ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​​ទៅ​សួរ​សុខ​ទុក្ខលោក កឹម សុខា​

លោក ថម ម៉ាលីណូស្គី (Tom Malinowski) ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានមកសួរសុខទុក្ខលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងកាលពីម្សិលមិញនៅក្នុងទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ ទីដែលលោកបាននិងកំពុងសម្ងំលាក់ខ្លួនរយៈពេលជិត២ខែមកហើយ អំឡុងពេលមានការគំរាមកំហែងចាប់លោកដាក់ពន្ធនាគារអស់មួយជីវិតដោយលោកនាយករដ្ឋមន្ត្រី។

លោក កឹម សុខា បានសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្តាលគណបក្សនៅពេលនគរបាលបានព្យាយាមចាប់ខ្លួនលោកកាលពីថ្ងៃទី២៦ ខែឧសភា ហើយការមកសួរសុខទុក្ខរបស់លោក ម៉ាលីណូស្គី នេះធ្វើឡើងបន្ទាប់ពីការមកសួរសុខទុករបស់ឯកអគ្គរដ្ឋទូតបរទេស ផ្សេងៗទៀតកាលពីខែមុន។

លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងថ្លែងអំឡុងពិធីរំឭកខួបលើកទី៤របស់គណបក្សសង្គ្រោះជាតិ នៅទីស្នាក់ការកណ្ដាលរបស់គណបក្សនេះ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងថ្លែងអំឡុងពិធីរំឭកខួបលើកទី៤របស់គណបក្សសង្គ្រោះជាតិ នៅទីស្នាក់ការកណ្ដាលរបស់គណបក្សនេះ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក មុត ចន្ថា ទីប្រឹក្សាលោក កឹម សុខា កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក និងលោក ញ៉យ ចំរើន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិក៏បានចូលរួមក្នុងជំនួបនោះដែរ ដែលបានធ្វើឡើងបន្ទាប់ពីការប្រារព្ធខួបលើកទី៤ថ្ងៃបង្កើតគណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំងដែលរួបរួមគ្នាកាលពីខែកក្កដា ឆ្នាំ២០១២។

លោក មុត ចន្ថា បានមានប្រសាសន៍ថា លោកមិនអាចបង្ហាញពីអ្វីដែលត្រូវបានពិភាក្សាជាមួយមន្ត្រីអាមេរិករូបនេះដែលបានមកដល់កាលពីម្សិលមិញ និងបានចាកចេញទៅវិញនៅថ្ងៃនេះទេ ហើយកញ្ញា កឹម មនោវិទ្យា បាននិយាយត្រឹមតែថា លោកទាំងពីរ ”បានពិភាក្សាអំពីវិបត្តិនយោបាយបច្ចុប្បន្ន”។

លោក ខតនី វូដ (Courtney Woods) អ្នកនាំពាក្យស្ថានទូតអាមេរិកបានមានប្រសាសន៍ថា លោក ម៉ាលីណូស្គី ដែលជាឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារបានមកសួរសុខទុក្ខលោក កឹម សុខា ជាផ្នែកមួយនៃជំនួបជាមួយ”ប្រជាពលរដ្ឋមួយចំនួននៅក្នុងប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីសារៈសំខាន់នៃសិទ្ធិមនុស្សដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងអាមេរិក-កម្ពុជាបន្ថែមទៀត”។

ចាប់តាំងពីខែវិច្ឆិកាមក នៅពេលការផ្ដន្ទាទោសដាក់ពន្ធនាគារលើលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងត្រូវបានយកមកអនុវត្តឡើងវិញ រដ្ឋាភិបាលបានបន្តចាត់វិធានការយ៉ាងសកម្មលើអ្នករិះគន់ខ្លួន ដោយផ្ដោតលើលោក កឹម សុខា ប៉ុន្តែក៏បានចាប់ខ្លួនតំណាងរាស្ត្រម្នាក់ទៀត មន្ត្រីរៀបចំការបោះឆ្នោតម្នាក់ និងមន្ត្រីសិទ្ធិមនុស្សបួននាក់ដាក់ពន្ធនាគារផងដែរ។

លោក កែម ឡី អ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព និងជាអ្នកដែលតែងតែរិះគន់រដ្ឋាភិបាលយ៉ាងញឹកញាប់ ត្រូវបានបាញ់ សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា។

cam-photo-cnrp-channaលោក សម រង្ស៊ី លើកឡើងតាមអុីម៉េលថា ការមកសួរសុខទុក្ខរបស់លោក ម៉ាលីណូស្គី ដែលជាតំណាងអ្នកនាំសារដែលគេទទួលស្គាល់ និងជាតំណាងអ្នកការពារតម្លៃជាសាកលដូចជាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស” នោះ គឺសំខាន់ណាស់ក្នុងការបង្ហាញប្រាប់លោក ហ៊ុន សែន ថារបបរបស់លោកប្រឈមហានិភ័យនៃការបាត់បង់ភាពស្របច្បាប់។

លោក សម រង្ស៊ី បានថ្លែងថា “មានតែការដាក់ឱ្យនៅក្រៅច្បាប់ទេ ទើបអាចធ្វើឱ្យលោក ហ៊ុន សែន ផ្លាស់ប្តូរនិន្នាការផ្ដាច់ការ និងបង្ហាញការគោរពគោលការណ៍ និងច្បាប់លទ្ធិប្រជាធិបតេយ្យបន្ថែម”។

ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា លោកជឿថា ការមកសួរសុខទុក្ខរបស់លោក ម៉ាលីណូស្គី មិនមានគោលដៅបង្ហាញកង្វល់អំពីរដ្ឋាភិបាលកម្ពុជាឡើយ។

លោកបានថ្លែងថា “ខ្ញុំគិតថា គេនៅមិនទាន់ច្បាស់ថា តើគាត់គាំទ្រគណបក្សប្រឆាំងដែលរំលោភច្បាប់ឬយ៉ាងណាឡើយ។ នេះគ្រាន់តែជាសម្ដីការទូតតែប៉ុណ្ណោះ។ សូមរង់ចាំមើលពេលពួកគេត្រឡប់ទៅវិញសិន ថាតើពួកគេនឹងធ្វើអ្វី ហើយនៅពេលនោះយើងអាចធ្វើការសន្និដ្ឋានបានហើយ”។

នៅពេលរសៀលលោក ម៉ាលីណូស្គី ក៏បានជួបជាមួយលោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសដែលបានប្រាប់អ្នកយកព័ត៌មាននៅពេលក្រោយថា មន្ត្រីរូបនេះបានលើកឡើងអំពីកង្វល់ទាក់ទងការឃុំខ្លួនមន្ត្រីសិទ្ធិមនុស្ស និងអ្នកនយោបាយប្រឆាំង។

លោក អ៊ុច បូរិទ្ធ បានមានប្រសាសន៍ថា “ខ្ញុំបានប្រាប់គាត់ថា បញ្ហាទាំងអស់នេះគឺជារឿងផ្ទាល់ខ្លួនតែប៉ុណ្ណោះ ហើយមិនត្រូវបានប្រព្រឹត្តដោយគណបក្ស ឬស្ថាប័នណាឡើយ។ រដ្ឋាភិបាលកម្ពុជាប្ដេជ្ញាអនុវត្តគោលនយោបាយតាមរយៈប្រព័ន្ធបែបលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ប៉ុន្តែស្ថិតក្រោមក្របខណ្ឌច្បាប់”៕ សារុន

 

© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.