អាណិកជន​ខ្មែរ​រស់​នៅ​អាមេរិកបដិសេធ​ថា​ ខ្លួន​គ្មាន​បាន​ធ្វើ​អ្វី​ខុស​ឡើយ​

បុរស​អាណិកជន​ខ្មែរ​រស់​នៅ​អាមេរិក​ម្នាក់​ ដែល​​​អាជ្ញាធរ​កម្ពុជា​តាម​ចាប់​ខ្លួន​ពីបទ​គំរាម​សម្លាប់​មេដឹកនាំ​របស់​ប្រទេស​កម្ពុជា​បាន​ចេញ​មក​ការ​ពារ​ខ្លួន​នៅ​លើ​បណ្ដាញ​អុីនធើណិត​ ដោយ​បដិសេធ​ថា ខ្លួន​គ្មាន​ធ្វើ​អ្វី​ខុស​ទេ ហើយ​បាន​អំពាវ​នាវ​ឲ្យ​លោក កឹម​ សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជួយ​។

លោក សំរិទ្ធី ដេវីដ​យឿន អាយុ​៤៩​ឆ្នាំ គឺ​ជា​អាណិកជន​ខ្មែរ​រស់​នៅ​អាមេរិក​ម្នាក់​ក្នុង​​ចំណោម​អាណិកជន​ខ្មែរ​រស់​នៅ​អាេមរិក​ចំនួន​បីនាក់​ ដែល​ត្រូវ​​បាន​ចោទ​ប្រកាន់​ពីបទ​​គំរាម​សម្លាប់​មេដឹកនាំ​កម្ពុជា​នៅ​ដើម​ឆ្នាំ​នេះ​​នៅ​ពេល​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​រាជ​ធានី​ភ្នំពេញ​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​ប្រឆាំង​លទ្ធផល​នៃការ​បោះ​ឆ្នោត​ដ៏​ចម្រូង​ចម្រាស​កាលពី​ឆ្នាំ​មុន។

នគរ​បាល​អន្តរជាតិ​អំាងទែប៉ូល​ក៏​បាន​ចេញ​​បទ​បញ្ជា​ចាប់​ខ្លួន​ជន​ទាំង​បី​នាក់​នេះ​ដែរ​។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​បាន​​ធ្វើ​សេចក្ដី​ការណ៍​ថា ជនទាំង​បី​នាក់​នេះ​គឺ​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។

កាលពី​ថ្ងៃ​សុក្រ លោក យឿន បាន​ប្រើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដើម្បី​បដិសេធ​​​ថា ខ្លួន​គ្មាន​ធ្វើ​អ្វី​ខុស​ឡើយ​។ លោក​បានអំពាវ​នាវ​ឲ្យ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ជួយ​ខ្លួន​​​ឲ្យ​រួច​ផុត​​ពី​ការ​ចោទ​ប្រកាន់​នេះ ប៉ុន្តែ​ស្រប​ពេល​ដំណាល​គ្នា​នោះ​ដែរ​ លោក​បាន​លើក​ឡើង​ថា លោក​មិន​ខ្លាច​ការ​ចាប់​ខ្លួន​ឡើយ​។

លោក​បាន​និយាយ​ថា ” ខ្ញុំ​មិន​ខុស​ទេ។ ខ្ញុំ​សូម​​អំពាវ​នាវ​ជា​ពិសេស​ដល់​លោក កឹម សុខា អនុប្រធាន​គណបក្ស​​ ដែល​បញ្ហា​របស់​​គាត់​ក៏​ជា​បញ្ហា​របស់​ខ្ញុំ​ដែរ​នោះ​។ ហេតុ​ដូច្នេះ លោក​ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​នេះ​ឲ្យ​ខ្ញុំ​”។

លោក​បាន​និយាយ​ដោយសំដៅ​ទៅ​លើ​នគរ​បាល​អន្តរជាតិ​អំាងទែប៉ូល និង​រដ្ឋាភិបាល​កម្ពុជា​​ថា ” ខ្ញុំ​មិន​ខ្លាច​អ្នក​ឯង​ចាប់​ខ្លួន​ខ្ញុំ​ទេ។ ខ្ញុំ​រីក​រាយ​នឹង​តទល់​ជាមួយ​នឹង​អ្នក​ឯង​ ហើយ​ខ្ញុំ​សូម​ជម្រាប​អ្នក​ឯង​ថា អ្នក​ឯង​ត្រូវ​តែ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា អ្វី​ត្រូវ​អ្វី​ខុស និងថា​តើ​អ្វី​ជា​យុត្តិធម៌​។ អ្នក​ឯង​គួរ​តែ​ចាប់​ខ្លួន​មេដឹកនាំ​កម្ពុជា​វិញ មិន​មែន​ខ្ញុំ​នោះ​ទេ ព្រោះ​ដោយ​សារ​តែ​ពួកគេ​ហ្នឹង​ហើយ​​​ដែល​ព្រៃឈើ​ត្រូវ​បាន​កាប់​បំផ្លាញ ហើយ​ពលរដ្ឋ​កំពុង​យំ​សោក​គ្រប់​ពេល​វេលា​”។

​លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​សុំ​ជំនួយ​របស់​លោក យឿន ពី​អនុប្រធាន​គណបក្ស​នេះ​ឡើយ​។ លោក​បានមាន​ប្រសាសន៍​ថា “អ្នក​គួរ​តែ​សួរ​​លោក កឹម សុខា ដោយ​ផ្ទាល់​ទៅ​ ព្រោះ​ខ្ញុំ​គឺ​ជា​អ្នក​នាំពាក្យ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​មែន​ឲ្យ​លោក​ កឹម សុខា​ ទេ”។ គេ​មិន​អាច​ទាក់​ទង​លោក កឹម សុខា បាន​ទេ​។

លោក គៀត ច័ន្ទថារិទ្ធ អ្នក​នាំពាក្យ​នគរបាល​ជាតិ​ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​អ្វី​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក យឿន នេះ​ដែរ​។

កាលពី​សប្ដាហ៍​មុន លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ស្នើ​ឲ្យ​នគរ​បាល​អន្តរជាតិ​អាំងទែប៉ូល និង​សហរដ្ឋ​អាមេរិក​ជួយ​បញ្ជូន​បុរស​ទាំង​នេះ​មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​៕ ស៊ុយឈាង​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.