33 C
Phnom Penh

កញ្ញា​ សាសា ​​​ដែល​​​ជា​​​អតីត​​​ពិធីការិនី​​​​​​ទូរទស្សន៍​​​ ដក​ពាក្យ​បណ្តឹង​បទ​ប៉ុន​​​ប៉ង​មនុស្ស​​​ឃាតប្រឆាំង​​​​​​លោក​​ សុខ ប៊ុន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កញ្ញា ឯក សុជាតា អតីត​​​ពិធី​​​ការិនី​ទូរទស្សន៍​​​ ​​​ហៅ​​​សាសា​​​ដែ​​ល​​​បាន​​​​​​ក្លាយ​​​ជា​​​ប្រធាន​​​បទ​​​នៃ​​​ការ​​​ពិភាក្សា​​​ដេញ​​​ដោល​​​អំពី​​​យេនឌ័រ​​​ និង​​​វណ្ណៈ​​​នៅ​​​កម្ពុជា​​​ បន្ទាប់​​​ពី​​​វីដេអូ​​​ឃ្លីប​​​មួយ​​​​​​ស្តី​​​ពី​​​នាង​​​​​​ត្រូវ​លោក សុខ ប៊ុន ឧកញ៉ា​​​ផ្នែក​​​អចលន​​​ទ្រព្យ​វាយ​​​ដំ​​​​​​បាន​​​បែក​​​ធ្លាយ​​​កាល​​​ពី​​​ខែ​​​កក្កដា ​​​បាន​​​ដក​​​ពាក្យ​​​បណ្តឹង​​​ដែល​​​ប្តឹង​​​ឧកញ៉ា​​​រូប​​​េនះ​​​ពី​​​បទ​​​ប៉ុន​​​ប៉ង​​​មនុស្ស​​​ឃាត​​​​​​កាល​​​ពី​​​ម្សិលមិញ។

អំឡុង​​​ពេល​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​រឿង​​​ក្តី​​​របស់​​​លោក សុខ​​​ ប៊ុន កាល​​​ពី​​​ម្សិល​​​មិញ ​​​លោក ពុធ ធាវី មេធាវី​​​របស់​​​កញ្ញា ឯក ​​​សុជាតា​​​ ​​​​​​ដែល​​​មាន​​​អាយុ​​​ខ្ទង់​​​២០​​​ឆ្នាំ​​​ក្រាស់​​​​​​​​​​​​បានប្រាប់​​​សាលា​​​ដំបូង​​​រាជធានីភ្នំពេញ​​​ថា ភាគី​​​ទាំង​​​ពីរ​​​បាន​​​ឈាន​​​ដល់​​​ការ​​​ព្រម​​​”​​​​សម្រប​សម្រួល​​​គ្នា​​​”​​​នៅ​ក្រៅ​​​តុលាការ​​​ ជា​​​លទ្ធផល​ដែល​​​អតីត​​​ពិធីការិនី​​​​រូប​​​នេះ​​​ និង​​​ឪពុក​​​របស់​​​នាង​​​ដំបូង​​​ឡើយ​​​​​​បាន​​​ប្ដេជ្ញា​​ច្រាន​​​ចោល​​​ដើម្បី​​​ឲ្យ​​​លោក ​​​សុខ ប៊ុន ប្រឈម​​​នឹង​​​វិធាន​​​ការ​​​ផ្លូវ​​​ច្បាប់​​​ពេញ​​​លេញ​​​។

ក្រោយមក​​​ មេធាវី​​​រូប​​​នេះ​​​បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌មាន​​​ថា លោក សុខ ប៊ុន បាន​​​បង់​​​ប្រាក់​​​មក​​​ឲ្យ​​​កូន​​​ក្តី​​​របស់​​​លោក​​​ដើម្បី​​​ឲ្យ​​​មានការ​ដក​​​ពាក្យ​​​បណ្តឹង​​​វិញ ប៉ុន្តែ លោក​​​បាន​​​បដិសេធ​​​មិន​​​បញ្ជាក់​​​ពី​​​ចំនួនទឹកប្រាក់​​​​នោះ​​​ឡើយ។

កញ្ញា ឯក សុជាតា​​​ ​​​ដែល​​​មិន​​​បាន​​​ចូល​​​រួម​​​សវនាការ​​​ និង​​​ដែល​​​បាន​​​អះ​​​អាង​​​អំឡុង​​​ពេល​​​ព្រឹក​​​ថា មេធាវី​​​របស់​​​នាងមាន​ភាព​មិនស្មោះ​ត្រង់​ក្នុង​ការ​បញ្ចប់​ពាក្យ​​​​បណ្តឹង​​​របស់​​​នាង​​​​នោះ​​​ បាន​​ទទួល​​​ស្គាល់​​​អំឡុង​​​ពេល​​​ល្ងាច​​​ថា ​​​ខ្លួន​មិន​បាន​​​​​​រក្សាពាក្យសន្យា​ដែលថា​​​​ចង់​​​ឃើញ​​​​​​​​​ឧកញ៉ា​​​រូប​​​េនះ​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ប៉ុន្តែ ថា​​​ កញ្ញា​​​ធ្វើ​​​ដូច្នេះ​​​គឺ​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​អំពី​​​គ្រួសារ​​​របស់​​​ជន​​​ដែល​​​វាយ​​​ដំមក​​​លើ​​​រូប​​​នាង​​​។

កញ្ញា ឯក សុជាតា​​​ ​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​ច្រាន​​​​​​ ចោល​​​ព័ត៌មាន​​​ទាំង​​​អស់​​​ដែល​​​ថា ខ្ញុំ​​​ទទួល​​​ប្រាក់​​​ពី​​​លោក​​​ សុខ ប៊ុន ។ ខ្ញុំ​​​ឈប់​​​ប្តឹង​​​មិន​​​មែន​​​ដោយ​​​សារ​​​តែ​​​រឿង​​ប្រាក់​នោះ​​​ទេ​​​ ​​​គឺ​​​ដោយ​​​សារ​​​​​​តែ​​​រឿង​​​គ្រួសារ​​​។ សុខ ប៊ុន មាន​​​ប្រពន្ធ​​​​​​កំពុង​​​មាន​​​ផ្ទៃ​​​ពោះ​​​​​​ ដែល​​​​នឹង​​​​​​​​​​សម្រាល​​​ក្នុ​​​ង​​​ពេល ​​​ឆាប់ៗ​​​។គាត់​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ហើយ​​​បាន​​​ទទួល​​​កំហុស​​​របស់​​​ខ្លួន​​​។ មនុស្ស​​​គ្រប់​​​រូប​​​ត្រូវ​​​ការ​​​ឱកាស​​​ តើ​​​មែន​​​ទេ?”។

លោក សុខ ប៊ុន ដែល​​​ត្រូវ​​​បានបញ្ជូនទៅ​​​​ឃុំ​​​ឃាំង​ជា​​​​បណ្តោះ​​​អាសន្ន​​​នៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​ក្រោយ​​​ពេល​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​​​​ បាន​​​ទៅ​​​​​​ពិនិត្យ​​​សុខភាព​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​មិត្ត​​​ភាពខ្មែរ​​​-​​​សូវៀត នេះ​​​បើ​​​យោង​​​តាម​​​គណៈ​​​គ្រប់​​​គ្រង​​​មន្ទីរ​​​ពេទ្យ​​​នេះ​​​។ លោក​​​ក៏​​​បាន​​​អវត្ត​​​មានដែរ​​​​អំឡុង​​​ពេល​​​បើក​​​សវនាការ​​​​កាល​​​ពី​​​ម្សិលមិញ​​។​

​​​ចៅ​​​ក្រមប្រធាន​​​ក្រុមប្រឹក្សា​​​ជំនុំ​​​ជម្រះ​​​ សូ លីណា បាន​​​បញ្ជាក់​​​ថា ពាក្យ​​​បណ្តឹង​​​របស់​​​កញ្ញា ឯក សុជាតា​​​ ​​​ត្រូវ​​​បាន​​​ដក​​​វិញ​​​ហើយ​​​ ខណៈ​​​ព្រះ​​​រាជ​​​អាជ្ញា​​​ ហីុង ប៊ុន​​​ថន លើក​​​ឡើង​​​ថា លោក សុខ ប៊ុន នឹង​​​នៅ​​​តែ​​​ប្រឈម​​​ការ​​​​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ដោយ​​​ចេតនា​​​ដែល​​​​មាន​​​ស្ថាន​​​ទម្ងន់​​​ទោស​​​ និង​ដែល​​​​​​ត្រូវ​​​ជាប់​​​ពន្ធនាគារ​​​ចន្លោះ​​​ពី​​​២​​​ឆ្នាំ​​​ទៅ​​​៥​​​ឆ្នាំ​​​។

អង្គរក្ស​​​របស់​​​អ្នក​​​ជំនួញ​​​មាន​​​ទ្រព្យ​​​សម្បត្តិ​​​ស្ដុកស្ដម្ភ​​​រូប​​​នេះ​​​ ដែល​​​គេ​​​ឃើញ​​​កាន់​​​កាំភ្លើង​​​ខ្លី​​​ភ្ជុង​​​់ក្បាល​កញ្ញា ឯក សុជាតា​​​ ​​​អំឡុង​​​ការ​​​វាយ​​​ដំ​​​ដ៏​​​ឃោរ​​​ឃៅ​​​ក្នុង​​​ភោជនីយ​​​ដ្ឋាន​​​មួយ​​​កន្លែង​​​នៅ​​​កោះ​​​​​​ពេជ្រ​​​​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២ ខែ​​​កក្កដា ​​​ដែល​​​ នាង​​​ត្រូវ​​​គេ​​​បោច​​​សក់​​​អូស​​​កាត់​​​តុ​​​ ដាល់​​​ទាត់​​​ធាក់​​​ និង​​​ជាន់​​​​​​យ៉ាង​រន្ថើន​​​នោះ​ កំពុង​​​ប្រឈម​​​ពី​​​បទ​​​ប៉ុន​​​​​​ប៉ង​​​មនុស្ស​​​ឃាត​​​ ដោយ​​​សារ​​​​​​បាន​​​​​​កេះ​​​​​​កៃ​​​កាំភ្លើង​​​បាញ់​​​ ប៉ុន្តែ បាញ់​​​មិន​​​ចេញ​​​។

នៅ​​​ក្នុង​​​តុលាការ​​​កាល​​​ពី​​​ម្សិល​​​មិញ ​​​លោក ​​​សេង សុវីណា ​​​​​​មេធាវី​​​របស់​​​លោក សុខ ​​​ប៊ុន ​​​បាន​​​លើក​​​ឡើង​​​ថា កូនក្តី​​​របស់​​​លោក​​​វាយ​​​ដំ​​​លើ​​​កញ្ញា ឯក សុជាតា​​​ ដោយ​​​សារ​​​គាត់​​​ស្រវឹង​​​ស្រា ហើយ​​​មិន​​​អាច​​​ទប់​​​កំហឹង​​​បាន ​​​ពេល​​​កញ្ញា ​​​ សាសា ជេរ​​​ប្រទេច​​​​​​មក​​​លើ​​​រូប​​​​​​គាត់​​​ជុំ​​​វិញ​​​ការ​​​តាម​​​ទាក់​​​ទង​​​សុំ​​​ស្រឡាញ់​​​មិត្ត​ស្រី​​​របស់​​​នាង​​​ ដែល​​​ក៏​​​ស្រវឹង​​​​ជោកជាំ​​​ដែរ​​​នោះ​​​។

មេធាវី​​​រូប​​​នេះ​​​បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​តុលាការ​​​ពិចារ​​​ណា​​​ចំពោះ​គ្រួសារ​​​​ដ៏ក្មេង​ខ្ចី​របស់​​​​ចុង​​​ចោទ​​​ និង​​​សុខភាព​​​មិន​​​​​​ល្អ​​​របស់គាត់​​នៅ​​​ក្នុង​​​ការ​​​ផ្តន្ទាទោស​​​របស់​​​ខ្លួន​​​។ លោក​​​ សេង ​​​សុវីណា ​​​​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា លោក សុខ ប៊ុន មាន​​​ដំ​​​ុគិស​​​​​​​​​នៅ​​​ត្រង់​​​ក​​​ និង​​​ដុំ​​​ក្រួស​​​ក្នុង​​​តម្រង​​​នោម​​​ហើយ​​​ថា ប្រពន្ធ​​​របស់​​​គាត់​​​កំពុង​​​តែ​​​​​​តស៊ូ​​​យ៉ាង​លំបាក​ក្នុង​​​ការ​​​មើល​​​ថែ​​​ទាំ​​​កូន​​​​​​ៗ​​​​​​៣​​​នាក់​​​ រួម​​​ទាំង​​​​​​ កូន​​​ម្នាក់​​​ដែល​ទើប​តែ​សម្រាល​ផង​​​ដែរ។

លោក​​​បាន​​ថ្លែង​​​ថា “កូន​​​ក្ត​​ី​របស់​​​ខ្ញុំ​​​បាន​​​ជាប់​​​ពន្ធនាគារ​​​អស់​​​រយៈ​​​ពេល​​​ជាង​​​៦​​​ខែ​​​មក​​​ហើយ ​​​ហេតុ​​​ដូច្នេះ​​​សូម​​​ពិចារណា​​​អំពី​​​ភាព​​​លំបាក​​​ទាំង​​​នេះ”​​​។ លោក​​​បាន​​​​​​លើក​​​ឡើង​​​ទៀត​​​ថា ​​​ការ​​​ជាប់​​​ពន្ធនាគារ​​​របស់​​​លោក សុខ ប៊ុន ​​​គឺ​​​មាន​​​ តែ​​​ប៉ះ​​​ពាល់ដ​​​ល់​​​សេដ្ឋកិច្ច​​​ទៅវិញ​​​ទេ ព្រោះ​​​​​​​​​គាត់​​​មិន​​​អាច​​​ជួល​​​បុគ្គលិក​​​ថ្មី​​​ទៀត​​​​បាន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “ខ្ញុំ​​​ក៏​​​ចង់​​​បញ្ជាក់​​​ផង​​​ដែរ​​​ថា ដើម​​​ចោទ​​​​​​មិន​​​គ្រាន់​​​តែ​​​បាន​​​​​​ដក​​​ពាក្យ​​​បណ្តឹង​​​នោះ​​​ទេ ប៉ុន្តែ ថែម​​​ទាំង​​​​​​បាន​​​ទទួល​​​សំណង​​​រដ្ឋប្បវេណី​​​ពី​​​កូន​​​ក្តី​​​របស់​​​ខ្ញុំ​​​ទៀត​​​ផង​​​។​ លោក​​​ក៏​​​បាន​​​បដិសេធ​​​​​​មិន​​​បញ្ជាក់​​​ពី​​​ចំនួន​​​ទឹក​ប្រាក់​​​ដែរ​​​។

កញ្ញា ឯក សុជាតា​​​ ​​​ដំបូង​​​ឡើយ​​​បាន​​​ច្រាន​​​ចោល​​​ការ​​​ផ្តល់​​​ប្រាក់​​​សំណង​​​ចំនួន​​​៤០.០០០​​​ដុល្លារ និង​​​១០០.០០០​​​ដុល្លារ​​​ពី​​​លោក ​​​សុខ ​​​ប៊ុន ដោយ​​​លើក​​​ឡើង​​​​​១០​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​ការ​​​វាយ​​​ដំ​​​​​​​ថា “ខ្ញុំ​​​នឹង​​​មិន​​​​​​ធ្វើ​​​ការ​​​សម្របសម្រួល​​​ណា​​​មួយ​​​នៅ​​​ក្រៅ​​​តុលាការ​​​ឡើយ​​​”។

វីដេអូ​​​ឃ្លីប​​​ដែល​​​ស្តី​​​ពី​​​ការ​​​វាយ​​​ដំ​​​នេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​ផ្ទុះ​​​ឡើង​​​នូវ​​​ការ​​​ពិភាក្សា​​​ដេញ​​​ដោល​​​​ជា​​​សាធារណៈ​​​អំពី​​​អត្តចរិត​​​របស់​​​អ្នក​​​មាន​​​ប្រាក់ ​​​និង​​​មាន​អំណាច​​​នៅ​​​កម្ពុជា និង​​​ការ​​​យល់​ឃើញ​​​​​​ ដែល​​​ថា ​​​ពួក​​​គេ​​​មាន​​​សិទ្ធិ​​​​​​ធ្វើ​​​ដាក់​​​អ្នក​​​ដទៃ​​​ ជា​​​ពិសេស​​​ស្ត្រី​​​ដូច​​​មនុស្សមិនសូវសំខាន់​។

​​​អ្នក​​​នយោបាយ​​​​​​​​​ក៏​​​​​​បាន​ប្រកាស​​​ថ្កោល​ទោស​ចំពោះ​​​​ការ​​​វាយ​​​ដំ​​​នេះ​​​ផង​​​ដែរ​​​។ ​​​លោក  ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ បាន​​ទិតៀន​មន្ត្រី​​​នគរ​​​បាល​​​ដែល​​​លោក​​​បាន​​​ចោទ​​​ប្រកាន់​​​​​​ថា បាន​​​ជួយ​​​លោក សុខ ប៊ុន ឲ្យ​​​គេច​​​ខ្លួន​​​​​​ប៉ុន្មាន​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​វីដេអូ​​​ឃ្លីប​​​បែក​​​ធ្លាយ​​​ជា​​​សាធារណៈ ចំណែក​​​ឯ​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ហ៊ុន សែន បាន​​​អំពាវ​​​នាវ​​​​​​ឲ្យ​​​នាំ​​​ឧកញ៉ា​​​នេះ​​​មក​​​ផ្តន្ទា​​​ឲ្យ​​​បាន។

លោក​​​បាន​​​ថ្លែង​​​ថា “​​​បើ​​​យើង​​​មើល​​​តាម​​​ឃ្លីប​​​វីដេអូ​​​គឺ​​​វា​​​ហួស​​​ហេតុ​​​ពេក​​​ហើយ ហិង្សា​​​ បែបនេះគឺវា​​​ហួស​​​ហេតុ​​​ពេក​​​ហើយ​​​ចំពោះ​​​ស្ត្រី​​​ទន់​​​ខ្សោយ​​​។ កុំ​​​គិត​​​ថា ​​​ដោយ​​​​​​សារ​​​អ្នក​​​ឯង​​​មាន​​​លុយ​​​អាច​​​ដោះ​​​ស្រាយ​​​បញ្ហា​​​បាន​​​នោះ​​​”។​​​​​​​​​

ភ្លាមៗ​បន្ទាប់ពី​​រូប​ភាព​​​វីដេអូ​​​​​​​​នេះ​​​បាន​បែក​ធ្លាយ​​តាម​​ប្រព័ន្ធ​អុីនធឺណិត​ លោក សុខ ប៊ុន បាន​ភៀស​ខ្លួនទៅ​ប្រទេស​សិង្ហបុរី​​​​​ ដែល​គាត់​​អះអាង​ថា​ទៅ​ដើម្បី​​​​ទទួល​​​ការ​​​ព្យាបាល​ជំងឺ​ស្ត្រេស​​ក្នុង​ចំណោម​ជំងឺ​ផ្សេងៗ​ទៀត។ គាត់​បាន​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​​វិញ​ក្រោយ​​​​​​ពី​​​​​លោក ហ៊ុន សែន ​បាន​កោះហៅ​​​​ប៉ុណ្ណោះ ហើយ​ត្រូវ​ចាប់​ខ្លួន​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។

​អំឡុង​​​ពេល​​​​​​​​​​​​ស្ថិត​​​នៅ​​​ក្រៅ​​​ប្រទេស គាត់​បាន​​​​ប្រកាស​​​បោះបង់​​គោរមងារ​ជា​ឧកញ៉ា​​និង​ចុះ​ចេញ​ពី​តំណែង​ប្រធាន​​សមាគមអ្នក​វាយ​តម្លៃ និង​ភ្នាក់​ងារ​អចលនវត្ថុ​កម្ពុជា និង​នាយក​​ក្រុម​ហ៊ុន​ TEHO-SBG Development របស់​​​​ខ្លួន​​​​​។

បន្ទាប់ពី​​​​​ការ​​​សាក​សួរ​នៅ​ក្នុង​តុលាការ​​ជុំវិញ​​សំណុំរឿង​នេះ​​កាលពី​ខែ​កក្កដា លោក អ៊ុត ធី ឪពុក​​របស់​​កញ្ញា ឯក សុជាតា ដែល​មាន​គោរមងារ​ជា​​ឧកញា៉​ដែរ បាន​ឲ្យ​​​ដឹង​​​​ថា ​​​មាន​​​ពាណិជ្ជករ​មាន​ឥទ្ធិពល​ជាច្រើន​បាន​ទាក់​ទង​ទៅ​លោក​​ជួស​មុខ​ឲ្យ​លោក សុខ ប៊ុន ដូច​​ជា​ “​[ឧត្ដម​សេនីយ៍​] ផ្កាយបី​ ផ្កាយ​បួន​​​បានសុំ​ឲ្យ​ខ្ញុំ​បញ្ចប់​​សំណុំរឿង​នេះ​​​ ហើយ​សុំ​ឲ្យ​ខ្ញុំ​លុប​វីដេអូ​ឃ្លីប​នោះ​”។ ​

ពេលទទូច​​​​​​សួរ​កាលពី​ម្សិលមិញ​ថា ហេតុ​អ្វី​បាន​ជា​នាង​ដក​ពាក្យ​បណ្ដឹង​របស់​ខ្លួន​ក្រោយ​ ពី​ប្រកាន់​ជំហរ​​រឹង​មាំ​​ក្នុង​យុទ្ធនាការ​ដ៏ធំ​មួយ​ដើម្បីទប់​ស្កាត់​អំពើហិង្សា​លើ​ស្ត្រី​នោះ កញ្ញា ​​​ឯក សុជាតា និយាយ​ថា ការ​ចូល​រួម​របស់​នាង​មិន​ពាក់​ព័ន្ធ​​​​ការ​ផ្ដន្ទាទោស​ទេ។ នាង​និយាយ​ថា “​​​​​​វា​​​​មិន​​​ពាក់​ព័ន្ធ​រឿង​ខ្ញុំ​ដក​ពាក្យ​បណ្ដឹង​ទេ។ វា​ជា​រឿង​ដែល សុខ ប៊ុន ត្រូវ​ជាប់​គុក​។ ​សម្ដេច​ ​​​ហ៊ុន សែន បាន​មាន​ប្រសាសន៍​​ហើយ​ថា ទោះ​​​​​ ខ្ញុំ​ដក​ពាក្យ​បណ្ដឹង​ ក៏​គាត់​នៅ​តែ​​​ត្រូវ​ប្រឈម​​​​មុខ​​​នឹង​តុលាការ​​តាម​ផ្លូវ​ច្បាប់ដែរ​​​​​​​​”។

លោកស្រី ធីតា ឃឹះ អ្នក​តស៊ូ​មតិ​ដើម្បី​សិទ្ធិស្ត្រី​​ដ៏​ល្បីល្បាញ​មួយរូប និង​ជា​​នាយិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្លាប់​រិះគន់​​​​ទង្វើ​របស់​លោក សុខ ប៊ុន និង​ទង្វើ​របស់​​បុរស​មាន​អំណាច​ផ្សេងៗ​ទៀត បាន​មាន​ប្រសាសន៍​​​​ ថា ការ​សម្រេច​ចិត្ត​របស់​កញ្ញា ឯក សុជាតា ដក​​ពាក្យ​បណ្ដឹង​របស់​ខ្លួន​​ គឺ​ជា​​​ការ​វាយ​សំពង​​​ចំពោះ​ការ​ជំរុញ​​ឲ្យ​មាន​​សមភាព​យេនឌ័រ។

លោក​ស្រី​​​លើក​​​ឡើង​​​ថា “​ខ្ញុំ​មិន​ដឹង​រឿង​រ៉ាវ​ទាំង​មូល​​​ថាវា​ជា​រឿង​លុយ​​ ឬ​ជារឿង​អ្វី​ផ្សេង​ទេ ប៉ុន្តែ​វា​គួរ​​​​ឲ្យ​​​ខក​ចិត្ត​ណាស់។ វា​ធ្វើ​ឲ្យ​​​​​ចុះ​​​ខ្សោយដល់​​​​​​​​ការ​អំពាវ​នាវ​​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​លើ​ករណី​ដែល​ចាំបាច់​​ខ្លាំង​ត្រូវ​ដោះស្រាយ​​​​”៕ ស៊ុយឈាង និង សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស