34.8 C
Phnom Penh

កម្មករ​ប្រហែល​​​២.០០០​​​នាក់​ហែក្បួន​​​ក្នុង​ទិវា​​​ពលកម្ម​​​អន្តរជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ កម្មករ​​​ប្រហែល​​​២.០០០​​​​​នាក់​​​នៅ​​​ក្នុង​​​​រាជធានី​​​ភ្នំពេញ​បាន​ផ្គើន​បម្រាប​​​រដ្ឋាភិបាល​​​​ដែល​ហាម​មិន​ឲ្យ​​​​ប្រារព្ធ​​​ទិវា​​​ពល​កម្ម​​​​​អន្តរជាតិឡើយ​ ដោយ​បាន​នាំ​គ្នា​​ធ្វើ​​​​ការ​​​ហែ​​​ក្បួន​​​មួយ​​​អាច​​​ទៅ​​​ជិត​​​ដល់​​​រដ្ឋសភា ​​កន្លែង​​​ដែល​​​ពួកគេ​​​បាន​​​អំពាវនាវ​​​សុំ​​​​​​ដំឡើង​​​ប្រាក់​​​ខែ និង​​​ឲ្យ​​​មាន​​​ការ​​​កែប្រែ​​​ច្បាប់​​​សហជីព​​​ដែល​​​ទើប​​​តែ​​​អនុម័ត​​​នា​​​ពេល​​​ថ្មីៗ​​​នេះ។

ដូច​​​ដែល​​​បាន​​​ធ្វើ​​​មុន​​​ទិវា​​​ពលកម្ម​​​អន្តរជាតិ​​​កន្លង​​​មក សាលា​​​រាជធានី​ភ្នំពេញ​​​កាលពី​​​សប្តាហ៍​​​​មុន​​​បាន​​​បដិសេធ​​​សំណើ​​​របស់​​​សហជីព​​​សុំ​​​ហែ​​​ក្បួន​​​នៅ​​​​រាជធានី​​​​ភ្នំពេញ ដោយ​​​សំអាង​​​មូលហេតុ​​​ថា ពួកគេ​​​នឹង​​​បង្ក​​​ឲ្យ​​​មាន​​​បញ្ហា​​​ច្រើន​​​​​ដល់​​​អ្នក​​​បើកបរ​​​នៅ​​​ចុង​​​សប្ដាហ៍។ ប៉ុន្តែ​​​ដូច​​​ពី​​​មុន​​​អ៊ីចឹង សហជីព​​​មួយ​​​ចំនួន​​​មិន​​​ធ្វើ​​​តាម​​​ការ​​​ព្រមាន​​​ទេ ដោយ​​​ធ្វើ​​​តាម​​​ការ​​​គ្រោង​​​ទុក​​​របស់​​​ខ្លួន គ្រាន់តែ​​កែច្នៃ​​​បន្តិច​​​បន្តួច។

cam-photo-labor-dayជំនួស​​​ការ​​​ដើរ​​​ហែ​​​ពី​​​វត្តភ្នំ លោក អាត់ ធន់ ប្រធាន​​​សហភាព​​​ការងារ​​​កម្ពុជា បាន​​​ដឹកនាំ​​​កម្មករ​​ប្រមាណ​​​២.៥០០​​​នាក់​​​ពី​​​ខាង​​​ក្រៅ​​​ស្ថានទូត​​​រុស្ស៊ី​​​នៅ​​​ម៉ោង​​​ប្រហែល​​​៨​​​ព្រឹក។ ​ដោយ​​​ត្រូវ​រារាំង​​​ដោយ​​​នគរបាល​​​ប្រហែល​​​១០០​​​នាក់​​​មិន​​​ឲ្យ​​​ដើរ​​​តាម​​​ផ្លូវ​​​សុធារស ក្រុម​​​កម្មករ​​​បាន​​​ប្តូរ​​​ផ្លូវ​​ជិត​​​ក្រសួង​​​ការបរទេស​និង​​​កាស៊ីណូ​​ ណាហ្គាវើល មុន​​​ពេល​​​ត្រូវ​​​រាំង​​​ផ្លូវ​​​ជា​​​ថ្មី​​​ទៀត​​​នៅ​​​តីរ​វិធី​​​ស៊ីសុវត្ថិ តែ​​​ប៉ុន្មាន​​​រយ​​​ម៉ែត្រ​​​ពី​​​សភា ជា​​​កន្លែង​​​ដែល​​​ពួកគេ​​​ជួបជុំ​​​គ្នា​​​រហូត​​​ដល់​​​ម៉ោង​​​១១​​​ព្រឹក។

ទីបំផុត​តំណាង​​​៨​​​រូប​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​សភា​​​ដើម្បី​​​ប្រគល់​​​ញត្តិ​​​របស់​​​ខ្លួន​​​ទៅ​​​គណៈកម្មការ​​​សិទ្ធិ​​​មនុស្ស។ ក្នុង​​​ចំណោម​​​ការ​​​ទាមទារ​​​សំខាន់ៗ​​​របស់​​​ពួកគេ​​​គឺ​​​ការ​​​សុំ​​​ដំឡើង​​​ប្រាក់​​​ខែ​​អប្បបរមា​​​បច្ចុប្បន្ន​​​១៤៥​​​ដុល្លារ​​​របស់​​​កម្មករ​​​កាត់​​​ដេរ​​​ដល់​​​២០៧​​​ដុល្លារ។

អ្នក​​​ស្រី រស់ គា កម្មករ​​​កាត់​​​ដេរ​​​ដែល​​​មក​​​ពី​​​ខេត្ត​​​កណ្តាល​​​ដើម្បី​​​ចូលរួម​​​ការ​​​ហែ​​​ក្បួន​​​នេះ ​បាន​​​និយាយ​​​ថា “ខ្ញុំ​​​រីករាយ ដែល​​​ខ្ញុំ​​​មាន​​​ឱកាស​​​នេះ​ដើរ​​​ហែ​​​នៅ​​​ទិវា​​​ពលកម្ម​​​អន្តរជាតិ ដើម្បី​​​ទាមទារ​​​ឲ្យ​​​មាន​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​របស់​​​យើង។ ប៉ុន្តែ​​​ខ្ញុំ​​​មិន​​​សង្ឃឹម​​​ថា គេ​​​នឹង​​​ដំឡើង​​​ដល់​​​២០៧​​​ដុល្លារ​​​ទេ ពីព្រោះ​​​យើង​​​ធ្លាប់​​​ទាម​ទារ​​​១៦០​​​ដុល្លារ ប៉ុន្តែ​​​បាន​​​ត្រឹម​​​តែ​​​១៤៥​​​ដុល្លារ​​​​​​ប៉ុណ្ណោះ”។

អ្នក​​​ស្រី រស់ គា បាន​​​និយាយ​បន្ថែម​​​​ថា អ្នក​​​ស្រី​និង​​​ប្តី​របស់​​​អ្នក​​​ស្រី​ខំ​​​ប្រឹង​​​ទាំង​​​លំបាក​​​ដើម្បី​​​ចិញ្ចឹម​​​កូន​​​៦​​​នាក់​​​របស់​​​ខ្លួន​​​ផ្អែក​​​លើ​​​ប្រាក់​​​ដែល​​​រក​​​បាន។

អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា ”ខ្ញុំ​​ចង់​​​បាន​​​៣០០​​​ដុល្លារ​​​មួយ​​​ខែ​​​ដើម្បី​​​រស់ ពីព្រោះ​​​ខ្ញុំ​​​ចំណាយ​​​៥០​​​ដុល្លារ​​​គ្រាន់តែ​​​ថ្លៃ​​​ជួល​​​ផ្ទះ ដូច្នេះ​​​ខ្ញុំ​​​ត្រូវ​​​រក​​​ប្រាក់​​​ពី​​​ការងារ​​​ផ្សេង​​​ទៀត​​​ដើម្បី​​​ទ្រទ្រង់​​​ការ​​​ចំណាយ​​​ប្រចាំ​​​ខែ​​​របស់​​​យើង”។

ប៉ុន្តែ កាលពី​​​ម្សិលមិញ​​​មិន​​​មែន​​​សហជីព​​​ទាំង​​​អស់​​​បន្ត​​​ការ​​​ហែ​​​ក្បួន​​​របស់​​​ខ្លួន​​​នោះ​​​ទេ។

កម្មករ​ជួប​​ជុំគ្នា​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ ដើម្បី​​អបអរ​ទិវារ​​ពលកម្ម​អន្តរជាតិ​​ ផ្គើន​នឹង​បម្រាម​របស់​សាលា​រាជធានី​។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
កម្មករ​ជួប​​ជុំគ្នា​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ ដើម្បី​​អបអរ​ទិវារ​​ពលកម្ម​អន្តរជាតិ​​ ផ្គើន​នឹង​បម្រាម​របស់​សាលា​រាជធានី​។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

សហជីព​​​ប្រហែល​​​១០​​​និង​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​បាន​​​បោះ​​​បង់​​​ផែនការ​​​របស់​​​ខ្លួន​​​ដែល​គ្រោង​ហែ​​​ក្បួន​ចេញពី​ពហុកីឡដ្ឋាន​​​​អូឡាំពិក​​​ទៅ​​​ក្រសួង​​​ការងារ ហើយ​​​បាន​​​ទុក​​កម្មករ​​​ប្រហែល​​​៤០០​នាក់​​ដែល​​​បាន​​​ចូលរួម​ជាមួយ​​​​នឹង​​​ពួកគេ​​​​ឲ្យ​នៅ​កន្លែង​នេះ​ បើ​​​ទោះ​​ជា​​​ពួកគេ​​​មិន​​​ទទួល​​​រង​​​បម្រាម​​​របស់​​​សាលា​​​រាជធានី​​​ក៏ដោយ។

សំដៅ​​​ដល់​​​​បណ្ដឹង​​ដែល​ចេះ​តែ​កើត​ឡើង​​​​​របស់​​​រដ្ឋាភិបាល​​​ប្រឆាំង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​និង​​​អ្នក​​​គាំទ្រ​​​សិទ្ធិ​​​មនុស្ស​នោះ​ មេដឹកនាំ​​​កម្មករ លោក វន់ ពៅ បាន​​​និយាយ​​​ថា​​​”ធាតុ​​​អាកាស​​​ថ្ងៃ​​​នេះ​​​ក្តៅ ហើយ​​​​ស្ថានការណ៍​​​នយោ​​បាយ​​​ក៏​​​​​ក្តៅ​​​ដែរ”។

លោក​​​បាន​​​និយាយ​​​ថា ”សិទ្ធិ​​​របស់​​​យើង​​​កាន់តែ​​​តិច​​​ទៅៗ។ ដូច្នេះ​​​ហើយ ទើប​យើង​​រំឭក​ទិវា​នេះ​​​នៅ​​​ពហុកីឡាដ្ឋាន”។

លោក ទេស រុក្ខាផល សមាជិក​​​គណៈ​កម្មា​ធិការ​​​របស់​​​ក្រសួង​​​ការងារ​​​ទទួល​​​បន្ទុក​​​ដោះ​ស្រាយ​​​បញ្ហា​​​កូដកម្ម បាន​​​ចេញ​មក​ទទួល​​​ញត្តិ​​​ពី​​​ក្រុម​​​ទាំង​​​នោះ។

ខណៈ​​​ដែល​​​សហជីព​​​បាន​​​ជួបជុំ​​​គ្នា​​​នៅ​​​ជិត​​​រដ្ឋសភា ពួកគេ​​​បាន​​​ទាមទារ​​​ឲ្យ​​​មាន​​​ការ​​​កែ​ប្រែ​​​​ច្បាប់​​​សហជីព​​​ស្រប​​​តាម​​​អនុសញ្ញា​​​អង្គការ​​​ពលកម្ម​​​អន្តរជាតិ ដែល​​​ប្រទេស​​​កម្ពុជា​​​បាន​​​ចុះ​​​ហត្ថលេខា។ មុន​​​មាន​​​ការ​​​អនុម័ត​​​ដោយ​​​សភា​​​កាលពី​​​ខែ​​​មុន សហជីព​​​មួយ​​​ចំនួន​​​បាន​​​តវ៉ា​​​ថា ច្បាប់​​​ថ្មី​​​នេះ​​​រឹតត្បិត​​​ណាស់។ ឧស្សាហ​កម្ម​​​កាត់​​​ដេរ​​​បាន​​​លើក​​​ហេតុផល​​​ថា ច្បាប់​​​ថ្មី​​​នេះ​​​ត្រូវការ​​​​ជា​​ចាំបាច់​​​ដើម្បី​​​ដាក់​​​បទ​​​បញ្ជា​​​ថែម​​​ទៀត​​​លើ​​​កម្លាំង​​​ការងារ​​​ដែល​​​មិន​​​ស្តាប់​​​បង្គាប់៕និត​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស