ខណៈដែលពេលកំណត់ដាក់ដោយសាលាក្រុងឲ្យប្រជាពលរដ្ឋនៅភូមិមួយក្នុងខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ចេញពីតំបន់នោះជិតមកដល់ ពលរដ្ឋប្រហែល១០០នាក់បានដាក់ញត្តិទៅរដ្ឋសភាកាលពីថ្ងៃពុធ ជាកិច្ចប្រឹងប្រែងចុងក្រោយ ដើម្បីបញ្ចុះបញ្ចូលសមាជិកសភាឲ្យជួយធ្វើអន្តរាគមន៍តាងនាមពួកខ្លួន។
ញត្តិនោះបានប្រគល់ទៅលោក ជា ប៉ូច និងលោក ចាន់ ចេង សមាជិកសភាគណបក្សសង្គ្រោះជាតិនៅក្រៅរដ្ឋសភា និងក៏បានប្រគល់ទៅលោក គង់ ចំរើន អគ្គលេខាធិការនៅខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលដែលអ្នកភូមិដើរហែកាត់សួនវត្តបទុមផងដែរ។
ប្រជាពលរដ្ឋជាង៦០០នាក់ដែលរស់នៅក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខប្រាំមួយ បានទទួលការជូនដំណឹងមួយពីសាលាក្រុងកាលពីសប្តាហ៍មុន ដែលចុះហត្ថលេខាដោយអភិបាលខណ្ឌ ធុយ សុខន ដោយជូនដំណឹងពួកគាត់ថា ពួកគាត់មានពេល១៥ថ្ងៃចាប់ពីថ្ងៃចុះហត្ថលេខា គឺថ្ងៃទី១៤ខែវិច្ឆិកា ត្រូវរើផ្ទះសំបែងនិងទ្រព្យសម្បត្តិរបស់ខ្លួន បើពុំនោះទេ ត្រូវប្រឈមនឹងការបណ្តេញចេញ។
សេចក្តីជូនដំណឹងមានខ្លឹមសារថា អាជ្ញាធរខណ្ឌមានផែនការពង្រីកផ្លូវលេខ១៨០០ ដែលឆ្លងកាត់ភូមិនេះ ហើយថាផ្ទះសំបែងរបស់ពួកគាត់ស្ថិតនៅចំផ្លូវត្រូវពង្រីក។ ប៉ុន្តែបើទោះជាសេចក្តីជូនដំណឹងចុះហត្ថលេខាជិតពីរសប្តាហ៍ហើយក៏ដោយ ក៏អ្នកភូមិនិយាយថា ពួកគាត់មិនបានទទួលសេចក្តីជូនដំណឹងនោះទេ ទើបតែដឹងកាលពីថ្ងៃសុក្រ។ ដូច្នេះពួកគាត់សល់ពេលតែជាងមួយសប្តាហ៍ដើម្បីរុះរើផ្ទះ ដែលពួកគាត់ខ្លះនិយាយថា ពួកគាត់បានមករស់នៅតាំងពីដើមទសវត្សរ៍ឆ្នាំ១៩៨០មកម៉្លេះ។
លោក សេង ស្នា អាយុ៥០ឆ្នាំ តំណាងសហគមន៍ បាននិយាយថា “យើងបានរស់នៅក្នុងតំបន់នេះតាំងពីទីនេះគ្មានអ្វីសោះ មានតែព្រៃនិងលិចទឹកប៉ុណ្ណោះ”។ លោក ស្នា បាននិយាយថា គ្មានផ្លូវកាត់តំបន់នេះទេ ពេលដែលសង់ផ្ទះ ហើយថា អាជ្ញាធរគ្រាន់តែធ្វើផ្លូវលំឆ្លងកាត់កាលពីឆ្នាំ២០០០ប៉ុណ្ណោះ។
សាឯម សាវិន អាយុ៨៨ឆ្នាំ បាននិយាយថា អ្នកស្រីបានមកនៅភូមិនេះជាមួយប្តីរបស់អ្នកស្រីកាលពីឆ្នាំ១៩៨២។
អង្គុយក្នុងផ្ទះខ្ទមធ្វើពីឫស្សីជាមួយប្តីងងឹតភ្នែកអាយុ៨៤ឆ្នាំរបស់អ្នកស្រី សាវិន បាននិយាយថា “ពេលខ្ញុំមកនៅទីនេះ វាសុទ្ធតែព្រៃ ហើយអាជ្ញាធរមិនដែលមកធ្វើការអភិវឌ្ឍទេ។ ប៉ុន្តែ ឥឡូវតំបន់នេះចាប់ផ្តើមអភិវឌ្ឍ ពួកគេក៏ចង់បានដីរបស់យើង”។
អ្នកស្រីបាននិយាយថា “យើងសុទ្ធតែអ្នកក្រីក្រ យើងមិនអាចធ្វើអ្វីដើម្បីឃាត់អាជ្ញាធរបានទេ។ បើយើងបាត់បង់ផ្ទះនេះ យើងមុខជាស្លាប់”។
លោក ឃួង ស្រេង អភិបាលរងក្រុងភ្នំពេញ បានមានប្រសាសន៍ថា សាលាក្រុងមិនមានផែនការទូទាត់សងអ្នកភូមិទេ លុះត្រាតែពួកគាត់មានប័ណ្ណកម្មសិទ្ធិដីធ្លី តែគ្មានអ្នកភូមិណាម្នាក់មានប័ណ្ណកម្មសិទ្ធិឡើយ។ លោក ឃួង ស្រេង មានប្រសាសន៍ទៀតថា “បើពេលកំណត់កន្លងផុត ហើយអ្នកភូមិមិនរើចេញទេ នោះយើងនឹងចាត់វិធានការ”។ ពេលគេសួរ ថាតើនឹងចាត់វិធានការជាក់លាក់អ្វីនោះ លោកបាននិយាយថា “សូមទុកវាឲ្យខ្ញុំ ខ្ញុំដឹងថាធ្វើយ៉ាងម៉េចហើយ”៕មានិត