​ចំនួន​កម្មករ​រោង​ចក្រ​ដួល​សន្លប់​នៅ​តាម​​រោង​ចក្រ​ទាំង​២៤​កន្លែង បាន​ថយ​ចុះ​នៅ​ក្នុង​ឆ្នាំ​២០១២

មន្ត្រី​​​ក្រសួង​​​ការងារ​​​មួយ​​​រូប បាន​​ឲ្យ​​​ដឹង​​​កាល​​​ពីសប្ដា​ហ៍​មុន​ថា កម្មករ​​​រោង​​​ចក្រ​​​កាត់​ដេរ​ជាង១.៦០០​​​នាក់​​​មក​ពីរោង​​​ចក្រ​​​​​​ចំនួន​​​២៤​​​ បាន​​​ដួល​​​សន្លប់​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១២ គឺ​តិច​​​ជាង​ឆ្នាំ​២០១១ ដែល​មាន​​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​​ដេរសន្លប់​​​​​​​ចំនួន​​​១.៩០០​​​នាក់។

ឧស្សាហកម្ម​​​កាត់ដេរ​​​​កម្ពុជា បាន​​​ចាប់​​​ផ្ដើម​​​ជួប​​​ប្រទះ​នូវ​ការ​​​ដួល​​​សន្លប់​​​កម្មករ​​​ជា​​​ច្រើន​​​​ដង​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១១ ជា​​​ហេតុ​ការណ៍​​​ ដែល​​​ក្រុម​​​អ្នក​​​ជំនាញ​​​មាន​​​ជំនឿ​​​ថា ភាគ​​​ច្រើន​​​បណ្ដាល​​​​មក​​​ពី​​​ជំងឺ​​​ផ្លូវ​​​ចិត្ត​​ ប៉ុន្តែ អាច​​​បណ្ដាល​​​មក​​​ពី​​​កង្វះ អាហារូបត្ថម្ភ និង​​​លក្ខខណ្ឌ​​​ការ​​​ងារ​​​ផ្សេង​​​ៗ​​​ទៀត​​​ដែរ។

​​​ទោះ​​​បី​​​ជា​​​​​​​​​ចំនួន​​​កម្មករ​​​ដួល​​​សន្លប់​ថយ​ចុះ​​​​ក៏​​​ដោយ ក៏​​​លោក ម៉េង ហុង ប្រធាន​​​នាយក​​​​​ដ្ឋាន​​​អធិការ​​​កិច្ច​ និង​​​កិច្ច​​​ការ​​​​​ច្បាប់​​​របស់​​​ក្រសួង​​​ការ​​​ងារបាន​​​មាន​​​ប្រសាសន៍​​​ថា ចំនួន​​​រោង​​​ចក្រ ដែល​​​​​​ជួប​​​ប្រទះ​​​​ហេតុ​ការណ៍​​​​នេះ ​មាន​​​ការ​​​កើន​​​ឡើង។

លោក ម៉េង ហុង បាន​មាន​ប្រសាសន៍​ទៀតថា “ ក្នុង​ឆ្នាំ​២០១២ តួ​លេខ​សរុប​ គឺ​មាន​​២៤​រោង​ចក្រ ដែល​មាន​កម្មករ​ដួល​សន្លប់ ហើយ​ចំនួន​កម្មករ​ដួល​សន្លប់​មាន​​ចំនួន​១.៦៨៦​នាក់។នៅ​ឆ្នាំ​២០១១​មាន​រោង​ចក្រ​​ចំនួន​១២​ ដែល​មាន​កម្មករ​ចំនួន​១.៩៧៣​​នាក់​ បាន​ដួល​សន្លប់”។

លោក​​បាន​មាន​ប្រសាសន៍​ថា ការ​ថយ​ចុះ​ចំនួន​កម្មករ​​ដួល​សន្លប់​នេះ​អាច​បណ្តាល​មកពី​​កម្មវិធី​អប់រំ​មួយ ដែល​ក្រសួង​ការងារ បាន​​ចាប់​ផ្ដើម​ធ្វើ​កាល​ពី​ខែ​តុលា។ក្រុម​មន្ត្រី​បាន​ទៅ​ពិនិត្យ​រោង​ចក្រ​​ប្រហែល​១០០​ ដើម្បី​និយាយ​​ប្រាប់កម្មករ អ្នក​គ្រប់​គ្រង​កម្មករ និង​ប្រធាន​ក្រុម​​អំពី​សុវត្ថិ​ភាព​ចំណីអាហារ ការ​ធ្វើ​ឲ្យ​មាន​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ និង​មិន​ធ្វើ​ការ​ងារ​ថែម​ម៉ោង​ច្រើន​ហួស​ហេតុ។​ក្រុម​មន្ត្រី​ទាំង​នោះ ក៏​បាន​ណែ​នាំ​កម្មករ​ឲ្យ​យល់​ពី​បាតុភូត​នៃ​ជំងឺ​ផ្លូវ​ចិត្ត​ផងដែរ។

លោកបាន​មាន​ប្រសាសន៍​ថា “ប្រ​សិន​បើ​មាន​ការ​ងារ​ថែម​ម៉ោង​ច្រើន​ហួស​ហេតុ បន្ទាប់​មក​បន្ទុក​ការ​ងារ​នេះ​ធ្លាក់​មក​លើ​កម្មករ​ផង​ដែរ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​កម្មករ​ដួល​សន្លប់”។

សហជីព​សេរី​កម្មករ​បង្ហាញ​ថា​ ​​ចំនួន​កម្មករ​​ដួល​សន្លប់​​មាន​ច្រើន​ណាស់​នៅ​ក្នុង​ឆ្នាំ​២០១២​​គឺ​មាន​ចំនួន២.១០៧​នាក់​​ដែល​បាន​ដួល​សន្លប់​នៅ​​តាម​​រោង​ចក្រ​ចំនួ​​២៩។​

រោង​ចក្រដែល​មាន​​កម្មករ​ដួល​សន្លប់​​លើស​ពី​​ម្នាក់​នៅ​ឆ្នាំ​នេះ គឺ​​​រោង​ចក្រ​កាត់ដេរ​ Sabrina កម្ពុជា នៅ​ខេត្ត​កំពង់ស្ពឺ ដែល​ផលិត​សម្លៀក​បំពាក់ឲ្យ​​​ក្រុម​ហ៊ុន Nike និង​ក្រុម​ហ៊ុន​M&Vអន្តរជាតិ​នៅ​ខេត្ត​កំពង់​ឆ្នាំង​ ដែល​ផលិត​សម្លៀក​បំពាក់​ឲ្យ​ក្រុមហ៊ុន H&M និង​ក្រុម​ហ៊ុន Gap។ ក្រុម​ហ៊ុន Sabrina បាន​ជួប​ប្រ​ទះ​​ឧប្បត្តិ​ហេតុ​បួន​លើក​​​ដាច់​ដោយ​ឡែក​ពី​គ្នា ដែល​​មាន​កម្មករ​សន្លប់​​ចំនួន៣៤០​នាក់ ហើយ​ក្រុមហ៊ុន M&V ​មាន​កម្មករ​ដួល​សន្លប់​​ប្រាំ​លើក​​មាន​ចំនួន​​ជាង​៧០​នាក់។

លោក ជា​ មុន្នី ប្រធានសហជីព​សេរី​កម្មករ​បាន​លើក​ឡើង​អំពី​កង្វះអនាម័យ និង​ការ​ធ្វើ​ការ​ថែម​ម៉ោង​រយៈ​ពេល​យូរ ជា​មូល​ហេតុ​ដ៏​សំខាន់​​​នៃ​ការ​ដួល​សន្លប់​ទាំង​នេះ។ លោក ជា មុន្នី បាន​មាន​ប្រសាសន៍​ថា ការ​ផ្ដល់​ប្រាក់​ខែ​ខ្ពស់ អាច​​ជួយ​កាត់​បន្ថយ​​ហេតុ​ការណ៍​​ដួល​សន្លប់​នេះ ប៉ុន្តែ លោក កែន លូ អគ្គលេខា​សមាគម​រោង​ចក្រ​កាត់​ដេរនៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​​ថា ការ​អះអាង​ទាំង​​នេះ មិន​ត្រឹម​ត្រូវ​ទេ។

លោក កែន ​លូ បាន​មាន​ប្រសាសន៍​ថា “យើង​ជា​​រោង​ចក្រ​កាត់​ដេរ​មិន​មាន​ចេតនា​បង្ក​បរិយាកាស​ឲ្យ​កម្មករ​ដួល​សន្លប់​នោះ​ទេ។​សហ​ជីព​ជា​ច្រើន មាន​បំណង​ប្រើ​ប្រាស់បញ្ហា​នេះ​ធ្វើ​ជា​លេស​ដើម្បី​សុំ​ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ ប៉ុន្តែ ខ្ញុំ​គិត​ថា វា​គ្មាន​​ប្រយោជន៍​ទេ​​ក្នុង​​គាំ​ទ្រ​ការ​​អះ​អាង​​ទាំង​នេះ​ទេ។ ​ការ​សិក្សា​​​ដែល​គេ​ធ្វើ​ឡើង​មិន​​អាច​​រក​ឃើញ​កត្តា​​ណា​មួយឡើយ៕សុខភុំ

© 2013 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.