33 C
Phnom Penh

នគរបាល​ប្រឆាំង​ភេរវកម្ម​ចុះ​​​ឆែកឆេរ​ការិយាល័យ​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​របស់​​​គណ​​​បក្ស​​​អំណាចខ្មែរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រឿងរ៉ាវពាក់ព័ន្ធនឹងការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងដែលគេមិនសូវស្គាល់បានក្លាយទៅជារឿងមួយផ្សេងទៀតកាលពីម្សិលមិញ ជាពេលដែលការិយាល័យនៅក្នុងរាជធានីភ្នំពេញរបស់គណបក្សេនះត្រូវបាននគរបាលប្រឆាំងភេរវកម្មចូលឆែកឆេរ ដោយមន្ត្រីគណបក្សនេះម្នាក់អះអាងថា វាគឺដោយសារតែការមានទំនាក់ទំនងជាមួយនឹងបុគ្គលមួយរូបដែលរដ្ឋាភិបាលចាត់ទុកថា ជាភេរវករ។

មន្ត្រីរាប់សិបនាក់ និងព្រះរាជអាជ្ញារងម្នាក់បានចុះទៅកាន់ការិយាល័យរបស់គណបក្សអំណាចខ្មែរដែលទទួលបានសន្លឹកឆ្នោតត្រឹមតែ១.០៣៥សំឡេងទូទាំងប្រទេសអំឡុងការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា ដើម្បីធ្វើការឆែកឆេរ។  លោក  សួង សុភ័ណ្ឌ ប្រធានស្តីទីគណបក្សអំណាចខ្មែរបានលើកឡើងថា ការចូលឆែកឆេរនេះកើតមានឡើងដោយសារអតីតប្រធានគណ បក្សនេះមានទំនាក់ទំនងជាមួយលោក  សម  សេរី ប្រធានរណសិរ្សរំដោះជាតិខ្មែរ។

មន្ត្រីនគរបាលចុះឆែកឆេរទីស្នាក់ការរបស់គណបក្សអំណាចខ្មែរ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ បន្ទាប់ពីលោក សួន សេរីរដ្ឋា ប្រធានគណបក្សនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
មន្ត្រីនគរបាលចុះឆែកឆេរទីស្នាក់ការរបស់គណបក្សអំណាចខ្មែរ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ បន្ទាប់ពីលោក សួន សេរីរដ្ឋា ប្រធានគណបក្សនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក សួង សុភ័ណ្ឌ អាយុ៣១ឆ្នាំបានទទួលស្គាល់ថា លោក សួន សេរីរដ្ឋា ជាស្ថាបនិក និងអតីតប្រធានគណបក្សអំណាចខ្មែរដែលលាលែងពីតំណែងជាប្រធានគណ បក្សកាលពីយប់ថ្ងៃច័ន្ទ បន្ទាប់ពីត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទល្មើសមួយចំនួនទាក់ទិននឹងការសរសេរសារបង្ហោះតាមហ្វេសប៊ុកកាលពីថ្ងៃសៅរ៍នោះពិតជាមានទំនាក់ទំនងផ្ទាល់ជាមួយលោក សម សេរី  មែន ប៉ុន្តែ ថា បុរសទាំងពីរមិនបានឃុបឃិតសមគំនិតជាមួយគ្នាទេ។

រណសិរ្សរំដោះជាតិខ្មែរត្រូវបានរដ្ឋាភិ បាលចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម រួមមានទាំងការបង្កៃគ្រាប់បែកក្នុងរាជធានីភ្នំពេញផង ជាការអះ អាងដែលលោក សម សេរី បដិសេធ។

សមាជិករណសិរ្សរំដោះជាតិខ្មែរចំនួន១៦នាក់បានជាប់ពន្ធនាគារនៅកម្ពុជារហូតដល់ខែមិថុនា ក្នុងនោះមានខ្លះជាប់រហូតដល់ទៅ៩ឆ្នាំដោយសារប៉ុនប៉ងផ្តួលរំលំរដ្ឋាភិ បាល។ លោក សម សេរី ដែលភៀសខ្លួនទៅរស់នៅក្នុងប្រទេសដាណឺម៉ាកកាលពីឆ្នាំ២០១០ត្រូវបានកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគារ៩ឆ្នាំកាលពីខែធ្នូពីបទរៀបចំផែនការវាយប្រហារ ។

លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់កាលពីម្សិលមិញថា ការចុះឆែកឆេររបស់នគរបាលនៅ ក្នុងការិយាល័យរបស់គណបក្សអំណាចខ្មែរមិនជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ចំនួន បីករណីពីបទញុះញង់និងជំរុញឱ្យមានការមិនស្តាប់បង្គាប់នៅក្នុងជួរកងកម្លាំងប្រដាប់អាវុធដែលត្រូវបានដាក់បន្ទុកលើលោក សួន សេរី រដ្ឋា នោះទេ។

លោក លី សុផាណា បានថ្លែងថា ” ករណីនេះជាការអនុវត្តវិធានការស្រាវជ្រាវទៅលើសំណុំរឿងមួយផ្សេងទៀតដែលជាប់ពាក់ព័ន្ធនឹងលោក សួន សេរីរដ្ឋា ដែលធ្វើឡើងដោយនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន”។លោកបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។

បច្ចុប្បន្ន លោក សួន សេរីរដ្ឋា កំពុងឃុំខ្លួននៅពន្ធនាគារព្រៃស។ លោកត្រូវបានចាប់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យ  បន្ទាប់ពីសរសេរសាររិះគន់លោក ហ៊ុន សែន  និងយោធាកម្ពុជាតាមហ្វេសប៊ុកមុននោះមួយថ្ងៃ។

មន្ត្រីនគរបាលចុះឆែកឆេរទីស្នាក់ការរបស់គណបក្សអំណាចខ្មែរ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ បន្ទាប់ពីលោក សួន សេរីរដ្ឋា ប្រធានគណបក្សនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
មន្ត្រីនគរបាលចុះឆែកឆេរទីស្នាក់ការរបស់គណបក្សអំណាចខ្មែរ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ បន្ទាប់ពីលោក សួន សេរីរដ្ឋា ប្រធានគណបក្សនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

នៅក្នុងសាររិះគន់ធ្ងន់ៗនេះលោក សួនសេរីរដ្ឋា បានចោទប្រកាន់ឧត្តមសេនីយ៍យោធាកំពូលៗថា ចំណាយពេលសប្បាយជាមួយស្រីញីនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ខណៈពលទាហានប្រថុយជីវិតតស៊ូនៅក្នុងសមរភូមិ។

លោកក៏បានលើកឡើងផងថា ការធ្វើដំណើរផ្នែកការទូតក្នុងពេលថ្មីៗរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសឡាវ បង្ហាញឱ្យឃើញថា លោកនាយករដ្ឋមន្ត្រី “ឱនក្បាលចូលបន្ទាយសត្រូវដើម្បីសុំចរចា”។

សំណុំរឿងរបស់លោកបានឆ្លងតុលាការយ៉ាងឆាប់រហ័សខុសពីសព្វមួយដងដោយការបើកសវនាការបានចាប់ផ្តើមកាលពីថ្ងៃច័ន្ទមុនពេលផ្អាកភ្លាមៗដើម្បីអនុញ្ញាតឱ្យលោក សួន សេរីរដ្ឋា រកមេធាវី។

លោក សួង សុភ័ណ្ឌ បានលើកឡើងអំឡុងសន្និសីទកាសែតនៅខាងក្រៅការិយាល័យរបស់គណបក្សអំណាចខ្មែរកាលពី ម្សិលមិញថា “អ្វីដែលលោក សួន សេរីរដ្ឋា និយាយគ្រាន់តែជាការរិះគន់ប៉ុណ្ណោះ មិនមែន ជាការប្រមាថទេ”។ លោកបានបន្ថែមថា “គាត់ចង់ឱ្យមេបញ្ជាការយកចិត្តទុកដាក់ចំពោះទាហានរបស់ខ្លួន”។

លោក សួង សុភ័ណ្ណ ដែលជាបេក្ខភាពតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៣បានជំនួសលោក សួន សេរីរដ្ឋា ក្នុងនាមជាប្រធានគណបក្សអំណាចខ្មែរ ទោះបីជាលោកទើបតែចូលរួមជាមួយគណបក្សនេះបានមួយសប្តាហ៍ក៏ដោយ។អតីតប្រធានក្រុមយុវជនឥតសំចៃមាត់រូបនេះបានចាកចេញពីគណបក្សសង្គ្រោះជាតិកាលពីខែមីនា ដោយហៅលោក កឹម សុខា ប្រធានគណបក្សប្រឆាំងថា ជា “អាយ៉ង” របស់រដ្ឋាភិបាល។

អំឡុងថ្ងៃដំបូងនៃការចូលកាន់តួនាទីរបស់ខ្លួន លោក សួង សុភ័ណ្ឌ បានយកតម្រាប់ តាមរបៀបដឹកនាំឥតសំចៃមាត់របស់អ្នកកាន់តំណែងមុនលោក ដោយលើកឡើងថា មន្ត្រីរដ្ឋាភិបាលកំពូលៗរួមមានលោក ហ៊ុន សែន លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចគួរតែធ្វើការសុំទោសចំពោះការលើកឡើងនាពេលកន្លងមកដែលស្រដៀងទៅនឹងការលើកឡើងរបស់លោក សួន សេរីរដ្ឋា ដែរ។

លោកបានលើកឡើងថា ការគំរាមអំពីសង្គ្រាមរបស់លោក ហ៊ុន សែន បើគណបក្សកាន់អំណាចចាញ់ឆ្នោត ការគំរាមរបស់លោក ទៀ បាញ់ វាយ “បំបែកធ្មេញ” របស់អ្នកតវ៉ាប៉ុន្មានសប្តាហ៍មុនថ្ងៃបោះឆ្នោត និងការព្រមានវាយនឹងគល់ឫស្សីក្នុងពេលថ្មីៗបន្ថែមទៀតរបស់លោក វង សូត ព្រមទាំងការលើកឡើងរបស់លោក ខឹម វាសនាប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលប្រៀបធៀបពលរដ្ឋខ្មែរទៅនឹងសត្វសុនខនោះ សមតែធ្វើការសុំអភ័យទោស។

លោក សួង សុភ័ណ្ឌ បានថ្លែងថា “ដូច្នេះខ្ញុំសុំឱ្យអ្នកទាំង៤នាក់គ្រាន់តែចេញលិខិតសុំទោសប្រជាពលរដ្ឋខ្មែរទៅ វាមិនអាក្រក់ទេ។តែបើកាត់ទោសសុំឱ្យកាត់ទោសទាំង៤នាក់”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស