​កង​រាជអាវុធហត្ថចាប់​ខ្លួន​បុរស​ម្នាក់​ពីបទ​ឆបោក​ដោយ​ក្លែង​ជា​សមាជិក​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​

យោង​តាម​កង​រាជ​អាវុធ​ហត្ថ​បាន​ឲ្យ​ដឹង​ថា បុរស​អាយុ​២៦​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ ពីបទ​ក្លែង​ជា​សមាជិក​​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ទទួល​បាន​ប្រាក់​ពី​មន្ត្រី​រដ្ឋាភិបាល​ជា​ថ្នូរ​នឹង​ការ​សន្យា​ដំឡើង​តួនាទី​។

​​​​​​​ កាលពី​ខែ​មិថុនា ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ជូន​ដំណឹង​ដល់​មន្ត្រី​រដ្ឋាភិបាល​នៅ​ទូទាំង​​ប្រទេស​ពី​គម្រោង​ដែលសុំ​ឲ្យ​វេរលុយ​តាម​ទូរស័ព្ទ​ ជា​ថ្នូរ​នឹង​ការ​ដំឡើង​តួនាទីនេះ។

យោងតាម​លោក សាន ប៊ុនថន ស្នង​​ការ​នគរ​បាល​ខេត្ត​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា សួន​ មុនី​លីណា ដែល​កង​រាជ​អាវុធ​ហត្ថ​និយាយ​ថា ​មិន​មាន​ការ​ងារ​ធ្វើ​នោះ ជាប់​សង្ស័យ​​​ថា បាន​ទូរ​ស័ព្ទ​ទៅ​មន្ត្រី​រាជការ​ម្នាក់​​ក្នុង​រាជ​ធានី​ភ្នំពេញ ដែល​ក្រុម​មន្ត្រី​បាន​បដិសេធ​មិន​ប្រាប់​ឈ្មោះ​ ហើយ​បាន​សន្យា​ដំឡើង​តួនាទីដល់លោក​​ជា​ថ្នូរ​នឹង​ការឲ្យ​វេរលុយ​តាម​ក្រុម​ហ៊ុន​វីង។

លោក ប៊ុនថន បាន​មាន​ប្រសាសន៍​ថា ” ជន​សង្ស័យ​បាន​បង្គាប់​ឲ្យជន​រងគ្រោះ​វេរ​លុយ​​ឲ្យ​ខ្លួន​តាម​សេវា​វេរលុយ​របស់​ក្រុម​ហ៊ុន​វីង។ ជន​រង​គ្រោះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​នគរ​បាល​បន្ទាប់​ពីពួកគេ​ជឿថា​ វា​ជាករណី​ឆបោក​ ពីព្រោះ​គ្មាន​នរណា​ម្នាក់​ស្គាល់​ជន​សង្ស័យ​រូប​នេះ​ឡើយ​”។

យោង​តាម​លោក ប៊ុនថន បាន​ឲ្យ​ដឹង​ថា មុនីលីណា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពេល​ដែល​គាត់​បាន​ទៅ​ដក​ប្រាក់​ពី​សាខា​របស់​ក្រុម​ហ៊ុន​វីង​​នៅ​ក្នុង​ខេត្ត​ស្វាយរៀង ​កាលពី​ថ្ងៃ​សុក្រ ហើយ​ត្រូវ​បាន​បញ្ជូន​​ទៅ​ទី​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ជាតិ​ក្នុង​រាជ​ធានី​ភ្នំពេញ ​កន្លែង​ដែល​ជន​រងគ្រោះ​បាន​ដាក់​ពាក្យ​បណ្ដឹង​​ដើម្បី​សាក​សួរ។

លោក​បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ចាប់​ខ្លួន​ នគរ​បាល​ដកហូត​បាន​ប្រាក់​៤០០ដុល្លារ ទូរស័ព្ទ​ដៃ​មួយ​គ្រឿង និង​ភ័ស្តុតាង​មួយ​ចំនួន​ទៀត​ពី​ជន​សង្ស័យ​រូប​នេះ។

លោក ខេង​ ទីតូ អ្នក​នាំពាក្យ​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស​បាន​មាន​ប្រសាសន៍​ថា មុនីលីណា នឹង​ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាក​សួរ​នៅ​ថ្ងៃ​ច័ន្ទ បន្ទាប់ពី​កង​រាជ​អាវុធ​ហត្ថ​បាន​បញ្ចប់​ការ​សាក​សួរ​ជន​សង្ស័យ​រូប​នេះ​។

លោក ខេង ទីតូ បាន​មាន​ប្រសាសន៍​ថា ជន​សង្ស័យ​រូប​នេះ​ដែល​អះអាង​ថា ធ្វើការ​ឲ្យ​លោក ហ៊ុន សែន ក៏​បាន​ប្រមូល​ប្រាក់​ពី​មន្ត្រី​ និង​ពាណិជ្ជករ​តាម​រយៈ​ការ​សុំ​ឲ្យ​ពួកគេបញ្ជូន​ប្រាក់​​មក​ខុទ្ទកាល័យ​ដើម្បី​សាង​សង់​សាលា​រៀន និង​អគារ​ផ្សេងៗ​ទៀត​ផង​ដែរ​។

សេចក្ដីជូនដំណឹង​​របស់​ខុទ្ទកាល័យ​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១១ ខែ​មិថុនា បាន​​ក្រើន​រំឭក​​​មន្ត្រី​រាជ​ការ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ “ឲ្យ​ប្រុង​ប្រយ័ត្ន​​នឹង​សកម្ម​ភាព​មិនល្អនេះ​”។

សេចក្ដី​ជូនដំណឹង​​នេះមាន​ខ្លឹម​សារ​ថា ” ប្រសិន​បើលោកអ្នក​ទទួល​បាន​ការ​ហៅ​ទូរស័ព្ទ​ពី​នរ​ណា​ម្នាក់​​ដែល​អះអាង​ថា ជា​មន្ត្រី​ខុទ្ទកាល័យ ហើយ​សូម​ឲ្យ​វេរ​លុយ​​សម្រាប់​កិច្ច​ការ​មួយ​ចំនួន​​ សូម​ទាក់​ទង​មក​ខុទ្ទកាល័យ​ជាមុន​សិន”៕ សារុន​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.