34 C
Phnom Penh

ក្រោយពី​បម្រាម ឈ្មួញ​រកស៊ី​ខាង​ពពោះ​ជំនួស​សម្លឹង​ទៅ​រកប្រទេស​ឡាវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមទីភ្នាក់ងារពិគ្រោះយោបល់ (Sensible Surrogacy) ដែលមានមូលដ្ឋាននៅអាមេរិក ក្រុមឈ្មួញដែលបានជួលស្ត្រីខ្មែរឲ្យពពោះជំនួសឪពុកម្ដាយបរទេសមុនពេលការធ្វើដូចនេះត្រូវបានហាមប្រាមនោះ ឥឡូវនេះកំពុងរៀបចំកិច្ចការឆ្លងដែនជាមួយប្រទេសឡាវនិងប្រទេសម៉ាឡេស៊ី។

យោងតាមក្រុមតស៊ូមតិគ្រួសារតាមរយៈការពពោះជំនួស (Families Through Surrogacy) មានមូលដ្ឋាននៅប្រទេសអូស្ត្រាលី សេវា New Genetics Global, Talent IVF និង World Fertility ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលកំពុងដំណើរការនៅប្រទេសកម្ពុជា មុនពេលការពពោះជំនួសត្រូវបានហាមនៅទីនេះកាលពីដើមខែនេះ ហើយបានបើកការរកស៊ីរួចហើយនៅប្រទេសឡាវ។

ទីភ្នាក់ងារពពោះជំនួសដោយសុភវិនិច្ឆ័យ (Sensible Surrogacy) បាននិយាយថា សេចក្តីប្រកាសដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ហាមការមានផ្ទៃពោះជំនួសក្នុងប្រទេសកម្ពុជា យ៉ាងហោចណាស់រហូតដល់មានច្បាប់បញ្ញត្តិការអនុវត្តនេះត្រូវអនុម័តសិននោះ ទំនងជានឹងរុញប្រតិបត្តិការទាំងនេះមួយចំនួនទៅប្រទេសជិតខាង ដែលមានបទប្បញ្ញត្តិតិចតួច។

តាមសេចក្តីប្រកាសមួយដែលបង្ហោះតាមគេហទំព័ររបស់ខ្លួននៅខែនេះ “អ្នកផ្តល់សេវាដែលបានធ្វើការទាំងស្រុងក្នុងប្រទេសកម្ពុជា ឥឡូវនេះកំពុងបង្កើតផែនការដើម្បីឆ្លៀតយកប្រយោជន៍ពីគោលនយោបាយនេះ ដោយបង្កើតកម្មវិធីឆ្លងដែនជាមួយប្រទេសជិតខាង ដូចជាប្រទេសឡាវឬប្រទេសម៉ាឡេស៊ីជាដើម”។

“យ៉ាងហោចណាស់គ្លីនិក IVF ពីរកន្លែងដែលល្បីឈ្មោះក្នុងប្រទេសវៀតណាមបានបើកបន្ទាប់ពីមានការកែប្រែច្បាប់នៅប្រទេសថៃ។ សព្វថ្ងៃនេះ គ្លីនិកទាំងនេះអាចក្លាយជាគោលដៅសម្រាប់គ្រួសារពពោះជំនួសចេញពីប្រទេសកម្ពុជា”។

គូស្វាមីភរិយាដែលមិនអាចមានកូនឬជាភេទដូចគ្នាមកពីប្រទេសអូស្ត្រាលី អាមេរិក និងអឺរ៉ុប ច្រើនឆ្នាំមកហើយបានមកបណ្តាប្រទេសអាស៊ី ដែលការពពោះជំនួសមិនមានច្បាប់តឹងតែង និងថ្លៃថោកជាងនៅប្រទេសមួយចំនួនផ្សេងទៀត ដែលមានច្បាប់ត្រឹមត្រូវ។ គោលដៅពេញនិយមដូចជាប្រទេសថៃ ឥណ្ឌា និងប្រទេសនេប៉ាល់ជាដើម បានដាក់ច្បាប់តឹងរ៉ឹងលើការធ្វើបែបនេះ ជាហេតុធ្វើឲ្យប្តីប្រពន្ធជាច្រើនស្វែងរកជម្រើសថ្មី ដែលរាប់ទាំងប្រទេសកម្ពុជាដែរ។

ឥឡូវនេះ នៅពេលដែលមនុស្សមួយចំនួនសម្លឹងមើលទៅប្រទេសឡាវ ឈ្មួញនិងអ្នកជំនាញឧស្សាហកម្មខាងពពោះជំនួសកំពុងផ្តល់សារផ្ទុយគ្នាអំពីការយល់ឃើញរបស់គូស្នេហ៍ដែលមានផែនការរៀបចំការពពោះជំនួសក្នុងប្រទេសកុម្មុយនិស្តកំពុងអភិវឌ្ឍន៍និងពុករលួយនេះ។

ខណៈដែលទីភ្នាក់ងារជាច្រើនក្នុងប្រទេសឡាវប្រកាសឲ្យដឹងអំពីជំហរហាក់ដូចជាមិនសូវចាប់អារម្មណ៍របស់រដ្ឋាភិបាលនោះ ក្រុមអ្នកជំនាញឧស្សាហកម្មកំពុងព្រមានដល់អនាគតជាឪពុកម្តាយថា ប្រទេសនេះមិនមានសមត្ថភាពផ្តល់ការមើលខុសត្រូវគ្រប់គ្រាន់ ហើយទំនងជានឹងឆ្លើយតបដូចតែគ្នាទៅនឹងរដ្ឋាភិបាលអាស៊ីអាគ្នេយ៍ផ្សេងទៀត ដោយធ្វើការកែប្រែច្បាប់ភ្លាមៗ។

ក្រុមហ៊ុនលទ្ធភាពបង្កើតកូន (Laos Fertility) ជាទីភ្នាក់ងារបង្អែកមានមូលដ្ឋាននៅអាមេរិក ឲ្យដឹងតាមគេហទំព័ររបស់ខ្លួនថា កង្វះការបកស្រាយច្បាស់លាស់នៃច្បាប់ដែលមានស្រាប់ដោយរដ្ឋាភិបាលឡាវ មានន័យថា សព្វថ្ងៃនេះ ការពពោះជំនួសអាចរកបាននៅប្រទេសនេះ។

គេហទំព័ររបស់ក្រុមហ៊ុននេះនិយាយថា “ដោយសារតែខ្វះសេចក្តីសម្រេចនេះ ការពពោះជំនួសនៅប្រទេសឡាវនៅតែបើកចំហដល់ការបកស្រាយរបស់រដ្ឋាភិបាល។ ប្រការនេះបើកទ្វារឲ្យឪពុកម្តាយដែលមានបំណងធ្វើការពពោះជំនួសក្នុងប្រទេសនេះយ៉ាងហោចណាស់ជាបណ្តោះអាសន្នដែរ”។

ក្រុមហ៊ុន New Genetics Global ដែលបានចាប់ផ្តើមផ្តល់សេវារបស់ខ្លួនក្នុងប្រទេសកម្ពុជា បន្ទាប់ពីមានបម្រាមលើការពពោះជំនួសនៅប្រទេសថៃ ក៏បានប្រកាសថា ការពពោះជំនួស “គ្មានធ្វើបញ្ញត្តិកម្ម” នៅប្រទេសឡាវទេ។

លោក ចូស ឡាម ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនសេវានេះ បាននិយាយថា ក្រុមហ៊ុនកំពុងប្តូរទៅប្រទេសនេះ ហើយក្នុងពេលឆាប់ៗនឹងណែនាំអតិថិជនខ្មែររបស់ខ្លួនអំពីកន្លែងដែលមានការផ្តល់សេវានេះ។

លោកបាននិយាយតាមសារអីុម៉េលថា “ដោយសារតែការស្មុគស្មាញនៃភាពជាពលរដ្ឋឆ្លងដែន បញ្ញត្តិកម្មការពពោះជំនួសរវាងប្រទេស យើងត្រូវប្រយ័ត្នប្រយែងផ្អែកលើភាពត្រឹមត្រូវតាមច្បាប់ផ្សេងគ្នា ដែលកើតចេញពីសញ្ជាតិផ្ទាល់ [របស់ឪពុកម្តាយដែលមានបំណង] នីមួយៗ”។

កាលពីខែកញ្ញា ភ្លាមបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានប្រកាសបំណងរបស់ខ្លួននឹងធ្វើបញ្ញត្តិកម្មការពពោះជំនួស លោក ឡាម បាននិយាយថា ក្រុមហ៊ុនបានត្រៀមហើយសម្រាប់ផ្លាស់ប្តូរ។

លោកបាននិយាយនៅពេលនោះថា “បើការពពោះជំនួសត្រូវធ្វើបញ្ញត្តិកម្មក្នុងប្រទេសកម្ពុជា យើងត្រៀមចាប់ផ្តើមបើកហាងនៅប្រទេសឡាវហើយ”។

ក្រុមហ៊ុនTalent IVF and World Fertility Services មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។ ក្រុមហ៊ុន Sensible Surrogacy និយាយថា ប្រទេសឡាវមិនមែនជាជម្រើសល្អសម្រាប់ឪពុកម្តាយទេ។

គេហទំព័ររបស់ក្រុមហ៊ុននិយាយថា “ប្រទេសឡាវអាចជាជម្រើសមួយសម្រាប់គូស្វាមីដែលសន្យាធ្វើនៅកម្ពុជារួចហើយ ប៉ុន្តែអតិថិជនថ្មីមិនគួរទទួលបានការណែនាំឲ្យយកឡាវប្រទសជាជម្រើសទេ”។

លោក សាំ អេវើរីងហាំ ប្រធានក្រុមហ៊ុន Families Through Surrogacy បាននិយាយថា “បម្រាមទាំងស្រុង” ក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ កំពុងជំរុញឲ្យឧស្សាហកម្មនេះប្តូរទីកន្លែងទៅប្រទេសជិតខាង ដែលមិនសូវមានបញ្ញត្តិកម្ម និងត្រួតពិនិត្យការពពោះជំនួសប្រកបដោយសុវត្ថិភាព។

លោក អេវើរីងហាំ បាននិយាយក្នុងអីុម៉េលថា “ឡាវជាប្រទេសមួយដែលមានមធ្យោបាយតិចតួចក្នុងការទទួលបានផ្នែកសម្ភពដែលគួរឲ្យទុកចិត្ត ប្រជាជនមានការអប់រំខ្សោយ និងកម្រិតពុករលួយខ្លាំង”។

“គ្មានកន្លែងណាសម្រាប់ដំណើរការការពពោះជំនួសប្រកបដោយចីរភាពនិងគ្រប់គ្រងដោយទទួលខុសត្រូវ ដែលការពារសិទ្ធិអ្នកពពោះជំនួស កូនៗនិងអនាគតឪពុកម្តាយទេ”៕និ

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស