28 C
Phnom Penh

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​​ខេត្ត​កោះកុង​បញ្ជា​ឲ្យ​ផ្អាក​ប្រតិបត្តិការ​បូម​ខ្សាច់​​បណ្ដោះ​អាសន្ន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយ​ពី​អ្នកភូមិ​ និង​សកម្មជន​ការ​ពារ​​បរិស្ថាន​​ប្រមាណ​៧០​នាក់​ បាន​ចំណាយ​ពេល​ចុង​សប្ដាហ៍​ព្យាយាម​បណ្ដេញ​ស្រឡាង​បូម​ខ្សាច់​ដែល​ពួកគាត​់​អះអាង​ថា ធ្វើ​ប្រតិបត្តិការ​បូម​ខ្សាច់​ដោយ​ខុស​ច្បាប់​នៅ​ឆ្នេរ​ខេត្ត​កោះកុង មន្ត្រី​មូលដ្ឋាន​មួយ​រូបបាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា លោក​បាន​បញ្ជា​ឲ្យ​ផ្អាក​ប្រតិបត្តិការ​បូម​ខ្សាច់​ទាំងអស់​ជា​បណ្ដោះ​អាសន្ន​នៅ​ក្នុង​តំបន់​នោះ​ហើយ​។

គ្រួសារ​អ្នក​នេសាទ​​មូលដ្ឋាន​បាន​ចាប់​ផ្ដើម​​ធ្វើ​ការ​តវ៉ា​ប្រចាំ​ថ្ងៃ​ប្រឆាំង​នឹង​ប្រតិបត្តិ​ការ​បូម​ខ្សាច់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ជិះទូក​ផ្ទាល់​ខ្លួន​ដើម្បី​បណ្ដេញ​​ស្រឡាង​ចំនួន​១២​​គ្រឿង​របស់​ក្រុម​ហ៊ុន​ International Rainbow ដែល​ពួកគាត់​អះអាង​ថា ធ្វើ​សកម្មភាព​បូម​ខ្សាច់​ដោយ​គ្មាន​លិខិត​អនុញ្ញាត​​ត្រឹម​ត្រូវ​នៅ​ក្នុង​ដែន​ទឹក​ជុំវិញ​កោះ​កាពិ។

កាលពី​ម្សិលមិញ លោក​ ពេជ្រ ស៊ីយន់ ប្រធាន​មន្ទីរ​​រ៉ែ និង​ថាមពល​​ខេត្ត​កោះ​កុង ​បានមាន​ប្រសាសន៍​ថា លោក​បាន​បញ្ជា​ឲ្យ​ក្រុម​ហ៊ុន International Raibow ផ្អាក​ប្រតិបត្តិការ​បូម​ខ្សាច់​របស់​ខ្លួន​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​នៅ​សប្ដាហ៍​នេះ​។

លោក​មាន​ប្រសាសន៍​ថា​ ” យើង​បាន​​សុំ​ឲ្យ​ពួកគេ​ផ្អាក​ទាំង​ស្រុង”។ លោក​បាន​បន្ថែម​ថា លោក​បាន​​ចុះ​ទៅ​ដល់​ឃុំ​កោះ​កាពិ ស្រុក​កោះកុង ដើម្បី​ជូន​ដំណឹង​​ដល់​អ្នកស្រុក​ដែល​និយាយ​ថា ការបូម​ខ្សាច់​​គំរាម​កំហែង​​ដល់​បរិមាណ​ត្រី​​ដែល​ពួកគាត់​ពឹង​អាស្រ័យ​។ លោក​បាន​បន្ត​ថា ” យើង​​​​បារម្ភ​ខ្លាច​ [ក្រុម​ហ៊ុន​] មាន​បញ្ហា​ជាមួយ​អ្នកភូមិ​​អំឡុង​ចូល​ឆ្នាំ​ខ្មែរ”។

លោក​បាន​ទទួល​ស្គាល់​ថា ក្រុម​ហ៊ុន International Rainbow បាន​ធ្វើ​ប្រតិបត្តិការ​បូម​ខ្សាច់​​នៅ​ខាង​ក្រៅ​ព្រំប្រទល់​តំបន់​​អនុញ្ញាត​​ក្នុង​អាជ្ញាប័ណ្ណ​ចេញ​ដោយ​រដ្ឋាភិបាល ប៉ុន្តែ​ថា អាជ្ញាប័ណ្ណ​នោះ​​មាន​សុពលភាព​រហូតដល់​ខែ​ធ្នូ​ ឆ្នាំ​២០១៥​ឯណោះ​។

លោក​មាន​ប្រសាសន៍​ថា ” ទីតាំង​ប្រតិបត្តិការ​គឺ​ស្ថិត​នៅ​ក្នុង​តំបន់នោះ ក៏​ប៉ុន្តែ​វា​បាន​ឆ្លង​ខ្សែ​បន្ទាត់​ព្រំប្រទល់​បន្តិច​”។ លោក​បាន​លើក​ឡើង​ទៀត​ថា លោក​មិន​ដឹង​ច្បាស់​ថា តើ​ក្រុម​ហ៊ុន​បាន​ធ្វើ​ប្រតិបត្តិការ​ហួស​ព្រំប្រទល់​តំបន់​ដែល​ត្រូវ​បាន​អនុញ្ញាត​ប៉ុណ្ណា​ទេ។

ទោះ​ជាយ៉ាង​ណា លោក ស៊ុន ម៉ាឡា សហស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ ជា​អង្គការ​មិន​មែន​រដ្ឋាភិបាលដែល​បាន​ចូល​រួម​​ការ​តវ៉ា​​​ទាំង​នេះ​ បាន​ជំទាស់​នឹង​ការ​លើក​ឡើង​របស់​លោក​ ពេជ្រ ស៊ីយន់។ លោក​បាន​មាន​ប្រសាសន៍​ថា ​បន្ទាប់ពី​​លោក ពេជ្រ ស៊ីយន់ ចុះ​ទៅ​ដល់​ឃុំ​នោះ​កាលពី​ថ្ងៃ​អាទិត្យ ស្រឡាង​បូម​ខ្សាច់​ប្រាំបួន​គ្រឿង និង​ទូក​ដឹក​ខ្សាច់​ប្រាំបី​គ្រឿង​បាន​វិល​ត្រឡប់​ទៅ​បូម​ខ្សាច់​វិញ​នៅ​យប់​ថ្ងៃ​អាទិត្យ ហើយ​បាន​ស្ថិត​នៅ​ក្នុង​តំបន់​នោះ​រហូត​ដល់​ព្រឹក​ម្សិលមិញ​ ដែល​អ្នកភូមិ​​បាន​បណ្ដេញ​​ស្រឡាង​ទាំង​នោះ​ចេញ​​ជា​ថ្មី​ម្ដង​ទៀត​។

លោក​មាន​ប្រសាសន៍​ថា ” ក្រុម​ហ៊ុន​មិន​បាន​បញ្ឈប់​ទេ ហើយ​យើង​មិន​​ទទួល​បាន​ការ​ជូន​ដំណឹង​ណាមួយ​ពាក់​ព័ន្ធ​នឹង​ការ​ផ្អាក​សកម្មភាព​របស់​ក្រុម​ហ៊ុន​នេះ​ទេ​”។

លោក ហ៊ុំ សារឿន អ្នក​នេសាទ​ម្នាក់​ក្នុង​ចំណោម​អ្នក​នេសាទ​ដែល​បាន​ជួយ​បណ្ដេញ​ស្រឡាង​បូម​ខ្សាច់​ទាំង​នេះ​បាន​និយាយ​ថា លោក ពេជ្រ ស៊ីយន់ មិន​បាន​ប្រាប់​ប្រជា​ពលរដ្ឋ​មូលដ្ឋាន​អំពី​ការ​បញ្ជា​របស់​លោក​ឲ្យ​ក្រុម​ហ៊ុន International Rainbow បញ្ឈប់​ការ​បូម​​ខ្សាច់​ទេ។ គាត់​និយាយ​ទៀត​ថា ” អ្វី​ដែល​គាត់​និយាយ​ [ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​] ​គឺ​ខុស​ពី​អ្វី​ដែល​គាត់​បាន​និយាយ​​ទៅ​កាន់​អ្នកភូមិ​”។

ពេល​ទាក់​ទង​ម្ដង​ទៀត​ដើម្បី​សុំ​ការ​បំភ្លឺ​ លោក ពេជ្រ ស៊ីយន់ បាន​មាន​ប្រសាសន៍​ថា លោក​មិន​ចាំបាច់​ជូន​ដំណឹង​អ្នកភូមិ​អំពី​ការ​ផ្អាក​នេះ​ទេ។ លោក​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ” ឲ្យ​ពួកគាត់​​ទៅ​មើល​ស្រឡាង​ទាំង​នោះ​ទៅ​ ពីព្រោះ​ខ្ញុំ​បាន​ជូន​ដំណឹង​ក្រុម​ហ៊ុន​រួច​ហើយ”៕ សុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស