30 C
Phnom Penh

ការ​​​សិក្សា​​​ថ្មី​​​មួយ​​​លើក​​​ឡើង​​​ថា អីុនធឺណិត​​​ជា​​​ប្រភព​​​ទទួល​​​បាន​​​​​​​​​ព័ត៌មាន​​​វា៉ដាច់​​​ទូរទស្សន៍​​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមការសិក្សាថ្មីមួយបានលើកឡើង ថា អីុនធឺណិតជាប្រភពព័ត៌មានដ៏សំខាន់បំផុតអំពីប្រទេសកម្ពុជាក្នុងចំណោមពលរដ្ឋខ្មែរ បានវ៉ាដាច់ទូរទស្សន៍ជាលើកដំបូង ។

៣០ភាគរយនៃអ្នកផ្តល់បទសម្ភាសន៍នៅក្នុងឆ្នាំនេះបានលើកឡើងថា អីុនអឺណិត និងជាពិសេសហ្វេសប៊ុក គឺជាប្រភពដើម្បីទទួលបានព័ត៌មាន បើធៀបទៅនឹង២៩ភាគរយដែលលើកឡើងថា ពួកគេទទួលបានព័ត៌មានភាគច្រើនពីទូរទស្សន៍។ កាលពីឆ្នាំមុន១ភាគ៤នៃអ្នកដែលត្រូវបានស្ទាបស្ទង់មតិបានលើកឡើងថា អីុនធឺណិត និងបណ្តាញទំនាក់ទំនងសង្គមគឺជាប្រភពព័ត៌មានដ៏សំខាន់សម្រាប់ពួកគេ បើធៀបទៅនឹងប្រហែល១ភាគ៣ ដែលនៅតែពឹងផ្អែកលើទូរទស្សន៍ដំបូងគេ។

ប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍នៅក្នុងប្រទេសនេះ ដែលសុទ្ធតែគ្រប់គ្រងដោយមន្ត្រីរដ្ឋាភិបាល គ្រួសាររបស់ពួកគេ ឬអ្នកមានសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាចនោះ សុទ្ធតែ “ក្បត់ឧត្តមគតិ” ដោយមិនបានផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាពឡើយ នេះបើយោងតាមលោកស្រី កែវ គូនីឡា អ្នកសរសេរ គេហទំព័រ និងជាសាស្ត្រាចារ្យគោលនយោបាយសាធារណៈ។

លោកស្រីបានមានប្រសាសន៍ថា ទូរទស្សន៍ នៅកម្ពុជា “មិនអាចផ្សព្វផ្សាយព័ត៌មានបានទេក្រៅតែពី ‘ព័ត៌មានពិធីការប្រចាំថ្ងៃ’ និងកម្មវិធីកម្សាន្តសុទ្ធសាធតែម្តង”។

លោក Javier Sola មកពីវិទ្យាស្ថានបើកទូលាយ (Open Institute) ដែលជាអ្នកសរសេររបាយការណ៍ម្នាក់ក្នុងចំណោមអ្នកសរសេររបាយការណ៍សម្រាប់ការសិក្សាស្រាវជ្រាវនេះ បានលើកឡើងតាមទូរស័ព្ទកាលពីម្សិលមិញថា ទូរទស្សនិកជនមើលឃើញ តែអ្វីដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សព្វផ្សាយប៉ុណ្ណោះ ខណៈអីុនធឺណិត “មានមនុស្ស ជាច្រើនដែលអាចផ្សព្វផ្សាយព័ត៌មាន”។ ។

លោកបានថ្លែងថា “ការប្តូរទៅរកប្រភពមើលព័ត៌មានតាមអីុនធឺណិតគឺ ­”ផ្តល់ឱកាសឲ្យលោកអ្នកទទួលប្រភពថ្មីនៃព័ត៌មាន”។

ខណៈពលរដ្ឋខ្មែរត្រឹមតែ២ភាគរយអានកាសែតនោះ “ឥឡូវនេះពលរដ្ឋជិត១ភាគ៣កំពុងអានអត្ថបទព័ត៌មាន នេះបើយោងតាមការសិក្សានេះដែលលើកឡើងថា ហ្វេសប៊ុកជាកន្លែងសំខាន់បំផុតសម្រាប់ព័ត៌មានដែលលាយលក្ខណ៍ជាអក្សរ។

លោក Javier Sola បានមានប្រសាសន៍ថា “នេះគឺជាការផ្លាស់ប្តូរវប្បធម៌យ៉ាងខ្លាំងហើយគឺជាការផ្លាស់ប្តូរប្រកបដោយភាពវិជ្ជមានសម្រាប់ប្រទេសនេះ”។ លោកបានបន្ថែមថា “ហ្វេសប៊ុកផ្លាស់ប្តូរបញ្ហានេះទាំងស្រុង”។

ការសិក្សាស្រាវជ្រាវនេះដែលសិក្សាលើការប្រើប្រាស់អីុនធឺណិត និងទូរស័ព្ទដៃនៅកម្ពុជានោះចេញកាលពីម្សិលមិញដោយមូលនិធីអាស៊ី (The Asia Foundation) វិទ្យាស្ថានបើកទូលាយ និងទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)។ អ្នកសិក្សាស្រាវជ្រាវបានសម្ភាសន៍ពលរដ្ឋចំនួន២.០៦១នាក់ដែលមានអាយុចន្លោះពី១៥ឆ្នាំដល់៦៥ឆ្នាំអំឡុងខែកញ្ញា។

លោកស្រី កែវ គូនីឡា បានលើកឡើងទៀតថា ការទទួលបានអីុនធឺណិតកាន់តែទូលំទូលាយទំនងជាជួយឲ្យមានការចូលរួមចំណែកពីប្រជាពលរដ្ឋកាន់តែច្រើន និងបើកចំហកាន់តែច្រើនសម្រាប់ការបញ្ចេញមតិសាធារណៈដោយមិនខ្លាចរងការធ្វើទុក្ខបុកម្នេញ។

លោកស្រីបានមានប្រសាសន៍ថា”ខ្ញុំមើលឃើញថា អភូតហេតុថ្មីនេះជាកាតាលីករសម្រាប់ប្រតិកម្មផ្នែកនយោបាយកាន់តែខា្លាំងជាងមុន…ពីព្រោះអីុនធឺណិត និងហ្វេសប៊ុកមានការទាក់ទាញកាន់តែខ្លាំង ហើយផ្តល់កន្លែងដ៏មានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋបញ្ចេញមតិផ្ទាល់ខ្លួន និងទទួលបានព័ត៌មានសំខាន់ៗ”។

ការសិក្សាថ្មីនេះលើកឡើងបន្តថា ដោយមានការចាប់ផ្តើមប្រើប្រាស់ស្មាតហ្វូនកាន់តែច្រើនឡើងៗ “ទីផ្សារទូរស័ព្ទនៅកម្ពុជាមានការផ្គត់ផ្គង់ហួសប្រមាណ” ហើយអាចបង្កការលំបាក ដូចជាត្រូវពិចារណាថា តើព័ត៌មានអ្វីដែលគួរជឿទុកចិត្ត។

លោក ប៊ុន ថារុំ អ្នកសរសេរគេហទំព័របច្ចេកវិទ្យា និងអ្នកជំនាញខាងគមនាគមន៍បានលើកឡើងថា “បញ្ហាដូចជាព័ត៌មានមិនពិត… ឬពាក្យចចាមអារ៉ាមដែលត្រូវបានចែករំលែកតៗគ្នាលើអីុនធឺណិត នេះគឺជាគុណវិបត្តិនៃបច្ចេកវិទ្យា”។

លោកបានមានប្រសាសន៍ថា “ការឲ្យពលរដ្ឋចេះស្វែងយល់ថា តើត្រូវផ្ទៀងផ្ទាត់ឬបែងចែករវាងព័ត៌មានមិនពិត និងព័ត៌មានគួរទុកចិត្តបានគឺជារឿងដែលនឹងត្រូវចំណាយពេលច្រើន”។

ទោះជាយ៉ាងណា ជិត៧៥ភាគរយនៃអ្នកដែលត្រូវបានស្ទង់មតិបានលើកឡើងថា ពួកគេប្រើប្រាស់អីុនធឺណិតសម្រាប់ការកម្សាន្ត ផ្ទុយពី៣០ភាគរយដែលនិយាយថា ពួកគេប្រើប្រាស់អីុនធឺណិតជាប្រភពព័ត៌មាន។

ចំនួនអ្នកប្រើប្រាស់ អីុនធឺណិតទូទាំងប្រទេសកើនឡើងជាងទ្វេដងចន្លោះឆ្នាំ២០១២ ដល់ខែកញ្ញា ឆ្នាំនេះពោលគឺកើនពី២,៧លាននាក់ដល់៧,១លាននាក់ នេះបើយោងតាមលោក ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដែលថ្លែងអំឡុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ទីស្នាក់ការថ្មីរបស់ក្រសួងនេះ នៅរាជធានីភ្នំពេញកាលពីម្សិលមិញ។

ទោះបីជាមានការកើនឡើងខ្លាំងយ៉ាងឆាប់រហ័សនៃការឃោសនា ឬ “ព័ត៌មានមិនពិត” តាមអីុនធឺណិតក៏ដោយ តែលោក Javier Sola បានលើកឡើងថា ការទទួលបានអីុនធឺណិតកាន់តែទូលំទូលាយ និងប្រភពព័ត៌មានចម្រុះនឹងផ្តល់អត្ថប្រយោជន៍ទៅថ្ងៃអនាគត។

លោកបានលើកឡើងថា “ការវិវឌ្ឍនៃសមត្ថភាពនេះនៅក្នុងការនិយាយថា ‘ទេនេះមិនត្រឹមត្រូវទេ'” នឹងជួួយអ្នកប្រើប្រាស់អីុនធឺណិតអភិវឌ្ឍជំនាញរិះគិតពិចារណាខ្ពស់បន្ថែមទៀត។

ខណៈទូរទស្សន៍បែរជាមកដើរពីក្រោយអីុនធឺណិតវិញនោះ វានៅតែជាប្រភពដ៏សំខាន់ដដែល ប៉ុន្តែប្រហែលជាមានអាយុកាលមិនយូរប៉ុន្មានទេ នេះបើយោងតាមអ្នកសរសេររបាយការណ៍សម្រាប់ការសិក្សាថ្មីនេះ។

ពួកគេបានសរសេរថា “យើងរំពឹងថា វានឹងមានការកើនឡើងមិនគ្រាន់តែការយល់ដឹងអំពីអីុនធឺណិតនោះទេ ប៉ុន្តែថែមទាំងសារៈសំខាន់ដែលអ្នកប្រើប្រាស់ផ្តល់ទៅឲ្យអីុនធឺណិត”នៅក្នុងការក្លាយជាប្រភពព័ត៌មានដ៏សំខាន់របស់ពួកគេ”៕ស៊ុយឈាង(រាយការណ៍បន្ថែមដោយ គុច ណារ៉េន)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស