អ្នក​យក​ព័ត៌មាន​២​នាក់​ជាប់ចោទ​ក្នុង​ករណី​គំរាម​យក​ប្រាក់

កាលពី​ថ្ងៃ​អង្គារ តុលាការ​ខេត្ត​កំពតបាន​ចោទ​អ្នក​យក​ព័ត៌មាន​២​នាក់​ពី​បទ​គំរាម​យក​ប្រាក់ ទោះជា​យ៉ាង​នេះ​ក្តី ក្រុមមន្ត្រីមិន​បាន​បញ្ចេញ​ឲ្យ​ដឹងអំពី​ស្ថានភាព​នៃ​បទ​ល្មើស​ទេ។​​​

លោក ហុក លី អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩ និង​ម្នាក់​ទៀត​ឈ្មោះ សរ ស៊ុនលី ធ្វើ​ការ​នៅ​ទូរទស្សន៍​ហង្សមាស និង​កាសែត​កម្ពុជា​ថ្មី ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចាប់​ខ្លួន​នៅ​ក្រុង​កំពត​កាលពី​ថ្ងៃ​សុក្រ​សប្តាស៍​មុន។

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ជា​ថ្មី​ម្តងទៀត បាន​បដិសេធ​មិន​បញ្ចេញ​ឲ្យ​ដឹង​ពីមូលហេតុ​នៃការ​ចាប់​ខ្លួន​អ្នក​ទាំង២​ទេ។

លោក ងឹម វ៉ាត អធិការ​នគរបាល​ក្រុង​កំពត​បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​អ្វី​អំពី​ករណី​នេះ​ទេ។

ដោយ​មិន​អធិប្បាយ​ច្រើន លោក ឯក ឆេងហួត ព្រះរាជ​អាជ្ញា បាន​មាន​ប្រសាសន៍​ថា “ចៅក្រម​បាន​ចោទ​ពួកគេ​ពីបទ​គំរាម​​រក​ប្រយោជន៍ តាម​មាត្រា​៣៧២ [នៃ​ក្រម​ព្រហ្មទណ្ឌ]”។ អ្នកទាំង២​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ៥​ឆ្នាំ ប្រសិនបើ​គេ​រកឃើញ​ថាមានកំហុស​នោះ។

ក្នុង​ករណី​ដោយឡែក​មួយ​ទៀត លោក ឈឹម សាធីយ៉ាណុន មេធាវី​របស់​អ្នក​កាសែត​ទាំង​៥​បាន​ឲ្យ​ដឹង​ថា តុលាការ​ខេត្ត​កំពង់​ឆ្នាំង កាលពី​ថ្ងៃ​អង្គារ បាន​រក​មិន​ឃើញ​កំហុស​របស់​អ្នក​កាសែត​៥​នាក់​ពី​បទ​គំរាម​ទារ​ប្រាក់​៣០០​ដុល្លារ​ពី​ឈ្មួញ​ឈើ​ខុស​ច្បាប់​នៅ​ស្រុក​ទឹក​ផុស​កាលពី​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១០​ទេ។

លោក សាធីយ៉ាណុន បាន​មាន​ប្រសាសន៍​ថា “សេចក្តី​សម្រេច​នេះ​យុត្តិធម៌… ពីព្រោះ​មិន​មាន​ភ័ស្តុតាងណាមួយ​បញ្ជាក់​ថា ពួកគេ​បាន​ប្រព្រឹត្ត​ឡើយ”។

អ្នកយក​ព័ត៌មាន​ទាំង​នោះ​ធ្វើការ​ឲ្យ​កាសែត​ដើមអម្ពិល កាសែត​ថ្ងៃនេះ កាសែត​នគរវត្ត និង​កាសែត​ប្រជាធិបតេយ្យ និង​ទូរទស្សន៍អប្សរា៕មានិត

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.