ឧកញ៉ាម្នាក់​គំរាម​ឲ្យ​គេ​បាញ់សម្លាប់អ្នកកាសែតពីរនាក់

យោង​​​តាម​​​របាយការណ៍​​​បង្ហោះ​​​តាម​​​គេហទំព័រ​​​នគរ​​​បាល​​​ជាតិ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាលពី​​​ថ្ងៃ​​​សៅរ៍​​​ឧកញ៉ា​​​ក្រុម​​​ហ៊ុន​​​ផលិត​​​កញ្ចក់​​​មួយ​​​បាន​​​គំរាម​​​បាញ់​​​សម្លាប់​​​អ្នក​​​កាសែត​​​ក្នុង​​​ស្រុកពីរ​​​នាក់​​​ នៅ​ពេល​ដែល​ពួកគេ​​​កំពុង​​​​យក​​​ព័ត៌មាន​​​អំពី​​​ជម្លោះ​​​ ដែល​​​ឧកញ៉ា​រូប​នេះ​ឈ្លោះ​​​គ្នា​​​ជាមួយ​​​ពាណិជ្ជករ​​​ម្នាក់​​​ទៀត​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​។

អ្នកកាសែត​​​មកពីគេហទំព័រព័ត៌មាន​​​ Cambodia Express News (CEN)និង​​​ទូរទស្សន៍​​​បាយ័ន​​​កំពុង​​​យក​​​ព័ត៌មាន​​​អំពីការ​​​ឈ្លោះ​​​គ្នារវាង​​​លោក តាំង ផេងប៉ោ ដែលជា​​​ម្ចាស់​​​ក្រុម​​​ហ៊ុន​​​ផលិត​​​កញ្ចក់​​​ និង​​​លោក លី គឹមហេង ដែល​​​ជា​​អ្នក​រក​​​ស៊ី​ដឹក​​ដី ​​​នៅ​​​ខាង​​​ក្រៅ​​​រោងចក្រ​​​របស់​​​លោក តាំង ផេងប៉ោ ​​​ស្ថិត​​​ក្នុង​​​ខណ្ឌពោធិ៍​​​សែនជ័យ ស្រាប់​តែ​​មាន​​​ការ​​​គំរាម​​​សម្លាប់​​តែម្តង។

គេហទំព័រ​​​នគរ​​​បាល​​​លើក​​​ឡើង​​​ថា ជម្លោះ​​​រវាង​​​ពាណិជ្ជករ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​បាន​​​ផ្ទុះ​​​ឡើង​​​បន្ទាប់ពី​​​រថយន្ត​​​ដឹក​​​ដី​​​​​​របស់លោក គឹមហេង បាន​​​ព្យាយាម​​​បើក​​​កាត​់​​​ផ្លូវ​​​សាធារណៈ​​​ខាង​​​មុខ​​​រោង​ចក្រ​​​របស់​​​លោក តំាង​​​ ផេងប៉ោ ជា​ផ្លូវ​ដែល​លោក​​​ ផេងប៉ោ បាន​​​យក​​​បង្គោល​​​បេតុង​​​បិទ។

របាយការណ៍​​​នគ​​រ​​​បាល​​​លើក​​​ឡើង​​​ថា ” អំឡុង​​​ជម្លោះ​​​នោះអ្នក​​​កាសែត​​​ពីរ​​​នាក់​​​មកពី​​​គេហទំព័រព័ត៌មាន CEN និង​​​ទូរទស្សន៍​​​បាយ័ន​​​​​​បានទៅ​​​កាន់​​​កន្លែង​​​នោះ ហើយ​​​បាន​​​យក​ព័ត៌មាន​​​អំពី​​​ជម្លោះ​​​រវាង​​​អ្នកទាំង​​​ពីរ​​​នេះ”។

របាយការណ៍​​​ដដែល​​​នេះ​​​បន្ត​​​ថា ” ឧកញ៉ា តាំង ផេងប៉ោ បាន​​​បញ្ជា​​​ឲ្យ​​​អ្នក​​​កាសែត​​​ឈប់​​​ថត​​​រូប ប៉ុន្តែ​​​អ្នក​​​កាសែត​​​ទាំង​​​នោះ​​​មិន​​​ព្រម​​​ស្ដាប់​​​ឡើយ​​​”។ របាយការណ៍​​​នេះ​​​បន្ថែម​​​ថា “បន្ទាប់​​​មក​​​ឧកញា​​​ តាំង ផេងប៉ោ បាន​​​បញ្ជា​​​ឲ្យ​​​អង្គរក្ស​​របស់លោក​បាញ់​​​សម្លាប់​​​អ្នក​​​កាសែត​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​។តាម​​​បញ្ជា​​​របស់​​​លោក​​​ អង្គរក្ស​ពីរ​​​នាក់​​បាន​​​ចាប់​​​យក​​​ម៉ាស៊ីនថត​​​ ហើយ​​​បន្ទាប់​​​មក​​​ក៏​​​មាន​​​​ការ​​​ប្រវាយ​​​ប្រតប់​​​គ្នា”។

យោង​​​តាម​​​របាយការណ៍​​​នគរ​​​បាល​​​ឲ្យ​​​ដឹង​​​ថា លោក ផេងប៉ោ ​​​ខឹង​​​យ៉ាង​​​ខ្លាំង ហើយ​​​ព្យាយាម​​​ទូរស័ព្ទ​​​ហៅ​កម្លាំង​​​មក​​​ពី​​​កង​​​ពល​​​តូច​​​លេខ​​​៧០​នៅ​​​ក្បែរ​​​នោះ។ របាយការណ៍ដដែល​​​នេះ​​​មិន​​​បាននិយាយ​​​លម្អិត​​​ពីរឿង​​​នេះ​​​ទេ ហើយក៏​​​មិន​​​បាននិយាយ​​​ថា តើ​​​មាន​​​ការ​​​ចាប់​​​ខ្លួន​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​ឬយ៉ាង​​​ណា​​​ឡើយ។

លោក សន សុផល អ្នក​​​យក​​​ព័ត៌មាននៅ​​​គេហទំព័រព័ត៌មាន CEN បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិលមិញថា លោក​​​ជា​​​អ្នក​​​កាសែត​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​កាសែត​​​ពីរ​​​នាក់​​​ ដែល​​​លោក ផេងប៉ោ បាន​​​​គំរាម​​​។

លោក សុផល បាន​​​មាន​​​ប្រសាសន៍​​​ថា ” ពួកគេ​​​បាន​​​ព្យាយាម​​​រុញ​​​ច្រាន​​​អ្នក​​​កាសែត​​​ឲ្យ​​​ចេញ​​​ពីកន្លែង​​​ឈ្លោះ​​​គ្នា​​​​នោះ ​ ហើយ​​​បន្ទាប់​​​មក​​​ខ្ញុំ​​​បាន​​​ថត​​​រូប​​​ពួកគេ​​​។ ខ្ញុំ​​​ត្រូវ​​​បាន​​​គំរាម​​​បាញ់​​​សម្លាប់​​​ នៅពេល​​​ដែល​​​ខ្ញុំ​​​ថត​​​រូប​​​រថយន្ត​នោះ”។

លោក សុផល បានមាន​​​ប្រសាសន៍ថា លោកនឹង​​​មិន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ទៅ​​​តុលាការ​​​ ឬនគរ​​​បាល​​​ទេ​​​ ប៉ុន្តែ​​​លោក​​​បាន​​​រាយការណ៍​​​ពីការ​​​គំរាម​​​នេះ​​​ទៅ​​​លោក ប៉ែន សមិទ្ធិ​​ អគ្គនាយក​​​គេហទំព័រព័ត៌មាន CEN ដែល​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំការ​​​អត្ថាធិប្បាយ​​​បាន។ ទាំង​​​លោក គឹមហេង និង​​​តំណាង​​​ក្រុម​​​ហ៊ុន​​​របស់​​​លោក ផេងប៉ោ មិន​​​អាច​​​ទាក់​​​ទង​​​សុំការ​​​អត្ថាធិប្បាយ​​​បានទេ​​​៕ សារុន​​​​​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.