38.1 C
Phnom Penh

មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ត្រូវ​​​បានចាប់​​​ខ្លួន​​​ពាក់​​​ព័ន្ធ​​​ខំមិន​គំរាម​​​កំហែង​​​ដល់​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី និង​​​ក្រុម​​​គ្រួសារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមមន្ត្រីម្នាក់បានលើកឡើងថា មន្ត្រីក្រសួងមហាផ្ទៃមួយរូបត្រូវបានចាប់ខ្លួនកាលពីព្រឹកម្សិលមិញដោយរងការចោទប្រកាន់ថា បានចូលសរសេរខំមិនគំរាមកំហែងដល់អាយុជីវិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសាររបស់លោកនៅលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី។

លាង ឡា អាយុ៤៥ឆ្នាំ ដែលជាអនុប្រធាន ការិយាល័យគណនេយ្យ និងភ័ស្តុភារនៃក្រសួងមហាផ្ទៃត្រូវបានចាប់ខ្លួននៅក្នុងរាជធានីភ្នំពេញ នេះបើយោងតាមលោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិ។

សេចក្តីរាយការណ៍ព័ត៌មាននៅលើគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិមានខ្លឹមសារថា “ឈ្មោះ លាង  ឡា បានសារភាពថា ខ្លួនបានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Leala Leang ចូលទៅខំមិនជេរប្រមាថក្នុងផេករបស់សម្តេចហ៊ុនសែន “។

សេចក្តីរាយការណ៍ព័ត៌មាននេះមានខ្លឹមសារបន្តថា ការសរសេរខំមិនគំរាមនេះធ្វើឡើង “ដោយសារតែ លាង ឡា មិនពេញចិត្តក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាលសព្វថ្ងៃនេះ”។

រូបភាពផ្ទាំងស្គ្រីនដែលគេបង្ហោះតៗគ្នាតាមអីុនធឺណិតកាលពីព្រឹកម្សិលមិញ បង្ហាញពីអ្វីដែលទំនងជាខំមិនរបស់គណនីឈ្មោះ Leala Leang នៅពីក្រោមវីដេអូឡាយតាមទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ។

ខំមិននេះមានខ្លឹមសារដូច្នេះថា “អាជោ ហ៊ុន សែន ជិតដល់ថ្ងៃអន្សាហើយ សូមព្រមានត្រកូលហ៊ុនទាំងអស់ចាកចេញនិរទេសខ្លួនឲ្យបានមុនឆ្នាំ២០១៨”។ខំមិននេះមានខ្លឹមសារ បន្តថា “បុណ្យវាសនាឯងត្រូវងាប់ ឬជាប់គុកដែលមិនអាចចៀសផុតឡើយ”។

រូបភាពផ្ទាំងស្គ្រីននេះត្រូវបានចែករំលែកនៅលើហ្វេសប៊ុកដោយ ផែង វណ្ណៈ ដែលសរសេរថា បុរសរូបនេះមានតួនាទីជាមន្ត្រីនគរបាលនៅក្រសួងមហាផ្ទៃ។ លោក ផែង វណ្ណៈ ត្រូវបានគេស្គាល់ថា ជាអ្នកលេងហ្វេសប៊ុកដ៏លេចធ្លោដែលគាំទ្រគណបក្សប្រជាជនកម្ពុជា និងដែលរងការដាក់វិន័យនៅក្នុងឆ្នាំ២០១៥ពាក់ព័ន្ធការសរសេរសារគំរាមកំហែងដល់អាយុជីវិតរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិក្នុងពេលបច្ចុប្បន្ន។

លោក គៀត ច័ន្ទថារិទ្ធ បានលើកឡើងទៀតថា លាង ឡា ត្រូវបានឃុំខ្លួនដើម្បីសាកសួរនៅទីស្តីការក្រសួងមហាផ្ទៃកាលពីល្ងាចម្សិលមិញ។ លោកបានបន្ថែមថាអាជ្ញាធរនឹង “ចាត់វិធានការ” ដើម្បីដាក់វិន័យលើបុរសរូបនេះតាមច្បាប់ ឬតាមនីតិវិធីរបស់ក្រសួង នៅពេលណាករណីនេះមានការបញ្ជាក់កាន់តែច្បាស់។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេ។

កាលពីខែកុម្ភៈ ពលករអាយុ២៧ឆ្នាំម្នាក់ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំដោយសារបង្ហោះសារតាមហ្វេសប៊ុកដែលព្រះរាជអាជ្ញាលើកឡើងថា សមនឹងទទួលរងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ ក្នុងនោះរួមមានសារមួយដែលមានខ្លឹមសារថា “ហ៊ុន សែន អើយថ្ងៃនេះជាថ្ងៃអន្សារបស់អ្នកហើយ”។

មុននោះមួយឆ្នាំ អ្នកលេងហ្វេសប៊ុកម្នាក់ទៀតត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ខែដោយសារសរសេរសារថា ខ្លួន”នឹងបាញ់ក្បាល” លោក សុខ ទូច សាស្ត្រា ចារ្យដ៏លេចធ្លោ ដែលរដ្ឋាភិបាលចាត់តាំងឲ្យវាយតម្លៃបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាម។

សំណុំរឿងទាំងនេះកើតមានឡើង បន្ទាប់ ពីរដ្ឋាភិបាលបានបង្កើត “ក្រុមប្រឆាំងបទល្មើសតាមអីុនធឺណិត (Cyber War Team) ” ក្នុង ឆ្នាំ២០១៤ដើម្បីប្រមូលព័ត៌មានពីហ្វេសប៊ុក ទ្វីតធ័រ និងយូធូប និងដើម្បី “ការពារជំហរនិងកិត្យានុភាពរបស់រដ្ឋាភិបាល” នេះបើយោងតាមឯកសារចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលបានទទួលមរណភាពទៅហើយ និងចេញផ្សាយនៅក្នុងសៀវភៅរាជកិច្ចអំឡុងពេលនោះ៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស