​​រដ្ឋា​ភិបាល​៖ កាក​បាទ​ក្រហម​កម្ពុជា​នៅ​អព្យាក្រឹត​ ទោះ​ជា​មាន​ការ​លើក​ឡើង​ពាក់​ព័ន្ធ​នយោ​បាយ

មន្ត្រី​រដ្ឋា​ភិបាល​ម្នាក់​បាន​និយាយ​ថា កាក​បាទ​ក្រហម​កម្ពុជា​នៅ​តែ​ជា​ស្ថាប័ន​ឯក​រាជ្យ​ដដែល បើទោះបីជា​មាន​ការ​វាយ​ប្រហារ​ជា​សាធារណៈ​របស់​ប្រធាន​​ស្ថាប័ន​នេះ​ទៅ​លើ​​គណ​បក្ស​សង្គ្រោះ​ជាតិ អំឡុង​ពេល​ផ្តល់​ជំនួយ​គ្រោះ​ទឹក​ជំនន់​កាលពី​ថ្ងៃ​សៅរ៍​​ក៏ដោយ។

លោក​ស្រី ប៊ុន រ៉ានី ប្រធាន​កាក​បាទ​ក្រហម​​កម្ពុជា​ និងជា​ភរិយា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ប្រើ​ប្រាស់​ការ​ចុះ​ទៅ​ចែក​អំណោយគ្រោះ​ទឹក​ជំនន់​នៅ​ក្នុង​ខេត្ត​ប៉ៃ​លិន ដើម្បី​ចោទ​ប្រកាន់​គណ​បក្ស​ប្រឆាំង​នេះ​ថា បាន​ព្យាយាម “បោក​ប្រាស់” សាធារណ​ជន​។

លោក​ស្រី ប៊ុន រ៉ានី ក៏​បាន​មាន​ប្រសា​សន៍​ផង​ដែរ​ថា គណ​បក្ស​ប្រជា​ជន​កម្ពុជា ដែល​កាន់​​អំណាច​យូរអង្វែង​របស់​ស្វាមី​​លោក​ស្រី​អាច​ពឹង​ពាក់​​សុំ​ជំនួយ​សម្រាប់​​ជន​រង​គ្រោះ​ដោយ​សារ​គ្រោះ​មហន្តរាយ​ធម្មជាតិ។ ប្រសាសន៍​របស់​លោក​ស្រី ប៊ុន រ៉ានី បាន​លើកឡើង​បន្ទាប់​ពី​​មាន​​​ការ​រិះ​គន់​ខ្លាំងៗ​ជាច្រើន​ឆ្នាំ​ថា សា​ធារ​ណជន​មើល​ឃើញ​ថា ចលនា​កាក​បាទ​ក្រហម​ជា​ដៃ​ជើងរបស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តីការ​គណៈ​រដ្ឋ​មន្ត្រី​បាន​ប្រសាសន៍​ថា “ពួក​គេ​ [កាកបាទ​ក្រហម​កម្ពុជា] ដំណើរ​ការ​ដោយ​ឯក​រាជ្យ​ពី​រ​ដ្ឋា​ភិបាល​។ យើង​មិន​មាន​ច្បាប់​ណា​​ដែល​ដាក់​កម្រិត​ដល់​កាក​បាទ​ក្រហម​នោះ​ឡើយ”។

បើ​ទោះ​ណា​ជាមាន​ការ​​ចុះ​​ផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយមួយ​ចំនួន​​ក៏​ដោយ ក៏​លោក ផៃ​ ស៊ី​ផាន បាន​មាន​ប្រសាសន៍ថា លោក​មិន​ដឹង​អំពី​ប្រសាសន៍​ប្រឆាំង​នឹង​គណ​បក្ស​ប្រឆាំង​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ឡើយ ហើយ​លោក​​បាន​អះ​អាង​ថា ​ទំនាក់​ទំនង​គ្រួសារ​​​របស់​លោក​ស្រី ប៊ុន រ៉ានី ជាមួយ​លោក​នាយក​​​​​រដ្ឋ​មន្ត្រី​មិន​ប៉ះ​ពាល់​ដល់​ការ​ងារ​របស់​លោក​ស្រី​ក្នុង​នាម​ជា​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ឡើយ។

លោក ផៃ ស៊ីផាន បាន​មាន​ប្រសា​សន៍​ដោយ​​មិន​ធ្វើ​ការ​បក​ស្រាយ​ល្អិត​ល្អន់​ថា “លោក​​ស្រី​គ្រាន់​តែ​ចូល​រួម​ក្នុង​នាម​ជា​បុគ្គល​ឯក​ជន​នៅ​ក្នុង​សកម្ម​ភាព​ឯក​ជន​ប៉ុណ្ណោះ ហើយ​ប្រើ​ប្រាស់​ថវិកា​ និង​ធន​ធា​ន​ផ្ទាល់​របស់​លោក​ស្រី ដូច្នេះ​លោក​ស្រី​អាច​ធ្វើ​អ្វី​ក៏បាន​ដែរឲ្យ​តែ​លោក​ស្រី​ចង់​ធ្វើ​”។ នៅ​ក្នុង​គេហ​ទំព័រ​របស់​ខ្លួន កាក​បាទ​ក្រហម​​កម្ពុជា បាន​លើក​ឡើង​ថា ស្ថាប័ន​នេះ​គោរព​តាម​គោល​ការណ៍​ជាមូល​ដ្ឋាន​ប្រាំពីរ​ចំណុច​របស់​ចលនាកាក​បាទ​ក្រហម និង​អឌ្ឍ​ចន្ទ​ក្រហម​ ដែល​រួម​មាន​អព្យា​ក្រឹត​ភាព​ជាដើម។

យោង​តាម​គេហ​ទំព័រ​របស់​កាក​បាទ​ក្រហម​​កម្ពុជា​បាន​ឲ្យ​ដឹង​ថា “ដើម្បី​បន្ត​ធ្វើ​ឲ្យ​មាន​ជំនឿ​​ទុក​ចិត្ត​​ពី​មនុស្ស​​គ្រប់​រូប​ ចលនា​នេះ​មិន​អាច​​​​ប្រឆាំង​ឬ​​ចូល​រួម​​ពាក់​ព័ន្ធ​ទៅ​នឹង​ភាព​ចម្រូង​ចម្រាស​ក្នុង​នយោ​បាយ​ ​ប្រកាន់​ជាតិ​សាសន៍ សាសនា​ ឬមនោគមវិជ្ជា​ណា​មួយ​ឡើយ”។

ទាំង​កាក​បាទ​ក្រហម​​កម្ពុជា​នៅ​ក្នុង​រាជ​ធានី​ ភ្នំ​ពេញ និង​គណៈកម្មា​ធិការ​កាក​បាទ​ក្រហម​អន្តរ​ជាតិ​​ក្នុង​ទីក្រុង​បាងកក ​កាល​ពី​ម្សិល​មិញ​បាន​​បដិ​សេធ​មិន​ឆ្លើយ​​តប​ទៅ​នឹង​សំណើ​សុំអត្ថា​ធិប្បាយ​អំពី​ជំហរ​របស់​ចលនា​នេះ​​ក្នុង​ការ​​ភ្ជាប់​​នយោ​បាយ​​ជាមួយ​​ជំនួយ​មនុស្ស​ធម៌​ឡើយ។
លោក ផៃ ស៊ីផាន ក៏​បាន​មាន​ប្រសា​សន៍​ផង​ដែរ​ថា “លោក​ស្រី ប៊ុន រ៉ានី មិន​មាន​អ្វី​ជាប់​ពាក់​ព័ន្ធ​នឹង​រដ្ឋា​ភិបាល​ឡើយ លោក​ស្រី​គ្រាន់​តែ​ជា​ភរិយា​របស់​នាយក​រដ្ឋ​មន្ត្រី​តែ​ប៉ុណ្ណោះ”។ លោក​បាន​បន្ថែម​ថា វា​ជា​ទម្លាប់​​ដែល​ភរិយា​របស់​មន្ត្រី​រដ្ឋា​ភិបាល​ជាន់​ខ្ពស់​ ឬ​សមាជិក​រាជ​វង្សានុវង្ស​ដឹក​នាំ​កាក​បាទ​ក្រហម​កម្ពុជា។ លោក ផៃ ស៊ីផាន បាន​មាន​ប្រសា​សន៍​ថា បច្ចុប្បន្ន​នេះ សម្តេច​ម៉ែ នរោត្តម មុនីនាថ ជា​ព្រះ​ប្រធាន​កិត្តិ​យស​កាកបាទ​ក្រហម​​​​កម្ពុជា៕(សារុន​)​

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.