អ្នកជំនាញ​​​ជប៉ុន​​​នឹង​​​មកសិក្សា​​​ពីការ​​​ស្ថាបនា​​​ផ្លូវ​​​រថភ្លើងអាកាសពីផ្សារធំថ្មី​​​ទៅ​​​អាកាសយានដ្ឋាន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីម្សិលមិញបន្ទាប់ពីទទួលបានកិច្ចព្រមព្រៀងផ្ដល់ប្រាក់កម្ចីជាមួយប្រទេសជប៉ុនកាលពីសប្ដាហ៍មុនថា ក្រុមមន្ត្រីជប៉ុននឹងចាប់ផ្ដើមសិក្សាលទ្ធភាពស្ថាបនាផ្លូវរថភ្លើងអាកាសចាប់ពីផ្សារធំថ្មីទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

លោក ហ៊ុន សែន បានថ្លែងនៅពិធីប្រគល់ សញ្ញាបត្រកាលពីម្សិលមិញ ប៉ុន្មានថ្ងៃបន្ទាប់ពីលោក ស៊ិនហ្សូ អាេប នាយករដ្ឋមន្ត្រីជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់កម្ចីក្នុងទឹកប្រាក់៨០០លានដុល្លារដើម្បីបញ្ចប់គម្រោងនេះថា គម្រោងនេះសំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។

លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោក ស៊ិនហ្សូ អាបេ បានធានាចំពោះរូបលោកនូវការសងត្រឡប់វិញក្នុងរយៈពេលវែង និងអត្រាការប្រាក់ទាបសម្រាប់កម្ចីហេដ្ឋារចនាសម្ព័ន្ធ។

លោកបានមានប្រសាសន៍អំឡុងពិធីនោះថា “ទោះបីថាវាថ្លៃបន្តិច ប៉ុន្តែយើងត្រូវតែដោះស្រាយការកកស្ទះចរាចរណ៍”។

លោក វ៉ា ស៊ឹមសុរិយា អ្នកនាំពាក្យក្រសួងសាធារណការបានមានប្រសាសន៍ថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន នឹងបញ្ជូនអ្នកជំនាញផ្នែកសាធារណការពីប្រទេសជប៉ុននៅសប្ដាហ៍នេះ ដើម្បីចាប់ផ្ដើមសិក្សា ដោយធ្វើការវាយតម្លៃអំពីលទ្ធភាពនៃការស្ថាបនាផ្លូវពីរឬបីខ្សែ។

លោកបានថ្លែងថា រថភ្លើងអាកាសដែលស្នើឡើងនេះ “គ្មានអ្នកបើកបរទេ ហើយវារត់នៅលើផ្លូវបេតុងធម្មតាដោយមិនចាំបាច់ប្រើផ្លូវដែក”។

លោក វ៉ា ស៊ឹមសុរិយា មិនអាចផ្ដល់កាលវិភាគសម្រាប់ការសិក្សានោះបានទេ ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។

លោក ហ៊ុន សែន បានថ្លែងថា នៅពេលស្ថាបនារួចរាល់វា នឹងផ្ដល់ជម្រើសមួយទៀតដល់រថយន្តធុនតូច និងម៉ូតូដែលកកស្ទះនៅតាមផ្លូវធំៗក្នុងរាជធានីភ្នំពេញ។

លោកបានមានប្រសាសន៍នៅពិធីប្រគល់ សញ្ញាបត្រនៅសាលមហោស្រពកោះពេជ្រថា “នៅក្នុងប្រទេសមួយចំនួន គេត្រូវទិញលិខិតអនុញ្ញាតដើម្បីទិញឡាន អញ្ចឹងប្រទេសនានាគាត់យកពន្ធដំបូងបំផុតលើសិទ្ធិទិញឡាន គាត់យកពន្ធបានមួយផ្នែក អញ្ចឹងគាត់ត្រូវដាក់លក់អាហ្នឹងដល់ពេលគាត់ទិញឡាន ត្រូវពន្ធទៀតហើយ”។ លោកបានបន្ថែមថា ” សម្រាប់ប្រទេសរបស់យើង បើដាក់ការហាមឃាត់បែបនេះអត់បានទេ អញ្ចឹងយើងត្រូវតែផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋរបស់យើងដែលខំធ្វើការយូរហើយ នៅពេលពួកគាត់មានលុយ ពួកគាត់អាចទិញឡាន ខណៈប្រទេសកំពុងអភិវឌ្ឍន៍”។

ក្រសួងសាធារណការកំពុងអភិវឌ្ឍផ្លូវរថភ្លើងលើដីក្នុងពេលដំណាលគ្នាដែលនឹងតភ្ជាប់ពីកណ្ដាលរាជធានីទៅកាន់អាកាសយានដ្ឋាន។

អំឡុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសជប៉ុនកាលពីសប្ដាហ៍មុន លោក ស៊ិនហ្សូ អាបេ ក៏បានផ្ដល់ជំនួយឥតសំណងក្នុងទឹកប្រាក់៣៥លានដុល្លារដល់ប្រទេសកម្ពុជាផងដែរសម្រាប់កម្មវិធីការពារទឹកជំនន់ទូទាំងប្រទេស និងស្ដារប្រព័ន្ធលូបង្ហូរទឹកនៅក្នុងរាជធានីភ្នំពេញ ព្រមទាំងប្រាក់កម្ចី២០៩លានដុល្លារទៀតដើម្បីអភិវឌ្ឍចំណតផែកុងតឺន័រថ្មីក្នុងក្រុងព្រះសីហនុផងដែរ៕ សារុន

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.