27.5 C
Phnom Penh

មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ពីរ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់ពី​បាញ់​បោះ​ពេល​មាន​ជម្លោះ ​​នៅ​កន្លែង​ផឹក​ស៊ី​តាម​ចិញ្ចើម​ផ្លូវ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ម្សិលមិញ​បន្ទាប់​ពី​ធ្វើការ​បោះ​ក្នុង​ទី​សា​ធារ​ណៈ​អំឡុង​ការ​ប៉ះទង្គិច​គ្នា​នៅ​កន្លែង​ផឹកស៊ី​មួយ​ពេល​ស្រវឹង​ស្រា​ស្ថិត​ក្នុង​ខណ្ឌ​៧មករា រាជ​ធានី​ភ្នំពេញ។

លោក ម៉ុក បុរាណឆសាក់ ​នាយ​ប៉ុស្តិ៍​សង្កាត់​វាល​វង់​​បាន​មាន​ប្រសាសន៍​ថា លោក គុជ យឹម​សុភា អាយុ​៥២ឆ្នាំ និង​លោក អ៊ុក បូរ៉ា អាយុ​៣៨​ឆ្នាំ​បាន​ផឹកស៊ី​នៅ​កន្លែង​លក់​ស្រា​តាម​ចិញ្ចើម​ផ្លូវ​មួយ​ជាមួយ​មិត្ត​ភក្តិ​ពីរ​នាក់​ទៀត ស្រាប់តែ​មាន​ជម្លោះ​កើតឡើង​នៅ​ម៉ោង​ប្រហែល​៤និង​៥៥នា​ទី​ទៀប​​ភ្លឺ​បន្ទាប់ពី​លោក បូរ៉ា បាន​និយាយ​ថា លោក​ចង់​ត្រឡប់​ទៅ​ផ្ទះ។

លោក បុរាណ​ឆសាក់ បាន​មាន​ប្រសាសន៍​ថា លោក យឹមសុភា អាយុ​៥២ឆ្នាំ​ជា​គណនេយ្យ​ករ​នៅ​កង​រាជ​អាវុ​ធ​ហត្ថ បាន​បាញ់​មួយ​គ្រាប់​ឡើង​លើ​ជា​ការ​ “ព្រមាន” ទៅ​លោក​ បូរ៉ា ជា​ជំនួយការ​រដ្ឋបាល​កង​រាជ​អាវុធ​ហត្ថ​ កុំ​ឲ្យ​ចាក​ចេញ​ពី​កន្លែង​នោះ។

លោក បុរាណ​ឆសាក់ ​បាន​មាន​ប្រសាសន៍​ថា “លោក យឹម​សុភា បាន​បាញ់​មួយ​គ្រាប់​ឡើង​លើ​ ហើយ​បន្ទាប់មក​បាន​ប្រើ​អំពើ​ហិង្សា​ដោយ​វាយ​លោក​ បូរ៉ា ចំក្បាល។ ពួកគេ​ទាំង​ពីរ​នាក់​ជា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ ហើយ​មាន​កំា​ភ្លើង​ដូច​គ្នា។លោក​ បូរ៉ា រង​របួស​ត្រង់​មាត់ ដោយ​បែក​ឈាម​អំឡុង​ការ​វាយ​នោះ ប៉ុន្តែ​មិន​ធ្ងន់​ធ្ងរ​​ទេ”។

លោក បុរាណឆសាក់ បាន​មាន​ប្រសាសន៍​ថា អ្នក​ទាំង​ពីរ​​និង​មិត្ត​ភក្តិ​ពីរ​នាក់​ទៀត​​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​បញ្ជូន​ទៅ​កាន់​អធិការ​នគរបាល​ខណ្ឌ​ដើម្បី​ធ្វើ​ការ​សាកសួរ​មុន​ពេល​បញ្ជូន​ទៅ​ទីបញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ។

លោក​បាន​មាន​ប្រសាសន៍​ថា បុរស​ពីរ​នាក់​ទៀត​មាន​អាយុ​ចន្លោះ​៣៨​ទៅ​៤០ឆ្នាំ ប៉ុន្តែ​លោក​មិន​បាន​កត់​ឈ្មោះ​ពួកគេ​ទេ​ ពីព្រោះ​ពួកគេ​គ្រាន់តែ​ជា​សាក្សី​ចំពោះ​ហេតុ​ការ​ណ៍​នោះ​តែ​ប៉ុណ្ណោះ។

ឧត្តម​សេនីយ៍​ត្រី ខេង ទីតូ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា លោក​ដឹង​ថា ជម្លោះ​នេះ​បាន​កើតឡើង​មែន។

នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​មន្ត្រី​ទាំងនោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ឬ​យា៉ង​ណា​នោះ លោក ទីតូ បាន​មាន​ប្រសាសន៍​ថា​វា​គ្រាន់​តែ​ជា​​ “ករណី​តូច​តាច” តែប៉ុណ្ណោះ ហើយ​បាន​លើកឡើង​ថា បុរស​ម្នាក់​បាន​រង​របួស​ ប៉ុន្តែ​លោក​មិន​បាន​និយាយ​ដល់​ចំណាត់​ការ​របស់​តុលាការ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “ពួកគេ​នឹង​ត្រូវ​ដាក់​ទោស​ទណ្ឌ​តាម​បទ​បញ្ជា​​ផ្ទៃក្នុង​របស់​ទាហាន ពីព្រោះ​ ពួកគេ​រំលោភ​បទ​បញ្ជា​ផ្ទៃក្នុង​ [ដោយ​បាញ់​បោះ​ក្នុង​ទី​សាធារណៈ]។

ឧត្តម​សេនីយ៍​ត្រី​ ទីតូ បាន​មាន​ប្រសាសន៍​ថា​ កាល​ពីម្សិលមិញ​​ អ្នក​ទាំង​បួន​ត្រូវ​បាន​ឃុំខ្លួន​នៅ​ទី​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ហើយ​នឹង​ត្រូវ​ “ធ្វើការ​អប់រំ” មុន​ពេល​ប្រឈម​នឹង​ការ​ដាក់​ទោស​ទណ្ឌ៕សា​រុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស