35 C
Phnom Penh

កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ជាច្រើន​​នាក់​​​ក្នុង​​​ក្រុង​​​បាវិត​​​​​​ខេត្ត​​​ស្វាយរៀង​​​បាន​​​ដួល​​​សន្លប់ ​​ដោយ​​​សារ​​​ក្លិន​​​សារធាតុ​​​គីមី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​សហជីព​ម្នាក់​​​បាន​​​ឲ្យ​​​ដឹង​​​​កាលពី​ម្សិល​​​មិញ​ថា កម្មករ​ជាង​៦០​នាក់​បាន​ដួល​សន្លប់​នៅ​រោងចក្រ​កាត់​ដេរ You Li International ក្នុង​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង កាលពី​ព្រឹក​ថ្ងៃ​​​សុក្រ ដោយ​សារ​ក្លិន​សារធាតុ​គីមី និង​ក្លិន​លូ​​​ទឹក​ស្អុយ​។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​មាន​ប្រសាសន៍​ថា កម្មករ​៦១​នាក់​បាន​ដួល​សន្លប់​បន្ទាប់ពី​កម្មករ​ម្នាក់​បាន​ដួលសន្លប់​​​នៅ​ក្នុង​រោងចក្រ​កាត់​ដេរ​ ដែល​កាន់​កាប់​ដោយ​​​ជនជាតិ​តៃ​​​វ៉ាន់​​ ដែល​នាំ​ចេញ​សម្លៀក​បំពាក់​ឈុត​ក្នុង​ទៅ​ប្រទេស​ជប៉ុន។

លោក ប៉ាវ ស៊ីណា បាន​មាន​ប្រសាសន៍​ថា កម្មករ​បាន​ដួល​សន្លប់​ភ្លាមៗ​បន្ទាប់​​​ពី​​​ធុំ​ក្លិន​សារ​​​ធាតុ​គីមី​ដែល​គេ​​​បាញ់​លើ​ក្រណាត់​​​ដើម្បី​​​ការ​​​ពារ​​​​នៅ​ក្នុង​រោងចក្រ​។

លោក​បាន​​​មាន​ប្រសាសន៍​ថា “មាន​មូលហេតុ​ពីរ គឺ​ទី១​បញ្ហា​បរិស្ថាន គឺ​ក្លិន​អាក្រក់​ជះ​មក​​​ពី​បង្គន់​​​​អនាម័យ​។ ទី២​ក្លិន​អាក្រក់​មក​​​ពី​សារធាតុគីមី​ដែល​គេ​ប្រើ​ដើម្បី​ការ​ពារ​ក្រណាត់”។

លោក ប៉ាវ ស៊ីណា បាន​​​មាន​ប្រសាសន៍​ថា កម្មករ​ទាំង​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​ក្រុង​។ លោក​បាន​បន្ថែម​ថា “អាការរោគ​របស់​​​ពួកគេ​​​គឺ​វិល​មុខ ក្អួត​ចង្អោរ និង​​ពិបាក​ដក​ដង្ហើម ប៉ុន្តែ​ពួកគេ​បាន​ធូរ​​​ស្រាល​​​វិញ​​​ហើយ​​​​បន្ទាប់ពី​ត្រូវ​បាន​បញ្ជូន​​​ទៅ​មន្ទីរពេទ្យ”។

តំណាង​រោងចក្រ​មិន​អាច​ទាក់​ទង​សុំ​​​អត្ថាធិប្បាយ​បាន​ទេ។ សហជីព​បាន​រាយ​ការណ៍​ថា មាន​កម្មករ​ដួល​សន្លប់​ចំនួន​១.៨០៦នាក់​​នៅ​រោងចក្រ​កាត់​ដេរ​ចំនួន​៣៤​ក្នុង​ឆ្នាំ​២០១៤ គឺ​កើន​ឡើង​៨២៣នាក់​កាលពី​ឆ្នាំ​មុន​៕សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស