30 C
Phnom Penh

មន្ត្រី​ថៃ​៖ ការ​ហាម​​លោក សម រង្ស៊ី មិន​ឲ្យ​ចូល​​ប្រទេស​ថៃ​គឺ​ដើម្បី​ការ​ពារ​សកម្ម​ភាព​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិល​មិញ លោក​ សម រង្ស៊ី មេ​ដឹក​នាំ​​គណ​បក្ស​ប្រឆាំង​ដែល​និរទេស​ខ្លួន​ឯង​នោះ​បាន​បន្ដ​ផ្សព្វ​ផ្សាយ​សៀវភៅ​​ថ្មី​មួយ​ក្បាល​របស់​​លោក​​ក្នុង​ប្រទេស​ថៃ ​ទោះ​បី​ជា​​មាន​ការ​ផ្សព្វ​​ផ្សាយ​តាម​វីដេអូ​ខុនហ្វើ​រិន​ក៏​ដោយ​​ បន្ទាប់​​ពី​លោក​ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​​នេះ​កាលពី​ថ្ងៃ​អង្គារ​នោះ​​។

លោក ម៉ាណាស្វី ស្រុីសូដាប៉ុល (Manasvi Srisodapol) អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថៃ​បាន​មាន​ប្រសាសន៍​ថា ការ​សម្រេច​ហាម​មិន​ឲ្យ​លោក​ សម រង្ស៊ី ចូល​ក្នុង​ប្រទេស​នេះ​គឺ​​ធ្វើ​ឡើង​ដើម្បី​បញ្ឈប់​​រូប​គាត់​មិន​ឲ្យ​ប្រើ​ប្រាស់​ប្រទេស​ថៃ​ជា​មូលដ្ឋាន​សម្រាប់​ធ្វើ​សកម្ម​ភាព​​នយោបាយ​​។

លោក ម៉ាណាស្វី បាន​មាន​ប្រសាសន៍​​ថា​ “ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ យើង​​បាន​រក្សា​​ទំនាក់​ទំនង​​ជិត​ស្និទ្ធ​ជាមួយ​លោក​ សម រង្ស៊ី មួយ​រយៈ​​​ពេល​ដែរ​ ដើម្បី​ណែ​នាំ​គាត់​ឲ្យ​ពន្យារ​ពេល​ទស្សនកិច្ច​របស់​គាត់​មក​កាន់​ប្រទេស​ថៃ​រហូត​ដល់​ការ​បោះ​ឆ្នោត​ចប់​រួច​រាល់​ ព្រោះ​​កាលពី​មុនគេ​បាន​ដឹង​ថា គាត់​បាន​ប្រើ​ប្រាស់​ឱកាស​នៃ​ការ​ធ្វើ​ទស្សនកិច្ច​របស់​គាត់​ ដើម្បី​ធ្វើ​សកម្ម​ភាព​នយោបាយ​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​កម្ពុជា​ ហើយ​ប្រទេស​ថៃ​មាន​គោល​នយោបាយ​ជា​យូរ​មក​ហើយ​មិន​អនុញ្ញាត​ឲ្យ​ភាគី​ទី៣​ប្រើ​ប្រាស់​ប្រទេស​ខ្លួន​ ដើម្បី​ធ្វើ​សកម្ម​ភាព​នយោបាយ​ ដែលអាច​ប៉ះពាល់​ដល់​ស្ថិរភាព​នយោបាយ​របស់​ប្រទេស​មួយ​ផ្សេង​នោះ​ទេ ជា​ពិសេស​គឺ​ប្រទេស​ជា​សមា​ជិក​អាស៊ានតែ​ម្ដង​”។ នៅ​ពេល​​សួរ​ថា តើ​មន្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទាក់​ទង​រដ្ឋាភិបាល​ថៃ​ពី​គម្រោង​ទស្សនកិច្ច​របស់​លោក​ សម រង្ស៊ី​ មក​កាន់​ប្រទេស​នេះ​ដែរ​ឬ​អត់​នោះ លោកបាន​មាន​ប្រសាសន៍​​​បន្ថែម​​ថា“ នេះ​​ជា​ការ​សម្រេច​ចិត្ត​របស់​​អាជ្ញាធរ​ថៃ​​”។

ហើយ​នៅ​ពេល​សួរ​ថា តើ​គេ​នឹង​អនុញ្ញាត​​ឲ្យ​ធ្វើ​វីដេអូ​ខុន​ហ្វើ​រិនបន្ត​ទៀត​ឬអត់​នោះ​ លោក ម៉ាណាស្វី បាន​មាន​ប្រសាសន៍​ថា វា​អាស្រ័យ​លើ​អ្នក​រៀប​ចំ​ ហើយ​ពួកគេ​ពិត​ជា​យល់​អំពី​គោល​នយោ​បាយ​របស់​ប្រទេស​ថៃ​ ក្នុង​បញ្ហា​នេះ”។

មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​ប្រទេស​សិង្ហបុរី មុន​ពេល​ធ្វើ​​វីដេអូ​ខុន​ហ្វើ​រិន លោក សម រង្ស៊ី ដែល​ត្រូវ​បាន​ហាម​​​ឃាត់មិន​ឲ្យ​ឈរ​​​ឈ្មោះ​បោះឆ្នោត​ជាតិ​ក្នុង​ខែ​កក្កដា ដោយ​សារ​តែ​មាន​ទោស​ពី​បទ​ញុះញង់​​ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​នោះ បាន​មាន​ប្រសាសន៍​ថា លោក​គ្រោង​មក​កាន់​ក្លឹប​អ្នក​កាសែត​បរទេស​នៅ​ក្នុង​ប្រទេស​​ថៃ​ ដើម្បី​​និយាយ​អំពី​ការ​ផ្សព្វ​ផ្សាយ​សៀវភៅ​ថ្មី​របស់​​លោក​ ដែល​មាន​ចំណង​ជើង​ថា​“យើង​មិន​​បង្កាត់​ភ្លើង​ទេ៖ ការ​តស៊ូ​របស់​ខ្ញុំ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​”។

លោក សម រង្ស៊ី ​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ ខ្ញុំ​គិត​ថា ការ​ពិត​គឺ​ថា លោក ហ៊ុន សែន​ ភ័យ​ខ្លាច​​គណបក្ស​សង្គ្រោះជាតិ ដូច្នេះ លោក​​​ប្រាកដ​ជា​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​របស់​ប្រទេស​ថៃ​រារាំង​ខ្ញុំ​​មិន​ឲ្យ​ចូល​ជិត​ប្រទេស​កម្ពុជា”។

ឧត្តម​សេនីយ៍​ឯក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា លោកពុំ​ទទួល​បាន​ព័ត៌មាន​អំពី​ការ​បដិសេធ​មិន​ឲ្យ​លោក សម រង្ស៊ី ចូល​ក្នុង​ប្រទេស​ថៃ​នោះ​ទេ​​៕
(រាយការណ៍​បន្ថែម​ដោយ​ ផន បុប្ផា)
ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស