ឧកញ៉ាមួយចំនួនជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើ កំពុងរត់គេចខ្លួន មុនការចូលបំភ្លឺនៅតុលាការ

មន្ត្រីតុលាការខេត្តមណ្ឌលគិរី បានអះអាងថាឧកញ៉ាចំនួន ៣រូប ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើកន្លងមក បានរត់គេចខ្លួនមុនថ្ងៃកំណត់កោះហៅឱ្យចូលបំភ្លឺនៅតុលាការ។

ឧកញ៉ាទាំងនោះ រួមមាន ឧកញ៉ា ស្រ៊ុន ម៉េងលាង ជាម្ចាស់ក្រុមហ៊ុន ម៉េងលាងគ្រុប ដែលមានទីលំនៅ ក្នុងឃុំមេមត់  ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឧកញ៉ា តុប វីរដា ជាម្ចាស់ក្រុមហ៊ុនវិជ្ជរី នៅភូមិដីដុះលើឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងឧកញ៉ា វន់ ប៊ុនថៃ នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

ថ្លែងប្រាប់សារព័ត៌មានសំឡេងប្រជាធិបតេយ្យវីអូឌីនៅថ្ងៃនេះ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ហៀង សុភក្រ្ត ដែលកាន់សំណុំរឿងបទល្មើសព្រៃឈើរបស់ឧកញ៉ាទាំងនោះ បញ្ជាក់ថាការសាកសួរឧកញ៉ា៣នាក់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ នឹងត្រូវលើកពេលវិញ ដោយសារពួកគេបានរត់គេចខ្លួនអស់ទៅហើយ។

លោកថា ការងារបន្ទាប់ ខាងលោកបានប្រគល់ភារកិច្ចឱ្យសមត្ថកិច្ច ចាត់ការតាមនីតិវិធីច្បាប់។

ក្នុងដីកាកោះហៅឱ្យចូលបំភ្លឺរបស់ព្រះរាជអាជ្ញាខេត្តមណ្ឌលគិរីលោក ហៀង សុភក្រ្ត កាលពីចុងខែកក្កដា បានកោះហៅ ឧកញ៉ាទាំង៣រូបនេះ ឱ្យចូលបំភ្លឺនៅសាលាដំបូងខេត្តនេះម្នាក់ម្តងៗ ឱ្យបានមុនថ្ងៃទី ៣១សីហា  ពាក់ព័ន្ធនឹងបទល្មើសប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ព្រមទាំងក្រៅដែនព្រៃឈើកំណត់ក្នុងលិខិតអនុញ្ញាត និងផ្ទេរសិទ្ធិដោយគ្មានការអនុញ្ញាត។

ប្រភពដដែល ក៏បានដកស្រង់ប្រសាសន៍របស់ស្នងការដ្ឋាននគបាលខេត្តត្បូងឃ្មុំ លោក បែន រត្ន័ ដោយលោកបញ្ជាក់ថា សមត្ថកិច្ចនឹងសហការជាមួយតុលាការក្នុងការតាមចាប់ខ្លួនឧកញ៉ាទាំងពីរ៣នាក់នោះ  បើសិនជាមានបញ្ជាពីតុលាការ។

នៅខែកក្កដា និងខែសីហា សមត្ថកិច្ចបានចាប់ខ្លួន និងបញ្ជូនឧកញ៉ា២ រូបទៅតុលាការ រួមមានឧកញ៉ា ស៊ឹង សំអុល និង ឧកញ៉ា គង់ ក្រឹង ពាក់ព័ន្ធសំណុំរឿងបទល្មើសព្រៃឈើនេះ ។

ក្រុមអ្នកឃ្លាំមើលបញ្ហាព្រៃឈើ បានលើកឡើងថា ក្រៅពីឧកញ៉ាទាំងនេះ ក៏នៅមានឧកញ៉ាមួយចំនួនទៀតដែលល្បីល្បាញខាងជំនួញឈើ ដូចជាឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា ដែលជាកូនធម៌របស់លោក ហ៊ុន ណេង ដែលជាបងប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

លើសពីនេះ ឧកញ៉ា ទ្រី ភាព ក៏ល្បីល្បាញក្នុងជំនួញឈើរបស់ខ្លួនរាប់ឆ្នាំមកហើយ។ ដោយឡែក ឧកញ៉ា អាន ម៉ារឌី ដែលធ្លាប់រងការចោទប្រកាន់ថាបានកាប់ឈើនៅតំបន់ឧទ្យានជាតិវីរៈជ័យក្នុង ខេត្តរតនៈគិរី ព្រមទាំងមានមន្ត្រី កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរខេត្ត និងអាជ្ញាធរ មូលដ្ឋានជាច្រើនទៀត ត្បិតពួកគេអះអាងថាជំនួញឈើ គឺធ្វើឡើងជាប្រព័ន្ធ និងពុករលួយជាប្រព័ន្ធផងដែរ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.