អ្នក​សង្កេត​ការណ៍​អំពាវនាវ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​មណ្ឌល​​ខេត្ត​កណ្ដាល​

​​កាល​ពី​ម្សិល​មិញ​​ អ្នក​សង្កេត​ការណ៍​បោះឆ្នោតបាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​ពាក់​ព័ន្ធ​នឹង​​លទ្ធផល​​​នៃ​ការ​បោះ​ឆ្នោត​ជាតិ​ដែល​មាន​ជម្លោះ​ ដោយ​អំពាវ​នាវ​ឲ្យ​មាន​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​ក្នុង​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​ ដែល​​កើត​មាន​ភាព​​មិន​ប្រក្រតី​យ៉ាង​ច្រើន​។​

អង្គការ​ Situation Room ជា​សម្ពន្ធ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​​ត្រួត​ពិនិត្យ​​ការ​បោះឆ្នោត​​ជាតិ​ កាល​ពី​ថ្ងៃ​ទី​២៨ ខែកក្កដា បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជាង​១០.០០០​ករណី​នៅ​ទូទាំង​ប្រទេស​ ប៉ុន្តែ​ខេត្ត​កណ្ដាល​គឺ​ជា​ខេត្ត​ ដែល​មាន​របាយ​ការណ៍​ថា កើត​មាន​ភាព​មិន​ប្រក្រតី​ច្រើន​ជាង​​គេ​។ ខេត្ត​កណ្ដាល​នេះ​ គឺ​ជា​ខេត្ត​ដែល​លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​នៅ​លេខ​រៀង​លំដាប់​ទី​១។

សេចក្ដី​ថ្លែង​ការណ៍​នេះ​បាន​លើក​ឡើង​ថា “ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ខេត្ត​កណ្ដាល​ គឺ​​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​ណាស់​ ជាពិសេស​នៅ​ការិយាល័យ​បោះឆ្នោត​លេខ​១២០៤ ​នៅ​ក្នុង​ភូមិ​ស្អាង​ភ្នំ​ ស្រុក​ស្អាង​ ដែល​ត្រូវ​បាន​បិទ​​នៅ​មុន​ [ម៉ោង​៣] រសៀល​”។ សេចក្ដី​ថ្លែង​ការណ៍​នេះ​បាន​លើក​ឡើង​បន្ថែម​ថា ទម្រង់​១១០៨ ដែល​គេ​ប្រើ​សម្រាប់​​កត់​ត្រា​សំឡេង​​ឆ្នោត​ ត្រូវ​បានគេ​​ប្ដឹង​ពី​​ការិ​យា​ល័យ​បោះ​ឆ្នោត​​​មួយ​​ទៀត​ក្នុង​ក្រុង​តាខ្មៅ​។

សេចក្ដី​ថ្លែង​ការណ៍​នេះ​បាន​លើក​ឡើង​បន្ត​ទៀត​ថា “[​អង្គការ​ Situation Room]​ ចង់​ស្នើ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ និង​គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​  (គ.ជ.ប.​) ត្រួត​ពិនិត្យ​ការិយាល័យ​បោះឆ្នោត​​លេខ​១២០៤ ហើយ​រាប់​សន្លឹក​ឆ្នោត​​នៅ​ក្នុង​សង្កាត់​តាខ្មៅ​ឡើង​វិញ​”។

លោក ទេព​ នីថា អគ្គលេខាធិការ ​​គ.ជ.ប. បាន​លើក​ឡើង​ម្ដង​ទៀតកាល​ពី​ម្សិលមិញ​ថា គ.ជ.ប.​ លែង​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ដំណើរ​ការ​ ដោះ​ស្រាយ​ពាក្យ​បណ្ដឹង​ទៀត​ហើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ឥឡូវ​នេះ​កំពុង​តែ​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​ វា​ស្ថិត​​នៅ​ក្រៅ​​​សមត្ថកិច្ច​របស់​ គ.ជ.ប.​”។ លោក​បាន​បន្ថែម​ថា​ “សន្លឹក​ឆ្នោត​​ត្រូវ​បាន​រាប់​រួច​ហើយ​ រីឯ​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​​ក៏​ត្រូវ​បាន​ចេញ​រួច​ហើយ​ដែរ​ ហើយ​ឥឡូវ​នេះ​​យើង​កំពុង​តែ​រង់​ចាំ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ធ្វើ​ការ​”។

សេចក្ដី​ថ្លែង​ការណ៍​រួម​នេះ​បាន​លើក​ឡើង​ថា ក្នុង​ចំណោម​ភាព​មិនប្រក្រតី​ជាង​១០.០០០​ករណី​ ដែល​កើត​មាននៅ​ថ្ងៃ​បោះ​ឆ្នោត​ មាន​​៤៨​ភាគ​រយ​​​ គឺ​ជា​ករណី​ ដែល​ប្រជា​ពល​រដ្ឋ​​បាន​ទៅ​ដល់​ការិយាល័យ​បោះ​ឆ្នោ​ត​រួច​ហើយ​ ប៉ុន្តែ​មិន​មាន​សិទ្ធិ​បោះ​ឆ្នោត​ឡើយ​ ដោយ​សារ​តែ​ឈ្មោះ​របស់​ពួក​គាត់​​បាន​បាត់​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​ ឬ​ក៏​មាន​​ទិន្នន័យ​មិន​ត្រឹម​ត្រូវ​ស្ដី​ពី​ឯកសារ​​បញ្ជាក់​ពី​អត្តសញ្ញាណ។

គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ច្រាន​ចោល​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោ​ត ដែល​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៦៨អាសនៈ​ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​​ទទួល​បាន​៥៥​អាសនៈ​។ គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ចោទ​ប្រកាន់​ថា មាន​ការ​​លួច​បន្លំ​សន្លឹក​ឆ្នោត​​ច្រើន​ ហើយ​​បាន​អះអាង​ថា ខ្លួន​ពិត​ជា​ឈ្នះ​ការ​បោះឆ្នោ​តនេះ​។

គណបក្ស​ប្រឆាំង​បាន​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​​អង្កេត​ឯក​រាជ្យ​លើ​ភាព​មិន​ប្រក្រតី​ទាំង​នេះ​ ហើយ​បាន​គំរាម​ធ្វើ​មហាបាតុកម្ម​​ ប្រសិន​បើ​​​ការ​ស៊ើប​អង្កេត​​ឯករាជ្យមិន​​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗ។​​ ហើយ​ការ​​គំរាម​នេះ​​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ដាក់​ពង្រាយ​នគរបាល​និង​យោធា​​នៅ​ក្នុង​និង​ជុំ​វិញ​រាជធានី​ ជា​បញ្ហា​មួយ​ទៀត​ដែល​អង្គការ​ Situation Room បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​។ សេចក្ដី​ថ្លែង​ការ​ណ៍​នេះ​បាន​លើក​ឡើង​ថា “ [យើង​] ចង់​ស្នើ​ឲ្យ​រដ្ឋាភិបាល​​ដកចេញ​វិញ​នូវ​​កង​កម្លាំង​ប្រដាប់​អាវុធ​ និង​អាវុធ​នានា​ ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​ ដើម្បី​​បំភិត​បំភ័យ​​ប្រជា​ពលរដ្ឋ​​”៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.