29 C
Phnom Penh

គណបក្ស​ប្រជាជន​កម្ពុជា​បញ្ចេញ​លទ្ធផល​បោះឆ្នោត​បណ្ដោះ​អាសន្ន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ចេញ​លទ្ធផល​បណ្ដោះ​អាសន្ន​របស់​ខ្លួន​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិកក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត​-ក្រុង​ ស្រុក-ខណ្ឌ ដែល​បង្ហាញ​ថា គណបក្ស​នេះ​ទទួល​បាន២.៥៤៣​អាសនៈ​ ឬ​ប្រហែល​៧៧​ភាគ​រយ​នៃ​អាសនៈ​សរុប​ចំនួន​៣.៣២៤។

កាលពី​ថ្ងៃ​អាទិត្យ​ សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​ ដែល​បាន​ជាប់​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០១២ បាន​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត​-ក្រុង​ ស្រុក​-ខណ្ឌ​ នៅ​តាម​តំបន់​របស់​ខ្លួន​។

លទ្ធផល​បណ្ដោះអាសន្ន​ ដែល​ គ.ជ.ប.​ បាន​ចេញ​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៨.៣៧៩​សំឡេង​ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​២.៩៥៩​សំឡេង​ ប៉ុន្តែ ​គ.ជ.ប. មិន​ទាន់​បាន​គណនា​លទ្ធផល​បោះឆ្នោត​នេះ​ជា​ផ្លូវ​ការ​តាម​រូប​មន្ត​ ដើម្បី​កំណត់​អាសនៈ​ដែល​គណបក្ស​នីមួយ​ៗ​ទទួល​បាន​ទេ​។

លទ្ធផល​បណ្ដោះអាសន្ន​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ដាក់​តាម​គេហទំព័រ​របស់​ខ្លួន​កាល​ពី​ម្សិលមិញ​ បង្ហាញ​ថា គណបក្ស​នេះ​ទទួល​បាន​អាសនៈ​ក្រុម​ប្រឹក្សា​ស្រុក​-ខណ្ឌ​ ចំនួន​២.២៣៧​អាសនៈ​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៦៨៣​អាសនៈ​។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​នៅ​ឯ​សន្និសីទ​កាសែត​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ថា ការ​គណនា​របស់​គណបក្ស​លោក​បង្ហាញ​ថា គណបក្ស​លោក​ទទួល​បាន​អាសនៈ​ក្រុម​ប្រឹក្សា​ស្រុក​-ខណ្ឌ ចំនួន​៦៧៧។ លោក​ សម រង្ស៊ី ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា គណបក្ស​ប្រឆាំង​ទទួល​យក​លទ្ធផល​នេះ​។

ក្រៅ​ពី​គណបក្ស​ធំៗ​ទាំង​ពី​រ គណបក្ស​ហ៊្វុនស៊ិនបិុច​ បាន​ទទួល​អាសនៈ​ក្រុម​ប្រឹក្សា​ស្រុក​-ខណ្ឌ ចំនួន​១៩​នៅ​ទូទាំង​ប្រទេស​ រីឯ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ បាន​ទទួល​អាសនៈ​តែ​មួយ​គត់​នៅ​ក្រុម​ប្រឹក្សា​ស្រុក​មួយ​នៅ​ខេត្ត​សៀមរាប​។

យោង​តាម​ការ​គណនា​បណ្ដោះ​អាសន្ន​របស់​គណបក្ស​កាន់​អំណាច​បង្ហាញ​ថា ក្នុង​ចំណោម​អាសនៈ​ក្រុម​ប្រឹក្សា​៣៩៣​ទូ​ទាំង​២៤​ខេត្ត​-ក្រុង​ និង​រាជធានី​ភ្នំពេញ គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បាន​៣០៦​អាសនៈ​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៨៦​អាសនៈ។

គណបក្ស​ហ៊្វុនស៊ិនបិុច​ ទទួល​បាន​អាសនៈ​ដែល​នៅ​សល់​ ហើយ​នឹ​ងមាន​តំណាង​ម្នាក់​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដែល​មាន​ចំនួន​១៧​អាសនៈ​។

នៅ​ក្រុម​ប្រឹក្សា​រាជធានីភ្នំពេញ​ គណបក្ស​ប្រជាជន​កម្ពុជា​មាន​សមាជិក​ក្រុម​ប្រឹក្សា​ចំនួន​១៥ ហើយ​គណបក្ស​សង្គ្រោះជាតិ​មាន​ចំនួន​៦។ នៅ​ក្នុង​ខណ្ឌ​ទាំង​១២​នៅ​ទីក្រុង​ភ្នំពេញ​ គណបក្ស​ប្រជាជនកម្ពុជា​ ទទួល​បាន​១៥៥​អាសនៈ​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៦១​អាសនៈ។

យោង​តាម​លទ្ធផល​របស់​គណបក្ស​កាន់​អំណាច​បង្ហាញ​ថា នៅ​ក្រុម​ប្រឹក្សា​ខេត្ត​ គណបក្ស​ប្រឆាំង​ទទួល​បាន​អាសនៈ​ច្រើន​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​ គឺ​ចំនួន​៩​អាសនៈ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​១២​អាសនៈ។ នៅ​ក្នុង​ខេត្ត​ព្រៃ​វែង​គណបក្ស​ប្រជាជន​ទទួល​បាន​១២ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៧​អាសនៈ៕ គឹមហឿន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស