36 C
Phnom Penh

បុរស​​​​ចិន ​ពីរនាក់ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​អំឡុង​ប្រតិបត្តិការ​​​​បង្ក្រាប​ក្រុម​កំហែង​ទារប្រាក់​តាម​អីុនធឺណិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​ថា ជន​ជាតិ​ចិន​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​​៧២​នាក់​ទៀត​ត្រូវ​បាន​ឃាត់​ខ្លួន​បណ្ដោះ​អាសន្ន​កាលពី​ថ្ងៃ​សុក្រ ​ក្នុង​ការ​ឆ្មក់​ចូល​ជា​ច្រើន​លើករបស់​​ក្រសួង​មហាផ្ទៃ​ ដើម្បី​បំបែក​សម្បុក​​ក្រុម​​ឧក្រិដ្ឋ​កម្ម​​តាម​ប្រព័ន្ធ​អុីនធឺណិត​គ្រប់​គ្រង​ដោយ​​ជន​​​ជាតិ​ចិន​ ដែល​​​​កំហែងទារ​ប្រាក់​ពី​អ្នក​​នៅ​​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​។

អំឡុង​​ការ​ឆ្មក់​ចូល​ក្នុង​​​ក្រុង​ព្រះសីហនុ និង​​​​ក្រុង​សៀមរាប ​ទូរស័ព្ទ​ដៃ កុំព្យូទ័រ និង​ម៉ូដឹម ​ជាច្រើន​​ត្រូវ​បាន​រឹបអូស​។ ទោះ​ជា​យ៉ាង​ណា ​គេ​​​មិន​​​បាន​​​រក​​​ឃើញ​​​ភ័ស្តុតាង​​​​ពាក់​ព័ន្ធ​​​សំឡេង​​​​​ជុំវិញ​ការ​ឆ្លើយ​ឆ្លង​តាម​ប្រព័ន្ធ​អុីនធឺណិត​​អំឡុង​ការ​ឆ្មក់​ចូល​​ទី៣នៅ​​​​ក្នុង​ខេត្ត​ត្បូង​​​ឃ្មុំ​​​ឡើយ។

លោក ម៉ម កំណល់ ​ស្នង​ការ​​រង​​នគរ​បាល​ខេត្ត​​​ព្រះសីហនុ ទីដែល​​ជន​ទាំង​ពីរ​នាក់នេះ​​ត្រូវ​បាន​ចាប់​ខ្លួន​​ បាន​មាន​ប្រសាសន៍​ថា គេ​​​បាន​​​រក​​​ឃើញ​​​ថា វ៉ាង យ៉ុងដេ (Wang Yongde) និង វ៉ាង ជីងគូ ​​(Wang Jingu) អាយុ​៣៣​ឆ្នាំ​ដូចគ្នាថា  ​បាន​ប្រើ​ប្រាស់​ទូរស័ព្ទ​និង​កុំព្យូទ័រ​ដើម្បី​កំហែងទារ​ប្រាក់​។

​លោក កំណល់ បាន​មាន​ប្រសាសន៍​ថា “​ការ​​​​ឆ្មក់​ចូល​នេះ​​ត្រូវ​បាន​​​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សុក្រ ​នៅ​កាស៊ីណូ​ឡិចស៊ីស (Lexus Casino) ក្នុង​ក្រុង​​​​ព្រះសីហនុ ហើយ​នគរ​បាល​ខេត្ត​ព្រះសីហនុ បាន​សហការ​ជាមួយ​នគរ​បាល​​មក​ពី​នាយក​ដ្ឋាន​កណ្ដាល​សន្តិសុខ​ក្រសួង​មហាផ្ទៃ​ ដើម្បី​ចាប់​ខ្លួន​​ពួកគេ​”។ លោក​​បន្ថែម​ថា ​អ្នក​ទាំង​ពីរ​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ក្រសួង​មហា​ផ្ទៃ​ក្នុង​រាជ​ធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការ​សាកសួរ​។

យោង​តាម​លោក ញឹក កែវ ស្នងការរង​នគរ​​​​បាល​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ការ​​​​​ឆ្មក់​ចូល​​ទី២​ក្នុង​ខេត្ត​សៀមរាប នគរ​បាល​​​រឹប​អូស​​​​បាន​សម្ភារ​​ចំនួន​៣៥​ដុំ​ពី​ផ្ទះ​ជួល​មួយ​កន្លែង​​​​របស់​ជនជាតិ​ចិន​ទាំង​នេះ​​ក្នុង​សង្កាត់​ស្លក្រាម​។

​ដោយ​ពន្យល់​ថា ជនជាតិ​ចិន​ជាង​២០​នាក់​​​​ដែល​រស់​នៅ​ក្នុង​ផ្ទះ​ជួល​នោះ​បាន​ចាក​ចេញ​​យូរមកហើយ​មុន​ពេល​ការ​ឆ្មក់​ចូល​កាលពី​ថ្ងៃ​សុក្រ លោក​ ញឹក កែវ ​មាន​ប្រសា​សន៍​​​​ថា ក្រុម​មន្ត្រី​​មក​ពី​នាយកដ្ឋាន​កណ្ដាល​សន្តិ​សុខ​​ក្រសួង​មហាផ្ទៃ បាន​​មក​ចាប់​ខ្លួន​ពួកគេ ប៉ុន្តែ​​​​យឺត​ពេល​២​សប្ដាហ៍​​”។

យោង​តាម​លោក ម៉ៅ ពៅ ស្នងការ​​នគរ​បាល​ខេត្ត​​​ត្បូង​ឃ្មុំ​បាន​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ស្រុក​ពញា​ក្រែក ខេត្ត​ត្បូងឃ្មុំ​​ឯណោះ​វិញ ជន​ជាតិ​ចិន​៧២​នាក់​ដែល​ធ្វើ​ការ​នៅ​​តាម​ហាង​អុីន​ធឺណិតជាច្រើន​​​ត្រូវ​បាន​​នគរ​បាល​ខេត្ត​ធ្វើ​ការ​ឃាត់​ខ្លួន​រយៈ​ពេល​ខ្លី ដោយ​សង្ស័យ​ថា ពួកគេ​ជា​ផ្នែក​នៃ​ក្រុម​កំហែងទារ​ប្រាក់​តាម​​ប្រព័ន្ធ​អុីនធឺណិត​ផង​ដែរ​។

លោក​មាន​ប្រសាសន៍​ថា “​យើង​បាន​ឆែក​ឆេរ​​នៅ​កន្លែង​ធ្វើការ​របស់​ពួកគេ​ជាមួយ​​​​នគរ​បាល​មក​ពី​នាយក​ដ្ឋាន​កណ្ដាល​សន្តិសុខ និង​នគរ​បាល​ចិន​ ដើម្បី​រក​ឲ្យ​ឃើញ​ថា​តើ​​ពួកគេ​​មាន​គម្រោង​​កំហែង​ទារ​ប្រាក់​​តាម​ប្រព័ន្ធ​អុីនធឺណិត​មែន​ឬមិន​មែន ប៉ុន្តែ​យើង​​រក​មិន​ឃើញ​ភ័ស្តុ​តាង​ណាមួយ​ឡើយ​”៕ សារុន​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស