អ្នកជំនាញ​​​ផ្នែក​​​មនុស្ស​​​ជាតិ​​​របស់​​​ប្រទេស​​​អូ​​​ស្ត្រាលី​​​វិភាគអំពីស្ថានភាព​​​ខ្មែរ​​​កម្ពុ​​​ជាក្រោម​​​

​​​អំឡុង​​​ពេលកំពុងធ្វើ​​​សង្គ្រាម​​​ប្រឆាំង​​​វៀតណាម​​​ក្នុងទសវត្សរ៍ឆ្នាំ​​​១៩៧០ ខ្មែរ​​​ក្រហម បាន​​​វាយ​​​ប្រហារ​​​ខេត្ត​​​ អាន កៀង ​​​នៃ​ប្រទេស​​​វៀត​​​ណាម ​​​ដែល​​​ស្ថិត​​​នៅ​​​ជា​​​យ​​​ដែន​​​ ​​​និង​​​បាន​​​នាំ​​​ប្រជាជន​​​ប្រហែល​​​២០.០០០​​​​នាក់​​​ចេញ​ពី​​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ប្រទេស​នេះ​។

លោក ហ្វីលីប​ ថាយល័រ (Philip Taylor) នរវិទូ (អ្នក​ជំនាញ​ផ្នែក​មនុស្ស​ជាតិ​) បាន​លើក​ឡើង​កាលពី​ម្សិលមិញថា ការ​ធ្វើ​ចំណាក​ស្រុក​​ដែល​កើត​ឡើង​យ៉ាង​ច្រើននៅ​​ក្នុងឆ្នាំ​១៩៧៧​ និង​ឆ្នាំ​១៩៧៨​នេះ​ នៅ​តែ​ជា​រឿង​រ៉ាវ​ដែល​មិន​មាន​ការ​បក​ស្រាយ​​ទាក់​ទង​ទៅ​នឹង​របប​ ប៉ុល ពត។

តើ​ប្រតិបត្តិការ​នេះ​​គឺ​ជា​ការ​ពង្រីក​ទឹក​ដី​ ការ​ប្រឆាំង​វៀត​ណាម​សារ​ជា​ថ្មី​ ឬក៏បេសក​កម្ម​សង្គ្រោះ​បង​ប្អូន​ខ្មែរ​?

លោក ថាយល័រ បាន​លើក​ឡើង​បន្ត​ទៀត​ថា តាម​ការពិត ​ប្រតិបត្តិការ​នោះ​មិន​ស្ថិត​​ក្នុង​ជម្រើស​ខាង​លើ​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “នេះ​គឺ​ជា​ករណី​​លួច​នាំ​រត់​ទ្រង់​ទ្រាយ​ធំ​ [ក្នុង​របប​មួយ​] ដែល​មាន​ការ​ព្យាយាម​ត្រួត​ត្រា​”។

លោក ថាយល័រ បាន​លើក​ឡើង​បន្ថែម​ទៀត​ថា នៅ​ពេល​នោះ​ មាន​ខ្មែរ​កម្ពុជា​ក្រោម​ប្រហែល​១០​០.០០០​នាក់​នៅ​ក្នុង​ខេត្ត​អានកៀង ហើយ​ខ្មែរ​ក្រហម​មិន​ចង់​បណ្ដោយ​ឲ្យ​ប្រជា​ជ​ន​ខ្មែរ​ដ៏​ច្រើន​នាក់​ទាំង​នេះ​ និង​ប្រជា​ជន​ខ្មែរ​ដែល​រស់​នៅ​តាម​តំបន់​ជាយដែន​កម្ពុជា​ មាន​ស្វ័យភាព​ទេ​។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា លើស​ពីនេះ​ទៅទៀត ខ្មែរ​ក្រហម​ត្រូវ​ការ​កម្លាំង​កម្មករ​នៅ​ក្នុង​ជំរំធ្វើ​ពល​កម្ម​ដោយ​បង្ខំ​របស់​ខ្លួន​ ដែល​នៅ​ទីនោះ​មាន​ប្រជា​ជន​កម្ពុជា​រាប់​ម៉ឺន​នាក់​បាន​បាត់​បង់​ជីវិត​ ដោយ​សារ​ការ​អត់​អាហារ​បរិភោគ​ និង​ជំងឺ​ផ្សេង​ៗ​។

លោក​ ថាយល័រ បាន​មាន​ប្រសាសន៍​ថា ដូច្នេះ​ខ្មែរ​ក្រហម​បាន​នាំ​ខ្មែរ​កម្ពុជា​ក្រោម​មក​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​ការ​ ហើយ​ចាត់​ទុក​​ពួក​គេ​ជា​ខ្មែរ​មិន​សុទ្ធ​ ដែល​តែង​តែ​ទទួល​រង​នូវ​ការ​​សង្ស័យ​ថា គាំទ្រ​វៀតណាម​ ដោយ​សារ​តែ​ប្រភព​របស់​ពួក​គេ​។

លោក​ ថាយល័រ ដែល​បាន​និង​កំពុង​សិក្សា​ស្រាវ​ជ្រាវ​អំពី​ខ្មែរ​កម្ពុជា​ក្រោម​អស់​រយៈ​ពេល​ជិត​១៥​ឆ្នាំមកហើយ​នោះ​ នឹងធ្វើ​បទ​បង្ហាញ​អំពី​ការ​នាំ​ខ្មែរ​កម្ពុជា​ក្រោម​ដោយ​បង្ខំ​មក​ប្រទេស​កម្ពុជា​ ដែល​ធ្វើ​ឡើង​ដោយ​ខ្មែរ​ក្រហម​។ ការ​ធ្វើ​បទ​បង្ហាញ​នេះ​នឹង​ត្រូវ​បាន​រៀប​ចំ​នៅ​អង្គការ​ មេតា ហោស (Meta House) នៅ​ថ្ងៃ​ស្អែក​។

លោក ថាយល័រ គឺ​ជា​អ្នក​ស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យាល័យ​ជាតិ​អូស្ត្រាលី​ នៅ​ទី​ក្រុង​ខេនបឺរ៉ា ហើយ​លោក​កំពុង​តែ​និពន្ធ​សៀវ​ភៅ​មួយ​ក្បាល​ដែល​និយាយ​អំពី​ផល​ប៉ះពាល់​នៃ​ជម្លោះ​ក្នុង​ប្រទេស​កម្ពុជា​នា​ទសវត្សរ៍​ឆ្នាំ១៩៧០​ និង​ឆ្នាំ​១៩៨០​ ទៅ​លើ​ជន​ជាតិ​ខ្មែរ​ភាគ​តិច​នៅ​ប្រទេស​វៀតណាម​ ដែល​នេះ​ជា​ផល​ប៉ះពាល់​នៅ​តែ​កើត​មាន​រហូត​មក​​ទល់​ពេល​បច្ចុប្បន្ន​។ កម្មវិធី​ធ្វើ​បទ​បង្ហាញ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​បណ្ដាញ​វិទ្យាសាស្ត្រ​សង្គម​ ហៅ​ថា ក្រុមអ្នកសិក្សា​មនុស្សសាស្ត្រ ក្នុងរាជធានីភ្នំពេញ។

លោក ថាយល័រ បាន​សម្ភាស​ប្រជា​ជន​ខ្មែរ​កម្ពុជា​ក្រោម​ជា​ច្រើន​ពាន់​នាក់​ អំឡុង​ដំណើរ​ទស្សនកិច្ច​ជា​ច្រើន​លើ​កច្រើន​សារ​របស់​លោក​ទៅ​កាន់​ប្រទេស​វៀតណាម​ និង​បាន​ចំណាយ​រយៈ​ពេល​ប្រាំ​ឆ្នាំ​សម្រាប់​រស់​នៅ​ក្នុង​ប្រទេស​នេះ​។ មិន​តែ​ប៉ុណ្ណោះ​ លោក​បាន​និយាយ​ជាមួយ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​១០០​នាក់​មក​ពី​ខេត្ត​អាន​កៀង ដែល​ធ្លាប់​ឆ្លង​កាត់​​ដោយ​ផ្ទាល់​ក្នុង​ចលនា​​លួច​នាំ​រត់​ទ្រង់​ទ្រាយ​ធំ​របស់​ខ្មែរ​ក្រហម​​ និង​បាន​ពិភាក្សា​អំពី​សម័យ​នោះ​ ជាមួយ​ប្រជា​ជន​ខ្មែរ​កម្ពុជា​ក្រោម​ និង​មន្ត្រី​វៀតណាម​។​

តាម​រយៈ​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​លោក​ លោក ថាយល័រ បាន​រក​ឃើញ​ថា ខ្មែរ​កម្ពុជា​ក្រោម​បាន​ស្ថិត​ក្នុង​ក្ដី​សង្ស័យ​ទាំង​នៅ​ប្រទេស​កម្ពុជា​​ និង​ប្រទេស​វៀតណាម​។

លោក​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា  ខណៈ​ដែល​ខ្មែរ​កម្ពុជា​ក្រោម​មួយ​ចំនួន​ប្រហែល​ជា​បាន​គាំទ្រ​ខ្មែរ​ក្រហម​ ខ្មែរ​កម្ពុជា​ក្រោម​ជា​ច្រើន​ដែល​​ត្រូវ​បាន​នាំ​មក​ប្រទេស​កម្ពុជា​ បាន​គាំទ្រ​ខ្មែរ​ក្រហម​ដោយ​មិន​ស្រប​តាម​ឆន្ទៈ​របស់​ខ្លួន​។ ក៏ប៉ុន្តែ លោក ថាយល័រ បាន​លើក​ឡើង​បន្ត​ទៀត​ថា នៅ​ពេល​ដែល​ខ្មែរ​កម្ពុជា​ក្រោម​ត្រឡប់​ទៅខេត្ត​អានកៀង​វិញ​ បន្ទាប់​ពី​ខ្មែរ​ក្រហម​ទទួល​បរាជ័យ​ក្រោមថ្វីដៃ​របស់​កង​កម្លាំង​កម្ពុជា​ និង​វៀតណាម​ក្នុង​ឆ្នាំ​១៩៧៩​ អាជ្ញាធរ​វៀតណាម​បាន​ចាត់​ទុក​ពួក​គេ​ជា​ខ្មែរ​ក្រហម​ដែលចាកចេញ​ពី​ប្រទេស​កម្ពុជា​ និង​ជា​សត្រូវ​របស់​ប្រទេស​វៀតណាម​។

លោក​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា គំនិត​ផ្ចាញ់​តប​ធំ​ៗ​បំផុត​ដែល​កើត​ឡើង​ចេញ​ពី​ប្រជា​ជន​វៀតណាម​ ដែល​បាន​រំឭក​ហេតុ​ការណ៍​​វិនាសកម្ម​​បង្ក​ឡើង​ដោយ​ខ្មែរ​ក្រហម​ទៅ​លើ​ភូមិ​របស់​ប្រទេស​វៀតណាម​៖ ពួក​គេ​បានបង្ក​ការ​លំបាក​ដល់​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ត្រឡប់​ទៅ​វិញ​ទាំង​នោះ​ ក្នុង​ការទាម​ទារ​សិទ្ធិ​​​ពល​រដ្ឋ​របស់​ខ្លួន​ និង​ទឹក​ដី​ដែល​ខ្លួន​ធ្លាប់​កាន់​កាប់​កាល​ពី​មុន​។

លោក ថាយល័រ បាន​និយាយ​បន្ដ​ទៀត​ថា ស្រប​ពេល​ជាមួយ​នោះ​ដែរ​ នៅ​ប្រទេស​កម្ពុជា​ ខ្មែរ​កម្ពុជា​ក្រោម​ជា​រឿយៗ​​តែង​តែ​ទទួល​បា​ន​នូវ​ការ​សាក​សួរ​អំពី​អត្តសញ្ញាណ​ខ្មែរ​របស់​ខ្លួន​ និង​ប្រឈម​មុខ​នឹង​ការរើ​ស​អើង​។ លោក​បាន​មាន​ប្រសាសន៍​ថា “ នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ដ៏​ច្រើន​​របស់​ខ្ញុំ​នៅ​ជុំ​វិញ​តំបន់​មេគង្គ​​ ខ្ញុំ​បានរក​ឃើញ​ថា ខ្មែរ​កម្ពុជា​ក្រោម​មិន​មែន​គ្រាន់​តែ​ទទួល​រង​គ្រោះ​នៅ​ប្រទេស​វៀតណាម​ប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​ ថែម​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​”។

កម្មវិធី​ធ្វើ​បទ​បង្ហាញ​របស់​អ្នក​ជំនាញ​ផ្នែក​មនុស្ស​ជាតិ​នៃប្រទេស​អូស្ត្រាលី​រូប​នេះ​ នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​៧​យប់​ស្អែក​៕

ប្រែ​​​សម្រួល​​​ដោយ កង សុធា

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.