28 C
Phnom Penh

តុលាការ​បើក​សវនាការ​ជំនុំជម្រះ​រឿងក្តី​បុរសម្នាក់​លួចសម្លៀកបំពាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ​ សាលា​ដំបូង​រាជធានីភ្នំពេញ​​បាន​ចាប់​ផ្ដើម​បើកសវនាការ​ជំនុំជម្រះ​រឿង​ក្ដី​បុរស​ម្នាក់​ដែល​ជាប់​ចោទ​ពីបទ​លួចសម្លៀក​បំពាក់​ពីកុងតឺន័រ​មួយ​គ្រឿង​ពេល​កំពុង​បើក​បរ​ឆ្ពោះ​ទៅ​កាន់​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ កាលពីខែសីហា ឆ្នាំ​២០១២​។

លោក សួស សំអាត ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បាន​មាន​ប្រសាសន៍​ថា ព្រំ ចាន់ធឿន អាយុ​៥៥​ឆ្នាំ​បាន​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរ​ឆ្នាំ​រួច​ហើយពាក់​ព័ន្ធ​រឿង​ក្ដីរបស់ខ្លួន​​ បន្ទាប់ពី​គាត់​ត្រូ​វបាន​កាត់​ឲ្យ​ជាប់​ទោស​ពីបទ​ជួល​ដី​ទៅ​ឲ្យ​ក្រុមចោរដើម្បី​ទុក​កុងតឺន័រ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ឥឡូវ​នេះ បុរស​រូប​នេះ​​ត្រូវ​បាន​ចោទ​ប្រកាន់ពីបទ​លួច​ដោយ​មាន​ស្ថាន​ទម្ងន់ទោស​ ដែល​បាន​ឃុប​ឃិត​ជាមួយ​បុរស​ផ្សេង​ទៀត​ហែក​ត្រាដែលបិទ​នៅ​លើ​កុងតឺន័រ ហើយ​លួច​យក​សម្លៀក​បំពាក់​”។

លោក ខៀវ ផល្លា ព្រះរាជ​អាជ្ញារង​បាន​មាន​ប្រសាសន៍​ថា ចាន់ធឿន បាន​ជួ​ល​រថយន្ត​ទួរីសជាច្រើន​​គ្រឿ​ង​ទៅដឹក​សម្លៀក​បំពាក់​ពី​ដី​របស់​គាត់​ទៅលក់​នៅ​ផ្សារ​ក្បែរ​នោះ ដោយ​បាន​ប្រាក់​ចំនួន​៤.០០០​ដុល្លារ​ក្នុង​មួយ​កុងតឺន័រ​យកទៅឲ្យក្រុម​ចោរ​ប្លន់ ហើយ​លោក​ចាន់ធឿន ខ្លួនឯងបាន​​​៥០០​ដុល្លារ​។

ចុង​ចោទ​រូប​នេះ​បាន​បដិសេធ​បទ​ចោទ​ប្រកាន់​ថ្មីនេះ​។ គាត់​បាន​និយាយ​ថា ” ពួកគេ​បាន​មក​ជួប​ខ្ញុំ​ចង់​ជួល​ដី​របស់​ខ្ញុំ ដើម្បី​ដោះដូរ​សម្លៀក​បំពាក់ ប៉ុន្តែ​ខ្ញុំ​មិន​ទទួល​យ​ក​ការ​ចោទ​ប្រកាន់​នេះទេ ពីព្រោះ​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​នេះ​ឡើយ​។ លោក កុយ គន្ធី មេធាវី​របស់​គាត់​បាន​មាន​ប្រសាសន៍​ថា មិន​មាន​ភ័ស្តុតាង​ថ្មី​ទេ ហើយ​លោក​បាន​ស្នើ​ឲ្យ​តុលាការ​លើក​លែង​រឿង​ក្តីនេះ​។ តុលាការ​នឹង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃទី១៨ ខែកក្កដា៕ សារុន​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស