35 C
Phnom Penh

គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ឲ្យ​​​លុយ​​​​​​ និង​​​ចែកអំណោយ​​​ដល់​​​​​​អ្នក​​​គាំទ្រ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកស្រី ហ៊ុន សារ៉ាន់ បានចូលរួមការប្រជុំរយៈពេល៣០នាទីជាមួយមន្ត្រីរដ្ឋាភិបាល និងមន្ត្រីគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍នៅភោជនីយដ្ឋានអាហារសមុទ្រតាមមាត់ទន្លេមួួយកន្លែងក្នុងខណ្ឌចំការមន។ អ្នកស្រីបានចាកចេញទៅវិញជាមួយប្រាក់៥០.០០០រៀល និងការណែនាំឲ្យបោះឆ្នោត ឲ្យគណបក្សកាន់អំណាច។

អ្នកស្រី ហ៊ុន សារ៉ាន់ អាយុ៦៤ឆ្នាំ ជាអ្នករស់នៅក្នុងអគារប៊ូឌិញស ដែលបានជាប់គាំងជាមួយអ្នកភូមិផ្សេងៗទៀតនៅក្នុងការចរចាគ្នាជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ពាក់ព័ន្ធសំណងសម្រាប់ផ្ទះរបស់អ្នកស្រីនោះបាននិយាយថា “គេបានប្រាប់យើងឲ្យបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ហើយបន្ទាប់មកគេនឹងដោះស្រាយបញ្ហាទាំងអស់ឲ្យយើង”។

ដោយចូលរួមជាមួយប្រជាពលរដ្ឋប៉ុន្មានរយនាក់ផ្សេងទៀតមកពីទូទាំងខណ្ឌនេះអ្នកស្រី ហ៊ុន សារ៉ាន់ បានស្តាប់ពេលមន្ត្រីគណបក្សសន្យាដោះស្រាយបញ្ហារបស់ពួកគាត់និងបន្តផ្តល់សន្តិភាព និងស្ថិរភាព ជាថ្នូរនឹងសន្លឹកឆ្នោតរបស់ពួកគាត់នៅក្នុងការបោះឆ្នោតឃុំសង្កាត់នាខែក្រោយ។

អ្នកស្រី ហ៊ុន សារ៉ាន់ បានចាកចេញពីកន្លែង ប្រជុំជាមួយនឹងប្រាក់ដែលគេឲ្យ ប៉ុន្តែ គ្មានឆន្ទៈថ្មីណាមួយចំពោះគណបក្សកាន់អំណាចនោះឡើយ។

អ្នកស្រីបាននិយាយថា “វាមិនបានផ្លាស់ប្តូរអ្វីឡើយ”។ អ្នកស្រីបានបដិសេធមិននិយាយថា គណបក្សណាដែលអ្នកស្រីគាំទ្រនោះឡើយ ប៉ុន្តែ បានគូសបញ្ជាក់ថា បងប្អូនស្រីរបស់អ្នកស្រី គឺជាចៅសង្កាត់គណបក្សប្រឆាំង។ “ខ្ញុំមិនប្តូរចិត្តរបស់ខ្ញុំឡើយ”។

មន្ត្រីដែលចូលរួមក្នុងការប្រជុំនេះសុទ្ធតែមិនសូវមានឆន្ទៈផ្តល់ព័ត៌មាននោះឡើយ។ លោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់បានបដិសេធមិនធ្វើអត្ថាធិប្បាយលើអ្វីដែលត្រូវបានពិភាក្សានោះឡើយ។

លោកបានលើកឡើងថា “វាគ្រាន់តែជាការប្រជុំជាមួយសមាជិកបក្សតែប៉ុណ្ណោះ ហេតុដូច្នេះគ្មានអ្វីត្រូវបង្ហាញជាសាធារណៈទេ”។ ទោះជាយ៉ាងណា គេមិនច្បាស់ទេថា តើ អ្នកចូលរួមតាមពិតសុទ្ធតែជាសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ឬយ៉ាងណានោះ។

ការឲ្យស្បៀងអាហារ សម្លៀកបំពាក់ ឬប្រាក់បន្តិចបន្តូចនៅមុនការបោះឆ្នោតគឺជារឿងដែលកើតមានគ្រប់ទីកន្លែង ហើយគឺជាផ្នែកដ៏សំខាន់នៃរដូវកាលមុនថ្ងៃបោះឆ្នោតជាពិសេសសម្រាប់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច។ ប៉ុន្តែ ការសិក្សាស្រាវជ្រាវក្នុងពេលថ្មីៗបានចោទសួរអំពីប្រសិទ្ធភាពនៃការធ្វើដូច្នេះ ហើយគណបក្សប្រឆាំងបានអះអាងជាយូរមកហើយថា ការធ្វើដូច្នេះ ស្មើនឹងការទិញសន្លឹកឆ្នោត។

យោងតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានឲ្យដឹងថា ការប្រជុំនេះស្របច្បាប់បើធ្វើឡើងនៅមុនរយៈពេលធ្វើយុទ្ធនាការឃោសនា ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២០ខែឧសភា ពីរសប្តាហ៍មុនការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤ខែមិថុនា។

លោកបានថ្លែងថា “ប្រសិនបើគេផ្តល់អំណោយដល់ប្រជាពលរដ្ឋដើម្បីពង្រឹងគណបក្សនយោបាយរបស់ខ្លួនគ.ជ.ប.គ្មានសិទ្ធិលូកលាន់នៅក្នុងកិច្ចការផ្ទៃក្នុងរបស់គណបក្សនោះឡើយ”។

លោកបានបន្ថែមថា “ការទិញឬការលក់សន្លឹកឆ្នោតគឺខុសច្បាប់”។ ប៉ុន្តែ គ.ជ.ប.នឹងសើុបអង្កេតតែលើករណីចោទប្រកាន់ណាដែលកើតឡើងអំឡុងរយៈពេលឃោសនាប៉ុណ្ណោះ។ការប្រជុំនៅមុនថ្ងៃទី២០ខែឧសភាគឺស្ថិតនៅក្រៅដែនសមត្ថកិច្ចរបស់គ.ជ.ប.”។

ការជួបប្រជុំបក្សជារឿងដែលកើតមានយ៉ាងសាមញ្ញទៅហើយនៅក្នុងស្រុកខណ្ឌទូទាំងប្រទេស។ នៅក្នុងរាជធានី ក្រៅពីការប្រជុំដែលអ្នកស្រី ហ៊ុន សារ៉ាន់ បានចូលរួមនោះនៅខណ្ឌទួលគោក ក៏មានការប្រជុំស្រដៀងគ្នានេះដែរកាលពីពីរសប្តាហ៍កន្លងមកនេះ ។ស្ត្រីអាយុ៦០ឆ្នាំម្នាក់ ឬអ្នកចូលរួមជាច្រើនទៀតសុទ្ធតែចាកចេញពីកន្លែងប្រជុំជាមួយនឹងកញ្ចប់ស្កសរ ទឹកដោះគោ និងក្រមាមួយ។

ស្ត្រីជាម្ចាស់ហាងម្នាក់អាយុ៦០ឆ្នាំដែលបដិសេធមិនប្រាប់អត្តសញ្ញាណព្រោះអ្នកស្រី”ខ្លាចអាជ្ញាធរ…នឹងមកបង្កបញ្ហាធំដល់យើង”នោះ បានលើកឡើងថា មន្ត្រីរដ្ឋាភិបាលបានចូលរួមការជួបប្រជុំនេះ ប៉ុន្តែ គឺតំណាងគណបក្សប្រជាជនកម្ពុជាដែលជាអ្នកចែកអំណោយ។

អ្នកស្រីបានលើកឡើងថា ការប្រជុំនេះមិនបានធ្វើឲ្យចិត្តរបស់អ្នកស្រីផ្លាស់ប្តូរនោះឡើយ។ អ្នកស្រីបានបដិសេធមិនរៀបរាប់ច្រើននោះឡើយ។ មន្ត្រីខណ្ឌទួលគោកមិនអាចទាក់ទងដើម្បីសុំការធ្វើការអត្ថាធិប្បាយបានទេ។

គណបក្សកាន់អំណាច និងគណបក្សប្រឆាំងខ្វែងគំនិតគ្នាលើបញ្ហាថា តើអំណោយ គ្រាន់តែ ជាកាដូសម្រាប់ថ្លែងអំណរគុណ ឬក៏ជាការទិញសន្លឹកឆ្នោតឥតលាក់លៀម។

លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិបានលើកឡើងថា “ខ្ញុំគិតថា ការផ្តល់អំណោយដល់ប្រជាពលរដ្ឋគឺជាការទិញសន្លឹកឆ្នោត”។ លោកស្រីបានបន្ថែមថា “[គណបក្សសង្គ្រោះជាតិ]មិនដែលផ្តល់អំណោយទេ…ហើយយើងច្រានចោលការទិញសន្លឹកឆ្នោតព្រោះយើងចង់បានលទ្ធផលមួយដែលកើតឡើងដោយការបោះឆ្នោតដោយសេរី និងយុត្តិធម៌”។

ទោះជាយ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា អំណោយមិនមែនជាការសូកប៉ាន់ទេ ហើយបានចោទប្រកាន់គណបក្សប្រឆាំងថាបង្ខូចកេរ្តិ៍ឈ្មោះគណបក្សរបស់លោក។

លោកបានថ្លែងថា “ខ្ញុំគិតថាការផ្តល់អំណោយមិនមែនជាការទិញសន្លឹកឆ្នោតទេព្រោះសមាជិកគណបក្សរបស់យើងតែងតែយកអំណោយខ្លះៗចែកជូនប្រជាពលរដ្ឋ ដូចជាប្រាក់ ក្រមា និងសារុងជាដើមពេលជួបជាមួយពួកគាត់”។ លោកបានថ្លែងបន្ថែមថា “យើងមិនបានទិញសន្លឹកឆ្នោត ដូចគណបក្សសង្គ្រោះជាតិចោទប្រកាន់ទេ ហើយខ្ញុំគិតថា ពួកគេបង្ខូចកេរ្តិ៍ឈ្មោះយើងដើម្បីផលប្រយោជន៍នយោបាយ”។

ការសិក្សាស្រាវជ្រាវក្នុងពេលថ្មីៗលើកឡើងថា ការផ្តល់អំណោយគ្មានប្រសិទ្ធភាពទេក្នុងការកៀងគរគាំទ្រផ្នែកនយោបាយ។

លោកស្រី អាស្ត្រីដ ណរេន-នីលសុន (Astrid Noren-Nilsson) សាស្ត្រាចារ្យជនជាតិស៊ុយអែតបានសម្ភាសអ្នកបោះឆ្នោតចំនួន១៩២នាក់បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣។ របាយការណ៍របស់លោកស្រីដែលចេញកាលពីខែធ្នូបានរកឃើញថា អ្នកដែលត្រូវបានសម្ភាសភាគច្រើនមានអារម្មណ៍ខ្វាយខ្វល់អំពីការផ្តល់អំណោយ ហើយមើលឃើញថា វាជាការសូកប៉ាន់ឥតលាក់លៀម ឬក្នុងករណី វាជាការប៉ះប៉ូវដល់ការងារអភិបាលកិច្ច ប៉ុន្តែការធ្វើដូច្នេះមិនគ្រប់គ្រាន់ទេ។

ក្នុងចំណោមអ្នកបោះឆ្នោតទាំង១៩២នាក់ នេះ មានតែ៥នាក់ប៉ុណ្ណោះដែលរាយការណ៍

ថា បានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាដោយសារតែការដឹងគុណចំពោះការចែកអំណោយ។

ទោះបីជាមានប្រសិទ្ធភាព ឬគ្មានប្រសិទ្ធភាពក៏ដោយ ការជួបប្រជុំបក្សនៅតែបន្តជាការងារមូលដ្ឋានដ៏សំខាន់សម្រាប់រដូវកាល

បោះឆ្នោត។ លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានលើកឡើងថា ទោះបីជាលោកមិនដឹងថាតើការផ្តល់អំណោយគឺជានយោបាយដ៏ល្អប្រសើរ ឬយ៉ាងណាក៏ដោយ តែការធ្វើដូច្នេះ”ធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតដោយយុត្តិធម៌”នៅក្នុងប្រទេស។

ទោះជាយ៉ាងណា លោកស្រី មូរ សុខហួរ មិនសូវជាបារម្ភទេ។លោកស្រីបានលើកឡើងថា លោកស្រីជឿជាក់ថា ប្រជាពលរដ្ឋនឹងយកអំណោយរបស់គណបក្សប្រជាជនកម្ពុជា ប៉ុន្តែ បោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិនៅខែមិថុនា។

លោកស្រីបានមានប្រសាសន៍ថា “សន្លឹកឆ្នោតមានតម្លៃជាងលុយ ២០.០០០រៀល ឬ៣០.០០០រៀល សារុងមួយ និងក្រមាមួយទៅទៀត”៕ ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស