អ្នកស្រាវជ្រាវ​​​និយាយថា បក្ខពួកនិយមនៅតែ​​​ការពារ​​​គណ​​​បក្ស​​​ប្រជាជន​​​

ឯកសារស្រាវជ្រាវថ្មីដោយអ្នកស្រាវជ្រាវជនជាតិអូស្ត្រាលីនិងអាមេរិកាំងសន្និដ្ឋានថា ប្រទេសកម្ពុជានឹងមិនមានការផ្លាស់ប្តូរបែបប្រជាធិបតេយ្យទេ ល្គឹកណាបណ្តាញបក្ខពួកនិយមរបស់គណបក្សប្រជាជនកម្ពុជា ដែលភ្ជាប់ការចំណាយនៅតាមភូមិចុងកាត់មាត់ញកក្រីក្រទៅនឹងការគាំទ្រការបោះឆ្នោតឲ្យគណបក្សកាន់អំណាចនៅដដែលនោះ។

លោក ហេង សំរិន ប្រធានសភា (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយភរិយា លែងព្រាបនៅឯទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាក្នុងក្រុងភ្នំពេញ អំឡុងពេលខួប៣៧ឆ្នាំចាប់តាំងពីការផ្តួលរំលំរបប ប៉ុល ពត។ រូបថត ស៊ីវ ចាន់ណា
លោក ហេង សំរិន ប្រធានសភា (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយភរិយា លែងព្រាបនៅឯទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាក្នុងក្រុងភ្នំពេញ អំឡុងពេលខួប៣៧ឆ្នាំចាប់តាំងពីការផ្តួលរំលំរបប ប៉ុល ពត។ រូបថត ស៊ីវ ចាន់ណា

អ្នកស្រាវជ្រាវមួយរូបបាននិយាយថា ការរារាំងណាមួយចំពោះបណ្តាញបក្ខពួកនិយមដូចគ្នានឹងបណ្តាញបក្ខពួកនិយមដែលកើតឡើងមុនប្រជាធិបតេយ្យភាវូបនីយកម្មនៅក្នុងប្រទេសហ្វីលីពីនក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និងប្រទេសឥណ្ឌូណេស៊ីក្នុងទសវត្សរ៍ឆ្នាំ១៩៩០ គឺមិនទំនងជាមានអាយុកាលយូរទេ ក្នុងខណៈដែលប្រទេសចិនបន្តបញ្ចូលប្រាក់ទៅក្នុងហិបប្រាក់គណបក្សប្រជាជនកម្ពុជា។

និពន្ធដោយលោក លី ម័រហ្គិនបេសសឺ នៃសាកលវិទ្យាល័យហ្គ្រិហ្វិត ក្នុងក្រុងប្រិសបេន ប្រទេសអូស្ត្រាលី និងលោក ថូម៉ាស ភីភិនស្គី នៃសាកលវិទ្យាល័យខូណេល ក្រុងអីុថាកា រដ្ឋញ៉ូវយ៉កនោះ ឯកសារកត់សម្គាល់ថា ទ្រឹស្តីសិក្សាបច្ចុប្បន្នកំណត់ថា ការបោះឆ្នោតដែលមានគុណវិបត្តិ ប្រសិនបើធ្វើឡើងជាប្រចាំគួរអាចជួយធ្វើឲ្យមានប្រជាធិបតេយ្យទៅលើរបបផ្តាច់ការ។

ឯកសារបញ្ជាក់ថា ការស្រាវជ្រាវកាលពីមុន បានរកឃើញ “ទំនាក់ទំនងធម្មតាដ៏រឹងមាំរវាងការបោះឆ្នោតពហុបក្សដដែលៗនៅក្នុងរបបផ្តាច់ការ និងប្រជាធិបតេយ្យភាវូបនីយកម្ម” ដោយមានការបោះឆ្នោតដែលបង្កើនការចំណាយលើការបង្ក្រាបរបស់របបមួយ ហើយកាត់បន្ថយការចំណាយលើការសន្តោសប្រណី។

លោក ម័រហ្គេនបេសសឺ និងលោក ភីភិនស្គី កត់សម្គាល់ថា ទ្រឹស្តីមិនមានអត្ថន័យទេនៅកម្ពុជា ដែលការបោះឆ្នោតដដែលៗដោយមានការចូលរួមពីគណបក្សប្រឆាំងពិតប្រាកដក្នុងឆ្នាំ១៩៩៣ ឆ្នាំ១៩៩៨ ឆ្នាំ២០០៣ ឆ្នាំ២០០៨ និងឆ្នាំ២០១៣ គឺមានឥទ្ធិពលតិចតួចក្នុងការធ្វើឲ្យខូចដល់ការគ្រប់គ្រងអំណាចកណ្តាប់ដៃដែករបស់លោក ហ៊ុន សែន ទៅលើប្រជាជាតិ។

អ្នកស្រាវជ្រាវសរសេរថា “ទោះបីជាតំណាងករណីទំនងបំផុតមួយសម្រាប់ប្រជាធិបតេយ្យភាវូបនីយកម្មដោយមានការបោះឆ្នោតក៏ដោយ ក៏ប្រទេសកម្ពុជាខកខានមិនបានធ្វើដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យតាមវិធីជាក់ស្តែងដែរ។ ទោះបីជារបបលោក ហ៊ុន សែន ជារបបមួយក៏ដោយ ក៏ខ្លួន”គ្មានគោលបំណងពិតប្រាកដឲ្យហួសពីការមានជានិរន្តរ៍របស់ខ្លួនដែរ”។

សម្ពាធដែលនឹងជំរុញរបបផ្តាច់ការមួយយឺតៗឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ដូចជាការពង្រីកសេចក្តីសង្ឃឹមបែបប្រជាធិបតេយ្យ ការបង្កើនវិជ្ជាជីវៈនៃអ្នកប្រឆាំង ឬទាក់ទាញការចាប់អារម្មណ៍ជាអន្តរជាតិ ត្រូវបង្អាក់ដោយកម្រិតគួរឲ្យជឿទុកចិត្តនៃការគាំទ្រការបោះឆ្នោត ដែលបណ្តាញបក្ខពួកនិយមផ្តល់ឲ្យគណបក្សប្រជាជនកម្ពុជា។

ឯកសារនិយាយថា “សព្វថ្ងៃ ហ៊ុន សែន និងគណបក្សប្រជាជនឈរនៅលើកំពូលនៃប្រព័ន្ធមានប្រៀបដ៏ទូលំទូលាយ ដែលរួមបញ្ចូលទាំងទំនាក់ទំនងផ្ទាល់ខ្លួនក្រៅផ្លូវការនៃភក្តីភាព និងការពឹងពាក់របស់ស្ថាប័នរដ្ឋជាផ្លូវការ”។

នៅក្នុងប្រព័ន្ធនេះ គណបក្សប្រជាជនកម្ពុជាបណ្តុះឲ្យមានការពឹងពាក់ដោយបែងចែកគម្រោងអភិវឌ្ឍ ទំនិញសម្ភារ និងសេវាឯកទេសដល់ពលរដ្ឋ ដើម្បីជាថ្នូរនឹងសន្លឹកឆ្នោត ដោយអ្នកភូមិទទួលបានគម្រោងបែបហ្នឹងពីមេដឹកនាំថ្នាក់មូលដ្ឋាន ដែលក៏ពឹងផ្អែកលើថ្នាក់លើរបស់គេដែរ។

ឯកសារសរសេរថា “ចំណងឥទ្ធិពលនៃភក្តីភាពផ្ទាល់ខ្លួនមិនត្រឹមតែបន្ទាបការចំណាយ…. លើការប្រកួតប្រជែងក្នុងការបោះឆ្នោតជាពហុបក្សប៉ុណ្ណោះទេ ប៉ុន្តែ វាផ្តល់ឲ្យមានតំណាងដ៏ធំរបស់ពលរដ្ឋ ឧកញ៉ា មេបញ្ជាការ និងឥស្សរជននយោបាយ ជាចំណែកមួយក្នុងការរក្សាការគ្រប់គ្រងបែបផ្តាច់ការ”។

ក្នុងឯកសារមួយដាច់ដោយឡែកក្នុងបញ្ហាខាងមុខនៃអ្នកនយោបាយសហសម័យ លោក ម័រហ្គិនបេសសឺ បរិយាយដោយពន្យល់ថា ភាពចាំបាច់សម្រាប់ពលរដ្ឋបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានសេវាមូលដ្ឋាន គឺត្រូវបង្ខំឲ្យខ្លួនជ្រើសរើស។

លោក ម័រហ្គិនបេសសឺ សរសេរថា “ការរៀបជាប្រភេទនៃ បក្ខពួកនិយមតំណាង អ្វីដែលធ្វើឲ្យធ្លាក់ទឹកចិត្ត ដ៏មាន ឥទ្ធិពល ទៅលើជនកម្ពុជាធម្មតាជាច្រើន ដោយប្រើការបោះឆ្នោតជា សង្វៀន ដើម្បីជំរុញលទ្ធិប្រជាធិបតេយ្យ”។  លោកសរសេរ បន្តថា ភាគច្រើននៃពលរដ្ឋក្រីក្រភ័យខ្លាចគេកាត់ផ្តាច់ចេញ ពីសេវារដ្ឋ។

លោកសរសេរថា “ទោះបីជាលទ្ធផលស្ទង់មតិបង្ហាញឲ្យឃើញ បំណងជាមូលដ្ឋាន ដើម្បីការផ្លាស់ប្តូររបបក៏ដោយ  ក៏ការបំពេញ ពិតប្រាកដ នូវឧត្តមគតិបែបប្រជាធិបតេយ្យនិងការរំពឹងទុក ត្រូវផ្គូគ្នា ទៅនឹងហេតុការណ៍ថា ការទទួលបានបក្ខពួកនិយម  តម្រូវឲ្យមានការបង្ហាញនូវភក្តីភាពចំពោះ រដ្ឋគណបក្ស”។

តាមពិត ឯកសាររបស់លោក ម័រហ្គិនបេសសឺ និងលោក ភីភិនស្គី ផ្តល់ទឡ្ហីករណ៍ថា ប្រជាធិបតេយ្យភាវូបនីយកម្មដែលមានដំណើរយឺតៗតាមរយៈការបោះឆ្នោត គឺកម្រកើតមាននៅប្រទេសអាស៊ីអាគ្នេយ៍ ដែលសន្លឹកឆ្នោតពហុភាគីចំនួន៨៤លើកចាប់តាំងពីឆ្នាំ១៩៤៥ បាននាំឲ្យមានអន្តរកាលបែបប្រជាធិបតេយ្យមានតែនៅក្នុងប្រទេសហ្វីលីពីននាឆ្នាំ១៩៨៦ ប្រទេសឥណ្ឌូណេស៊ី នាឆ្នាំ១៩៩៩ និងប្រទេសថៃ នៅបួនដំណាក់កាលខុសៗគ្នា។

រក្សាទុកការវិនិច្ឆ័យទៅលើការបោះឆ្នោតនៅឆ្នាំ២០១៥នៅប្រទេសភូមា ដោយសារតែការបន្តតួនាទីកងទ័ព អ្នកស្រាវជ្រាវនិយាយថា សម្ពាធធម្មតានៃការបោះឆ្នោតដដែលៗ គ្រាន់តែធ្វើឲ្យមានការខុសគ្នាប៉ុណ្ណោះ “នៅពេលដែលរដ្ឋទន់ខ្សោយ ឬកំពុងចុះខ្សោយ បង្ហាញថា មិនអាចបន្តយុទ្ធសាស្ត្រគ្រប់គ្រងតំណពីឪពុក”។

ចំពោះប្រទេសឥណ្ឌូណេស៊ីនាទសវត្សរ៍ឆ្នាំ១៩៩០ អ្នកនិពន្ធសរសេរថា ការផ្លាស់ប្តូរភក្តីភាពរបស់មន្ត្រីយោធានិងមន្ត្រីរដ្ឋាភិបាលសំខាន់ៗ ដែលស្មោះនឹងប្រធានាធិបតេយ្យ ស៊ូហាតូ បានកើតឡើងត្រឹមតែ ក្រោយពីវិបត្តិហិរញ្ញវត្ថុអាស៊ីនាឆ្នាំ១៩៩៧ បានបំផ្លាញសមត្ថភាពរបស់លោកក្នុងការផ្តល់ហិរញ្ញវត្ថុដល់បណ្តាញបក្ខពួកនិយម ដែលលោកបានពឹងផ្អែកលើ។

អ្នកនិពន្ធលើកឡើងថា អំណាចបានរបូតចេញពីប្រធានាធិបតី ហ្វឺឌីណាន់ ម៉ាកូស នៅហ្វីលីពីននាទសវត្សរ៍ឆ្នាំ១៩៨០ ដោយសារតែការធ្លាក់ចុះចំណូលបរទេសពីជំនួញនិងសម្ពាធសហរដ្ឋអាមេរិក ដែលធ្វើឲ្យរបបនេះមិនអាចរក្សាបាននូវលំហូរមូលនិធិបក្ខពួកនិយម។

លោក ម័រហ្គិនបេសសឺ និងលោក ភីភិនស្គី សរសេរថា “ទឡ្ហីករណ៍របស់យើងបានបង្ហាញថា ប្រសិនបើកម្ពុជាត្រូវទទួលរងការបន្ទច់បង្អាក់ក្នុងយន្តការនៃបក្ខពួកនិយមនោះ ការបោះឆ្នោតជាលើកដំបូងនឹងគំរាមកំហែងដល់គណបក្សប្រជាជនកម្ពុជា”។

លោក ម័រហ្គិនបេសសឺ លើកឡើងនៅក្នុងឯកសារផ្សេងទៀតរបស់លោកថា ដោយគ្មានបណ្តាញបក្ខពួកនិយមបែបហ្នឹងក្នុងអំឡុងពេលបោះឆ្នោតនាឆ្នាំ២០១៣ដ៏ចម្រូងចម្រាស ដែលគណបក្សសង្គ្រោះជាតិអះអាងថា មានភាពមិនប្រក្រតីនោះ គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ក៏ទំនងជាមិនអាចកាន់អំណាចតទៅទៀតបានទេ។

ទោះជាយ៉ាងនេះក្តី អ្នកស្រាវជ្រាវបាននិយាយនៅក្នុងសារអុីម៉ែលថា លោកសង្ស័យថា បណ្តាញបក្ខពួកនិយមរបស់គណបក្សប្រជាជនកម្ពុជានឹងមិនអាចបន្ទច់បង្អាក់បានទេនៅពេលឆាប់ៗខាងមុខនេះ ដោយពន្យល់ថា អ្នកដែលនៅប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីនត្រូវជ្រួលច្របល់ដោយសារតែពួកគេពឹងផ្អែកលើធនធានហិរញ្ញវត្ថុរង្គោះរង្គើ។

លោក ម័រហ្គិនបេសសឺ បាននិយាយថា “រចនាសម្ព័ន្ធនៃបណ្តាញបក្ខពួកនិយមកំណត់នូវភាពងាយទទួលរងការបន្ទច់បង្អាក់។ ប្រសិនបើបណ្តាញត្រឹមតែយកប្រាក់ចេញពីជំនួយបរទេស និងវិនិយោគផ្ទាល់ពីបរទេស វាងាយនឹងទទួលរងព្រឹត្តិការណ៍ដូចជា វិបត្តិហិរញ្ញវត្ថុអាស៊ីជាដើម”។

លោកសរសេរថា “ប្រភពចំណូលសាធារណៈទាំងនេះអាចធ្វើឲ្យអស់យ៉ាងឆាប់រហ័ស និងធ្វើឲ្យគាំងដល់ការចែកចាយរបស់បក្ខពួកនិយម។ ក្នុងករណីប្រទេសកម្ពុជា ប្រទេសចិនជាទូទៅនឹងត្រូវដកការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ខ្លួនពីគណបក្សប្រជាជនកម្ពុជា”។

កាលពីខែមុន ប្រទេសចិនបានសន្យាផ្តល់ជំនួយជាងកន្លះប៊ីលលានដុល្លារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ពីពេលនេះរហូតដល់ឆ្នាំ២០១៨ ជាពេលដែលមានការបោះឆ្នោតជាតិ។ ក្រៅពីនេះ លោក ម័រហ្គិនបេសសឺ បាននិយាយថា គណបក្សប្រជាជនកម្ពុជាក៏ទទួលបានផលប្រយោជន៍ពីបណ្តាញបក្ខពួកនិយម ដែលផ្តល់ឲ្យដោយពាណិជ្ជករមានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជា។

ការសាងសង់ផ្លូវថ្នល់ សាលារៀន វត្តអារ៉ាម និងអណ្តូងទឹក អំឡុងពេលការបោះឆ្នោតដោយពាណិជ្ជករទាំងឡាយ និងការគំរាមដែលមិនបញ្ចេញឲ្យដឹងថានឹងបាត់បង់ផល ប្រយោជន៍បែបហ្នឹង ប្រសិនបើតំបន់មួយមិនបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា គឺនាំឲ្យមានបណ្តាញបក្ខពួកនិយមដែលរារាំងជម្រើសរបស់អ្នកបោះឆ្នោតជាច្រើន។លោកបាននិយាយថា “ក្នុងករណីប្រទេសកម្ពុជា ភាគច្រើននៃបុគ្គលទាំងនេះ ដែលបង្កើតជាសហគមន៍ឧកញ៉ា ដែលនៅជុំវិញគណបក្សប្រជាជនកម្ពុជា ហើយជាពិសេសនៅជុំវិញលោក ហ៊ុន សែន នឹងត្រូវដកការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់គេ។ នេះជាព្រឹត្តិការណ៍មិនទំនងនឹងកើតឡើង”។

ទោះជាយ៉ាងនេះក្តី លោក សាម អុិន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលបានបង្កើតឡើងកាលពីឆ្នាំមុន ជាគណបក្សប្រឆាំងថ្នាក់មូលដ្ឋានដល់ថ្នាក់លើដែលស្វែងរកការគាំទ្រពីតំបន់ជនបទ បាននិយាយថា ការប្រាស្រ័យទាក់ទងរបស់លោកជាមួយអ្នកភូមិបញ្ជាក់ថា ពួកគេកំពុងទទួលរងតិចតូចនឹងសម្ពាធនយោបាយបក្ខពួកនិយម។

លោក សាម អុិន បាននិយាយថា ពលរដ្ឋភាគច្រើនបានដឹងពីអ្វីដែលកំពុងកើតឡើង នៅពេលដែលមន្ត្រីគណបក្សប្រជាជនកម្ពុជាចែកអំណោយក្នុងពេលការបោះឆ្នោត ហើយពេលនេះពលរដ្ឋភាគច្រើនបានប្រាប់លោកថា ពួកគេត្រៀមខ្លួនបោះឲ្យគណបក្សសង្គ្រោះជាតិក្នុងការបោះឆ្នោតឃុំសង្កាត់នាឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨។

លោក អិុន បាននិយាយថា “យុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ដោយមានប្រព័ន្ធបក្ខពួកនិយមនេះ គឺជាបញ្ហាអតីតកាល។ គេបានជោគជ័យកាលពីមុន នៅពេលដែលពលរដ្ឋមិនបានយល់ដឹងច្បាស់អំពីសិទ្ធិរបស់គេ ហើយរស់នៅក្នុងភាពភ័យខ្លាច”។

លោកបាននិយាយថា “តាមរយៈការប្រាស្រ័យទាក់ទងរបស់យើងជាមួយពលរដ្ឋនៅពេលនេះ ពួកគេភ្ញាក់ខ្លួន។ គេមិនចូលចិត្តប្រព័ន្ធបែបហ្នឹងតទៅទៀតទេ។ គេយល់ថា គេគ្រាន់តែឲ្យអំណោយកំប៉ិកកំប៉ុក ប៉ុន្តែ រឹបអូសដីគេ យកព្រៃឈើគេ យកត្រីសាច់គេ ដែលបណ្តាលឲ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើន”។

លោកនិយាយថា “គេដឹងថា នរណាទទួលខុសត្រូវលើរឿងនេះហើយ”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបាននិយាយថា “វាខុសហើយ ដែលចាត់ទុកប្រព័ន្ធបក្ខពួកគណបក្សប្រជាជនកម្ពុជា ជាបញ្ហាសម្រាប់ប្រជាធិបតេយ្យ ហើយនិយាយថា វាហាក់ដូចជាលោក ម័រហ្គិនបេសសឺ និងលោក ភីភិនហ្គី មិនយល់ដឹងពីវប្បធម៌របស់កម្ពុជាទេ”។

លោក ស៊ីផាន បាននិយាយថា “ប្រសិនបើអ្នករស់នៅភូមិមួយ តើអ្នកទុកចិត្តលើនរណា? តើអ្នកពឹងនរណា? មានតែគណបក្សប្រជាជនប៉ុណ្ណោះ។ គេខ្លាំង គេមានយន្តការធ្វើអ្វីៗគ្រប់យ៉ាង គឺមិនចេះតែនិយាយទេ”។

លោកបាននិយាយបន្ថែមថា សមត្ថភាពអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជា សាងសង់ស្ពានមិនទាក់ទងនឹងគណបក្សប្រជាជនស្ថិតក្នុងរដ្ឋាភិបាលទេ ប៉ុន្តែ គ្រាន់តែជាលទ្ធផលនៃសប្បរសធម៌ពីសំណាក់ពាណិជ្ជករមានទ្រព្យធនជាច្រើននៅក្នុងគណបក្ស។

លោក ស៊ីផាន បាននិយាយថា “គេមានមនុស្សគណបក្សសង្គ្រោះជាតិជាអ្នកមានទ្រព្យដែរ។ គឺបង្គន់មួយថ្លៃ៥០០ដុល្លារ គេអាចធ្វើបាន ប៉ុន្តែ គេមិនធ្វើ តែយើងធ្វើ។ នោះជាហេតុដែលអ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជាទុកចិត្តលើគណបក្សប្រជាជនកម្ពុជា”៕ រើន

© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.