អំឡុង​​​ខួប​​​គម្រប់១ឆ្នាំ ក្រុមសកម្ម​​​ជន​​​ទាមទារ​​​ឱ្យ​​​ដោះលែង​​​អ្នកស្រី ទេព វន្នី

អ្នកស្រី ទេព វន្នី សកម្មជនដីធ្លីដ៏ឆ្នើមមួយរូបបានជាប់ពន្ធនាគាររយៈពេល៣៦៥ថ្ងៃហើយកាលពីម្សិលមិញ ហើយសមាជិកសហគមន៍បឹងកក់មួយក្រុមមានគ្នាជាង៥០នាក់បានជួបជុំគ្នានៅវាលខ្សាច់នៅខាងក្រៅតំបន់នេះទាមទារឱ្យដោះលែងអ្នកស្រីឱ្យមានសេរីភាពវិញជាថ្មីម្ដងទៀត។

ដោយលើកបដាមានរូបអ្នកស្រី ទេព វន្នី ជាប់ពន្ធនាគារដោយមានសរសេរអក្សរថា “ដោះលែងអ្នកស្រី ទេព វន្នី” នោះ ពួកគាត់ត្រូវបានចូលរួមដោយសម្ពន្ធមិត្ត បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល និងតំណាងសហជីពមួយចំនួនផងដែរ។

អ្នកស្រី បូ ឆវី ជាអ្នកតវ៉ាម្នាក់នៅតំបន់បឹងកក់បាននិយាយថា “យើងនឹងមិនបញ្ឈប់ការតវ៉ាឡើយ បើអ្នកស្រី ទេព វន្នី មិនត្រូវ ានដោះលែងទេនោះ។ ការឃុំខ្លួនអ្នកស្រីគឺធ្វើឱ្យអន្តរជាតិមើលឃើញថា រដ្ឋាភិបាលអាក្រក់ប៉ុណ្ណា ហើយថា ពួកគេអាចប្រឈមការចាញ់ឆ្នោតនៅក្នុងការបោះឆ្នោត”។

ក្រុមអ្នកតវ៉ាបានបង្ហោះប៉េងប៉ោងពណ៌សអំឡុងពិធីពុទ្ធសាសនាដើម្បីរំឭកខួបគម្រប់មួយឆ្នាំនៃការជាប់ពន្ធនាគាររបស់អ្នកស្រី ទេព វន្នី។

កាលពីសប្ដាហ៍មុន សាលាឧទ្ធរណ៍បានតម្កល់ការផ្ដន្ទាទោសជាប់ពន្ធនាគាររយៈពេល៣០ខែរបស់អ្នកស្រីជុំវិញការចោទប្រកាន់ទាក់ទងនឹងការតវ៉ាកាលពីឆ្នាំ២០១៣ នៅមុខភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

អ្នកតវ៉ាម្នាក់នៅតំបន់បឹង អំពាវនាវឲ្យដោះលែងអ្នកស្រី ទេព វន្នី អំឡុងពិធីពុទ្ធសាសនាដើម្បីរំឭកខួបគម្រប់មួយឆ្នាំនៃការជាប់ពន្ធនាគាររបស់អ្នកស្រី ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

នាព្រឹកថ្ងៃនោះ អ្នកតវ៉ានៅតំបន់បឹងកក់ជាង២០នាក់បានអះអាងថា អ្នកស្រី ទេព វន្នី ជាស្ត្រីស្អាតស្អំ ហើយបានដាក់ញត្តិទៅកាន់ស្ថានទូតចំនួនប្រាំបីក្នុងរាជធានីភ្នំពេញស្វែងរកការដោះលែងអ្នកស្រី។ ដោយជិះរ៉ឺម៉កម៉ូតូកង់បី និងកាន់រូបថតអ្នកស្រី ទេព វន្នី ផង ពួកគាត់បានទៅជួបគណៈប្រតិភូសហភាពអឺរ៉ុប និងទៅកាន់ស្ថានទូតជប៉ុន អូស្ត្រាលី បារាំង អាមេរិក អង់គ្លេស កាណាដា អាល្លឺម៉ង់ និងស្ថានទូតស៊ុយអែត។

យោងតាមអង្គការសិទ្ធិមនុស្សលីកាដូបានឱ្យដឹងថា អ្នកស្រី ទេព វន្នី ស្ថិតក្នុងចំណោមអ្នកទោសនយោបាយយ៉ាងតិច២០រូបក្នុងប្រទេសកម្ពុជា។ អ្នកស្រីត្រូវបានមជ្ឈដ្ឋានទូទៅចាត់ទុកថាជាជនរងគ្រោះនៃការចាត់វិធានការរបស់រដ្ឋាភិបាលទៅលើអ្នករិះគន់ខ្លួន ចាប់តាំងពីអ្នកការពារសិទ្ធិមនុស្សរហូតដល់អ្នកវិភាគ និងអ្នកនយោបាយប្រឆាំងជាដើម។

ការថ្កោលទោសពីអន្តរជាតិជុំវិញការជាប់ពន្ធនាគាររបស់អ្នកស្រី ទេព វន្នី កាន់តែកើនឡើង។ អង្គការសហប្រជាជាតិបានអំពាវនាវឱ្យដោះលែងអ្នកស្រី ហើយលោកស្រី រ៉ូណា ស្មីត អ្នកធ្វើរបាយការណ៍ពិសេសអំពីសិទ្ធិមនុស្សនៅក្នុងប្រទេសប្រទេសកម្ពុជា បានចូលរួមពិធីនោះដែរកាលពីម្សិលមិញ។ លោកស្រីថ្លែងថា លោកស្រីបានជួបជាមួយអ្នកស្រី ទេព វន្នី មួយភ្លែត ហើយបានធានាអះអាងចំពោះអ្នកស្រីថា អង្គការសហប្រជាជាតិកំពុងតស៊ូមតិតាងនាមអ្នកស្រី។

លោកស្រី រ៉ូណា ស្មីត បានមានប្រសាសន៍ថា ”ខ្ញុំអាចធានាអះអាងប្រាប់អ្នកស្រីថា យើងកំពុងតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់ ហើយថា យើងកំពុងរង់ចាំការទំនាក់ទំនងពីរដ្ឋាភិបាលឆ្លើយតបទៅនឹងលិខិតដែលត្រូវបានបញ្ជូនដោយអង្គការសហប្រជាជាតិ”។

លោកស្រី Barbara Lochbihler អនុប្រធានអនុគណៈកម្មាធិការសិទ្ធិមនុស្សរបស់សភាអឺរ៉ុបបានផ្ដល់អនុសាសន៍កាលពីម្សិលមិញថា ប្លុកនេះត្រូវគិតឡើងវិញពីគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសកម្ពុជា ប្រសិនបើការចាប់ខ្លួនដោយហេតុផលនយោបាយនៅតែបន្តនោះ។

លោកស្រីបានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា “ប្រសិនបើការគាបសង្កត់មិនបញ្ឈប់ទេនោះ សហភាពអឺរ៉ុបត្រូវគិតឡើងវិញពីគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួន”។

យោងតាមអង្គការពលកម្មអន្តរជាតិបានឱ្យដឹងថា សហភាពអឺរ៉ុបគឺជាអ្នកនាំចូលសម្លៀកបំពាក់ធំបំផុតពីកម្ពុជា ដោយនាំចូលស្ទើរតែពាក់កណ្ដាលនៃសម្លៀកបំពាក់ទាំងអស់ក្នុងឆមាសទី១កាលពីឆ្នាំមុន។

លោកស្រី ណាលី ពីឡូក អនុប្រធានផ្នែកតស៊ូមតិនៅអង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍ថា ការតវ៉ារយៈពេលរាប់ឆ្នាំរបស់សហគមន៍បឹងកក់ដែលកំពុងតែបន្តមានគោលបំណងពីរ។

លោកស្រីបានមានប្រសាសន៍ថា ទី១សុំឱ្យដោះលែងអ្នកស្រី ទេព វន្នី ”ហើយដកការចោទប្រកាន់ទាំងអស់លើអ្នកស្រី ហើយកែប្រែទោស។ ទី២ ហើយអ្វីដែលចង់បានជាងនេះទៅទៀតនោះ យើងមិនចង់ឱ្យគេបំភ្លេចអ្នកស្រី”។

លោកស្រី ណាលី ពីឡូក មានប្រសាសន៍ថា អ្នកស្រី ទេព វន្នី មិនបានធ្វើអ្វីខុសច្បាប់ឡើយ។ លោកស្រីបានបន្តថា “គាត់ត្រូវបានគេធ្វើបាបច្រើនណាស់ដោយសារតែហេតុផលដែលមិនត្រឹមត្រូវតាមច្បាប់។ហេតុផលទាំងនោះត្រូវគេពណ៌នាថា ត្រឹមត្រូវតាមច្បាប់ ប៉ុន្តែមានហេតុផលផ្សេង”។

ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការអះអាងពីហេតុផលនយោបាយនៅពីក្រោយការជាប់ពន្ធនាគាររបស់អ្នកស្រី ទេព វន្នី នឹងធ្វើឱ្យសាធារណជនយល់ច្រឡំតែប៉ុណ្ណោះ។

លោកបានថ្លែងថា អ្នកស្រី ទេព វន្នី “គួរផ្ដោតលើការរកមេធាវីល្អមកការពារអ្នកស្រីជំនួសការធ្វើឱ្យប្រជាពលរដ្ឋយល់ច្រឡំពីហេតុផលនយោបាយវិញ”។

ប៉ុន្តែលោកស្រី ណាលី ពីឡូក បានមានប្រសាសន៍ថា ការតវ៉ានឹងមិនបញ្ឈប់ឡើយ។ លោកស្រីថ្លែងថា “ភាពតានតឹងនឹងបន្ត។ការទាមទារឱ្យដោះលែងអ្នកស្រីនឹងបន្ត”៕ សារុន

 

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.