្រសួង​​​មហាផ្ទៃ​​​ចំពោ​ះ​​​សំណើរ​​​បស់​​​លោក​​​៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.