អ្នក​ភូមិ​ឃាត់​បាន​គោយន្ត​​ដឹកឈើ​១០០​គ្រឿង​​ និង​អប់រំ​​អ្នក​កាប់​ឈើ​​កុំ​ឲ្យ​កាប់ឈើ​ខុស​ច្បាប់​ទៀត​

យោង​តាម​អាជ្ញាធរ​មូល​ដ្ឋាន​បាន​ឲ្យ​ដឹង​ថា ពេលធ្វើ​យុទ្ធ​នាការ​ដើម្បី​បញ្ចប់​ការ​កាប់​ឈើ​​ខុស​ច្បាប់​នៅ​ក្នុង​ព្រៃ​សហ​គមន៍​របស់​ខ្លួន​ ក្រុម​​អ្នក​ភូមិ​ខេត្ត​កំពង់​ឆ្នាំង​ នៅ​ក្នុង​រយៈ​ពេល​​​បីថ្ងៃ​កន្លង​មក​នេះ​​ឃាត់​បាន​គោយន្ត​​ជាច្រើន​គ្រឿង​​ដែល​តាម​ចោទ​ថាបាន​ដឹក​ឈើ​កាប់​ខុស​ច្បាប់ ហើយ​​បានធ្វើការ​​អប់រំ​អ្នក​បើក​បរផងដែរ​​។

លោក អ៊ុក ផាត តំណាង​អ្នក​ភូមិ​​និយាយ​​​​​​​ថា ចាប់​ពីថ្ងៃ​ព្រហស្បតិ៍ដល់​ថ្ងៃ​សៅរ៍ អ្នក​ភូមិ​៧៥​នាក់​នៅ​ឃុំ​ជៀប ដែល​​ស្ថិត​នៅ​ក្បែរ​ដែន​​​​​​​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ បាន​រួមគ្នា​បិទ​ផ្លូវ​​ប្រាំមួយ​​​​​​​​​​កន្លែង​​ផ្សេង​​ៗ​គ្នា​​ក្នុង​ខេត្ត​ឃាត់​បាន​គោយន្ត​ចំនួន​១១៨​គ្រឿង​។ លោក​​​និយាយ​ថា អំឡុង​​ពេល​ធ្វើ​យុទ្ធ​​​​​​​នា​​​ការ​រយៈ​ពេល​បីថ្ងៃនេះ យើង​ឃាត់​គោ​យន្ត​បាន​ជាង​១០០​គ្រឿង​​ដែល​ដឹក​ឈើ​ព្រម​ទាំង​​​​​​​គោយន្ត​ទទេ​មួយ​ចំនួនទៀត​។

លោក​បាន​និយាយ​ថា “យើង​បាន​អប់​រំ​អ្នក​បើ​ក​បរ​ដើម្បី​កុំឲ្យ​ពួកគេ​បន្ត​កាប់​ឈើ​ក្នុង​ព្រៃ​ទៀត​”។ លោកបាន​​ប​ន្ថែម​ថា គោយន្ត​ភាគ​ច្រើន​ដែល​យើង​ឃាត់​​បាន​នោះ​​បាន​ដឹក​ឈើ​ ឈើ​ប្រណីត​ និង​ធ្យូង​។ ព្រៃ​សហគមន៍​ស្ថិត​ក្នុង​ឃុំជៀប គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ទំហំ​ប្រហែល​៣.០០០​ហិកតា​។

លោក ពឿ ប៊ុនថន ប្រធាន​​មន្ទីរ​បរិ​ស្ថាន​​ខេត្ត​កំពង់​ឆ្នាំង បាន​មាន​ប្រសា​សន៍​ថា អ្នក​បើក​បរ​គោយន្ត​ជា​ច្រើន​នាក់​ប្រហែល​ជា​បាន​ព្យាយាម​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​សហ​គមន៍ ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា ក្រុម​មន្ត្រី​តែង​តែ​ទប់​ស្កាត់​ពួកគេ​កុំ​ឲ្យ​ចូល​ក្នុង​ព្រៃ​។

លោក​​មាន​ប្រសាសន៍​ថា “យើង​តែង​តែ​ទប់ស្កាត់​​ពួកគេ​កុំឲ្យ​កាប់​ឈើ​ក្នុង​ព្រៃ​​សហ​គមន៍”។លោក​​បន្ថែម​ថា ពេលខ្លះការ​ទប់​ស្កាត់​មាន​​​​ការ​លំបាក​ណាស​​់​ព្រោះ​មិន​មាន​មន្ត្រី​គ្រប់​គ្រាន់​ដើម្បី​ល្បាត​ក្នុង​តំបន់ទាំង​មូល​ឡើយ​។ លោក​ ប៊ុនថន ​ថ្លែង​ថា លោក​​​​​​​បាន​អញ្ជើញ​មន្ត្រី​មូល​ដ្ឋាន​ រួម​ទាំង​មន្ទីរ​បរិស្ថាន​​​​​​​ឲ្យមក​ចូល​រួម​ប្រជុំ​ស្ដីពី​ការ​ការ​ពារ​ព្រៃដោយ​​​​​​​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​មន្ត្រី​ណារកឃើញថា ​​បាន​​ជួយ​ដល់​អ្នក​កាប់​​ឈើ​ ពួកគេ​នឹង​ត្រូវ​ទទួល​ទោស។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​​បាន​​អញ្ជើញក្រុម​មន្ត្រីរបស់យើង​​ និង​ប្រាប់​ពួក​គេ​​អំពី​ការ​ការ​ពារ​ព្រៃ​។ ប្រសិន​បើ​មន្ត្រី​របស់​យើង​ប្រព្រឹត្ត​បទ​ល្មើស​ ពួកគេ​នឹង​ត្រូវ​បណ្ដេញ​​​ចេញពីតួនាទី”៕ សារុន​

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.